ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​រីកចម្រើន​ តែ​ត្រូវ​ទទួលយក​បច្ចេកវិទ្យាថ្មីៗ

នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ឧស្សាហកម្ម​អាកាសចរណ៍​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័សគួរ​ឲ្យ​កត់សម្គាល់ ដែល​ក្នុងនោះ​រួមមាន​ទាំង​ប្រទេសកម្ពុជា​យើង​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ ប៉ុន្តែ​អ្វី​ដែលជា​មូលដ្ឋានគ្រឹះ​អំពី​របៀប​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ ដើម្បី​សម្រួល​ដល់​ការងារ​អាកាស​យានដ្ឋា​ន​ក្នុង​តំបន់ ត្រូវធ្វើ​ការត្រៀមខ្លួន​ជានិច្ច​សម្រាប់​កំណើន​ជា​បន្តបន្ទាប់​នេះ ទើប​ជា​រឿង​លំបាក​ និង​ជា​បញ្ហា​ប្រឈម​នៅឡើយ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​យើង ដែលជា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ។ នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកនាំពាក្យ​របស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរស៊ីវិល។

ឯកឧត្តម ស៊ិន ចាន់​សិរី​វុត្ថា បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា​ ឧស្សាហកម្ម​អាកាសចរណ៍​កម្ពុជា​កំពុង​ទទួលបាន​កំណើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជាកំពុង​ពិចារណា​ការវិនិយោគ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា ដោយ​ផ្តោតលើ​បដិវត្តន៍​ឧស្សាហកម្ម​កម្រិត(4.0) ឬ​ដែល​គេ​ហៅថា​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ឬ IT នៅក្នុង​ស្ថាប័ន​ជាតិនីមួយ។

ដោយឡែក​នៅក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់​យើង ក៏​កំពុងតែ​រៀបចំ និង​សម្របសម្រួល​ខ្លួន​ផងដែរ ទៅក្នុង​គោលនយោបាយ​បែបនេះ សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន ដែល​មានន័យថា​កម្ពុជា​យើង​កំពុង​ទទួលយក​នូវ​ផែនការ​ឧស្សាហកម្ម 4.0 នេះហើយ។

ឯកឧត្តម បាន​បញ្ជាក់ថា​ ទោះបីជា​យើង​មានការ​រីកចម្រើន​លើ​វិស័យ​អាកាសចរណ៍​ក៏ពិតមែនប៉ុន្តែ​វា​មិនទាន់មាន​លក្ខណៈ​ស្វ័យប្រវត្តិ ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នៅឡើយ​ទេ ដោយសារតែ​យើង​ប្រទេស​យើង​មិនទាន់​បានទទួលការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ ឱ្យបាន​ទូលំទូលាយ ជាក់ស្តែង​ដូចជា​បញ្ហា​ក្រុម Hacker ក៏​យើង​បាន​ជួបប្រទះ​ច្រើន​សឹងតែ​គ្រប់​ស្ថាប័ន ដែល​ប្រទេស​យើង​នៅ​មិនទាន់​អាច​ដោះស្រាយបាន។ ប្រសិនបើ​យើង​មិនមាន​ជំនាញ​ការពារ​សម្រាប់​ក្រុម Hacker ទេនោះ ពួកគេ​នឹង Hack ចូល​គេហទំព័រ ឬ របៀប​នៃ​ការគ្រប់គ្រង​របស់​ស្ថាប័ន​យើង។ ដូច្នេះ​មានន័យថា ការប្រើប្រាស់​បច្ចេកវិទ្យា​យើង​នៅមានកម្រិត និង អាច​ប្រើ​បានតែ​លើ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ។

