ការស្រាវជ្រាវ​រកឃើញ​ថា ស្ត្រី​ងាយ​ប្រឈម​នឹង​បាត់បង់​ការងារ​ដោយសារ​ម៉ាស៊ីន​អាច​ជំនួស​បាន

បើទោះបីជា​ការអប់រំ​សម្រាប់​ស្ត្រី​លើ​ពិភពលោក​មាន​សភាព​ប្រសើ​រ​ឡើង​ជាង​មុន​ក៏ដោយ តែ​បច្ចុប្បន្ននេះ​ស្ត្រី​ក្នុងប្រទេស​មួយចំនួន​នៅមាន​បញ្ហា​ប្រឈម​នៅឡើយ​ចំពោះ​ការទទួលយក​ចំណេះដឹង និង​ក្នុង​វិស័យ​ការងារ។ ស្ត្រី​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​ក្នុង​រោងចក្រ សហគ្រាស និង​ការងារ​ទាំងឡាយណា​ដែល​ត្រូវ​ការជំនាញ​តិច ឬ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​បំពេញបន្ថែម​ដល់​ការងារ​ផលិតកម្ម​មួយចំនួន​ប៉ុណ្ណោះ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បដិវត្តន៍​ឧស្សាហ​កម្មបាន​ចូលមក​ដល់ ធ្វើឱ្យ​ការងារ​របស់​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ធ្វើដដែលៗនឹងត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន។ មនុស្ស​នឹងត្រូវ​ជំនួស​កន្លែង​ដោយ​ម៉ាស៊ីន​ដែល​អាចធ្វើ​ការងារ​បាន​ដោយ​គ្មាន​ពេល​ឈប់សម្រាក និង​មិនចេះ​ត្អូញត្អែរ។ សកម្មភាព​នេះ ផ្តល់​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​ពិភពលោក។ ផល​វិជ្ជមាន គឺ​មនុស្ស​អាចបំពេញ​តម្រូវកា​រ​គ្រប់បែបយ៉ាង​ក្នុងការ​ផលិត​ដោយ​មិនបាច់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​តទៅទៀត តែ​ផល​អវិជ្ជមាន ឬ​គុណវិបត្តិ គឺ​មនុស្ស​រាប់លាន​នាក់​ដែល​កំពុងធ្វើការ​ងា​រដដែលៗនោះ អាច​នឹង​បាត់បង់​ការងារ​របស់​ពួកគេ។

តាម​ការស្រាវជ្រាវថ្មីៗនេះ​បានបង្ហាញ​ឱ្យឃើញថា បច្ចេកវិទ្យា AI និង​សកម្មភាព​ស្វ័យប្រវត្តិកម្ម​នៃ​គ្រឿង​ម៉ាស៊ីន (automation) អាចបង្កើត​ហានិភ័យ​ដល់​ស្ត្រី​ខ្ពស់ជាង​បុរស​ចំពោះ​ការបាត់បង់​ការងារ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ត្រី​ចំនួន 11% ប្រឈម​នឹង​ការបាត់បង់​ការងារ​នៅពេលដែល​ម៉ាស៊ីន​មក​ជំនួស​មនុស្ស​បាន ស្រប​ពេលដែល​បុរស​មាន​ចំនួន​ត្រឹមតែ 9%ប៉ុណ្ណោះ។ តាម​ការប៉ាន់ស្មាន ស្ត្រី​ចំនួន 26លាន​នាក់​ក្នុងប្រទេស​ចំនួន 30លើ​ពិភពលោក​អាច​នឹង​បាត់បង់​ការងារ​ដោយសារតែ​បច្ចេកវិទ្យា ​AI៕

Advertisement