លោក ថៃ វ៉ាន់ថា៖ កុំ​បោះបង់ បើ​យើង​ពិតជា​ស្រឡាញ់​អាជីវកម្ម​ពិតប្រាកដ

បើ​និយាយ​ពី​វិស័យ​សិល្បៈ​ថតរូប លោក ថៃ វ៉ាន់ថា ឬ​អ្នក​រាល់គ្នា​ធ្លាប់​ស្គាល់​គាត់​ថា លោក Jerry Thai ជា​បុគ្គល​ដ៏​លេចធ្លោ​មួយរូប​ដែល​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ក្នុង​អាជីវកម្ម​ថតរូប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ បើ​ងា​កមក​មើល​ពី​ការជួយ​អភិវឌ្ឍ​យុវជន​វិញក៏លោក Jerry Thai ជា​បុគ្គល​ម្នាក់​ដែល​យុវជន​ភាគច្រើន​ស្គាល់​ថា​ជា​ស្ថាបនិក និង​វាគ្មិនកម្មវិធី​ចែករំលែក​បទពិសោធល្អៗជាច្រើន រហូតដល់​យុវជន​ខ្លះ​ដែល​ផ្តើម​ពីជីវិត​និស្សិត​យ៉ាង​សាមញ្ញ ក្លាយទៅជា​បុគ្គល​សំខាន់ និង​ឈានទៅ​ក្លាយជា​សហគ្រិន​ទៀតផង។

នៅថ្ងៃនេះ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក Jerry Thai ស្ថាបនិកក្រុមហ៊ុន @homePhotography និង INSPIRED.Cambodia​ ដើម្បី​ចែករំលែក​ពីបទ​ពិសោធ​ក្នុង​ការធ្វើ​អាជីវកម្ម និងគំនិតល្អៗជាច្រើន​ក្នុងការដោះស្រាយបញ្ហាលំបាកៗដើម្បី​កសាង​អាជីវកម្ម​ឱ្យ​រឹងមាំ។

1. តើ​លោក​អាច​ប្រាប់​បាន​ទេពី​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​ផ្ទាល់ខ្លួន​ដែល​លោក​មាន​កាលពី​ក្មេង?
បើ​និយាយ​ពី​ប្រ​វ​តិ្ត​នៃ​ការសិក្សា កាលពី​ក្មេង​ខ្ញុំ​ចូលចិត្ត​បច្ចេកវិទ្យា និង​បាន​ចំណាយពេលវេលា​ច្រើន​លើ​ផ្នែក​នេះ។ខ្ញុំ​ធ្លាប់​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ផ្នែក​នេះ​តាំងពី​ឆ្នាំ90ជាង​មកម្ល៉េះ គឺ​នៅពេល​ខ្ញុំ​រៀន​ឆ្នាំ​ទី2 និង​បន្ទាប់មក ក្រោយពី​សិក្សា​ផ្នែកបច្ចេកវិទ្យា​ចប់ ខ្ញុំ​ក៏​បន្ត​ការសិក្សា​ផ្នែក​គ្រប់-គ្រង​អាជីវកម្ម​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មុននឹង​ចេញមក​បង្កើត​អាជីវ-កម្ម​ទាក់ទង​នឹង​ផ្នែក Mediaដូច​សព្វថ្ងៃនេះ។ កាល​ខ្ញុំ​ធ្វើការ​លើ​បច្ចេកវិទ្យា​ដំបូងគឺ​ប្រឡូក​ក្នុងការ​ជួសជុល ការធ្វើ​កម្មវិធី​ទូរស័ព្ទ និង​ការងារ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ជួយ​លើ​វិស័យ​អាជីវកម្ម​មួយចំនួន​ដែរ។កាលនោះ​ខ្ញុំ​ក៏មានអាជីវកម្ម​ក្នុង​ក្រុមគ្រួសារ​ដែរ ​គឺ​ផលិត​ទឹក​សុទ្ធ តែ​ដូច​យើង​ដឹង​ហើយ​ថា អាជីវកម្ម​លក្ខណៈ​គ្រួសារ​មិនសូវ​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប៉ុន្មាន​ទេ ហេតុនេះ​ដើម្បី​ទទួលបាន​បទពិសោធច្រើន​លើ​ផ្នែក​បច្ចេកវិទ្យាខ្ញុំ​ក៏បាន​ចាប់ផ្តើមចូលធ្វើ​ការងារ​ឱ្យគេដើម្បី មានឱកាសសម្រាប់​ក្រុមហ៊ុនធំ។ នៅ​ឆ្នាំ​នោះ​ខ្ញុំ​ទទួលបាន​ចំណូល​ច្រើន​គួរសម តែ​អ្វីដែល​ខ្ញុំ​ផ្តោត​ខ្លាំង​គឺ​មិនមែន​ចំណូល​ទេ តែ​ជាការ​វិនិយោគ​ជាមួយ​អ្វីដែល​ខ្លួនឯង​ស្រឡាញ់ ទើប​ធ្វើឱ្យ​យើង​រីកចម្រើន​កាន់តែខ្លាំង និង​ស្គាល់​បរិបទ​នៃ​ការធ្វើការងារ​កាន់តែច្រើន។ ទន្ទឹមនឹងនោះ​ខ្ញុំ​ក៏ត្រូវ​បែងចែក​ពេលវេលា​មួយចំនួន​សម្រាប់​ជួយ​ដល់​អាជីវកម្ម​ក្នុង​គ្រួសារផងដែរ ដែល​កាលនោះ​ខ្ញុំ​ក៏បាន​ធ្វើ​កម្មវិធី​មួយចំនួន​សម្រាប់​គ្រប់គ្រង​ទិន្នន័យ និង​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​ទឹក​សុទ្ធ​នេះ​បាន​ច្រើន​គួរសម​ដែរ។

