ក្រុម​យុវវិស្វករ​ខ្មែរ​ច្នៃ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​សំរាម

សំរាម​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​កម្ពុជាដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហេតុនេះ​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ អាច​ក្លាយជា​ចំណុច​ទាក់ទាញ​យ៉ាងសំខាន់​ដើម្បី​ធ្វើឱ្យ​ប្រទេស​ដែលមាន​សក្តានុពល​មួយ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត និង​ការធ្វើ​អាជីវកម្ម។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​សំរាម​នៅ​កម្ពុជា ក្រុម​អ្នកជំនាញ​វិស្វកម្ម និងពាណិជ្ជកម្ម​មួយក្រុម​បានចាប់ផ្តើម​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន​ដើម្បី​បង្កើតជា​ផលិតផលបច្ចេកវិទ្យា​ទំនើប​សម្រាប់​គ្រប់គ្រង​សំរាម ដែលមាន​ឈ្មោះថា ធុងសំរាម​ឆ្លាត​វៃ ឬ SmartBin Cambodia។ កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី សហ​ស្ថាបនិក SmartBin Cambodia បាន​លើកឡើងថា ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ មាន​សំរាម​រហូតដល់​ទៅ 1,200តោន​ក្នុង​មួយថ្ងៃ ហើយ​បើតាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ2030 សំរាម​នៅ​កម្ពុជា​អាច​នឹង​កើនឡើង​ដល់ 3,000តោន​ក្នុង​មួយថ្ងៃ ហេតុនេះ​ការគ្រប់គ្រង​សំរាម គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ត្រូវតែ​គិតគូរ ព្រោះ​បើ​យើង​គ្រប់គ្រង​មិនល្អ វា​នឹង​ធ្វើឱ្យ​ទីក្រុង​ដ៏​ស្រស់ស្អាត​ទាំងមូល​បាត់បង់​សោភណភាព។ ជាក់ស្តែង កត្តា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​កើតមានឡើង​ដោយសារតែ​ការគ្រប់គ្រង​សំរាម​នៅមានកម្រិត ព្រោះ​តំបន់​ខ្លះ​មាន​សំរាម​ច្រើន​រហូតដល់​ហៀរ​ក្រៅ​ធុង ហើយ​កន្លែង​ខ្លះទៀត មាន​សំរាម​ច្រើនតែ​គ្មាន​ធុងសំរាម​ទៅវិញ។ កត្តា​ទាំងអស់នេះ​កើតឡើង​ដោយសារតែ​បញ្ហា​ប្រជាជន​ដែល​មិនទាន់​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម និង​ខ្វះ​ការ​ចិត្ត​ទុកដាក់​ក្នុងការ​បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មិនទាន់មាន​គោលនយោបាយ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចេះ​បែងចែក​សំរាម។ កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី បាន​និយាយថា៖ “ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្រុម​របស់ខ្ញុំ​បាន​បង្កើត​ធុងសំរាម​ឆ្លាត​វៃ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​សំរាម និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គិតគូរ​ពី​បញ្ហា​នេះ​ឱ្យបាន​កាន់តែ​ច្រើនឡើង​នៅក្នុង​សង្គម”។

ក្រុមស្ថាបនិក SmartBin Cambodia

កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី បានលើកឡើង​ផងដែរ​ថាតាមរយៈ​ធុងសំរាម​ឆ្លាត​វៃ​នេះ គ្រប់​ទីកន្លែង​នៅក្នុង​ទីក្រុង​អាច​នឹងមាន​ស្ថាន​ភាពល្អ​ប្រសើរឡើង ព្រោះ​វា​ជា​ឧបករណ៍​ដែល​រួមបញ្ចូល​គ្នា​រវាង​គំនិត​បច្ចេកវិទ្យា និង​គំនិត​បរិស្ថាន។ ធុងសំរាម​នេះ​ត្រូវបាន​កែច្នៃ និង​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​គំនិត​នានា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កាន់តែ​ងាយស្រួល​ក្នុងការ​ទុកដាក់​សំរាម កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​លើ​ការគ្រប់គ្រង​សំរាម និង​ងាយស្រួល​កែច្នៃ​ឡើងវិញ​នូវ​របស់របរ​ដែល​យើង​ប្រើប្រាស់​រួច។ វា​អាចធ្វើឱ្យ​មនុស្ស​កាន់តែ​យល់ដឹង​ពី​តម្លៃ​នៃ​ការថែរក្សា​បរិស្ថាន ហើយ​លើកស្ទួយ​ដល់​មុខមាត់​សង្គម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​មនុស្សម្នាក់ៗចាប់ផ្តើម​ចេះ​គ្រប់គ្រង​សំរាម​ទៅតាម​ប្រភេទ​យ៉ាងច្បាស់​លាស់​ជា​រៀងរាល់ថ្ងៃ។

