តើ​គួរ​ប្រើ​បណ្តាញ​អុីន​ធើ​ណិ​ត​បែបណា​ដើម្បី​បានប្រយោជន៍​ត្រឡប់មកវិញ?

និន្នាការ​នៃ​ការប្រើប្រាស់​បណ្តាញ​អុីន​ធើ​ណិ​ត​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​យុវជន​មួយចំនួន​មិនបាន​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​នោះទេ ពោលគឺ​បាន​ត្រឹម​ប្រើប្រាស់​សម្រាប់​ការកម្សាន្ត​ទៅវិញ ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​ខាតបង់​ពេលវេលា និង​ការចំណាយ​ថវិកា​ខុស​គោលដៅ​ជាដើម។

លោក​បណ្ឌិត ឡាយ សុខ​ហេង សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មានប្រសាសន៍ថា យោងតាម​គំនូស​ដ្យា​ក្រាម​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​អុីន​​ធើ​ណិ​ត​នៅ​កម្ពុជា ភាគច្រើន​នៅក្នុង​ស្រទាប់​យុវវ័យ និង​បុគ្គលិក​បំពេញការងារ​តាម​ស្ថាប័ន​នានា ចំណែក​មនុស្ស​ដែលមាន​វ័យ​ចំណាស់​មិនសូវមាន​ចំណាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់​បណ្តាញ​អុីន​​ធើ​ណិ​ត​នេះ​ប៉ុន្មាន​ទេ។

លោក​ថា ការប្រើ​បណ្តាញ​អុីន​​ធើ​ណិ​ត​អាច​ទទួលបាន​គុណសម្បត្តិ និង​គុណវិបត្តិ​ត្រឡប់មកវិញ​ដូចគ្នា ប្រសិនបើ​យើង​មិនបាន​ប្រើប្រាស់​ដោយ​យកចិត្តទុកដាក់​ទេនោះ។ ការប្រើប្រាស់​ឱ្យ​កើតជា​គុណប្រយោជន៍ គឺ​ស្ថិត​នៅត្រង់ថាបណ្តាញ​អុីន​​ធើ​ណិ​ត​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់ធ្វើ​ការស្រាវជ្រាវ​ប្រភពព័ត៌មានផ្សេងៗ ពិសេស​ព័ត៌មាន​សេដ្ឋកិច្ច​ដែល​អាចឱ្យ​យើង​សម្រេចចិត្ត​មុននឹង​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ណាមួយ។ សម្រាប់​និស្សិត ឬ​សិស្ស​វិញ ពួកគាត់​អាច​ប្រើប្រាស់​ដើម្បី​ស្រាវជ្រាវ​ឯកសារ​បន្ថែម​លើ​មេរៀន​របស់ខ្លួន កសិករ​អាច​មើល​តម្រូវការ​ទីផ្សារ មុននឹង​សម្រេចចិត្ត​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​ណាមួយ​ដើម្បីឱ្យ​ច្បាស់​ថា​ក្រោយពេល​ប្រមូល​កសិផល​រួច នឹងមាន​តម្រូវការ​ប្រើប្រាស់​ច្រើន។

ទន្ទឹមនឹងនេះ បើសិនជា​យើង​មិនបាន​ប្រុងប្រយ័ត្ន​ទេនោះ បណ្តាញ​អុីន​​ធើ​ណិ​ត​នឹង​ផ្តល់​ជា​គុណវិបត្តិ​មក​យើង​វិញ​ដូចគ្នា។ ឧទាហរណ៍​ថា នៅពេល​ឃើញ​ព័ត៌មាន​សេដ្ឋកិច្ច​ណាមួយ​ហើយ យើង​មិនបាន​ស្រាវជ្រាវ​បន្ថែម​ឱ្យបាន​ច្បាស់​ទាក់ទង​ទៅនឹង​ប្រភព ឬ​ស្ថាប័ន​អ្នកសរសេរ​ព័ត៌មាន​នោះ​វាជាហេតុ​ធ្វើឱ្យ​យើង​មិនដឹងថា តើ​ព័ត៌មាន​នោះ​អាច​គួរឱ្យ​ទុកចិត្តបាន​កម្រិតណា មុននឹង​យកមក​ពិចារណា​ធ្វើការ​វិភាគ​ដោយ​ខ្លួនឯង​បន្ថែម។ ប្រសិនបើ​គ្រាន់តែ​ឃើញ​ព័ត៌មាន​ហើយ​មិនបាន​វិភាគ​ឱ្យបាន​ច្បាស់ វា​ធ្វើឱ្យ​យើង​អាច​សម្រេចចិត្ត​ខុស នាំឱ្យ​ខាតបង់​ថវិកា​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ​នោះបាន។ ដោយឡែក​សម្រាប់​យុវជន បើសិនជា​គាត់​មើល​ពី​ព័ត៌មាន​សិក្សា ព័ត៌មាន​រក​ការងារ គឺជា​រឿង​ល្អប្រសើរ​ណាស់ ប៉ុន្តែ​បើ​គាត់​បែរជា​បើក​មើល​រឿង​ដែល​មិនល្អ រឿង​អាសអាភាសផ្សេងៗជាដើម​វិញ​នោះ វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​សីលធម៌​សង្គម នាំយក​ឥទ្ធិពល​ខាងក្រៅ​ដែល​មិនល្អ​នោះមក​បង្ក​ជា​បញ្ហា​ក្នុង​សង្គមជាតិ។ ជួនកាល​បង្ហោះ​រូប​មិនល្អ​របស់​បុគ្គល​ណា​ម្នាក់ នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់គេ​ធ្ងន់ធ្ងរ រហូតដល់​មានការ​ប្ដឹងផ្ដល់​គ្នា ឬ​បើ​រឿង​នោះ​ជាការ​ពិត​វិញ អាចធ្វើឱ្យ​បុគ្គល​ម្នាក់​នោះ​លែង​ហ៊ាន​ដើរចេញ​ជួប​មហាជន​ខាងក្រៅ​ក៏មាន។

