ជ្រុល​រើស​ជំនាញ​ខុស គួរ​ស្តារ​ស្ថានការណ៍​បែបណា?

ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្សម្នាក់ៗ ព្រោះ​វា​ជា​ជំហាន​ឆ្ពោះទៅរក​ច្រកទ្វារ​អភិវឌ្ឍន៍​ខ្លួនឯង​សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ។ ទោះជា​យ៉ាងនេះ​ក្តី មាន​មនុស្ស​មិនតិច​ទេ​ដែល​ភ្លេចខ្លួន ឬ​ជ្រើសរើស​ជំនាញ​ខុស ដែល​ធ្វើឱ្យ​ពួកគេ​ខាតបង់​ទាំង​ថវិកា ពេលវេលា និង​មានការ​ស្តាយក្រោយ។

ការជ្រើសរើស​ជំនាញ​ខុស ជាទូទៅ​គេ​សំដៅលើ​ការជ្រើសរើស​ជំនាញ​មិន​ស្របទៅនឹង​ចំណង់​ចំណូលចិត្ត ឬ​មិន​ស្របទៅនឹង​ទេពកោសល្យ​ពិតប្រាកដ​ដែល​បុគ្គល​នោះ​មាន​ពី​កំណើត។ ហេតុនេះ អ្នកសិក្សា​មិនអាច​សិក្សា​បានល្អ មិន​ពេញចិត្ត​ជាមួយនឹង​ជីវិត​ការងារ ហើយ​ឈានដល់​ការបោះបង់ ឬ​ទ្រាំធ្វើការ​ងារ​នោះ​ទាំង​ធុញថប់ ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​អភិវឌ្ឍ​ខ្លួន​បានល្អ​ឡើយ។

លោក អីុន វីរ​ជ័យ សាកលវិទ្យាធិការរង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​លើកឡើងថា និស្សិត​មួយចំនួន គាត់​ជ្រើសរើស​ជំនាញ​ត្រឹមត្រូវ​រួចទៅហើយ តែ​ពេលដែល​គាត់​ធ្វើ​ការងារ​ផង សិក្សា​ផង គាត់​ភ្លេចខ្លួន ហើយ​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​គាត់​ទៅតាម​តម្រូវការ​ការងារ​ជាក់ស្តែង​នោះ​ក៏មាន។ការជ្រើសរើស​ជំនាញ​ដោយ​មិនបាន​មើល​ពី​ចក្ខុវិស័យ​ជីវិត​វែងឆ្ងាយ​នេះ​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​ការងារ​របស់គាត់ ព្រោះថា ប្រសិនបើ​គាត់​ធ្វើ​ការងារ​ស្របតាមការស្រឡាញ់ និង​ទេពកោសល្យ​ពី​ធម្មជាតិ គាត់​អាចមាន​ភាព​រីករាយ​ក្នុង​ការធ្វើការងារ​នៅ​ថ្ងៃ​អនាគតហើយ​គាត់​មាន​ហេតុផល​ច្បាស់លាស់​ក្នុង​ការធ្វើការងារ​ដោយក្តី​ពេញចិត្ត មិនមែន​ទៅធ្វើ​ការងារ​ឱ្យ​ចប់​តែ​ម៉ោង​នោះទេ។ ម្យ៉ាងវិញទៀត នៅពេល​ពួកគាត់​ធ្វើការងារ​ដោយ​ក្តី​ពេញចិត្ត គាត់​អាចមាន​ឱកាស និង​គំនិត​អភិវឌ្ឍន៍​ជាច្រើន​ដែល​អាចធ្វើ​ឱ្យមានលក្ខណៈ​កាន់តែ​ប្រសើរឡើង ហើយ​ឈានទៅរកកន្លែង​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់។

លោក អីុន វីរ​ជ័យ សាកលវិទ្យាធិការរង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ

លោក អីុន វីរ​ជ័យ បាន​មានប្រសាសន៍ថា៖ “មាន​និស្សិត​ខ្លះ​ជ្រើសរើស​ជំនាញ​សិក្សា​តាម​ស្ថានភាព​ជាក់ស្តែង​ដែល​គាត់​កំពុង​ជួបប្រទះ។ អ្នកខ្លះ​ជ្រើសរើស​ជំនាញ​រដ្ឋបាល ព្រោះ​គាត់​កំពុង​ធ្វើ​ការងាររដ្ឋបាល​ឱ្យគេ​នៅក្នុង​ក្រុមហ៊ុន​មួយ តែ​ទេពកោសល្យ​ពិតប្រាកដ​របស់គាត់​ជា​វិស្វករ។ ហេតុនេះ​ដំណាក់កាល​នេះ​ធ្វើឱ្យ​គាត់​បាត់បង់​ឱកាស​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន”។