ឯកឧត្តម​អ្នកនាំពាក្យ​បន្តទៀតថា​ បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ជួបប្រទះ​មាន3ករណី ដោយ​ករណី​ទី1 គឺ​កត្តា​ធនធានមនុស្ស​របស់​យើង​នៅលើ​វិស័យនេះ​នៅមានកម្រិត ដែល​យើង​មិនទាន់​រកឃើញ​អ្នក​ដែល​ខ្លាំង និង មាន​ជំនាញ​ពិតប្រាកដ​លើ​បញ្ហា​នេះ​នៅឡើយ​នោះទេ។ ករណី​ទី2 គឺ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារតែ​យើង​ត្រូវការ​ជា​ចាំបាច់​នូវ​ថវិកា​ដើម្បី​ចំណាយ​លើ​ការងារ​មាន​ចំនួន​ច្រើន​នៅឡើយ និង ករណី​ទី3 គឺ​ការធានា​សន្តិសុខ​សុវត្ថិភាព ព្រោះ​យើង​មានការ​ព្រួយបារម្ភ នឹង​សុវត្ថិភាព នៃ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ឱ្យបានល្អ ចៀសវាង​មានការ​រំខាន​ពី​ក្រុម Hacker។ សូម្បីតែ​អ្នកប្រើប្រាស់​ក៏ត្រូវ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជូន​ពួកគាត់​ផងដែរ។ មិនតែប៉ុណ្ណោះ​ឯកឧត្តម បញ្ជាក់​បន្ថែមថា​ បច្ចុប្បន្ន​យើង​កំពុង​ចាប់ផ្តើម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង ប៉ុន្តែ​យើង​ក៏​ត្រូវការ​ពេលវេលា​ច្រើន​ដែរ។ ការអនុវត្ត​ផែនការ​នេះ តម្រូវ​ឱ្យមានការ​ចូលរួម​ពី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ផ្តល់នូវ​ភាពជា​ចាំបាច់ ដែល​នឹង​ជំរុញឱ្យមាន​ការរីកចម្រើន​លើ​បច្ចេកវិទ្យា​ឌីជីថល និង​មានការ​រួមចំណែក​ពី​ក្រសួងទេសចរណ៍ដែល​បាន​ចូលរួម​អនុវត្ត​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម4.0នេះ ដើម្បី​ឲ្យ​វិស័យ​អាកាសចរណ៍ ស៊ីវិល​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន។ ទាក់ទង​នឹង​ថវិការដ្ឋ​វិញ រដ្ឋាភិបាល​មិនអាច​ផ្តល់​ថវិកា​ឱ្យ​បាន​គ្រប់​ស្ថាប័ន​បាន​នោះទេ ហើយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​គឺជា​អាណាព្យាបាល​នៃ​ក្រសួង​សា​មីនីមួយៗ ដូច្នេះ​ក្រសួង​ត្រូវ​មានការ​ប្រុង​ប្រយ​័ត្នជានិច្ច​រាល់​ការចំណាយ លើ​វិស័យ​បច្ចេកវិទ្យា​ដែល​ត្រូវការ​ចាយវាយ​ខ្ពស់ ក្រសួង​សេដ្ឋកិច្ច​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ជាមុនសិន មុននឹង​សម្រេច​ថា​ តើក្រសួង​ណាខ្លះ​ដែលមាន​អាទិភាព​ចំណាយ​មុនគេ។ នេះ​ជា​មូលហេតុ​ដែល​យើង​មិនទាន់​អាចអនុវត្ត​ផែនការ​នេះ​បាន។

ឯកឧត្តម បានឱ្យដឹង​ទៀតថា​ ការអភិវឌ្ឍ​សម្រាប់​បច្ចេកវិទ្យា​មិន​សំដៅលើ​គ្រប់ផ្នែក​ទេ គឺមាន​វា​ច្រើនហើយ​មានការ​ចាំបាច់​ណាស់ ដូច្នេះ​យើង​ត្រូវ​វិនិយោគ​តែ​ផ្នែក​ណាមួយ​ដែល​ចាំបាច់​ខ្លាំង​ជាមុនសិន ដូចជា​ការគ្រប់គ្រង​ទិន្នន័យ​​ប្រចាំថ្ងៃ ការចុះបញ្ជី​យន្តហោះ ការត្រួតពិនិត្យ​ជើងហោះហើរ​ជាដើម ដែល​ស្ថាប័ន​យើង​នៅ​ប្រើការ​កត់ត្រា ជាការ​សរសេរ​នៅឡើយ។ ប៉ុន្តែ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ដំណើរការ​ជា​បណ្តើរហើយៗ នៅឡើយ​តែ​ផ្នែកផ្សេងៗទៀត​ប៉ុណ្ណោះ​ដែល​នៅមាន​បញ្ហា​ប្រឈម​ច្រើន។ រីឯ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស (Air Traffic Management) ឬ ​ATM គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន IT ដោយផ្ទាល់ ។

