ការទទួលបាន​ប្រយោជន៍​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា

ដោយសារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងពេលថ្មីៗនេះ​បានផ្តល់​ភាពជឿនលឿន និង​ឈានមុខ​សម្រាប់​ធ្វើឱ្យ​កិច្ចការងារ​ជាច្រើនទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​សេវាកម្ម​នោះ ខាង​ផ្នែក​សេដ្ឋកិច្ច​មួយចំនួន​ក៏រីកចម្រើន​ទៅជា​មួយ​បច្ចេកវិទ្យា​នេះដែរ។ ការទទួលយក​សេវា​ហិរញ្ញវត្ថុ​កាន់តែច្រើន​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​បោះជំហាន​យ៉ាង​ល្អ​ឆ្ពោះទៅរក​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា​នា​ទសវត្សរ៍​ចុងក្រោយ​នេះ។

អ្នកសេដ្ឋកិច្ច​បាន​និយាយថា បើ​និយាយ​អំពី​ឌីជីថល(Digitalization)វា​បានផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ច្រើន។ ទី1-សេវា​ដែល​បង្កើត​ដោយ​ឌីជីថល​មានតម្លៃ​ទាប គឺ​ទាប​ជាង​សេវាកម្ម​ដែល​ប្រើ​ដោយ​ដៃ។ ទី2-វា​មាន​ភាព​រហ័ស លឿន និង​ងាយស្រួល​ចំពោះ​អតិថិជន មានន័យថា អតិថិជន​ចង់​ធ្វើប្រតិបត្តិការ​នៅពេលណា​ក៏បាន។ ទី3-អតិថិជន​មិនបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅ​ទីតាំង​ណាមួយ​ដើម្បី​ទទួលយក​សេវាកម្ម​ដែល​គាត់​ចង់បាន​គាត់​នោះទេ គាត់​អាចធ្វើ​នៅ​កន្លែង​ណា​ក៏បាន។ នេះ​គឺ​ប្រព័ន្ធ​ឌីជីថល ដែល​ធ្វើឱ្យ​ការប្រើប្រាស់​ក្រដាស​ស្នាម​ត្រូវបាន​កាត់បន្ថយ។

ពីមុន ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់ ដោយសារតែ​តម្លៃ​នៃ​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​ខ្ពស់​ដែរ ព្រោះ​គាត់​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​ក្រដាស​ស្នាម letter head និង​លិខិតស្នាមផ្សេងៗ ប៉ុន្តែ​ឥឡូវ​គាត់​ងាក​មក​ប្រើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធ្វើឱ្យ​តម្លៃ​ដើម​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ត្រូវ​ចំណាយ​តិចជាង​មុន ព្រោះ​គាត់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដូច្នេះ​តម្លៃ​អត្រា​ការប្រាក់​របស់គាត់​ក៏​ត្រូវបាន​ទម្លាក់​ចុះ​ទាប​ទៅតាម​ហ្នឹង​ដែរ។ ឧទាហរណ៍​ដូច​កាលពីមុន ការផ្ញើ ឬ​វេរ​ប្រាក់​ជាដើម អតិថិជន​មាន​ក្តីបារម្ភ​ច្រើន​ពី​ការដែល​អាច​បាត់បង់ និង​ពុំមាន​សុវត្ថិភាព ព្រោះ​ការផ្ញើ ឬ​វេរ​ប្រាក់​ទាំងនោះ​ត្រូវធ្វើ​តាមរយៈ​ឈ្មួញកណ្តាល ឬ​តាម​ធនាគារ​ដែលមាន​ការលំបាក(ព្រោះ​មានតែ​នៅតាម​ទីប្រជុំជន)និង​មានតម្លៃ​សេវា​ខ្ពស់ ប៉ុន្តែ​បច្ចុប្បន្ន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា គេ​អាច​លុបបំបាត់​ក្តីបារម្ភ​ទាំងនោះ​បាន។

លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ័​រ​តេ​បាន​ផ្ដល់យោបល់​អំពី​បញ្ហា​នេះ​ថា៖ “ការបញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​មនុស្ស​កាន់តែច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​វា​បានផ្តល់​ផលប្រយោជន៍​ដល់​ទាំងសងខាង ទាំង​សម្រាប់​ក្រុមហ៊ុន និង​អតិថិជន”។

លោក​អគ្គនាយក​បានបញ្ជាក់​ថា ពោលគឺ​ទាំង​ក្រុមហ៊ុន ទាំង​អតិថិជន​ទទួលបាន​ប្រយោជន៍​ដូចគ្នា។ ក្រុមហ៊ុន​គាត់​ធ្វើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គាត់​ទទួលបាន​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែង និង​ស្គាល់​អតិថិជន​គាត់​កាន់តែច្បាស់ និង​កាត់​តម្លៃ​ប្រតិបត្តិការ​កាន់តែ​ទាប។ ឯ​អតិថិជន​គាត់​ទទួលបាន​សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​ទឹកប្រាក់ មិន​ខាត​ពេលវេលា រហ័ស និង​ព័ត៌មាន​ត្រូវបាន​បញ្ជូន​យ៉ាង​លម្អិត លឿន ងាយស្រួល និង​មាន​ជម្រើស​ច្រើន។

លោក​បន្តថា លោក​យល់ថា ចំពោះ​អតិថិជន​អ្នកប្រើប្រាស់​មិនជា​លំបាក​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ទេ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែ​អភិវឌ្ឍ​ខ្លួនឯង​សម្រាប់​ការបញ្ចុះ​បញ្ចូល​ឱ្យ​អតិថិជន​ប្រើប្រាស់​ចង្វាក់​ផលិតកម្ម​របស់ខ្លួន ព្រោះ​ការចំណាយ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឥឡូវ​មានតម្លៃ​ទាប​បន្តិច​ហើយ ដោយសារ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ជាស​កល​បាន​ឈាន​ទៅមុខ​ឥតឈប់ឈរ។

លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា(CMA)បានឱ្យដឹងថាមកដល់​ពាក់កណ្តាល​ឆ្នាំ2018នេះ មាន​ប្រជាជន​កម្ពុជា​រហូតដល់​ជិត 2លាន​នាក់​បានដាក់​ប្រាក់​សន្សំ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ តួលេខ​នេះ​មាន​កំណើន​ដោយសារតែ​អ្នក​ខ្ចីប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែ​បង្កើត​គណនី​សន្សំ​មួយ​ដើម្បី​សង​ប្រាក់​មក​គ្រឹះស្ថាន ដែល​ចំនួន​ទឹកប្រាក់​សន្សំ​នេះ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ជាង 2ពាន់​លាន​ដុល្លារ​ដែរ​សម្រាប់​ប្រតិបត្តិ​ការប្រាក់​សន្សំ​ក្នុងស្រុក។

យោងតាម​របាយការណ៍​ពាក់កណ្តាល​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា(ឆមាស​ទី1ឆ្នាំ 2018)វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​បាន​បន្ត​មាន​កំណើន​ដ៏​រឹងមាំ ដែល​បានកត់សម្គាល់​លើ​ឧស្សាហកម្ម​នាពេលថ្មីៗនេះ​ដោយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ។

