មករៀននៅភ្នំពេញ ត្រូវត្រៀមអ្វីខ្លះ?

បន្ទាប់ពីបុកពោះបារម្ភរឿងលទ្ធផល​នៃការប្រឡងមធ្យមសិក្សាទុតិយភូមិរួចហើយ ការផ្លាស់ទីមកសិក្សានៅរាជធានីភ្នំពេញបានក្លាយជាចំណុចព្រួយបារម្ភ និងជម្រើសដ៏តឹងតែងមួយសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ជាពិសេសអ្នក-រស់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញ។

បើគិតតាមស្ថិតិនិស្សិតដែលបានបញ្ចប់ការសិក្សា​នៅ​កម្រិតឧត្តមសិក្សាឃើញថាមាននិស្សិតត្រឹមតែជាង 20%ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយជោគជ័យ ខណៈ​សិស្សមិនតិចទេ​សម្រេចចិត្តមិនបន្ត​ការសិក្សានៅឧត្តមសិក្សា។ បញ្ហាទាំងអស់នេះត្រូវបានគេមើលឃើញថា អាចកើតឡើង ដោយសារកត្តាជីវភាព កង្វះព័ត៌មាន និង​ឧបសគ្គតូចៗជាច្រើនផ្សេងទៀតដែលរុញច្រានឱ្យពួកគេមិនអាចបន្ត ឬសម្រេចចិត្តមិនបន្តការសិក្សានៅមហាវិទ្យាល័យ។ ចំពោះបញ្ហាកង្វះព័ត៌មាន​សិស្សមួយចំនួន​មិនដឹងពីការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា ការត្រៀមខ្លួនដើម្បីផ្លាស់ប្តូរបរិយាកាស និងតំបន់នៃការរស់នៅក្នុងពេលសិក្សាជាដើម។

លោក លី ពិសិដ្ឋ អតីតនិស្សិតដែលមកពីខេត្ត​សៀមរាបបានលើកឡើងថា ពីដំបូងគាត់មានការរារែក​ចំពោះការសម្រេចចិត្តបន្តការសិក្សានៅរាជ-ធានីភ្នំពេញ ព្រោះ​គាត់គិតថា ការរស់នៅរាជធានីភ្នំពេញលំបាកខ្លាំង ហើយ​ត្រូវចំណាយច្រើន និងមិនស្គាល់ពីទីតាំងភូមិសាស្រ្តច្បាស់លាស់។ ម្យ៉ាងវិញទៀត​ពេលនេះ​មហាវិទ្យាល័យ​ក៏មានច្រើនគួរសមដែរនៅទីរួមខេត្ត ហេតុនេះក៏ចង់សាកល្បងរៀននៅខេត្តដែរ តែ​ចុងបញ្ចប់លោកក៏​បានសម្រេចចិត្ត​ចូលមកសិក្សានៅរាជធានីភ្នំពេញ ព្រោះចង់ជម្នះការលំបាក និងភាពរារែក របស់ខ្លួនឯង។ ពេលមកសិក្សានៅភ្នំពេញ​ដំបូង​បញ្ហាដែលជួបញឹកញាប់ជាងគេគឺ វង្វេងផ្លូវ ព្រោះមិនស្គាល់​ទីតាំងច្បាស់លាស់ ហើយការធ្វើដំណើរក៏បារម្ភច្រើនរឿងប៉ូលិសផាក ព្រោះ​មិនធ្លាប់ជិះ​ក្នុងទីក្រុង។ ពេលនោះ ចង់ទៅណាក៏ត្រូវពឹងមិត្តភក្តិ ឬ​ទៅជាមួយគេទើបអាចទៅបាន។ លោក លី ពិសិដ្ឋ បាននិយាយថា៖ “​ចំពោះការជ្រើសរើសសាលាវិញក៏ជាបញ្ហាមួយដែរ ព្រោះ​ដំបូងឡើយមានជម្រើសច្រើន ឮតែគេថា សាលានេះល្អ ឬសាលានោះល្អតែមិនដឹងថាសាលានោះ នៅកន្លែងណា ហើយទៅដាក់ពាក្យតាមណាឡើយ។ ហេតុនេះ​បើមានបំណងមកសិក្សានៅភ្នំពេញ ប្អូនៗគួរតែ​ចំណាយពេលវេលាមកស្នាក់នៅ និងស្គាល់សាលាឱ្យបានច្រើនបន្តិចដើម្បីងាយស្រួលរក ហើយមិនពិបាកក្នុងការសម្រេចចិត្ត បើជិតដល់ពេលបិទឈប់ទទួលពាក្យ ហើយមានអ្នកខ្លះបង្ខំចិត្ត​ជ្រើសយកសាលាណាដែលមិនទាន់បិទ ឬចូលរៀនទាំងមិនពេញចិត្តក៏មាន”។

