សាលា​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​មេរៀន ​ដើម្បី​ផ្តល់​សុភមង្គល​ដល់​សិស្សក្នុងការរៀន

រដ្ឋាភិបាល​ក្រុង Delhi បាន​បន្ថែម​មុខវិជ្ជា​ថ្មី​មួយ​ក្នុង​កម្មវិធីសិក្សា​ក្នុង​គោលបំណង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដើម្បីឱ្យ​ក្មេង​កាន់​តែមាន​សុភមង្គល​ក្នុងការ​រៀនសូត្រ។ សិស្សសាលា​រដ្ឋ​នៅ​ទីក្រុង Delhi ចាប់ពី​កម្រិត​ត្រៀម​ចូល​ថ្នាក់​បឋម រហូតដល់​ក្មេង​អាយុ 14ឆ្នាំ ទទួលបាន​មេរៀន​ដើម្បី​ធ្វើឱ្យមាន​សុភមង្គល​ក្នុង​ជីវិត​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុងនោះ​សាលា​បាន​បញ្ចូល​មុខវិជ្ជា យោ​គៈ (yoga) សមាធិ និង​វិធី​រីករាយ​ជាមួយ​អ្វីដែល​ខ្លួន​បានធ្វើ។

រយៈពេល 45នាទី មុនពេល​ចាប់ផ្តើម​សិក្សា សិស្ស​អាច​ចាប់ផ្តើម​អប់រំ​ចិត្ត (mindfulness) ដោយមាន​បង្ហាញ​អំពី​រឿងល្អៗ និង​សកម្មភាព​សម្រាប់​អប់រំ​ចិត្ត​ថែម​ទៀតផង។ គ្រូ​ព្យាយាម​យកចិត្តទុកដាក់​ពី​ទឹកចិត្ត​របស់​សិស្ស​ក្នុងការ​សិក្សា ដោយ​ជំរុញ និង​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​មាន​អារម្មណ៍រីករាយ ហើយ​មាន​អារម្មណ៍​ថា ការសិក្សា​មុខវិជ្ជា​ដែល​គ្រប់គ្នា​គិតថា​ស្មុ​គ្រ​ស្មាញ គឺជា​រឿង​គួរឱ្យចូលចិត្ត។ រដ្ឋាភិបាល​ក្រុង Delhi សង្ឃឹមថា វិស័យ​អប់រំ​នឹង​អភិវឌ្ឍ​ដើម្បី​ផ្តោត​សំខាន់​ទាំង​ចំណេះដឹង និង​គុណ​តម្លៃ​សម្រាប់​ការរស់នៅ ហើយ​មិន​ផ្តោត​ខ្លាំង​តែ​លើ​ពិន្ទុ​ក្នុង​សាលា​ទាំងស្រុង​នោះទេ។

លោក Manish Sisodia រដ្ឋមន្ត្រីក្រសួង​អប់រំ ឥណ្ឌា បាន​លើកឡើងថា៖ “កាលពី 30ឆ្នាំមុន យើង​បាន​បង្កើត​អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម និង​ក្នុង​រោងចក្រ​ជាច្រើន​នាក់ តែ​យើង​មិនបាន​អភិវឌ្ឍ​មនុស្ស​ល្អ​ឱ្យបាន​ច្រើន​នៅឡើយ​ទេ។ ហេតុនេះ​ការដាក់​គម្រោង​បណ្តុះបណ្តាល​ពី​សុភមង្គល​គឺជា​រឿង​សំខាន់”។ ក្នុង​កម្មវិធី​ប្រកាស​ពី​កម្មវិធីសិក្សា​សុភមង្គល​នេះលោក​រដ្ឋមន្ត្រី​បាន​និយាយថា ការអប់រំ​ត្រូវតែ​បង្រៀនឱ្យមាន​សីលធម៌ និង​បំណងល្អ​សម្រាប់​សង្គម​ឱ្យបាន​ច្រើន មិនមែន​គ្រាន់តែ​មើល​តែពី​តម្រូវការ​ក្នុង​សេដ្ឋកិច្ចនោះទេ។

គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ប្រទេស​ឥណ្ឌា​នេះ គឺ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន។ កម្មវិធី​នេះ​ផ្តោត​ទាំង​ការជំរុញឱ្យ​ទទួលបាន​ពិន្ទុ​ល្អ​ក្នុងការ​ប្រឡង និង​ភាពល្អប្រសើរ​ក្នុងការ​បង្រៀន​ទៅលើ​សីលធម៌ និង​ការទទួលខុសត្រូវ​ចំពោះ​សិស្ស​ក្នុង​ភាពជា​មនុស្ស​ល្អ​ក្នុងសង្គម។ ទិន្នន័យ​ចុងក្រោយ​បំផុត ពី​របាយការណ៍​អប់រំ​ប្រចាំឆ្នាំ (ASER) បាន​បង្ហាញថា សិស្ស​ដែលមាន​អាយុ​ចន្លោះ​ពី14 ដល់18ឆ្នាំ មានការ​លំបាក​ក្នុង​ការអាន​អត្ថបទ​ជា​ភាសា​ខ្លួនឯង ដែល​វា​ជា​បញ្ហា​ប្រឈម​មួយ​នៅ​ថ្ងៃ​អនាគត។ ស្រប​ពេលដែល​សាកលវិទ្យាល័យល្បីៗនៅ​ឥណ្ឌា​ទាមទារ​ឱ្យមាន​ពិន្ទុ​ខ្ពស់​ដើម្បី​ចូលរៀន។ កត្តា​នេះ​ធ្វើឱ្យមាន​ការប្រកួតប្រជែង​ខ្លាំង​ដើម្បី​ដណ្តើមបាន​កន្លែង​រៀនសូត្រ និង​បង្កឱ្យមាន​បញ្ហា​មិន​ប្រក្រតី ឬ​លួច​ចម្លង​គ្នា​ក្នុងពេល​ប្រឡង​ជាដើម។ នៅ​ឆ្នាំ 2015 អាណាព្យាបាល និង​មិត្តភក្តិ​របស់​បេក្ខជន​ប្រឡង​ជាច្រើន​ត្រូវបាន​គេ​ថតរូប​ជាប់​ថា បាន​ឡើងលើ​ជញ្ជាំង​ដើម្បី​ផ្តល់​ចម្លើយ(បោះ​ព្រុយយ៉ុង)ដល់​កូន ឬ​មិត្តភក្តិ​របស់ខ្លួន​ដើម្បី​ឱ្យបាន​ប្រឡង​ជាប់ ហើយ​វិញ្ញាសា​ទៀតសោត​ក៏​អាច​លេច​ធ្លាយ​យ៉ាង​ឆាប់រហ័ស​ទៀតផង។

សុភមង្គល​ក្នុងការ​រៀនសូត្រ
សុភមង្គល​ក្នុង​វិស័យ​អប់រំ បានក្លាយ​ជា​រឿងដែល​សំខាន់ឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ Yale University ដែលជា​សាកលវិទ្យាល័យ​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋអាមេរិក ក៏បាន​បង្កើត​ថ្នាក់រៀន​ប្រភេទ​នេះដែរ ដោយបាន​បញ្ចូល​ចិត្តសាស្ត្រ និង​វគ្គ​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​សម្រាប់​និស្សិត​របស់ខ្លួន។ មាន​និស្សិត​ប្រមាណ 1,200នាក់​បាន​ចូលរៀន​ជា​រៀងរាល់​សប្តាហ៍ហើយ​វា​បាន​ក្លាយជា​ថ្នាក់​ដែលមាន​អ្នក​ចុះឈ្មោះ​ចូលរៀន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាកលវិទ្យាល័យ​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ1701មួយ​នេះ។ កិច្ចការ​ផ្ទះ​ក្នុង​កម្មវិធី​នេះ គឺមាន​បញ្ចូល​សំណួរ​ស្តីពី​ការតស៊ូ ការរៀបចំ​ឥរិយាបថ​វិជ្ជមាន និង​វិធីសាស្ត្រ​ដើម្បី​បង្កើត​ទំនាក់​ទំនងជា​វិជ្ជមាន​សម្រាប់​សង្គម​ជាដើម។

ស្របតាម​ចរន្ត​នេះ អ្នក​អភិវឌ្ឍន៍​វិស័យ​អប់រំសំខាន់ៗចាប់ផ្តើម​បោះជំហាន​កាន់តែ​ធំ​ឡើង​ដើម្បី​ធ្វើយ៉ាងណា​បណ្តុះ​មនុស្ស​ឱ្យមាន​ទាំង​សមត្ថភាព និង​លទ្ធភាព​សម្រាប់​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ​កាន់តែ​ច្រើនឡើង សំដៅ​ធ្វើឱ្យ​អនាគត​នៃ​ការធ្វើ​អាជីវកម្ម ការរស់នៅ​ក្នុងសង្គម និង​ការធ្វើការងារ​កាន់តែល្អប្រសើរ​ឡើង៕

Advertisement