ព្រះ​តេជគុណ គូ សុភាព បង្ហាញ​ចំណុច​សំខាន់​ដល់​យុវជន​ដើម្បី​រក្សា​ជីវិត​ឱ្យមាន​តុល្យភាព

ក្នុងការ​រស់នៅ មនុស្សម្នាក់ៗតែងតែ​ប្រាថ្នា​សេចក្តីសុខ និង​ភាព​រីកចម្រើន តែ​ពេលខ្លះ​ឧបសគ្គ​ក្នុង​ជីវិត​បានជំរុញ​ឱ្យ​ពួកគេ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាច្រើន​រាប់មិនអស់ រហូត​ធ្វើឱ្យមាន​ការនឿយហត់ ឬ​អស់សង្ឃឹម​កើតឡើង។ បញ្ហា​ទាំងអស់នេះ កើតឡើង​មកពី​របៀប​នៃ​ការគិត និង​ការរស់នៅ​របស់​មនុស្សម្នាក់ៗ ដែល​បង្កើត ជា​សកម្មភាព និង បរិស្ថាន​ជីវិត​មួយ​ក្នុងភាពអវិជ្ជមាន។

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រកម្ពុជា ព្រះ​តេជគុណគូ សុភាព បាន​លើកឡើងថា ​តាម​ធម្មជាតិ​របស់​មនុស្ស វ័យ​កណ្តាល​ជា​វ័យ​រឹងមាំ និង​ស្រស់បំព្រង​ជាងគេ តែ​ស្ថានភាព​ជាក់ស្តែង​មិន​ដូច្នេះ​នោះទេ ព្រោះ​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ឱ្យឃើញថា ​យុវវ័យ ​និង​មនុស្ស​វ័យ​កណ្តាល​ជា​អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត​ច្រើនជាង​វ័យផ្សេង។ យុវវ័យ​ជា​វ័យ ដែល​ស្រួចស្រាល់​នឹងមាន​បញ្ហា​ក្នុង​ជីវិត​ឬ​បាក់​ទឹកចិត្ត ព្រោះ​ពួកគេ​នៅ​ក្មេង​វ័យ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុងការ​ទប់ស្កាត់​នូវ​បញ្ហា​ក្នុងជីវិត​បានល្អ។ ហើយ​ជា​ធម្មជាតិមនុស្ស​កាន់តែ​ធំ​កាន់​តែមាន​បញ្ហា​ច្រើនឡើងក្នុង​ជីវិត ព្រោះ​បន្ទុក​ទាំងអស់​បាន​ចូលមកក្នុង​ខ្លួន​បន្តិចម្តងៗ ដូចជា​បន្ទុក​នៃ​ការសិក្សា ការងារ គ្រួសារ និង​ការទទួលខុសត្រូវផ្សេងៗទៀត។ ហេតុនេះ​យុវជន និងអ្នក​គ្រប់គ្នា​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ជីវិត ដើម្បី​អប់រំ​ចិត្ត​កុំឱ្យ​មាន​ស្ថានភាព​ភាពទន់ខ្សោយ ឬ​វិបត្តិដែល​ឈានទៅដល់​គ្រោះមហន្តរាយ​ក្នុងការ​រស់នៅ ដែល​អ្នកខ្លះ​អាចឈាន​ដល់​ដំណាក់កាល​ធ្វើអត្ថឃាត​ក៏មាន។

ព្រះ​តេជគុណ គូ សុភាព

ព្រះ​តេជគុណ គូ សុភាព បាន​មាន​សង្ឃដីកា​ថា៖ “យុវវ័យ​បច្ចុប្បន្ន​ដោយសារតែ​រស់នៅ​ជាមួយនឹង​បណ្តាញ​សង្គម​ច្រើនពេក ហើយ​សន្សំរឿង​មិនល្អ​ច្រើន​នៅក្នុង​ចិត្ត ធ្វើឱ្យ​ពួកគេ​ឆាប់​បាក់​ទឹកចិត្ត ដែលនាំឱ្យ​ខាតបង់​ដល់​ឱកាស​អភិវឌ្ឍ៏​ជាច្រើន​សម្រាប់​ខ្លួនឯង”។

