ការសរសេរ​រឿងរីករាយ​ទុក អាច​ជួយឱ្យមនុស្សឈ្នះក្តីព្រួយបារម្ភ និងស្ត្រេសបាន

នៅក្នុងការរស់នៅរបស់មនុស្សគ្រប់រូបសុទ្ធតែអាចជួបរឿងរ៉ាវច្របូកច្របល់ទាំងល្អ និងមិនល្អរួមបញ្ចូលគ្នា ដែលពេលខ្លះធ្វើឱ្យ​អារម្មណ៍មានការប្រែប្រួលទៅតាមស្ថានការណ៍ និងពេលវេលា​។ ពេលខ្លះមនុស្សមានអារម្មណ៍ថា រីករាយ ហើយពេលខ្លះមនុស្សអាចមានអារម្មណ៍​សោកសៅដោយគ្មានមូលហេតុ។ កត្តាទាំងអស់នេះអាចកើតចេញពីការធ្វើឱ្យបាត់បង់តុល្យភាពនៃការរស់នៅ និងទម្លាប់មួយចំនួនដែលវាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍​ដោយមិនដឹងខ្លួន។

យោងតាមការស្រាវជ្រាវពី​ស្ថាប័នចិត្តសាស្ត្ររបស់អង់គ្លេស (British Journal of Health Psychology) បានបញ្ចាក់ថា ការសរសេរ​ពី​អារម្មណ៍វិជ្ជមានអាចជួយ​កាត់បន្ថយស្ត្រេស និង​អារម្មណ៍ធុញថប់បាន។ ការស្រាវជ្រាវដដែលក៏បានបញ្ជាក់ពីចំណុចផ្ទុយផងដែរថា នៅពេលដែលយើងសរសេរទុក​តែអារម្មណ៍​​អវិជ្ជមាន វានឹងធ្វើឱ្យ​អារម្មណ៍របស់យើងដិតដាមជាមួយនឹងភាពសោកសៅកាន់តែខ្លាំង ហើយវាអាចប៉ះពាល់​ដល់សុខភាពផ្លូវចិត្តកាន់តែខ្លាំង។

ស្ត្រេសអាចធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់​សុខភាពផ្លូវចិត្ត ហើយការពង្រឹងផ្លូវចិត្តបានល្អ អាចធ្វើឱ្យការងារ និងការរស់នៅកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស ហេតុនេះការយកចិត្តទុកដាក់លើទម្លាប់នៃការរស់នៅ​ប្រចាំថ្ងៃអាចជាជម្រើសល្អមួយដើម្បី​បង្ការបញ្ហាទាំងអស់នោះ។ អ្នកជំនាញបានណែនាំថា តាមការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានទម្លាប់សរសេររឿងអវិជ្ជមានរបស់ខ្លួនទុក ភាគច្រើនអាចមានបញ្ហារហូតត្រូវទៅជួបគ្រូពេទ្យ អ្នកខ្លះទៀត​បាននិយាយថា មានជំងឺថប់អារម្មណ៍ ខណៈមួយផ្នែកទៀត​មានភាពស្មុគស្មាញខ្លាំង ហើយ​បាត់បង់សមត្ថភាពនៃការធ្វើការងារទៀតផង។

ងាកមកការបង្កើតទម្លាប់ល្អវិញ របាយការណ៍ដដែលបញ្ជាក់ថា មនុស្សដែលមានទម្លាប់សរសេរ​ពីរឿងរ៉ាវ ឬបទពិសោធវិជ្ជមានយ៉ាងហោចណាស់ 20នាទីក្នុងមួយថ្ងៃ អាចជួយឱ្យអារម្មណ៍ និងការគិតកាន់តែមានថាមពលខ្លាំងជាងមុន។ ហេតុនេះ ការកត់ទុកនូវអ្វីដែលជាចំណុចវិជ្ជមានបានក្លាយជា​វិធីសាស្ត្រដ៏សំខាន់មួយក្នុងការលើកទឹកចិត្តខ្លួនឯង និង​ជំរុញឱ្យស្ថានភាពអារម្មណ៍កាន់តែរឹងមាំបន្ថែមពីលើការគ្រប់គ្រង​ការគេងឱ្យបានគ្រប់គ្រាន់ ការហាត់ប្រាណ និងការជួបជជែកជាមួយមនុស្ស​ដែលមានស្ថានភាពផ្លូវចិត្តរឹងមាំជាដើម។

តាមរយៈការសម្ភាសជាក់ស្តែងបានរកឃើញថា មនុស្សដែលសរសេរ​ពីអារម្មណ៍​រីករាយ និងវិជ្ជមានទុកក្នុងសៀវភៅ​ប្រចាំថ្ងៃរបស់គេ ដោយរៀបរាប់ទាំងពីអារម្មណ៍រីករាយពេលជួបមនុស្សល្អៗ ក្តីស្រឡាញ់ បានស្តាប់តន្ត្រី ឬទិញរូបគំនូរដែលធ្វើឱ្យយើងរីករាយជាដើម អាចធ្វើឱ្យ​ពួកគេកាត់បន្ថយស្ត្រេសមិនសូវមានបញ្ហាសុខភាពដូចជាការឈឺក្បាល ឈឺឆ្អឹងខ្នង និងផ្តាសាយញឹកញាប់ទៀតផង។

ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងដោយការបែងចែកអ្នកចូលរួម​ប្រមាណ71នាក់ ដែលមានអាយុ​ចាប់ពី 19ឆ្នាំ ដល់ 77ឆ្នាំ។ បន្ទាប់មក​អ្នកជំនាញបានបែងចែកអ្នកចូលរួមទាំងអស់ជា 2ក្រុម ដោយ​ក្នុងនោះ​អ្នកចូលរួម 37នាក់ត្រូវបានគេតម្រូវឱ្យសរសេរពី​បទពិសោធ​ល្អៗក្នុងជីវិត ប្រមាណ 20នាទី ក្នុងរយៈពេល 3ថ្ងៃជាប់គ្នា។ ចំពោះអ្នកចូលរួម​ចំនួន 34នាក់ផ្សេងទៀត ត្រូវបានតម្រូវឱ្យសរសេរពីប្រធានបទធម្មជាតិ ក្នុងរយៈពេលដូចគ្នា។

ជាលទ្ធផល​បានបង្ហាញឱ្យឃើញថា កម្រិតនៃភាពធុញថប់របស់អ្នកចូលរួមដែលសរសេរពី​រឿងល្អមានការថយចុះច្រើនជាងអ្នកដែលសរសេរពីធម្មជាតិ។ អ្នកចូលរួមក៏បាន​ផ្តល់របាយការណ៍ផងដែរអំពីកម្រិតនៃការស្ត្រេស អារម្មណ៍ធុញថប់ និង​ស្ថានភាពផ្លូវចិត្តផងដែរក្នុងរយៈពេល 4សប្តាហ៍ក្រោយពេលធ្វើតេស្តសរសេរនេះ។ មនុស្សម្នាក់ៗមានស្ថានភាពល្អប្រសើរ និងមានអារម្មណ៍ថា ការរស់នៅមានតុល្យភាពជាងពេលមុន​ចូលរួមកម្មវិធី៕

Advertisement