ទេសចរណ៍ សំណង់ និង​វិទ្យាសាស្ត្រ ជា​ជំនាញ​ដែល​កម្ពុជា​ត្រូវការ​សម្រាប់​បង្កើន​សក្តា​នុព​ល​អភិវឌ្ឍន៍

កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិតនៅ​ចំណុចកណ្តាលនៃ​អាស៊ាន និង​ជា​កន្លែង​ដែលមាន​ភូមិសាស្ត្រ ក៏ដូចជា​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​កម្សាន្តការធ្វើ​ជំនួញ និង​ការវិនិយោគ តែ​ទន្ទឹមនឹង​លក្ខខណ្ឌ​ល្អប្រសើរ​នេះ កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ ជាពិសេស​លើបញ្ហា​ធនធានមនុស្ស។

អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស​ជាច្រើន​បាន​សង្កត់ធ្ងន់​លើ​វិសមភាព​នៃ​ការជ្រើសរើស​ជំនាញកង្វះសាលា​បណ្តុះបណ្តាល​ជំនាញ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​ប្រជាជន​មិនទាន់​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ការចូលរួម​ក្នុង​វិស័យ​ទាំងអស់នោះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ដែល​កំពុងមាន​សក្តានុពល​ខ្លាំងលើ​វិស័យ​ទេសចរណ៍ព្រោះ​ប្រទេស​យើង​មាន​ភាព​អំណោយផល​ច្រើនដូចជា​អេកូ​ទេសចរណ៍​សម្បូរបែប មាន​ភាព​ទាក់ទាញ និង​មាន​កន្លែង​កម្សាន្តប្រណីតៗជាច្រើន។ កម្ពុជា​ក៏មាន​ផលិត-ផល​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ជុំវិញ​តំបន់​ទេសចរណ៍វប្បធម៌ ដែលមានប្រាសាទបុរាណ​ប្រកបដោយ​រចនាប័ទ្ម​ល្បីល្បាញ​ជាច្រើន​នៅលើ​ពិភពលោក។ ជាក់ស្តែង​ប្រាសាទអង្គរវត្ត និង​តំបន់​ជាច្រើន​ផ្សេងទៀតត្រូវបាន​ចាត់​ចូល​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុតដែល​អាច​រក​ចំណូល​ជាច្រើន​លាន​ដុល្លារ​ចូលទៅក្នុង​កញ្ចប់​ថវិកា​ជាតិ។ ដោយ​មើលឃើញ​ពី​ឱកាស​ដ៏​សំខាន់​ទាំងអស់នេះ ក្រសួង​ក៏បាន​បង្កើន​កិច្ចសហការ​ល្អជា​មួយ​វិស័យឯកជន​ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរបែប ហើយ​ត​ភ្ជាប់​តំបន់​ទេសចរណ៍​ដែល​នៅ​ឆ្ងាយ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ តែ​អ្វីដែល​កម្ពុជា​កំពុងប្រឈម​គឺ​កត្តា​ធាន​ធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖ “ចំនួន​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជាមាន​កំណើន​ជា​រៀងរាល់ឆ្នាំ ស្រប​ពេលដែល​ប្រទេស​យើង​មាន​ស្ថិរភាព និងស្ថានភាព​អំណោយផល​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក ហេតុនេះ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ចាំបាច់​ត្រូវតែ​ពង្រីក​ផលិតផល​ទេសចរណ៍ថ្មីៗដើម្បី​ឱ​កាន់តែ​មាន​ភាព​ទាក់ទាញ”។

ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បានលើកឡើង​ផងដែរ​ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ថ្មីៗ និង​ទាក់ទាញ​នៅ​កម្ពុជា អ្វីដែល​ត្រូវការ​ជា​ចាំបាច់​នោះ​គឺ ធនធានមនុស្ស​នៅក្នុង​វិស័យនេះ។ កម្ពុជា​ត្រូវការ​បន្ថែម​សាលាបណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​ឱ្យបាន​ច្រើន​នាក់​បន្ថែមទៀត ដើម្បី​បម្រើ​ការងារ​នៅក្នុង​វិស័យ​ដែល​ផ្តល់​ផលចំណេញ​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​នេះ។

