Uniqlo ប្រើប្រាស់​គ្រឿងយន្ត 90% ជំនួស​មនុស្ស​ក្នុង​ឃ្លាំង​របស់ខ្លួន​នៅ​ប្រទេស​ជប៉ុន

Uniqlo ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ដ៏ធំ​លើ​ពិភពលោក​បាន​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់ធ្វើ​ការងារ​លើ​ការតាមដាន និង​បែងចែក​មុខទំនិញ​នៅក្នុង​ឃ្លាំង​របស់ខ្លួន​ក្នុង​ទីក្រុង​តូ​ក្យូ ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់គេ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស។

ថ្មីៗនេះ​ក្រុមហ៊ុន​ដដែល​នេះ​ក៏បាន​ផ្លាស់ប្តូរ​បុគ្គលិក​ធ្វើការ​ក្នុង​ឃ្លាំង​ដោយ​ដាក់ជំនួស​មកវិញ​នូវ​ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដោយ​ចាប់ដៃគ្នា​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Daifuku ដើម្បី​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ផ្តល់​ទំនិញដោយផ្ទាល់ៗតាម​បច្ចេកវិទ្យា។ ចាប់ផ្តើម​ពី​ប្រព័ន្ធ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការក្រុមហ៊ុន Uniqlo បាន​កាត់បន្ថយ​បុគ្គលិក​ក្នុង​ឃ្លាំង​រហូតដល់​ទៅ 90% ស្រប​ពេលដែល​ការងារ​ផ្នែក​ឃ្លាំង​អាចមាន​សមត្ថភាព​ធ្វើការ​ងារ​ពេញ 24ម៉ោងក្នុង​មួយថ្ងៃ។

ប្រព័ន្ធ​រ៉ូ​បូត​នេះ​ត្រូវបាន​រចនា​ឡើង ដោយមាន​សមត្ថភាព​គ្រប់គ្រង​ការ​ជញ្ជូន​ផលិតផល​ទៅកាន់​ឃ្លាំង​ដោយ​ប្រើប្រាស់​រថយន្ត​ដឹកទំនិញ អាន​ទិន្នន័យ​លម្អិត​អេឡិចត្រូនិក​ដែល​ភ្ជាប់​ជាមួយ​ផលិតផល ផ្ទៀងផ្ទាត់​ចំនួន​ក្នុង​ស្តុក និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ផងដែរ។ វា​ក៏​អាច​គ្រប់គ្រង​ព័ត៌មាន​សម្រាប់​ការ​ចែកចាយ​ទំនិញ​ទៅកាន់​កន្លែង​នានា ជាមួយ​ទិន្នន័យ​យ៉ាង​ហ្មត់ចត់ ដែល​ប្រើប្រាស់​មនុស្ស​តិច​បំផុត​ដើម្បី​គ្រប់គ្រង។

ការសាកល្បង​កម្មវិធី​ប្រភេទ​នេះ​នៅ​ទីក្រុង​តូ​ក្យូគ្រាន់តែ​ជា​ជំហាន​ដំបូង​មួយ​នៅក្នុង​គម្រោង​ធំ នៃ​ក្រុមហ៊ុន​ទាំងអស់​ដែល​នៅក្រោម​ក្រុមហ៊ុនមេ Uniqlo។ គម្រោង​នេះ​ក៏​ត្រូវបាន​ក្រុមហ៊ុន​ដៃគូ​យុទ្ធសាស្ត្រ​របស់​ Uniqlo គឺ​ក្រុមហ៊ុន Daifuku ប្រកាស​ផងដែរ​ថា ខ្លួន​មាន​គោលដៅ​ក្នុង​ការធ្វើ​ស្វ័យប្រវត្តិកម្ម (automate) ដល់​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​រហ័ស​ទាំងអស់​នៅក្នុង​ប្រទេស​ជប៉ុន និង​នៅ​ប្រទេស​ថែមទៀត។ ជាមួយគ្នានេះដែរ Uniqlo គ្រោង​វិនិយោគ​ថវិកា​ប្រមាណ100ពាន់​លាន​យ៉េន គិត​ជា​ប្រាក់​ដុល្លារ​ស្មើនឹង 887លាន​ដុល្លារ ក្នុង​គម្រោង​ដែល​គ្មាន​ដែន​កំណត់។

អតិថិជនដើរនៅក្នុងហាងមួយរបស់ក្រុមហ៊ុន Uniqlo

ក្រុមហ៊ុន Uniqlo ជឿជាក់ថា​ប្រព័ន្ធ​របស់ខ្លួន​នឹង​អាចជួយ​កាត់បន្ថយ​តម្លៃ​ក្នុងការ​រក្សាទុក​ទំនិញ ការនាំ​ចូល និង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទៅ​ជុំវិញ​ពិភពលោក​មាន​លក្ខណៈ​លឿន​ជាង​មុន។ ក្រុមហ៊ុន​ក៏បាន​កំណត់​គោលដៅ​ផងដែរ​ថា​ខ្លួន​នឹង​អា​ចរក​ចំណូល​ប្រចាំឆ្នាំ​បាន​ប្រមាណ 3ទ្រី​លាន​យ៉េន ឬ​ស្មើនឹង 26.6ពាន់​លាន​ដុល្លារ៕

Advertisement