ផ្អែកលើ​របាយការណ៍​នេះ​ប្រាក់​បញ្ញើ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់ 5ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ឆមាស​ដំបូង​នៃ​ឆ្នាំ2018 ដែល​កើនឡើង 34,2%។ ប្រជាជន​កម្ពុជា​រហូត​ដល់ 2 លាន​នាក់​បាន​ខ្ចីប្រាក់​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោក សុ​វណ្ណា បាន​និយាយថា៖ “តាមពិត​ការ​កៀរគរ និង​ការប្រមូល​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ប្រាក់​សន្សំ​ក្នុងស្រុក​ជា​អាទិភាព​មួយ​ក្នុង​វិស័យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពីព្រោះ​ទី1-មាន​ស្ថិរភាព​ជាង ព្រោះ​មូលនិធិ​ហិរញ្ញប្បទាន​នៅក្នុង​ស្រុក​ងាយស្រួល​ជាង​ការប្រមូលប្រាក់​ពី​ក្រៅប្រទេស។ ទី2-ជំរុញឱ្យមាន​ការកែប្រែ​ទម្លាប់​ពី​ការដាក់​ប្រាក់​សន្សំ​ដោយ​ខ្លួនឯង មក​ដាក់​ក្នុង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ ព្រោះ​មាន​ស្ថិរភាព សុវត្ថិភាព និង​ថែមទាំង​ទទួលបាន​ការប្រាក់​ទៀត​ផង។ ទី3-ការ​កេណ្ឌ​ប្រមូល​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ក្នុងស្រុក ក្រៅពី​មាន​ស្ថិរភាព សុវត្ថិភាព និង​ផ្តល់​ការប្រាក់​ហើយ អតិថិជន​នឹង​បានទទួល​នូវ​ការកាត់បន្ថយ​ថ្លៃ​ដំណើរការ​តម្លៃ​ដើម និង​ពន្ធ​ថែមទៀត។

លោក​មានប្រសាសន៍ថា៖“បានន័យថា បើ​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ប្រើប្រាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ផ្លូវការ​សម្រាប់​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ដើម្បី​សន្សំ​ប្រាក់ ដែល​ធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការរក​វិធី​វិនិយោគ​ប្រកបដោយ​ផលិតភាព​នៅក្នុង​សេដ្ឋកិច្ច តែ​យើង​ក៏ត្រូវ​ការបណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​សេដ្ឋកិច្ច​ឌីជីថល​នេះ​ផងដែរ”។

លោក​បន្តថា ប៉ុន្តែ​វា​ក៏​មិន​មែនមាន​ភាពងាយស្រួល​ពេក​ដែរ ព្រោះ​ក្នុង​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​រួមទាំង​សេដ្ឋកិច្ច​ឌីជីថល​នេះ​វា​ទាមទារ​ឱ្យ​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ជា​មូលដ្ឋាន ដែល​ភាគច្រើន​ការបង្កើតឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឌីជីថល​នេះ វា​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល ដែល​យើង​ជា​វិស័យ​ឯកជន​បានចាប់ផ្តើម​ឈានទៅ​មុខជាបណ្តើរៗដែរ​ហើយ។

លោក​បាន​ថ្លែង​បញ្ជាក់ថា ដោយសារតែ​យើង​មានការ​ប្រកួតប្រជែង មាន​ផលិតភាព​កាន់តែ​កើនឡើង និង​កាន់តែ​ល្អ​ជាង​ពី 5ឆ្នាំមុន​នោះ ការគាំទ្រ​ពី​អតិថិជន ការអនុលោម​តាមច្បាប់​ក៏​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ ធ្វើឱ្យ​យើង​ទទួលបាន​អត្ថ​ប្រ​យោន៍​បន្ថែម​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ វា​មិនមែន​ផ្តើម​តែ​ចំណុច​មួយ​ទេ គឺមាន​កត្តា​រួមផ្សំ​ច្រើន ការ​សាង​បញ្ញត្តិ​កម្ម​ដែល​ល្អប្រសើរ ការអភិវឌ្ឍ​វិស័យ​ឯកជន ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​គាំទ្រ​នូវ​កំណើន និង​ការរីកចម្រើន​វិស័យ​មីក្រូហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល។ ដូច្នេះ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ អ្វីដែល​អាចសន្និដ្ឋាន​ជាបឋម​បាន​ក្នុងការ​ចូលរួម​របស់​ធនាគារ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺ​វិស័យនេះ​មាន​ផលិតភាព​ខ្លាំង​ជាង​មុន តែ​ក៏​ត្រូវតែមាន​ការប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​យើង​អាច​ទាញយក​ប្រយោជន៍​នៃ​ការចាក់​បញ្ចូល​ហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល៕

Advertisement