លោក ជិម មិនា ជា​វិស្វករ​អេឡិចត្រូនិក និង​ជា​សហ​ស្ថាបនិក SmartBin Cambodia បាន​លើកឡើងថា ធុងសំរាម​ឆ្លាត​វៃ​នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដែលមាន​មុខងារសំខាន់ៗ ដូចជា​មុខងារ​គ្រប់គ្រង​បរិមាណ​សំរាម​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រោះ​វា​អាច​ផ្តល់​ទិន្នន័យ​ដល់​អ្នកគ្រប់គ្រង​សំរាម​ច្បាស់លាស់ ដែល​ធ្វើឱ្យ​អ្នកធ្វើការងារ​ប្រមូល​សំរាម​អាច​ដឹង​ច្បាស់​ថា ធុង​ណា​ពេញ ហើយ​ធុង​ណា​ជិត​ពេញ។ លើសពីនេះទៅទៀត ធុងសំរាម​ឆ្លាត​វៃ​ក៏មាន​ប្រព័ន្ធ​សម្រាប់​សន្សំ​ពិន្ទុ ដើម្បី​ប្តូរ​មកវិញ​ជា​វត្ថុ​អនុស្សាវរីយ៍ និង​ការ​បញ្ចុះតម្លៃ​ពី​ហាង​ជា​ដៃគូ​ជាច្រើន​របស់ Smart Bin។ ប្រព័ន្ធ​នេះ​ត្រូវបាន​គ្រប់គ្រង​តាមរយៈ SmartPhone មានន័យថា ប្រជាជន​កម្ពុជា​គ្រាន់តែ​ទាញយក​កម្មវិធី Smart Bin នៅក្នុង​ទូរស័ព្ទដៃ បន្ទាប់មក​បង្កើត​គណ​នី​ផ្ទាល់ខ្លួន​ដើម្បី​សន្សំ​ពិន្ទុ​ពី​ការ​បោះចោល​សំរាម។

លោក ជិម មិនា បាន​និយាយថា៖ “វិធី​ទទួលបាន​ពិន្ទុ​ងាយ​បំផុត គឺ​អ្នក​ទាំងអស់គ្នា​គ្រាន់តែ​បោះចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ដូចជា សំបក​កំប៉ុង​ភេសជ្ជៈ​ដែក កំប៉ុង​ជ័រ ឬ​ដប​កែវ និង​ប្រភេទ​សំរាមផ្សេងៗទៀត បន្ទាប់មក​យើង​គ្រាន់តែ​ស្គែ​ន QR Code នៅលើ​ធុងសំរាម​ដើម្បី​ទទួលយក​ពិន្ទុ​ជាការ​ស្រេច”។

អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា វិធី​ម្យ៉ាងទៀត​ប្រសិនបើ​យើង​ភ្លេច​យក​ទូរស័ព្ទដៃ​តាម​ខ្លួន ក៏​យើង​អាចមាន​លេខ​កូដ​ផ្ទាល់ខ្លួន​ដើម្បី​បញ្ចូល​ទៅលើ​ធុងសំរាម​នោះ​សម្រាប់​ទាញយក​
រង្វាន់​នៅពេល​យើង​បោះចោល​សំរាម​បាន​ផងដែរ។ នៅពេល​មនុស្ស​គ្រប់គ្នា​អាច​ទទួលបាន​ពិន្ទុ ហេតុនេះគាត់​អាច​នឹង​រីករាយ​ក្នុងការ​រើស​សំរាមផ្សេងៗដែល​រាយប៉ាយ​នៅ​ទីសាធារណៈ​ដើម្បី​ទទួលបាន​ពិន្ទុហើយ​ទម្លាប់​នេះ​អាច​នឹង​ធ្វើឱ្យ​សង្គម​កាន់តែ​ប្រសើរឡើង។ លើសពីនេះទៅទៀត វា​ក៏​ជា​ឧបករណ៍​ម្យ៉ាង​ដែល​អាចជួយ​ឱ្យ​សង្គម​ទាំងមូល​កាត់បន្ថយ​ចំណាយនិង​រយៈពេល​ក្នុងការ​គ្រប់គ្រង​សំរាម។ ក្រៅពីនេះ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ​សំរាម​សម្រាប់​ប្រើ​ឡើងវិញ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​សំរាម​ក្នុង​ទីលាន​ចាក់សំរាម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ និង​ឈានទៅដល់​ការកាត់បន្ថយ​ហានិភ័យ​លើ​សុខភាព​របស់​មនុ​ស្សបាន​យ៉ាង​ល្អប្រសើរ។

ក្រុមស្ថាបនិក​ SmartBin Cambodia ទទួលប័ណ្ណសរសើរ

គម្រោង SmartBin Cambodia នេះ ជា​គម្រោង​បង្កើតឡើង​ដោយ​កូន​ខ្មែរ ដែល​ទទួលបាន​ជយលាភី​លេខ1 ក្នុង​កម្មវិធី Techno Innovation Challenge ជាប់​ជយលាភី​លេខ2 ក្នុង​កម្មវិធី French Cambodia Research day និង​ទទួលបាន​ជយលាភី​លេខ3 ក្នុង​កម្មវិធី Youth Eco Labs។ SmartBin បច្ចុប្បន្ននេះ​ជា​ក្រុម​នាំមុខគេ​មួយ​ក្នុងចំណោម​ក្រុម 3 ចុងក្រោយ​បំផុត​នៃ​កម្មវិធី Toyota Impact Challenge ដែល​នឹងធ្វើ​បទ​បង្ហាញ​ចុង​វគ្គ​ផ្តាច់​ព្រ័​ត្រនៅ​ថ្ងៃទី19 ខែមករា ឆ្នាំ2019 ខាងមុខនេះ៕

Advertisement