ភាព​ប៉ិនប្រសប់​មិន​ស្តែងចេញ​ត្រឹម​ពិន្ទុ​ក្នុង​សាលា​នោះទេ

មនុស្ស​ពូកែ​មិន​ប្រាកដថា​មាន​ភាព​ប៉ិនប្រសប់​នោះទេ ហេតុនេះហើយ​ទើប​សិស្ស​ពូកែ​មួយចំនួន​តូច​បែរជា​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការធ្វើការងារ​ទៅវិញ ហើយ​សិស្ស​មធ្យម​ក្នុង​ថ្នាក់​បែរជា​អាច​ទទួលបាន​លទ្ធផល​ការងារ​ល្អ​ជាង​ក៏មាន ព្រោះ​អ្នកខ្លះ​មានតែ​ចំណេះដឹង​ក្នុង​សាលា តែ​ខ្វះ​ភាព-​ប៉ិនប្រសប់​ក្នុង​ការងារ​ជាក់ស្តែង។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ចំណេះដឹង​សម្រាប់ធ្វើ​ការងារ​ពិតប្រាកដ មិនមែន​មានតែ​មុខវិជ្ជា​ដែល​សិក្សា​ពី​ក្នុង​សាលា​ទាំងស្រុង​នោះទេ តែ​វា​ត្រូវការ​ធាតុ​ផ្សំ​ជាច្រើន​ផ្សេងទៀត​ដែល​កើតចេញពី​បទពិសោធ និង​ភាព​ច្នៃប្រឌិត​របស់​មនុស្ស។ នៅពេល​យើង​ធ្វើ​ការងារ មិនមែន​ចាំបាច់​ត្រូវ​ប្រើតែ​ជំនាញ​មួយ​មុខ​នោះទេ តែ​ត្រូវការ​ភាព​ប៉ិនប្រសប់​ក្នុងការ​សម្របសម្រួល ​ដើម្បី​ធានាថា​ក្រុមការងារ​អាច​យល់​ពីគ្នា មាន​សមត្ថភាព​ក្នុងការ​ទំនាក់ទំនង​បានល្អ មាន​សមត្ថភាព​ដើម្បី​ធ្វើ​បទ​បង្ហាញ និង​រិះរក​គំនិត​ឆ្លាត​វៃ​ដើម្បី​ជំ​រុញឱ្យ​ការងារ​កាន់តែ​ធ្វើបាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង។ ក្រៅពីនេះ បុគ្គលិក​ដែលមាន​គុណភាព​ខ្ពស់ ហើយ​ជា​សេចក្តីត្រូវការ​របស់​ក្រុមហ៊ុនធំៗ ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែលមាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ជំនាញ​នៅក្នុង​សាលា និង​ជំនាញ​នៅក្រៅ​សាលា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វា​មាន​ភាពរលូន​ដើម្បី​អភិវឌ្ឍ​ដល់​ស្ថាប័ន​ទាំងមូល។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ “និស្សិត ឬ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ធ្វើ​ការងារ អាចអនុវត្ត​បាន​ទៅតាម​កម្រិត​ជាក់ស្តែង។ មាន​អ្នកខ្លះ​ដាក់​ការងារ10ធ្វើ​បានតែ8 ឬ​តិច​ជាងនេះទៅទៀត ហើយ​អ្នក​ខ្លះទៀត​ដាក់​ការងារ​ឱ្យ10ធ្វើ​បានតែ10គត់ មានន័យថា គាត់​មិនអាច​ចេញពី​ខ្សែបន្ទាត់​ដែល​គេ​កំណត់​ស្រេច​នោះទេ តែ​ចំពោះ​អ្នក​ដែលមាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ គាត់​អាច​ចេញពី​តំបន់​ដែល​គេ​កំណត់​ស្រេច ហើយ​ធ្វើ​ការងារ​ក្នុង​វិសាលភាព​កាន់តែ​ទូលាយ​ឡើង។ អ្នកខ្លះ​គេ​ដាក់​មក10 គាត់​អាច​ធ្វើបាន​ច្រើនជាង​នេះ ឬ​ធ្វើ​បានល្អ​លើសពី​អ្វីដែល​អ្នកគ្រប់គ្រង​រំពឹងទុក​ទៅទៀត”។

រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ផងដែរ​ថាពិន្ទុ​នៅក្នុង​សាលា ឬ​ការសិក្សា​នៅក្នុង​សាលា គ្រាន់តែ​ជា​មូលដ្ឋានគ្រឹះ ឬ​ក្បួនខ្នាត​ដើម្បី​ធ្វើ​ការងារ​ឱ្យបាន​ត្រឹមត្រូវ​ប៉ុណ្ណោះ តែ​ការអភិវឌ្ឍ ឬ​ធ្វើ​ការងារ​នោះ​ល្អ​កម្រិតណា អាស្រ័យ​លើ​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​របស់​បុគ្គល​នោះ។ ចំណេះដឹង​ដែល​អាចធ្វើឱ្យ​ពួកគាត់​មាន​សមត្ថភាព​ក្នុង​ការធ្វើការងារ​ខ្លាំងជាងគេ អាច​កើតចេញពី​ការ​ស្វះស្វែង​ព្យាយាម​ស្វែងយល់​បន្ថែម​ផ្ទាល់ខ្លួន បូករួម​ទាំង​ភាព​ឆ្លាត​វៃ​ក្នុងការ​សង្កេត​ពីអ្វី​ដែលមាន​ស្រាប់​ហើយ​បំបែក​ឱ្យទៅជា​ក្បួន ឬ​វិធី​ឆ្លាត​វៃ​នានា។ នៅ​ប្រទេស​អភិវឌ្ឍ​ន៍ខ្លះ សិស្ស-និស្សិត​គេ​ខិតខំ​ប្រឹងប្រែង​យក​ក្បួនខ្នាត​ដែលមាន​ស្រាប់​ទៅ​ស្រាវជ្រាវ​បន្ត​ដើម្បី​ធ្វើយ៉ាងណា​បង្កើតជា​សមិទ្ធ​ផល ឬ​វិធីសាស្រ្តថ្មីៗបន្ថែមទៀត ហើយ​ចំណុច​នេះ​ក៏​ជា​អ្វីដែល​យើង​ចង់​ជំរុញ​ឱ្យ​សិស្ស-និស្សិត​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ផងដែរ។

លោក​សាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​លើកឡើងថា ការសិក្សា​ចាំបាច់​ត្រូវតែមាន​ការអនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន ព្រោះ​បើសិនជា​មិន​អនុវត្ត​ផ្ទាល់​ទេ និស្សិត​នឹងមិន​មានឱកាស​ច្រើន​ដើម្បី​បង្ហាញ​ស្នាដៃ​ពិតប្រាកដ​ពី​ការសិក្សា​នៅក្នុង​ថ្នាក់​នោះទេ។ ម្យ៉ាងវិញទៀត និស្សិត​ក៏​គួរតែ​ជា​អ្នក​ដែល​ព្យាយាម​ស្វែងយល់ សង្កេត និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្រើន​ទាក់ទង​នឹង​ជំនាញ​របស់ខ្លួនព្រោះ​ពិភពលោក​មានការ​ប្រែប្រួល ហេតុនេះ​នៅពេលដែល​យើង​មាន​ព័ត៌មាន​ច្រើន យើង​អាច​នឹង​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្លាំង​ជាងគេ ហើយក៏​អាច​ប្រើប្រាស់​វា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ផងដែរ។

សាស្ត្រាចារ្យ សុខ ខុម បាន​មានប្រសាសន៍ថា៖ “ការធ្វើការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ជំនាញ​របស់ខ្លួន​ក្នុងពេល​កំពុង​សិក្សា​អាចជា​វិធី​ល្អ​មួយ​ជំ​រុញឱ្យ​និស្សិត​កាន់តែ​មាន​ភាព​សមត្ថភាព និង​ឱកាស​អនុវត្ត​ផ្ទាល់​ចំពោះ​អ្វីដែល​ខ្លួន​បាន​រៀន។ និស្សិត​ខ្លះ​ឆ្នាំ​ទី3 ឬ​ឆ្នាំ​ទី4 គាត់​ចាប់​ផ្តើមចេញ​ធ្វើ​ការងារ​ដើម្បី​រក​ចំណូល​ខ្លួនឯង​ផង និង​ដើម្បី​កសាង​បទពិសោធ​ជាក់ស្តែង​ផង។ វិធី​នេះ​អាចធ្វើឱ្យ​គាត់​ចំណេញ​ទាំង​ថវិកា​សម្រាប់​ការសិក្សា និង​ចំណេះដឹង​សម្រាប់​អាជីព​ផ្ទាល់ខ្លួន”។

អ្នកជំនាញ​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការសិក្សា​នៅ​មហាវិទ្យាល័យ ឬ​ការសិក្សា​ដើម្បី​ទទួលបាន​ការងារ​ពិតប្រាកដ ត្រូវការ​ការតស៊ូ និង​ការយកចិត្តទុកដាក់។ ហេតុនេះ​អ្នក​ដែលមាន​ភាព-​ឆ្លាត​វៃ​ពិតប្រាកដ គឺជា​អ្នក​ដែល​យល់​ពី​ការខិតខំ​ប្រឹងប្រែង​ដើម្បី​អាជីព​ការងារ មិនមែន​គ្រាន់តែ​រៀន​ដើម្បី​ឱ្យបាន​ពិន្ទុ​ល្អ​ក្នុង​ថ្នាក់​នោះទេ។ ម្យ៉ាងវិញទៀត ប្រសិនបើ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ ស្គាល់​ពិភព​ការងារ​បានល្អ និង​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការយល់​ពី​អតិថិជន​ហើយ យើង​នឹង​អាច​ក្លាយជា​អ្នកជំនាញ​ដែល​គេ​ត្រូវការ៕

Advertisement