នាពេលថ្មីៗនេះ​ជំនាញ​ទេសចរណ៍​ត្រូវបាន​បញ្ជ្រាប​ចូល​ជាមួយនឹង​មុខវិជ្ជា​អប់រំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​យុវជន​ឱ្យ​ជ្រើសរើស​ជំនាញ​ទេសចរណ៍​ធ្វើជា​អាជីព​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ផង និង​ទទួលបាន​កម្រិតជីវភាព​ល្អប្រសើរ​សម្រាប់​ខ្លួនឯង​ផង។

ទន្ទឹមនឹង​វិស័យ​ទេសចរណ៍ វិស័យ​សំណង់​ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​សារៈសំខាន់​ខ្លាំង​ផងដែរ​ដើម្បី​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ និង​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព និង​សោភណភាព​អាចជា​ចំណុច​មួយ​ក្នុងចំណោម​ចំណុចសំខាន់ៗដែល​ជំរុញឱ្យមាន​កា​រម​កក​ម្សា​ន្ត រស់នៅ និង​ធ្វើ​អាជីវកម្ម​កាន់តែច្រើន​នៅ​កម្ពុជា។

បង្ហាញ​លើ​គំនិត​នេះ សាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​លើកឡើងថា សំណង់ និង​ស្ថាបត្យកម្ម​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ ហើយ​វា​កំពុងមាន​សម្ទុះ​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ។ សព្វថ្ងៃ​បើទោះបីជា​យើង​មើលឃើញថា គម្រោង​សាងសង់​នានា​មានការ​កើនឡើង​ច្រើន​ហើយក៏​ដោយ តែ​កម្ពុជា​នៅ​ត្រូវការ​គម្រោង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​សម្រាប់​ការ​រ​ស់​នៅ ការកម្សាន្ត សេវា​ស្នាក់នៅផ្លូវថ្នល់ និង​ស្ពានធំៗជាច្រើន​ទៀត​ដើម្បី​ដើរ​ឱ្យទាន់​ប្រទេស​នានា​ក្នុង​តំបន់ និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។

លោក​សាស្ត្រាចារ្យ សុខ ខុម បាន​មានប្រសាសន៍ថា៖ “កម្ពុជា​យើង​ត្រូវការ​អ្នកជំនាញ​វិស្វកម្ម​ច្រើនណាស់ ហើយ​កុំ​គិតថា​ចំនួន​និស្សិត​ដែល​យើង​មាន​សព្វថ្ងៃនេះ​គ្រប់គ្រាន់។ វា​ស្ថិតក្នុង​ចំនួន​មួយ​តែប៉ុណ្ណោះតែ​យើង​នៅ​ត្រូវការ​ច្រើន​ទៀត ព្រោះ​ទីក្រុង​របស់​យើង​នៅ​ទូលាយ និង​ត្រូវការ​អភិវឌ្ឍ​បន្ថែមទៀត មិនទាន់​ឆ្អែត​នៅឡើយ​ទេ។ ទន្ទឹមនឹងនេះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​ក៏មាន​ការកើនឡើង​ដែរ”។