ព្រះ​តេជគុណ​សាស្ត្រាចារ្យ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា យុវជន​មួយចំនួន​មានការ​ភ្លេចខ្លួន​ដែល​បណ្តោយឱ្យ​ជីវិត​របស់​ពួកគេ​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​ផ្លូវចិត្ត​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា។

អ្នកជំនាញ បច្ចេកវិទ្យា​បានបញ្ជាក់​ថា​អ្នក​ដែល​នៅមុខ​បណ្តាញ​សង្គម​ច្រើន​ជ្រុល​ពេក ជា​អ្នក​ដែល​ងាយ​នឹងមាន​ជំងឺផ្លូវចិត្ត ហើយ​ជាធម្មតា​នៅក្នុង​បណ្តាញ​សង្គមធំៗទាំងអស់​លើ​ពិភពលោក​គឺ​គេ​បង្កើតឱ្យមាន Notification ដែល​វា​ធ្វើឱ្យ​យើង​ចង់​មើល ឬ​ចង់​តាមដាន​ជាមួយ​វារ​ហូត។

ស្របពេល​នេះដែរយុវជន​យើង​ជាច្រើន​បាន​ជក់ចិត្ត​ជាមួយនឹង​បណ្តាញ​សង្គម​ខ្លាំងពេក រហូត​ធ្វើឱ្យ​បណ្តាញ​សង្គម​ដឹកនាំ​ដំណើរ​ជីវិត ឬ​គ្រប់គ្រង​ពួកគាត់​បាន។ ហេតុនេះ​ជា​ដំណោះស្រាយ​គឺ​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ពី​ការបើក​មើល​បណ្តាញ​សង្គម ព្រោះ​បណ្តាញ​ដែល​យើង​កំពុង​ប្រើប្រាស់​ជា​របស់​យើង ហើយ​យើង​ចង់​បើក​មើល​ពេលណា​ជា​សិទិ្ធ​របស់​យើង កុំឱ្យ​វា​គ្រប់គ្រង​យើង​ថា​ត្រូវ​តែបើ​កមើលវា​ខានមិនបាន​នោះ។

លើសពីនេះទៅទៀត ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ផងដែរ​ថា ដោយសារតែ​ស្ថានភាព​ផ្លូវចិត្ត​មាន​ភាពទន់ខ្សោយ​ យុវជនមាន​ភាពផុយស្រួយ​នឹង​ការធ្វើអត្តឃាត ព្រោះ​តាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ក្នុងមួយថ្ងៃៗអ្នកមាន​វិបត្តិ​សម្លាប់​ខ្លួនឯង​ចំនួន 80ម៉ឺន​នាក់ បើ​បែង​ចែកជា​វិនាទី​គឺ​រយៈពេល 4វិនាទី មាន​មនុស្ស​សម្លាប់​ខ្លួនឯង​ម្នាក់ ហេតុនេះ​សូម​យុវជន​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការរស់នៅ។ មាន​យុវជន​ខ្លះទៀត​មាន​បញ្ហា​ស្នេហា​សម្លាប់ខ្លួន មនុស្ស​ខ្លះ​មាន​បញ្ហា​លុយកាក់​ក៏​សម្លាប់ខ្លួន ហើយ​មាន​សិស្ស​ខ្លះ​មាន​បញ្ហា​ប្រឡង​មិន​ជាប់​ក៏​សម្លាប់ខ្លួន​ដែរ ដែល​បង្ហាញថា ​ជីវិត​របស់គាត់​គឺមាន​តម្លៃស្មើនឹង​សញ្ញាបត្រ​មួយ​តែប៉ុណ្ណោះ។

ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា​ទាំងអស់នោះ សូម​យុវជន​គិតថា​ជីវិត​គឺ​ប្រៀបបាន​ទៅនឹង​ដៃ​របស់​មនុស្ស​ដែរ ដែលមាន​2​គឺ​ខាងឆ្វេង និង​ខាងស្តាំ ហើយ​មនុស្ស​អាច​សំពះ​បាន​គឺ​អាស្រ័យ​លើ​ដៃ​ទាំង2​ផ្គុំ​គ្នា។ បើ​ប្រៀបធៀប​ដៃស្តាំ​ថា​ជា​សុខ ដៃ​ឆ្វេង​អាចជា​ទុក្ខ ហេតុនេះ​ជីវិត​គឺជា​ការ​បូកផ្សំ​គ្នា​រវាង​សុខ និង​ទុក្ខ មិនមាន​មនុស្ស​ណា​ម្នាក់​ចៀសផុត​នោះទេ។

