ពិព័រណ៍ STEM Cambodia ប្រចាំឆ្នាំ​លើក​ទី14 ចាប់ផ្ដើម​នៅថ្ងៃនេះ

ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ដៃគូ​នានា​ប្រារព្ធ​ពិព័រណ៍​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដើម្បី​ជំរុញ​ឱ្យ​កម្ពុ​ជាមាន​ធនធានមនុស្ស​កាន់តែច្រើន​លើ​ផ្នែក​នេះ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា STEM ជា​មុខវិជ្ជា​សំខាន់​ដែល​កម្ពុជា​ត្រូវការ ព្រោះ​ជំនាញ​នេះ​អាច​ឆ្លើយតបបាន​យ៉ាង​ប្រសើរ​ជាមួយនឹង​កំណើន​នៃ​ការវិនិយោគ តម្រូវការ​សាងសង់ថ្មីៗ ការងារ​ក្នុង​សហគ្រាស និង​ជា​មូលដ្ឋាន​ដែល​នាំឱ្យមាន​នវានុវត្តន៍សំខាន់។

ដោយ​មើលឃើញ​ពី​ចំណុច​សំខាន់​ទាំងអស់នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញឱ្យមាន​ការបង្កើត​សាលា​ជំនាន់​ថ្មី កម្មវិធី​ពិព័រណ៍ STEM ប្រចាំឆ្នាំ និង​ជំរុញឱ្យមាន​ការបន្ត​ផ្សព្វផ្សាយ​នៅ​គ្រប់​ខេត្ត-ក្រុង​នៅ​កម្ពុជា។ នៅ​តំបន់​ជនបទ​នានា ក្រសួង​បាន​សហការ​បង្កើតជា​អគារ​ធនធាន ដើម្បី​ផ្តល់​ឧបករណ៍​បរិក្ខារ​សម្រាប់​ការស្រាវជ្រាវ ពិសោធន៍ និង​សម្រាប់​អប់រំ​បច្ចេកវិទ្យា។

គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី 14 ហើយ​ដែល​កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) បានរៀបចំ​នៅ​កម្ពុជា។ កម្មវិធី​នេះ​បានចាប់ផ្ដើម​ឡើង​នៅថ្ងៃនេះ(30 ខែវិច្ឆិកា) រហូតដល់​ថ្ងៃទី1 ខែធ្នូ ឆ្នាំ2018 នៅ​អគារ A និង B នៃ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ៕

Advertisement