បណ្ដាញ​សង្គម​អន​ឡាញ​ធ្វើឱ្យ​មនុស្ស​ជួប​ទុក្ខ​កាន់តែ​ច្រើនឡើង

មនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​ខុសប្លែក​ច្រើនណាស់ពី​មនុស្ស​ជំនាន់​មុន។ សូម្បីតែ​ការស្លាប់​របស់​មនុ​ស្សស​ម័​យ​ថ្មី​ក៏ខុសគ្នា​ស្រឡះ​ពី​មនុស្ស​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែរ។ កាលពី​អតីតកាល នៅពេលដែល​សាច់ញាតិ មិត្តភក្តិ ដៃគូ ឬ​មនុ​ស្សណា​ម្នាក់​បាត់បង់​ជីវិត អ្វីដែល​នៅសល់​គឺ​ការចងចាំ និង​ការប្រមូល​រូបថត​ទុក​តែប៉ុណ្ណោះ តែ​សម្រាប់​បច្ចុប្បន្ន​វិញ ការស្លាប់​ត្រូវបានបង្ហាញ​លើ​បណ្តាញ​អន​ឡាញ និង​មានការ​ចងចាំ​លើ​រឿង​គ្រប់យ៉ាង​ដែល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​បណ្តាញសង្គម។ មនុស្សម្នាក់ៗលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​មាន​ប្រព័ន្ធ​កត់ចំណាំ​សម្រាប់​ជីវិត​លើ​បណ្តាញ​ឌីជីថលគ្រប់ៗគ្នា។ រឿងរ៉ាវ​ក្នុង​ជីវិត​របស់​យើង​គ្រប់គ្នា​ត្រូវបាន​ប្រមូលផ្តុំ​ចងក្រង​នៅតាម​បណ្តាញ​នានា​ដូចជា Blog រូបភាពហ្គេម គេហទំព័រ និង​បណ្តាញ សង្គម​នានា​ដែល​យើង​បាន​ចែករំលែក​រឿងរ៉ាវ និង​បទពិសោធ​នៃ​ការរស់នៅ។ ទោះជា​នរណាម្នាក់​លែងមាន​វត្តមាន​លើ​លោក​នេះ​ក៏ដោយ តែ​រូបគេ​ហាក់​បាន​បន្សល់ទុក​ជីវិត​មួយ​ផ្សេងទៀត (virtual selves) នៅលើបណ្តាញ​អន​ឡាញ ដែល​មនុស្ស​គ្រប់គ្នា​នៅតែ​អាច​មើលឃើញ និង​ទាក់ទាញ​មនុស្ស​ឯទៀត​ឱ្យមើល​ឃើញ​ពី​គំនិត និង​អ្វី​ដែលជា​បទពិសោធ​រប​ស់​គេ​ជា​រៀងរហូត។ នេះ​ជាបាតុភូត​មួយ​ដែល​មនុស្ស​ពីមុន​មិនអាច​ធ្វើបាន ហើយវា​ជា​អ្វីដែល​កំពុងតែ​កើតឡើង​សម្រាប់​មនុស្ស​សម័យអុីន​ធើ​ណិ​ត។

តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​គេ​សង្កេតឃើញថា បច្ចេកវិទ្យា​សម័យថ្មី​ក៏មាន​គុណវិបត្តិ​ច្រើន​គួរសម​ដែរ​សម្រាប់​ការរស់នៅរ​ប​ស់មនុស្ស ព្រោះ​មនុស្ស​បច្ចុប្បន្ននេះ​បានដើរ​ហួស​ពីអ្វី​ដែលជា​គោលបំណង​សំខាន់​របស់​អ្នកបង្កើត​បណ្តាញ​ទំនាក់ទំនង​ទាំងអស់នោះ​អស់​ទៅហើយ។ ចរន្ត​ខ្លះ​បែរជា​ធ្វើឱ្យមាន​ការសោកស្តាយ និង​រឿង​មិនល្អជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការកែសម្រួល​ឡើង វិញពី​សំណាក់​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​បណ្តាញ​សង្គម។