លោក​សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បញ្ចៀស​ខ្លួន​ពី​ការសម្រេចចិត្ត​ខុស ឬ​សម្រេចចិត្ត​ត្រឹមត្រូវ​ហើយ​ផ្លាស់ប្តូរ​ទៅរក​ជម្រើស​ខុស​វិញ​នោះ និស្សិត​ចាំបាច់​ត្រូវ​ស្វែង​រកក្តី​ស្រមៃ​របស់ខ្លួន​ឱ្យឃើញ​ពិតប្រាកដ ព្រោះ​នៅពេល​ពួកគាត់​ដឹងថា ជីវិត​គាត់​ត្រូវ​ដើរទៅ​គោលដៅ​ណា នោះ​គាត់​នឹង​មិនអាច​ភ្លេចខ្លួន​បានទេ។ ម្យ៉ាងវិញទៀត បើទោះបីជា​និស្សិត​អាច​ភ្លេចខ្លួន​មួយរយៈ និង​សម្រេចចិត្ត​ខុស​ក៏ដោយ ក៏​ថ្ងៃ​ណាមួយ​គាត់​អាច​នឹង​នឹកឃើញ​ពី​ក្តី​ស្រមៃ​របស់គាត់​ដដែល ដែល​ធ្វើឱ្យ​គាត់​ត្រូវតែ​ផ្លាស់ប្តូរ​ខ្លួន​ចេញពី​កន្លែង​ដែល​គាត់​កំពុង​ស្ថិតនៅ ហើយ​សិក្សា​បន្ថែម ឬ​ឈោង​ចាប់​ចំណុច​ខ្ពស់​ពិតប្រាកដ​ដែល​គាត់​បាន​កំណត់ទុក​នៅក្នុង​ជីវិត។

ស្រប​ជាមួយគ្នានេះដែរ លោក សោម ច័ន្ទ​សុធា​ សហ​ស្ថាបនិក​ក្រុមយុវជន​ដែល​ធ្វើ​ការងារ​ស្រាវជ្រាវ​ពី​ការអប់រំ បាន​លើកឡើងថា និស្សិត​មិនតិច​ទេ​ដែល​ជ្រើសរើស​ជំនាញ​ខុស ព្រោះ​ពេល​គាត់​ចាប់ផ្តើម​ជ្រើសរើស​ជំនាញ​គាត់​ស្តាប់​សំឡេង​ខាងក្រៅ​ច្រើនជាង​សំឡេង​ក្នុង​ខ្លួន​របស់គាត់​ផ្ទាល់។ និស្សិត​ខ្លះ​ស្តាប់​រៀមច្បង​ដែល​បានចេញ​ធ្វើ​ការងារ​ទទួលលទ្ធផល​ល្អ ហើយក៏​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​តាម​គេ និស្សិត​ខ្លះទៀត​បារម្ភ​ពី​ទីផ្សារការងារ​ជ្រុល ហើយ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​ណា​ដែល​គាត់​គិតថា ងាយស្រួល​រក​ការងារ​ធ្វើ បើទោះបីជា​គាត់​មិន​ស្រឡាញ់​ក៏ដោយ។ មាន​និស្សិត​ខ្លះទៀត​ទទួល​យោបល់​គេ​ច្រើនពេក រហូត​ភ្លេច​គិតពី​ការស្រឡាញ់​របស់ខ្លួន បន្ទាប់មក​ធ្វើឱ្យ​គាត់​សម្រេចចិត្ត​តាមរយៈ​ការមើល​ឃើញតែ​ខាងក្រៅ ដែល​ធ្វើឱ្យ​គាត់​ស្តាយក្រោយ នៅពេល​គាត់​មិន​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា ហើយ​លំបាក​ស្វែងរក​ការងារ​ធ្វើ។ ផ្ទុយ​មកវិញ មាន​និស្សិត​មិន​ច្រើន​ទេ​ដែល​ជម្នះ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន ដោយ​អ្នកខ្លះ​ថែមទាំង​ជំទាស់​ជាមួយ​គំនិត​អាណាព្យាបាល​រហូត​សម្រេច​ជោគជ័យ​ក្នុង​អាជីព​របស់គេ​ផង​ក៏មាន។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ជ្រើសរើស​ជំនាញ​ខុស ក៏​មិន​ប្រាកដថា​ហួសពេល​មួយជីវិត​នោះដែរ ព្រោះ​ជីវិត​សិក្សា​ក្នុង​មហាវិទ្យាល័យ​មាន​រយៈពេល​ត្រឹមតែ 4-5ឆ្នាំ​ប៉ុណ្ណោះ តែ​ស្ថានភាព​ជាក់ស្តែង​យើង​ត្រូវ​ប្រើ​ចំណេះដឹង​ពេញ​មួយជីវិត ហេតុនេះ​គ្មានទេ​ពាក្យ​ថា ហួសពេល​សម្រាប់​អ្នក​ចង់​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​នោះ។