ចប់​ពី​ការងារ​ទាំងអស់នេះ ទើប​ខ្ញុំ​រកឃើញ​អ្វីដែល​ខ្លួនឯង​ចង់​ធ្វើ​មួយទៀត នោះ​គឺ​ខ្ញុំ​ចូលចិត្ត​ការថតរូប។ កាលនោះ​ខ្ញុំ​គ្រាន់តែ​ដឹងថា ខ្លួនឯង​ចូលចិត្ត​ថតរូប តែ​មិន​ចូលចិត្ត​ឱ្យគេ​ថត​ទេ ហើយ​កាលនោះ​ការរៀន​ផ្នែក​ថតរូប​នេះ​ក៏ដូចជា​មិនសូវ​ចេះ​ប៉ុន្មាន​ដែរ។ ក្រោយមក​ទើប​ចាប់ផ្តើម​មានគំនិត​មួយ​ថា រឿង​ថតរូប​នេះ មនុស្ស​លើ​ពិភពលោក​គេ​ចេះ​អស់ហើយ ហេតុនេះ​យើង​ក៏​អាចមាន​សមត្ថភាព​រៀន​វា​បានដែរ ចំណុចសំខាន់​គឺ ត្រូវ​ជម្នះ​ខ្លួនឯង​ឱ្យបាន ហើយ​ចំណាយ​ពេលវេលា​ជាមួយ​វា រហូត​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួនឯង​លើ​វិស័យ Media នេះ។

2. សម្រាប់​មនុស្ស​ឯទៀត ការធ្វើការងារ​តែមួយ​មុខអ្នកខ្លះ​គិតថា លំបាក​ណាស់​ទៅហើយ តែ​សម្រាប់​លោក​អាចធ្វើ​ការងារ​ច្រើន​មុខ​ក្នុងពេល​តែមួយ តើ​វា​មានការលំបាក​ដែរឬទេ? ហើយ​លោក​ដោះស្រាយ​បែបណា?
តាមពិតទៅ យើង​គ្រប់គ្នា​ធ្វើ​ការងារ​តែមួយ​មុខយើង​គិតថា​លំបាក ចុះ​ទម្រាំ​ធ្វើ​ការងារ​ច្រើន តើ​វា​លំបាក​ខ្លាំង​ប៉ុនណា?។ ចម្លើយ​ក៏​គឺ លំបាក​ប្រហែល​តែ​គ្នា​ទេ ព្រោះ​មនុស្សម្នាក់ៗមាន​ពេលវេលា​ស្មើគ្នា ហេតុនេះ​ការបែងចែក​ពេលវេលា​បានល្អ អាចធ្វើឱ្យ​យើង​ធ្វើការ​ងារ​បាន​ច្រើន​មុខ​លើសពី​អ្វីដែល​យើង​រំពឹងទុក។

នៅ​ឆ្នាំ​នោះ ពេល​ថ្ងៃ​ខ្ញុំ​ទៅ​រៀន ហើយ​ពេលយប់ ខ្ញុំ​ស្រាវជ្រាវ​ពី​បច្ចេកវិទ្យាថ្មីៗ ហើយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់នោះ​សម្រាប់​ក្រុមហ៊ុន​ខ្លួនឯង។ បន្ទាប់មកទៀត​ខ្ញុំ​ចេញ​ធ្វើ​ការងារ​ផង រៀន​ផង ក៏​បច្ចេកវិទ្យា​នៅតែ​ស្ថិត​ជា​ចំណូលចិត្ត និង​ចំណាប់អារម្មណ៍​របស់ខ្ញុំ​ដដែល ហេតុនេះ​ខ្ញុំ​អាចធ្វើ​បាន។ ដូច​អ្វីដែល​បាន​បញ្ចាក់​ខាងលើ​ដែរ គឺ​ក្រុមហ៊ុន​របស់ខ្ញុំ​នៅផ្ទះ​ជា​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ ហេតុនេះ​មិនសូវ​ជា​ត្រូវការ​បច្ចេកវិទ្យា​ច្រើន​ទេ ទើប​ខ្ញុំ​អាចមាន​ពេលធ្វើ​ការងារ​នៅ​ខាងក្រៅ​ ដើម្បីឱ្យ​បានឃើញ​រឿង​ជាច្រើន​ផ្សេងទៀត​ដែល​សុទ្ធតែជា​បទពិសោធ​ការងារល្អៗសម្រាប់​ជីវិត​។