លោក​សាស្ត្រាចារ្យ សុខ ខុម បាន​បន្ថែមទៀតថាបន្តិចទៀត​ការរស់នៅ​នឹងមាន​តម្រូវការ​កាន់តែ​ខ្ពស់ហើយ​តំបន់​អភិវឌ្ឍន៍​នឹង​ខិត​ទៅជិត​តំបន់​ជនបទ ដែល​ធ្វើឱ្យ​អ្នក​នៅ​តំបន់​ជនបទ​ក៏​ចាប់ផ្តើម​ត្រូវការ​លំនៅឋាន​ដែលមាន​លក្ខណៈ​ស្តង់ដារ និង​មាន​សោភណភាព​ល្អ​ដែរ។ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ផងដែរ​ថាអ្នកណា​ក៏​ស្រឡាញ់​ផ្ទះ​ដែរ ហេតុនេះ​នៅពេល​ពួកគាត់​មានលទ្ធភាព គាត់​នឹង​ចាប់ផ្តើម​សាងសង់ ហើយ​គម្រោង​កាន់តែច្រើនឡើងៗនឹង​កើតមានឡើង​ដែល​ទាមទារ​ឱ្យមាន​អ្នកជំនាញ​សាងសង់​មាននៅ​គ្រប់​ទីកន្លែង។ ម្យ៉ាងវិញទៀត យើង​ក៏​ត្រូវការ​អ្នករៀបចំ​គម្រោង​អគារសំខាន់ៗក្នុង​ទីក្រុង​ឱ្យមាន​សោភណភាព និង​ភាពងាយស្រួល​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ ព្រោះ​មុននឹង​វិនិយោគ ឬ​សម្រេចចិត្ត​មក​កម្ពុជា គេ​តែងតែ​មើល​ជាមុនសិន​ដែរ​ថា កន្លែង​នេះ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដែរឬទេ? មាន​ភាពងាយស្រួល និង​ផាសុក​ភាពល្អ​ដែរឬទេ​សម្រាប់​ការ​ស្នាក់នៅ​យូរអង្វែង?។

ងាក​មក​វិស័យ​វិទ្យាសាស្ត្រ​វិញ ក៏​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ជំនាញ STEM ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ទីផ្សា​ខ្លាំង​ដូចគ្នា​នៅ​កម្ពុជា និង​ជា​ផ្នែក​ដែល​ត្រូវការ​ជា​ចាំបាច់​នៅ 10ឆ្នាំក្រោយ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អុឹម កុ​ច បាន​លើកឡើងថា កម្ពុជា​ពិតជា​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ជាពិសេស​ផ្នែក​វិទ្យាសាស្ត្រ ដែលជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​បង្កើត​សមិទ្ធផលថ្មីៗដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន។ តាមរយៈ​អ្នកជំនាញ​វិទ្យាសាស្ត្រ កម្ពុជា​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ ព្រោះ​ក្រុមហ៊ុនធំៗទាំងអស់​ដែល​ចង់​បង្កើត​រោងចក្រ ឬ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​សុទ្ធតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដើម្បី​បង្កើត​ភាព​ច្នៃប្រឌិត និង​រីកចម្រើន​ដល់​ស្ថាប័ន​របស់គេ។

ឯកឧត្តម អុឹមកុ​ច បាន​មានប្រសាសន៍ថា៖ “បន្តិចទៀត​ប្រទេស​យើង​នឹងត្រូវ​អភិវឌ្ឍ​កាន់តែច្រើន ហើយ​ការប្រកួតប្រជែង​ក៏​កាន់តែខ្លាំង​ដែរ ហេតុនេះ​ប្រសិនបើ​យើង​មាន​អ្នកជំនាញ​ច្រើន យើង​នឹង​អាច​កសាង​សមិទ្ធផល​ជាច្រើន បាន​លឿន ហើយ​ចំណាយ​តិច”។

អ្នកជំនាញ​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថាដោយ​មើលឃើញ​ពី​តម្រូវការ​លើ​វិស័យសំខាន់ៗទាំងអស់នេះ ក្រសួង​អប់រំ​បាន​បង្កើត​សកម្មភាព​ជាច្រើន​ដើម្បី​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ថ្មី​កាន់​តែមាន​សមត្ថភាព​ងាយស្រួល​ក្នុងការ​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​លើកទឹកចិត្ត​ឱ្យ​ចាប់​អាជីព​នេះ​កាន់តែ​ច្រើនឡើង៕

Advertisement