លោក​បន្តថា នៅ​ប្រទេស​មួយចំនួន រដ្ឋាភិបាល​របស់គេ​ហាមឃាត់​ដល់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អុីន​ធើ​ណិ​ត​មិនឱ្យ​បង្ហោះ​រឿង​អាសអាភាស​នោះទេ ព្រោះថា យុវវ័យ​តែងមាន​ការ​ភ្លើតភ្លើន មិនចេះ​ពិចារណា បណ្ដាល​ឱ្យទៅ​បង្ក​ផល​អាក្រក់​នៅក្នុង​សង្គម ឬ​មានគំនិត​អវិជ្ជមានផ្សេងៗក៏មាន។ ករណីនេះ​លោក​ស្នើ​ចង់ឱ្យ​រដ្ឋាភិបាល​គិតគូរ​អំពី​ផលប៉ះពាល់​លើ​ការប្រើប្រាស់​បណ្តាញ​អុីន​​ធើ​ណិ​ត​នេះ និង​បើសិន​មានច្បាប់​ហាមឃាត់​ការ​បង្ហោះ​រូប​អាសអាភាស​ក៏​ជាការ​ប្រសើរ​ផងដែរ ដែល​ការណ៍​នេះ​ជា​ចំណែក​នៃ​ការលើកកម្ពស់​សីលធម៌​សង្គម​ឱ្យ​កាន់​ល្អ​ប្រសើរឡើង។

តាម​របាយការណ៍​រប​ស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បង្ហាញថា ក្នុង​រយៈពេល8ខែ​នៃ​ឆ្នាំ2018នេះ ចំនួន​អ្នកប្រើប្រាស់​អុីន​​ធើ​ណិ​ត​កើនឡើង​ជាង 12លាន​នាក់ ក្នុងចំណោម​ប្រជាជន​ខ្មែរ​ជាង15លាន​នាក់​ដែល​ធ្វើឱ្យ​ទីផ្សារ​វិស័យនេះ​រីក​ធំ​ទូលាយ និង​បាន​រាលដាល​ទៅដល់​តំបន់​ជនបទ​ដាច់ស្រយាល ជួយ​ដល់​ការតភ្ជាប់​ទំនាក់ទំនង​ការងារការពង្រីក​សេវា​អា​ជីក​ម្ម និង​ការសិក្សា​ស្រាវជ្រាវ​ផងដែរ។

និន្នាការ​នៃ​ការកើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាពិសេស Facebook បាន​ជំរុញ​ឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ​អុីន​​​ធើ​ណិ​ត​កើនឡើង​ខ្លាំង​ផងដែរ ខណៈ​ការពង្រីក​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ និង​ការពង្រីក​បណ្តាញ​សេវា​ក្រុមហ៊ុន​ឯកជន​នានា កាន់​តែមាន​វិសាលភាព​ធំឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

គួរ​បញ្ជាក់ផងដែរថា នៅ​កម្ពុជា​ការប្រើប្រាស់​បណ្តាញ​អុីន​​ធើ​ណិ​ត​ជា​មធ្យម​កើនឡើង​ប្រមាណ​ពី20% ទៅ25%ក្នុងឆ្នាំៗ ដែល​ត្រូវបាន​គេ​រំពឹងថាចំនួន​អ្នកប្រើប្រាស់​អុីន​​ធើ​ណិ​ត​នឹង​កើនឡើង​ប្រមាណ​ជិត 13លាន​នាក់​នៅ​ចុងឆ្នាំ2018៕

Advertisement