អតីតនិស្សិតខាងលើបានលើកឡើងផងដែរថាចំពោះកន្លែងស្នាក់នៅក៏ជាចំណុចមួយផងដែរដែលត្រូវគិតគូរ ព្រោះ​ប្រសិនបើ​យើងស្វែងរកកន្លែងស្នាក់នៅមិនល្អអាចធ្វើឱ្យ​មានបញ្ហាប៉ះពាល់ដល់ការសិក្សាផងដែរ។ កន្លែងស្នាក់នៅ គួរជ្រើសរើសកន្លែងណាដែលមិនសូវមានតម្លៃខ្ពស់ពេកព្រោះមករៀន​ មិនមែន​មក​សោយសុខទេ តែក៏គួរ​ស្វែងរកកន្លែងណាដែល​មានសុវត្ថិភាព ហើយឆ្ងាយពីអ្នកផឹកស៊ីឡូឡា។ ប្រសិនបើ​ជ្រើសរើសកន្លែងស្នាក់នៅមិនល្អ យើងអាចប្រឈមនឹងការរំខានច្រើន ហើយ​ធ្វើឱ្យយើងមិនសូវសប្បាយចិត្តនៅពេលមកដល់ផ្ទះ ហើយ​ចង់ស្រាវជ្រាវបន្ថែម តែអារម្មណ៍មិនមូល។

បង្ហាញពីចំណុចត្រូវត្រៀមខ្លួនពេលមកសិក្សានៅភ្នំពេញ និស្សិតឆ្នាំទី3 យុវតី ឡាយ សុភាវត្តី បានលើកឡើងថា ការមកសិក្សានៅភ្នំពេញ​ គឺជាជម្រើសមួយក្នុងការដើរចូលស្ថាប័នសិក្សាដែលពោរពេញដោយការប្រកួតប្រជែង ហេតុនេះ​ការសិក្សាត្រៀមគឺជារឿងសំខាន់។ ការលើកឡើងបែបនេះមិនមែនមានន័យថា អ្នកសិក្សានៅតាមបណ្តាខេត្តមិនមានការប្រកួតប្រជែងនោះទេ តែ​ភាគច្រើននៅរាជធានីភ្នំពេញ មាននិស្សិតមកពីគ្រប់ខេត្តក្រុងទាំងអស់ ហេតុនេះប្រសិនបើ​ចង់ចាប់យកឱកាសអាហារូបករណ៍ ឬចូលសាលាជំនាញតឹងតែងដូចជា សាលាតិចណូ ឬសាលា​ពេទ្យជាដើម ចាំបាច់ត្រូវតែរៀនត្រៀមឱ្យបានមុនពេលប្រឡងប្រជែង។ ម្យ៉ាងវិញ ទៀត​សិស្សានុសិស្ស ក៏គួរតែស្វែងយល់ឱ្យបានច្បាស់ពីព័ត៌មានតាមសាកលវិទ្យាល័យនីមួយៗឱ្យបានច្បាស់លាស់ជាមុន ដើម្បីកុំឱ្យចាញ់បោកសាលាមួយចំនួនដែលសន្សាឱ្យអាហារូបករណ៍ តែត្រូវបង់នេះ បង់នោះច្រើនជាដើម។

យុវតីខាងលើបានលើកឡើងផងដែរថា ថ្វីត្បិតតែការសិក្សានៅទីក្រុងមាន​ឱកាសច្រើន មានសាកលវិទ្យាល័យច្រើន និង​មានភាពទំនើបជាងនៅខេត្តក៏ដោយ តែសិស្សចាំបាច់ត្រូវមានការត្រៀមខ្លួនឱ្យបានល្អ ព្រោះបើមិនរៀនត្រៀមឱ្យបានល្អទេនោះ យើងនឹងមិនអាចទាញយកឱកាសល្អនោះបានទេ តែផ្ទុយមកវិញអាចចាញ់បោកគេ ឬទទួលយកឱកាសដែលអាចប៉ះពាល់ដល់អនា-គតក៏ថាបាន។ ក្រៅពីនេះ សិស្ស-និស្សិតដែលចង់ធ្វើការងារក្នុងពេលសិក្សាក៏ចាំបាច់ត្រូវប្រុងប្រយ័ត្នផងដែរ ចំពោះក្រុមហ៊ុនមួយចំនួនដែលបច្ចុប្បន្ននេះកំពុងទាក់ទាញឱ្យធ្វើការតាមអនឡាញ និងរកគ្នាបន្តបន្ទាប់ដើម្បី​ទទួលបានកម្រៃ។ មានសិស្សមិនតិចទេដែលលង់ខ្លួនមិនបានទាំងចំណូលហើយថែមទាំងខាតបង់លុយកាក់អស់រាប់រយដុល្លារទៀតផង៕

Advertisement