3. នៅពេល​លោក​ធ្វើ​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា តើ​លោក​ធ្លាប់​គិតថា​ចង់​បើក​ក្រុមហ៊ុន​ខ្លួនឯង​ទេ? ហើយ​ពេលនោះ​គ្រួសារ​របស់លោក​ដែល​មានមុខ​ជំនួញ​ស្រាប់​នោះ គាំទ្រ​ដែរឬទេ?
ខ្ញុំ​ធ្លាប់ធ្វើ​ដែរ តែ​ពេល​បើក​ដំណើរការ​បានតែ 2ឆ្នាំ​ក៏​បរាជ័យ​ទៅវិញ។ បរាជ័យ​នៅ​ឆ្នាំ​នោះ អាចមកពី​ខ្ញុំ​នៅ​ក្មេង​ពេក គ្មាន​ចក្ខុវិស័យ​វែងឆ្ងាយ មិនសូវ​យល់ដឹង​ពី​ការប្រកួតប្រជែង​ក្នុង​អាជីវកម្ម​បច្ចេកវិទ្យា និង​មិនមាន​ជំនាញ​ក្នុងការ​គ្រប់គ្រង​ការងារ ដែល​ធ្វើឱ្យ​ការងារ​មិនបាន​មុត​ស្រួច​ល្អ មិន​ផ្តោត​ខ្លាំង (Focus) ដូច្នេះ​ទើប​ដួល​ទៅវិញ។ បញ្ហា​ទាំងអស់នេះ ខ្ញុំ​ជឿជាក់ថា មាន​កើតឡើង​ចំពោះ​មនុស្ស​វ័យក្មេង​ជាច្រើន​នាពេល​បច្ចុប្បន្ន។

ចំពោះ​គ្រួសារ​ខ្ញុំ​វិញ​គាត់​ហាក់​មិនសូវ​គាំទ្រ​ទេដែល​វា​បង្កើតឱ្យមាន​ស​ម្ពា​ធ​អារម្មណ៍​គួរសម​មួយ​ដែរព្រោះ​គាត់​តែងតែ​ប្រាប់ដដែលៗថា “ដើមឈើ​មាន​ផ្កាមាន​ផ្លែ​ស្រាប់​ហើយ មិន​ព្រម​នាំគ្នា​ជួយ​ថែទាំ និង​ទទួលផល បែរជា​ទៅ​ប្រឹង​ដាំ​ដើមឈើ​ថ្មី​ដែល​មិនដឹងថា​វា​នឹង​ដុះ ឬ​អត់​ផង​នោះ”។ ទាំងនេះ​ជា​បញ្ហា​មួយ​ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​យុវវ័យ​ដែរ ព្រោះថា យុវវ័យ​ត្រូវការ​ដឹកនាំ​ដោយ​អារម្មណ៍ ហើយ​ការដាក់​សម្ពាធ​ផ្នែក​អារម្មណ៍​បែបនេះ អាចធ្វើឱ្យ​យុវវ័យ​កាន់តែ​ចង់​ចាក​ចេញពី​សម្ពាធ​នេះ ហើយ​ធ្វើ​អ្វី​ផ្សេង​ៗ។រឿងនេះ​មិនមែន​មានតែ​គ្រួសារ​ខ្ញុំ​ទេ គ្រួសារ​អ្នកដទៃ និង​ក្នុងសង្គម​បច្ចុប្បន្ន​ក៏មាន​ច្រើន​ដែរ ដែល​វា​អាច​រុញច្រាន​យុវវ័យ​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​លំបាក។

នៅពេលនោះ មិនមែន​ខ្ញុំ​មិន​ជួយ​ការងារ​គ្រួសារ​សោះ​ទេ ដូច​បានបញ្ជាក់​ហើយ​ថា ជួយ​ការងារ​គ្រួសារ​ខ្លះ​ដែរ តែ​ឆ្លៀតពេល​រៀន​ផង និង​ធ្វើ​ការងារ​ដែល​ខ្លួនឯង​ស្រឡាញ់​ខ្លះ​ផង។ កាលនោះ ដោយសារតែ​គ្មាន​ចក្ខុវិស័យ​វែងឆ្ងាយ ធ្វើឱ្យ​ខ្ញុំ​លំបាក​ខ្លាំង​មែនទែន រហូត​ធ្វើឱ្យ​ការងារ​មិន​ច្បាស់លាស់​ទាំងអស់​នៅពេលនោះ។