លោក សោម ច័ន្ទ​សុធា បាន​និយាយថា៖ “មាន​វិធី​ជាច្រើន​ដែល​និស្សិត​អាច​ស្តារ​ស្ថានការណ៍​បាន​ក្រោយពេល​ជ្រើសរើស​ជំនាញ​ខុស។ អ្នកខ្លះ​ដឹងខ្លួន​ទាន់ ពេល​គាត់​កំពុង​សិក្សា​មហាវិទ្យាល័យ គាត់​អាច​ផ្លាស់ប្តូរ​ជំនាញ​បាន ស្រប​ពេលដែល​អ្នក​ខ្លះទៀត​សុខចិត្ត​ផ្លាស់ប្តូរ​ជំនាញ បើទោះបីជា​ខាត​ឆ្នាំ​ក៏ដោយ តែ​សម្រាប់​អ្នកសិក្សា​ចប់​ហើយ គាត់​ក៏​អាច​នៅតែមាន​ជម្រើស​ផ្លាស់​ប្តូរជីវិត​ឱ្យ​ប្រសើរឡើង​បានដែរ”។

លោក សុធា បន្ថែមថា សម្រាប់​អ្នករៀន​ចប់​ហើយ​ស្តាយក្រោយ មាន​ច្រើន​គួរសម​ដែរ​នៅក្នុង​សង្គម​យើង តែបើ​ទោះបីជា​ស្តាយក្រោយ ក៏​គ្មាន​បាន​លទ្ធផល​អ្វី​មកវិញ​ដែរ ហេតុនេះ​អ្វីដែល​ត្រូវធ្វើ គឺ​ព្យាយាម​ស្តារ​ស្ថានការណ៍​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ទើប​ជា​រឿង​ល្អ។ ជម្រើស​ទីមួយ យកចំណេះ​ដឹង​ដែល​គាត់​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នោះ​ទៅធ្វើ​ការងារ​ដើម្បី​ស្វែងរក​ចំណូល ហើយ​ត្រឡប់​ចូល​សាលា​ម្តងទៀត​ដើម្បី​រៀន​ជំនាញ​ដែល​គាត់​ស្រឡាញ់។ ប្រសិនបើ​គាត់​សម្រេចចិត្ត​បែបនេះ គាត់​អាច​ទ្រាំ​លំបាក​តែ 2-3ឆ្នាំ តែ​គាត់​អាច​រីករាយ​បានយូរ​អង្វែង។ ចំពោះ​ជម្រើស​មួយ​ផ្សេងទៀត គឺ​សិក្សា​ពេល​កំពុងធ្វើការ​ងារ គ្រាន់តែ​ជម្រើស​នេះ​វា​ទាមទារ​ឱ្យ​គាត់​អត់ធ្មត់​បន្តិច។ មាន​មនុស្ស​មួយចំនួន​គាត់​សម្រេចចិត្ត​បោះបង់​មុខវិជ្ជា​ដែល​គាត់​សិក្សា​នោះ​ចោល ហើយ​ចាប់យក​ការងារ​ក្នុង​ក្តី​ស្រមៃ បើទោះបីជា​គាត់​ទទួលបាន​មុខតំណែង​តូច​ក៏ដោយ។ នៅពេល​គាត់​ធ្វើ​ការងារ គាត់​ចាំបាច់​ត្រូវ​ស្វែងរក​ចំណេះដឹង​បន្ថែម​ដើម្បី​អភិវឌ្ឍ​ជាប់​ជានិច្ច ព្រោះ​ជាធម្មតា បើទោះបីជា​ការងារ​បង្រៀន​មនុស្ស​ក៏ដោយ តែ​អ្នកធ្វើការងារ​ក៏​ចាំបាច់​ត្រូវតែមាន​ក្បួនខ្នាត​ត្រឹមត្រូវ​ដែរ ហេតុនេះ​ការស្វែងរក​វគ្គខ្លីៗដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ក៏​អាចធ្វើឱ្យ​គាត់​សម្រេច​ក្តី​ស្រមៃ​បាន​ដូចគ្នា​ដែរ។ ពេលខ្លះ​គាត់​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយជា​អ្នកគ្រប់គ្រង​ល្អ​ថែម​ទៀតផង ព្រោះ​គាត់​បាន​រៀន​លម្អិត​ពី​ការងារ​ជាក់ស្តែង​តាំងពី​តំណែង​តូច​បំផុត រហូតដល់​តំណែង​ខ្ពស់។ ហេតុនេះ ចំពោះ​អ្នក​ជ្រើសរើស​ជំនាញ​ខុស​ហើយ ចូរ​កុំ​អស់សង្ឃឹម នៅមាន​វិធី​ជាច្រើន​ដែល​អាចធ្វើឱ្យ​អ្នកសម្រេច​ក្តី​ស្រមៃ​បាន ប្រសិនបើ​អ្នក​ពិតជា​មានការ​តស៊ូ​ពិតប្រាកដ​មែន​នោះ៕

Advertisement