ដើម្បី​បញ្ជៀ​ស​បញ្ហា​បាន ទាល់តែ​មនុស្សយ​ល់ពី​ភាពជាក់ស្តែង​ទាំងអស់នេះ​ថា សុខ និង​ទុក្ខ​វា​ត្រូវតែ​កើតឡើង ហេតុនេះ​យើងម្នាក់ៗត្រូវតែ​ត្រៀមលក្ខណៈ​ឱ្យ​បានល្អ​ដើម្បី​ជម្នះ​វា​ឱ្យបាន។

ដើម្បីជា​ដំណោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ផ្លូវចិត្ត​មិនល្អ យុវជន​គួរ​ធ្វើ​រឿងសំខាន់3យ៉ាង​គឺ ទី1ត្រូវ​បញ្ជៀ​ស​ខ្លួន​ពី​ព័ត៌មានអាក្រក់ៗដែល​ប៉ះពាល់​ដល់​ការគិត។ រឿង​ក្តៅក្រហាយ ឬ​រឿង​ជេ​បទេចដែល​សម្បូរក្នុងសង្គម​របស់​យើង​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ ព្រោះ​វា​មិន​ធ្វើឱ្យ​យើង​រីករាយ​នោះទេ។ ជា​ឧទាហរណ៍ មានអ្នកសារព័ត៌មាន​ម្នាក់​គាត់​ធ្លាប់តែ​ប្រមូល និង​ស្រាវជ្រាវ​ពី​រឿង​ឃាតកម្ម ឬ​បញ្ហាអាក្រក់ៗក្នុងសង្គម នៅ​ទីបំផុត​គាត់​មើលឃើញ​ពិភពលោក​ថា​ ខ្មៅ​ងងឹត​ហើយក៏​សម្លាប់​ខ្លួនឯង​ទៅ ស្រប​ពេលដែល​ពិភព​ជាក់ស្តែង​មិន​ប្រាកដថា​ដូច​អ្វីដែល​គាត់​បានគិត​នោះទេ។

ចំណុច​ទី2គឺ​ត្រូវ​សន្សំរឿងល្អៗទុក​ក្នុង​ចិត្ត តាមរយៈ​ការចែករំលែក​រឿងល្អៗ ឬ​សេពគប់​មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន​សម្រាប់​ការរស់នៅ ឬ​ការសិក្សា​ជាដើម។ នៅពេលដែល​យើង​មាន​ទម្លាប់​គិត​ប្រកបដោយ​ភាព​វិជ្ជមាននោះ​យើង​នឹង​អាច​រស់នៅ​ប្រកបដោយ​ភាពស្រស់ស្រាយ ហើយ​ភាព​ស្រស់ស្រាយ​នេះ​ក៏​នឹងអាច​ចែករំលែក​ទៅ​មនុស្ស​ជុំវិញខ្លួន​យើង​ដែរ។

ចំណុច​ទី3គឺ​កម្ម មានន័យថា ជីវិត​មនុស្សម្នាក់ៗកើតមក​មិន​ដូចគ្នា​នោះទេ លទ្ធផល​ដែល​កើតមានឡើង​ក្នុង​ជីវិត​គឺ​អាស្រ័យ​លើ​សកម្មភាព​ដែល​យើង​បានធ្វើ។ ប្រសិនបើ​យើង​ព្យាយាម​ប្រើប្រាស់​ជីវិត​ដោយ​ការធ្វើ​ល្អនោះ​យើង​នឹង​ទទួល​បានតែ​រឿងល្អៗក្នុង​ជីវិត តែ​ប្រសិនបើ​យើង​ធ្វើ​តែ​អំពើអាក្រក់ ច្រណែនបំផ្លិចបំផ្លាញ​មិនឱ្យ​មនុស្ស​ដទៃ​ល្អ​ជាង​យើង តើ​អាចនឹងទទួល​បាន​លទ្ធ​ផល​ល្អ​យ៉ាងម៉េច​កើត ព្រោះ​យើង​កំពុង​សន្សំរឿង​ក្តៅក្រហាយ​រាល់ថ្ងៃ៕

Advertisement