4. ពេលនោះ​លោក​មាន​បញ្ហា​រឿង​ការមិនទទួលបាន​ការ​គាំទ្រ​ពី​គ្រួសារ​ផង និង​បញ្ហា​អាជីវកម្ម​ផងតើ​លោក​ដោះស្រាយ​បញ្ហា​ទាំងអស​់នេះ​យ៉ាងដូចម្តេច?
ពេលនោះ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ ចោទសួរ​ខ្លួនឯង​ឡើងវិញ​ពីអ្វី​ដែល​ធ្លាប់​បរាជ័យ​កន្លងមក និង​បន្ទាប់ពី​ចាប់ផ្តើម​ការងារ​សិល្បៈ​ថតរូប ឬ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) នេះ ក៏មាន​ការជំទាស់​ដូច​លើក​មុន​ដែរ។ ទាំង​គ្រួសារ ទាំង​ឪពុកម្តាយ និង​អ្នក​ជុំវិញខ្លួន គាត់​មិន​ចង់ឱ្យ​ធ្វើ​ទេ ព្រោះ​វា​ត្រូវការ​ចំណាយពេល​វេលា​ច្រើន​ខ្លាំងណាស់។ ហេតុនេះ​ខ្ញុំ​មានគំនិត​មួយ​សួរ​ខ្លួនឯង​ថា បើ​គេ​ជំទាស់​ដូចគ្នា​ដដែល តើ​យើង​អាច​បរាជ័យ​ដូច​មុន​ដែរឬទេ?។

ពេលនោះ ខ្ញុំ​ចាប់ផ្តើម​គិត​មួយ​ជំហាន​ទៀត​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង ហើយ​ខ្ញុំ​បាន​មើលឃើញ​ជ្រុង​មួយ​ផ្សេង​ថា លើក​នេះ​ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា​ឱ្យ​ច្រើនជាង​មុន ព្យាយាម​ស្វែងយល់​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​ឱ្យ​ខ្លាំង​ជាង​មុន។ អ្វីដែល​មើលឃើញ គឺ​ទស្សនវិស័យ​សម្រាប់​អាជីវកម្ម​ដែល​ខ្ញុំ​ស្រឡាញ់​មួយ​នេះ​ថា​វា​អាចទៅរួច ហើយ​ល្អ​នៅ​ថ្ងៃក្រោយ។ ហេតុនេះ​ជា​លទ្ធផល​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា វា​អាចទៅរួច និង​អ្វីដែល​ខ្ញុំ​មើលឃើញ មិន​ប្រាកដថា​អ្នកដទៃ​គេ​មើលឃើញ​ដូច​យើង​ដែរ​ទេ។ ប្រសិនបើ​គេ​មើលឃើញ​ដូច​យើង គេ​នឹងមិន​ជំទាស់​ទេ ហើយ​បើ​គេ​មើលឃើញ​ដូច​យើង ម្លេ៉ះ​គេ​ធ្វើ​គ្រប់គ្នា​ទៅហើយ មិនមែន​ទុកឱ្យ​យើង​ចាប់ផ្តើម​មុន​នោះទេ។ ចាប់ផ្តើម​គិតពី​ចំណុច​នេះ ខ្ញុំ​ក៏​សម្រេចចិត្តថា ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បង្កើត​ផ្លែផ្កា​ឱ្យឃើញ​ជាក់ស្តែង ដោយមាន​ទស្សនវិស័យ​ច្បាស់លាស់។ ក្រោយមក នៅពេល​ចាប់​ផ្តើមចេញ​ផ្លែផ្កា​ហើយ អ្នក​គ្រប់គ្នា​ចាប់ផ្តើម​យល់ស្រប ហើយ​ពេលនោះ​សម្ពាធ​ក៏​ចាប់ផ្តើម​ថយចុះ​ដែរ ព្រោះ​គាត់​ងាក​មក​គាំទ្រ​យើង​វិញ ដែល​ធ្វើឱ្យ​យើង​មាន​ពេលវេលា​ច្រើន​ដើម្បី​ធ្វើ​រឿង​ណា​ដែលមាន​ប្រយោជន៍​ផ្សេងទៀត។

ទន្ទឹមនឹងនេះ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ផងដែរ​ថា ដើម្បី​ឱ្យគេ​នៅតែ​គាំទ្រ​យើង​បាន លុះត្រាតែ​យើង​ចេះ​កំណត់​ពេលវេលា​ច្បាស់លាស់​ឱ្យ​មនុស្ស​ជុំវិញខ្លួន​យើង​បានដឹង​ផងដែរ។ កាលនោះ​ខ្ញុំ​កំណត់​ពេលវេលា 3 ឆ្នាំ​ទាំង​ការសិក្សា​ស្រាវជ្រាវ ការសាកល្បង​សកម្មភាព​ផ្ទាល់ និង​រៀបចំ​ឱ្យ​ក្លាយជា​ក្រុមការងារ​មួយ រហូត​ចេញ​ជា​លទ្ធផល​ល្អ ទើប​ក្រុមគ្រួសារ​ខ្ញុំ​គាត់​ចាប់ផ្តើម​មើលឃើញ​ច្បាស់​ពីអ្វី​ដែលជា​លទ្ធផល​ដែល​កើតចេញពី​ការតស៊ូ​ធ្វើ​អាជីវកម្ម​មួយ​នេះ។ ងាក​មកវិញ ប្រសិនបើ​រយៈពេល3 ទៅ5ឆ្នាំ​ហើយ នៅតែ​មិនឃើញ​មាន​លទ្ធផល​ទៀត​នោះ យើង​ក៏​ពិបាក​នឹង​ទូល​ការងារ​នេះ​បន្តទៅទៀត​ដែរ ហេតុនេះ​ត្រូវ​ច្បាស់​ខ្លួនឯង​ថា យើង​អាចទៅរួច ។