ការ​ញៀន​អនឡាញ​ចាប់ផ្តើម​កើតឡើង​ដែល​ធ្វើឱ្យ​ជីវិត​មិនអាច​ខ្វះ​បាន
បណ្តាញ​អុីន​ធើ​ណិ​ត​ធ្វើឱ្យ​មនុស្ស​ចាប់ផ្តើម​មើលឃើញ​រឿងរ៉ាវ​ជាច្រើន ហើយ​រឿង​ខ្លះ​បាន​បាន​ក្លាយជា​គំរូ​ប្រកបដោយ​ភាព​សោកសៅ តែ​ត្រូវបាន​មនុស្ស​ធ្វើច្រើនឡើង។ ជា​ករណី​ជាក់ស្តែង នៅពេល​មនុស្ស​ទាំងឡាយ​មើលឃើញ​ពី​ព័ត៌មាន​ថា មាន​មនុស្សម្នា​ក់បាន​ស្លាប់ ឬ​នរណាម្នាក់​ធ្វើអត្តឃាត​ដោយសារតែ​រឿង​ណាមួយ​នោះ ពួកគេ​ចាប់ផ្តើម​មើល​ពី​ប្រវត្តិ មើល​ពី​ការចងចាំ និង​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​របស់​មនុស្ស​ម្នាក់​នោះ​ដែល​ធ្វើឱ្យ​ពួកគេ​កោតសរសើរ ហើយ​បន្ទាប់មក​ពួកគេ​ក៏​ចាប់ផ្តើម​ជំរុញ​ខ្លួនឯង​ឱ្យ​ស្ថិតក្នុង​អារម្មណ៍​បែប​នោះ។ ពួកគេ​អាច​នឹក​ស្រមៃ​ថា នៅពេល​ពួកគេ​គ្រប់គ្នា​បាត់បង់​មនុស្ស​ម្នាក់​នោះ ពួកគេ​នឹង​កោតសរសើរ ហើយ​គាត់​អាច​ក្លាយជា​មនុស្ស​ដែល​គេ​ចងចាំ​ជានិច្ច។ គំនិត​បែបនេះ​អាចធ្វើឱ្យ​យុវវ័យ​ជាច្រើន​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​គ្រប់​កាលៈទេសៈ ហើយ​សូម្បីតែ​ការធ្វើអត្តឃាត​ក៏​ពួកគេ​បង្ហាញ​តាម​បណ្តាញ​សង្គម​ដែរ។ គំរូ​មិនល្អ​នេះ បាន​ក្លាយជា​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ដល់​មនុស្ស​ដទៃទៀត និង​អាចធ្វើឱ្យ​អ្នក​ដែលមាន​វិបត្តិ​ផ្លូវចិត្ត ឬ​មាន​បញ្ហា​ក្នុង​ជីវិត​សម្រេចចិត្ត​ខុស​ដោយ​ជ្រើស​រើសយក​ការធ្វើអត្តឃាត​ដោយសារតែ​ចង់ឱ្យ​អ្នក​ឯទៀត​ចងចាំ​រូប​ខ្លួន​ទុក។

មានរឿង​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​មនុស្ស​ក្លាយជា​មនុស្ស​អវិជ្ជមាន​ដោយសារតែ​ពួកគាត់​បាន​មើលឃើញ​រឿង​មិនល្អ​ជាច្រើន​ដែល​ត្រូវបាន​ចែករំលែក។ នៅពេល​មនុស្ស​មើលឃើញ​រឿង​មិនល្អ​ច្រើនជាង​រឿង​ល្អ​ក្នុង​ជីវិត អារម្មណ៍​របស់​ពួកគាត់​បាន​ដិតដាម​ជាមួយនឹង​រឿង​ទាំងអស់នោះ ហើយ​អ្នកខ្លះ​ថែមទាំង​អាច​ជឿថា​ជីវិត​នេះ​គ្មាន​ន័យ​ទៀតផង។ ការបង្ហាញ​ពី​ភាព​សោកសៅ បង្ហាញ​ពី​អារម្មណ៍មិនល្អ និង​ការជក់​ចិត្ត​ជាមួយ​រឿង​មិនល្អ​ក្នុង​បណ្តាញ​សង្គម អាច​រុញច្រាន​មនុស្ស​ឱ្យ​ក្លាយជា​អ្នកមាន​បញ្ហា​ផ្នែក​ផ្លូវចិត្ត។

ការរស់នៅ​ក្នុង​ពិភព​អន​ឡាញមនុស្ស​ជាច្រើន​បានរស់នៅ​ក្នុង​ជីវិត2 គឺ​ជីវិត​ក្នុង​បណ្តាញ​សង្គម និង​ជីវិត​ពិត​ជាក់ស្តែង។

មាន​អ្នកខ្លះ គាត់​ព្យាយាម​បង្ហាញ​ពី​អារម្មណ៍មិនល្អ ឬ​ភាព​សោកសៅ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​យល់ចិត្ត​គាត់​មកជួយ​ប្រឹក្សា​យោបល់​ដល់​គាត់ តែ​អ្វីដែល​គាត់​ទទួលបាន គឺ​ផ្ទុយស្រឡះ​ពី​ការគិត​របស់គាត់។ ការទំនាក់ទំនង និង​ការ​រស់នៅក្នុង​ពិភព​បច្ចេកវិទ្យាពេលខ្លះ​អាច​នឹង​ធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែលមាន​ទុក្ខសោក​កាន់តែខ្លាំង ព្រោះ​អ្នក​ដែល​ផ្ដល់​ការប្រឹក្សា​ដល់​យើង​នោះ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ទុក្ខ​ដូចគ្នា៕

Advertisement