សូមបញ្ជាក់ថា​ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បានបញ្ចប់​គម្រោង​ដំឡើង​ដើមទុន​ចំនួន 100 លាន​ដុល្លារ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​សៀមរាប។ លើសពីនេះទៅទៀត​រាជរ​ដ្ឋា​ភិ​បាល​មាន​គម្រោង​រៀបចំ​ពង្រីក​សាងសង់​ព្រលានយន្តហោះ​ថ្មី​ចំនួន2រួចមកហើយ ដែលស្ថិតលើ​ផ្ទៃដី​សរុប 2,600 ហិកតា​ហើយដែល​នឹង​ធ្វើឱ្យ​ព្រលានយន្តហោះ​នៅ​កម្ពុជា យើង​ក្លាយទៅជា​ព្រលាន​យន្ត​ហោះធំ​ទី9លើ​ពិភពលោក។ ហើយ​យើង​ក៏បាន​ទទួលយក​ការប្រើប្រាស់​បច្ចេកវិទ្យានោះ​ទៅប្រើ​ហើយ តែ​ការប្រើ​បច្ចេកវិទ្យា​នោះ​ត្រូវ​សម្រេច​ទៅលើ​អ្នកវិនិយោគ​នៃ​ព្រលាន​នោះ។

ស្របពេល​ជាមួយគ្នានេះដែរ ភាព​ប្រកួតប្រជែង​គ្នា​នៃ​វិស័យ​បច្ចេកវិទ្យា​អាកាសចរណ៍​កំពុង​រីក​ចម្រើនដែលមាន​ការតភ្ជាប់​ការវិភាគ​ទិន្នន័យធំៗ និង​ប្រព័ន្ធ​អុីន​ធើណិត ដែល​កំពុង​ក្លាយទៅជា​ចំណុច​សំខាន់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​អាកាសយានដ្ឋាន​នៅ​អាស៊ីអាគ្នេយ៍ គួរតែមាន​ការយល់ដឹង រួមទាំង​កម្ពុជា​ផងដែរ។ ឧស្សាហកម្ម​អាកាសចរណ៍​មិន​ខុសប្លែកគ្នា​ទេ ហើយ​កំពុង​ស្ថិតនៅ​ចំកណ្តាល​នៃ​ការផ្លាស់ប្តូរ​សម័យ​ឌីជីថល​ដោយ​ខ្លួនឯង។

ខណៈពេលដែល​ការពង្រីក​ព្រលានយន្តហោះ និង​ការផ្តួចផ្តើម​នៃ​ការអភិវឌ្ឍ​មាន​សារៈសំខាន់​ដើម្បី​ធានាថា​ ប្រទេស​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទ្រទ្រង់​កំណើន​ចរាចរណ៍​អ្នកដំណើរនាពេល​អនាគត។ ជារឿយៗវា​មាន​ភាពស្មុគស្មាញ​និង​អាច​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ។ ដែលជា​កត្តា​បណ្តាល​ឱ្យអ្នកដំណើរ​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​ផ្នែក​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​នៅ​ព្រលានយន្តហោះ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស។

ឯកឧត្តម អ្នកនាំពាក្យ​ជឿជាក់ថា អ្វី​ដែលជា​ដំណោះស្រាយ​អាច​សម្រេចបាន​ខ្ពស់បំផុត​សម្រាប់​បញ្ហា​ទាំងអស់នេះ នឹង​ក្លាយទៅជា​គុណសម្បត្តិ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​យើង​អាច​ដើរតួ​ជា​អ្នកដោះស្រាយ​បណ្តោះអាសន្ន​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឱ្យមាន​ការគ្រប់គ្រង​កើនឡើង​នៃ​ចរាចរណ៍​ផ្លូវអាកាស​ខណៈដែល​ព្រលានយន្តហោះ​កំពុងដំណើរការ​ពង្រីក​ការសាងសង់។ លើសពីនេះ​ទៀត​ពួកគេ​អាច​ទ្រទ្រង់​កំណើន​អ្នកដំណើរ​រយៈពេល​យូរអង្វែង​នៅក្នុង​ប្រទេស និង​ចៀសវាង​ផលប៉ះពាល់​សក្តានុពល​លើ​ប្រតិបត្តិការ​ និង​មុខងារ​របស់​ព្រលានយន្តហោះ។

ឯកឧត្តម បាន​អះអាង​បញ្ជាក់ថា​ ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​ក៏ត្រូវ​ចាប់ផ្តើម​ប្រើ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ដើម្បី​ទទួលបាន​ប្រាក់​សន្សំ ស្រប​ពេលដែល​អាជីវកម្ម​អាកាសចរណ៍​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាន់តែ​មានការ​ប្រកួតប្រជែង​នោះ។ ដំណោះស្រាយ​វិស័យ​អាកាសចរណ៍​ដែល​បាន​ព្យាករ​ និង​សេវាកម្ម​ប្រសិទ្ធភាព​នៃ​ការហោះហើរ​អាច​កាត់បន្ថយ​លើ​ការចំណាយ​ប្រតិបត្តិការ និង​បង្កើន​បទពិសោធ​ហោះហើរ​ទាំងមូល​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា៕

Advertisement