5. រយៈពេល 3ឆ្នាំ មិនមែនជា​ពេលវេលា​តិច​ទេ ដែល​រង់ចាំ​ឱ្យ​ក្រុមគ្រួសារ​គាំទ្រ តើ​លោក​មាន​វិធី​អ្វី​ដើម្បី​រក្សា​ទំនុកចិត្ត​របស់​ពួកគាត់​ឱ្យនៅតែ​ជឿជាក់​លើ​ការងារ​របស់លោករ​ហូ​តដល់​ចេញ​លទ្ធផល?
បាទ​ច្បាស់​ណាស់ ជាធម្មតា​បើ​យើង​និយាយថា គេ​មិន​គាំទ្រ មិនមែន​គ្រាន់តែ​បង្ហាញថា មិន​គាំទ្រ​ហើយ​ចប់​រឿង​នោះទេ តែ​ពេលខ្លះ​នៅមាន​ការឈ្លោះទាស់ទែង​គ្នា និង​ជំទាស់​ដោយសារតែ​រឿង​ណាមួយ​ដែល​គ្រួសារ​មិន​គាំ​ទ្រនេះ​ទៀតផង។ ហេតុនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បើ​និយាយ​ឱ្យ​អាក្រក់​ស្តាប់ គឺ​យើង​ត្រូវ​ចេះ​បោក​គាត់។

ការបោក​នៅ​កន្លែង​នេះ ពេលខ្លះ​ក៏​អាចនិយាយបាន​ដែរ​ថា ជាការ​ផ្តល់​ក្តីសង្ឃឹមខ្លះៗដើម្បីឱ្យ​គាត់​កក់ក្តៅ។ បើទោះបីជា​បំណង​ពិតប្រាកដ​របស់​យើង​មិនទាន់​ចូលមក​ដល់ ឬ​ពេលខ្លះ​ធ្វើ​មិនទាន់​ចេញ​លទ្ធផល​ធំ​ក៏ដោយ តែ​យើង​បញ្ជាក់ប្រាប់​គាត់​ថា យើង​ទទួលបាន​ខ្លះ​ដែរ បាន​លទ្ធផល​តិចតួច​ដែរ ដើម្បី​ចិញ្ចឹម​ក្តីសង្ឃឹម​របស់គាត់​ឱ្យនៅ​ជាមួយ​យើង តែ​ប្រសិនបើ​យើង​រង់ចាំ​យូរពេក ហើយ​ប្រាប់​រឿងដដែលៗគាត់​ក៏​លែង​ជឿ​យើង​ដែរ ទាល់តែ​យើង​ចេះ​វិធី​ថ្មី​ទៀត​ដើម្បី​បង្ហាញ​គាត់។

ឧទាហរណ៍​ជាក់ស្តែង កាលពី​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​លើ​បច្ចេក​វិទ្យា​ដំបូង ពេល​មាន​ក្រុមហ៊ុន​ទាក់ទង​ធ្វើ​ការងារ ខ្ញុំ​តែងតែ​ប្រាប់​អ្នកផ្ទះ​ថា ឥឡូវ​មាន​គេ​ហៅ​ធ្វើការ​ងារ​ហើយ មាន​ចំណូល​រាប់ពាន់​ហើយ ដែល​ធ្វើឱ្យ​គាត់​ចាប់ផ្តើម​ជឿទុកចិត្ត ហើយ​បន្ថយ​ការជំទាស់។ បន្ទាប់មកទៀត យូរ​ទៅ​រឿងនេះ​វា​នឹង​សាប​ទៅវិញ បន្ទាប់ពី​ចំណាយពេល​វេលា​ទៅបាត់ៗពី​ផ្ទះ​យូរហើយ​មិនទាន់​ឃើញ​មាន​អ្វី​ថ្មី ហេតុនេះ​ត្រូវ​បន្ត​បង្ហាញ​គាត់​ទៀតថា​ យើង​ចាប់ផ្តើម​មាន​ក្រុមការងារ​ហើយ មាន​មនុស្ស​ចាប់ផ្តើម​ចូលរួម​ធ្វើ​ការងារ​ជាមួយ​យើង​ច្រើន​ហើយ ដើម្បីឱ្យ​គាត់​មើលឃើញ​ពី​ការរីកចម្រើន​របស់​យើង ហើយ​យើង​អាច​បន្តការងារ​របស់​យើង​ទៅទៀត​បាន។

ចំពោះ​ការបង្កើត System នៅក្នុង​ក្រុមហ៊ុន​ក៏​ដូចគ្នា​ដែរ ខ្ញុំ​ធ្វើ​នេះ​ដើម្បីឱ្យ​គាត់​ដឹងថា ការសិក្សា​របស់ខ្ញុំ​ទទួលបាន​លទ្ធផល​ហើយ ចេញ​ជា​ផ្លែផ្កា​ដែល​អាចជួយ​ដល់​អាជីវ​កម្មបាន​ខ្លះ​ហើយ។ ចំណែកឯ​ការសិក្សា​ពី​ការថតរូប​វិញ​ក៏​ដូចគ្នា ខ្ញុំ​តែងតែ​បង្ហាញ​ឱ្យ​គាត់​មើលឃើញថា ការសិក្សា​ពី​ការថត​រូបនេះ ក៏​យើង​អាច​រកចំណូលបាន​មក​វិញ​ដែរ តាមរយៈ​ការបង្រៀន​ថត ការធ្វើការងារផ្សេងៗទៀត ការបង្កើត​ទំនាក់ទំនង​ល្អ និង​ធ្វើ​ឱ្យគេ​ទទួលស្គាល់​ស្នាដៃ​ជាដើម ដើម្បីឱ្យ​គាត់​មើលឃើញ​ពី​ក្តីសង្ឃឹម ហើយ​ជឿថា យើង​អាចទៅរួច។ តែ​ប្រសិនបើ​យើង​មិន​ព្រម​បង្ហាញ​ដំណាក់កាលតូចៗទាំងនេះ​ទេ ពេលខ្លះ​គាត់​អាច​គិតថា 3ខែហើយ​មិនទាន់​ទទួលបាន​លទ្ធផល 1ឆ្នាំ​ហើយក៏​មិនអាច​ទៅរួច​អ្វី​ទៀត ហេតុនេះ​ធ្វើ​ម៉េច​នឹង​អាច​ទៅដល់​ចក្ខុវិស័យ 10ឆ្នាំក្រោយ​បាន?។ សមិទ្ធផល​ខ្លះ ថ្វីដ្បិតតែ​វា​មិនធំ​ដុំ តែ​វា​អាចជួយ​យើង​ឱ្យ​រក្សាបាន​នូវ​ការជឿទុកចិត្ត​ពី​មនុស្ស​ជុំវិញខ្លួន​បាន។

6. ការធ្វើការងារ​អ្វី​ក៏ដោយ ក៏មាន​ការលំបាក​ដែរហើយ​ស្ថានភាព​មិនមែន​ចេះតែ​វិជ្ជមាន​រហូត​នោះទេ។ ចំពោះ​ការងារ​នេះ តើ​លោកធ្លាប់​ចង់​បោះបង់ចោល​ទេ​ពីមុនមក? ពេលនោះ​លោក​ដោះស្រាយ ឬ​មាន​ហេតុផល​បែបណា​ដើម្បី​បន្តការងារ​នេះ?
តាមពិតទៅ​ខ្ញុំ​ធ្លាប់​ចង់បោះបង់ចោល​ច្រើនលើកច្រើនសា​ហើយ នៅពេល​ដែលមាន​សម្ពាធ​ខ្លាំងម្តងៗ។ ពេលខ្លះ​មាន​សម្ពាធ​ខ្លាំងពេក ចង់តែ​បក​ទៅ​ធ្វើតាម​អ្នកផ្ទះ​វិញ ព្រោះ​វា​ងាយស្រួល និង​សប្បាយចិត្ត​ជាង តែ​ពេល​ខ្ញុំ​គិត​ត្រឡប់មកវិញ ខ្ញុំ​នៅតែ​មើលឃើញថា គេ​មើលមិនឃើញ​អ្វី​ប្លែក ទើប​គេ​ជំទាស់ តែ​យើង​មើលឃើញ​ទើប​យើង​ចង់​ធ្វើ ហេតុនេះ​យើង​ត្រូវតែ​បន្តធ្វើ​ឱ្យគេ​មើលឃើញ​ដែរ។ រឿង​ទាំងនេះ​ជា​កត្តា​មួយ​ដើម្បី​ជំរុញ​ចិត្ត​ខ្ញុំ​ឱ្យ​ចង់​បន្តការងារ។

មានរឿង​ផ្សេង​មួយទៀត គឺ​ពេលធ្វើ​ការងារ ឬ​រកស៊ី​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា យើង​ធ្វើ​ដើម្បី​អ្នកណាខ្លះ? ពេល​ខ្ញុំ​ធ្វើការ​ងារ​នេះ លំបាក​មែនទែន ខ្ញុំ​គិតដល់​ក្រុមការងារ​ដែល​គេ​ជឿជាក់​លើ​យើង។ ក្រុមការងារ​គេ​តែង​និយាយថា បង​ឯង​គិតបែបនេះ​ត្រូវ​ហើយ ពួកគាត់​បានដាក់​ក្តី​សង្ឃឹមថា រឿងនេះ​វា​នឹង​កើតឡើង​យ៉ាង​ប្រាកដ និង​ដល់​គោលដៅ​ដែល​យើង​បាន​កំណត់ទុក។ ហេតុនេះ​ពេល​មានរឿង​លំបាក ខ្ញុំ​បក​ទៅ​គិតពី​ក្រុមការងារ។ ពេលនោះ​ខ្ញុំ​បាន​ផ្តោតលើ​ចំណុច​សំខាន់​មួយ​ថា បើសិនជា​ខ្ញុំ​ឈប់ ក្តីសង្ឃឹម​ដែល​ក្រុមការងារ​ដាក់​ជាមួយ​ខ្ញុំ​នេះ អាច​នឹង​រលាយ​សាបសូន្យ​ដោយសារ​ខ្ញុំ។ បើ​និយាយ​មួយបែប​ទៀត អាច​ហៅ​បាន​ថា​យើង​នឹង​ក្លាយជា​អ្នកទោស​ដែល​ធ្វើ​ឱ្យគេ​មក​ខាត​ពេលវេលា​ជាមួយ​យើង ខាត​ថាមពល និង​ពេលវេលា​ឥតប្រយោជន៍​ជាមួយ​យើង។ ពេល​គិតដល់​រឿងនេះ​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា ចាំបាច់​ត្រូវតែ​បន្ត។ នេះ​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​គិត ព្រោះ​ខ្ញុំ​ដឹងថា ខ្ញុំ​មិនមែន​មានតែ​បន្ទុក​ផ្ទាល់ខ្លួន​ដែល​ត្រូវ​​នោះទេ តែ​ខ្ញុំ​ត្រូវ​ទូល​រឿង​ផ្សេងទៀត​ជាច្រើន។

កន្លែង​នេះ ខ្ញុំ​តែងតែ​និយាយ​លេង​ថា មុន​បង្កើត​ក្រុមការងារ ខ្ញុំ​មាន​ចំណង​តែ 5ប្រការ​ទេ តែ​ពេលនេះ​ខ្ញុំ​មាន​ចំណង​ដល់​ទៅ 6ប្រការ ព្រោះ​ខ្ញុំ​ត្រូវ​គិតដល់​អ្នក​ទាំងអស់​គ្នាប​ន្ថែ​ម​ទៀត។ ពេល​យើង​បបួល​គេ​មក​ធ្វើ​ការងារ​ជាមួយ​ហើយ ដាច់ខាត​យើង​មិនអាច​ទុក​គេ​ចោល​នោះទេ។ គិតដល់​ដំណាក់កាល​មួយ​ថ្មី​ទៀត​ ដែលនាំឱ្យ​ខ្ញុំ​ចង់បោះបង់ចោល​ដែរនោះ​គឺដំណាក់​កាលដែល​ក្រុមការងារ​កុហក​ខ្ញុំ​ម្តង។ ត្រង់នេះ​ជា​ដំណាក់កាល​លំបាក​ខ្លាំង​មែនទែន ព្រោះ​ខ្ញុំ​ធ្លាប់​ដាក់​ក្តីសង្ឃឹម និង​ការទទួលខុសត្រូវ​ជាមួយ​ក្រុមការងារ តែ​ពេលនេះ​គាត់បោក​ខ្ញុំ ហេតុនេះ​ខ្ញុំ​ចាប់ផ្តើម​រងា​ខ្លាំង វា​ជាការ​វាយប្រហារ​ខ្ញុំ​ខ្លាំងណាស់ព្រោះ​គ្រួសារ​ក៏​មិន​គាំទ្រ ហើយ​ក្រុមការងារ​ក៏​ធ្វើឱ្យ​យើង​អស់សង្ឃឹម​ទៀត។

ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ទឹកភ្នែក ពេលនោះ​ខ្ញុំ​អស់រលីង​ពី​ខ្លួន។ ខ្ញុំ​ធ្លាប់​និយាយ​រឿងនេះ​ច្រើនដង​ហើយ​ថា នៅពេល​មនុស្ស​ដែល​យើង​ជឿជាក់​បំផុត ស្រាប់តែ​មក​កុហក​យើង យើង​មាន​អារម្មណ៍​ថា ត្រជាក់​ស្រឺ​ត​ពី​ខាងក្នុង ។ ពេលនោះ​ខ្ញុំ​មានរឿង​មួយទៀត​ដែល​ត្រូវ​គិត គឺ​ពេលទៅដល់​ផ្ទះ​ស្រាប់តែ​កូន​របស់ខ្ញុំ​រត់​មក​ឱប​ខ្ញុំ ហើយ​និយាយថា ខ្ញុំ​ស្រឡាញ់​ប៉ា ប៉ា​ជា​ប៉ា​ល្អ​បំផុត (daddy, Ilove you. You are the best dady ever) ពេលនោះ​ខ្ញុំ​ចាប់ផ្តើម​ចង់​ក្តុកក្តួលហើយ​ចង់​ស្រក់​ទឹកភ្នែក តែ​វា​ធ្វើឱ្យ​ខ្ញុំ​នឹកឃើញ​គំនិត​ថ្មី​មួយ​ឡើង​ភ្លាម​គឺ រឿង​ដែល​គេ​បោក​ខ្ញុំ រឿងដែល​ក្រុមការងារ​កុហក​ខ្ញុំ គឺជា​រឿង​របស់គេ។ អ្នក​ដែល​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​គឺ អ្នក​ដែល​កំពុង​រត់​មក​ឱប​ខ្ញុំ ហេតុនេះ​ខ្ញុំ​គ្មាន​ពេល​សម្រាប់​សោកសៅ ឬ​បាក់​ទឹកចិត្ត​ទេខ្ញុំ​ត្រូវតែដើរ​ទៅមុខ​បន្តទៀត។ ពីមុន​យើង​ត្រូវ​ដើរ​ដើម្បី​អ្នក​កុហក​យើង តែ​ពេលនេះ​យើង​ត្រូវ​ដើរ​ដើម្បី​កូន​យើង។ តាមពិត​ពេលនោះ​មាន​ជម្រើស​ច្រើន​ទៀត​ដែល​យើង​អាច​គិត​ឃើញ អ្នកខ្លះ​គេ​អាច​គិតថា គេ​មាន​ក្តីសង្ឃឹម​ថា​អាច​នឹងធ្វើ​ឱ្យគេ​ក្លាយជា​អ្នកមាន ឬ​ក្លាយជា​បុគ្គល​សំខាន់ គេ​អាច​បន្ត​ដើរ​ទៅមុខទៀត តែ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវតែដើរ​ទៅមុខទៀត​ដើម្បី​កូន​ខ្ញុំ។

ក្រោយពេល​ជួប​ឧបសគ្គ​ទាំងអស់នោះ ហើយ​ងើប​ឡើងវិញ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​អរគុណ​ពួកគាត់​វិញព្រោះ​ក្រោយ​ជួប​បញ្ហា​ទាំងអស់​នោះមក ខ្ញុំ​បាន​ស្គាល់​ពី​មេរៀន​ជីវិត​ជាច្រើន ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​រឹងមាំ។ ប្រសិនបើ​គាត់​មិន​បោក​ខ្ញុំ​នៅពេល​នោះទេ ប្រហែលជា​ខ្ញុំ​មិនអាច​ចេះ​បត់បែន ហើយ​ដោះស្រាយបញ្ហាលំបាកៗជាច្រើន​ផ្សេងទៀត​ដើម្បីឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​បានទេ ហេតុនេះហើយ​ទើប​ខ្ញុំ​បង្កើត INSPIRED.Cambodia ដើម្បី​ជួយ​យុវជន​ឱ្យ​រៀនធ្វើការ​ងារ ឱ្យ​ស្គាល់​ជីវិត​ជាក់ស្តែង និង​ឱ្យ​ឆ្លងកាត់​ឧបសគ្គ​ឱ្យ​ឆ្អែត​មុននឹង​ចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​អនាគតដែល​នឹង​អាចធ្វើឱ្យ​ពួកគាត់​ក្លាយជា​មនុស្ស​រឹងមាំ។

7. តើ​លោក​មានមតិ​ផ្តាំផ្ញើ​អ្វី​ដល់​សាធារណជន និង​យុវជន​កម្ពុ​ជាទូទៅ​ដែរឬទេ?
អ្វីដែល​ខ្ញុំ​ចង់​ធ្វើ និង​ចង់ឃើញ​បំផុត គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្តល់​គំនិត ដែល​កើតចេញពី​ការ​ធ្លាប់​បានឃើញ ធ្លាប់បាន​ឆ្លងកាត់ និង​មើលឃើញពី​ភាពខ្វះខាត​ដែល​ធ្លាប់​ជួប​កន្លងមក​ចែករំលែក​ដល់​យុវជន ព្រោះ​ខ្ញុំ​នៅតែចង់​និយាយថា យុវជន​នៅពេលដែល​គាត់​រឹងមាំរីកចម្រើន គាត់​មិន​គ្រាន់តែ​អាចជួយ​ជីវិត​គាត់ ក្រុមគ្រួសារ ឬ​អាជីវកម្ម​របស់គាត់​ទេ គាត់​ថែមទាំង​អាចជួយ​សង្គម​ទាំងមូល​បាន​ផងដែរ ហេតុនេះ​ខ្ញុំ​តែង​ផ្ញើ​សារដដែលៗថា កុំឱ្យ​យុវជន​រៀន​តែ​នៅក្នុង​សាលា ត្រូវតែ​រៀន​ធ្វើ​នៅពេល​ខ្លួនឯង​នៅក្រៅ​សាលា។ សាលា​ផ្តល់​តែ​ចំណេះដឹង​ទេ តែ​ចំណេះធ្វើ​នៅ​នឹង​ដៃ នៅ​នឹង​បេះដូង នៅ​នឹងភ្នែក ហេតុនេះ​សូមឱ្យ​គាត់​ចូលប្រឡូក​ឱ្យបាន​ច្រើន ហើយ​ធ្វើឱ្យ​សកម្ម កុំ​គ្រាន់តែ​ធ្វើតាម​គេ​តាម​ឯង…៕

Advertisement