ពិព័រណ៍​ការងារ​តាម​ខេត្ត ជា​ផ្នែក​សំខាន់​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក

វិស័យ​ការងារ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេសនីមួយៗ ព្រោះ​វា​ជា​ផ្នែក​មិនអាច​ខ្វះ​បាន​សម្រាប់​សេដ្ឋកិច្ចជាតិមិន​ថា​រោងចក្រ​សហគ្រាស ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ឬ​កសិកម្ម​នោះទេ កម្លាំងពលកម្ម​ក្នុងស្រុក​ជា​ធាតុ​ផ្សំ​ចម្បង​ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ និង​សម្បូរបែប។

នៅ​កម្ពុជា ការធ្វើ​ចំណាកស្រុក​នៅតែ​ជា​ចំណោទ​ធំ​មួយ​សម្រាប់​ការអភិវឌ្ឍ ព្រោះ​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​ដាច់ស្រយាល​មួយចំនួន​មិនសូវ​និយម​បម្រើ​ការងារ​នៅក្នុង​តំបន់​របស់ខ្លួន​នោះទេ តែ​ភាគច្រើនបាន​ឆ្លងដែន​ទៅធ្វើ​ការងារ​នៅ​ប្រទេសជិតខាង ដែល​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​បែរជា​ខ្វះ​មនុស្ស​ធ្វើការងារ​ទៅវិញ។ ការឆ្លង​ដែន ទៅធ្វើ​ការងារនៅក្រៅ​ប្រទេស​នេះត្រូវបាន​អ្នកជំនាញ​ការងារ​មើលឃើញថា វា​អាច​បណ្តាលមកពី​ប្រជាជន​ទទួលបាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយឬ​មកពី​ប្រជាជន​ក្នុង​តំបន់​មិនទាន់​ដឹង​ច្បាស់​ពី​ទីផ្សារការងារ​ក្នុង​ខេត្ត ឬ​កន្លែង​រស់នៅ​របស់គាត់​ផ្ទាល់។

លោកស្រី ញ៉ឹក សា​គន្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​ថ្លែង​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ថាពិព័រណ៍​ការងារ​ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​ទីផ្សារការងារ​នៅក្នុង​ខេត្ត តាមរយៈ​ការជួយ​យុវជន​ឱ្យ​ទទួលបាន​ភាពងាយស្រួល​ក្នុងការ​ចាប់យក​ឱកាស​ការងារ។​ និយោជក​អាច​ជ្រើសរើស​បុគ្គលិក​ស្របតាម​តម្រូវការ​ក្នុង​វិស័យ​នានា ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ក្រៅប្រទេស។

ការធ្វើ​ពិព័រណ៍​ការងារ​នៅតាម​បណ្តា​ខេត្ត​នានាជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន បានឃើញ​ពី​តម្លៃ​នៃ​ការធ្វើការងារ​នៅក្នុង​ស្រុក ការបណ្តុះបណ្តាល​ជំនាញ​ និង​មាន​ភាពជឿជាក់​កាន់តែខ្លាំង​ថា​ខ្លួន​អាច​នឹង​មានឱកាស​ធ្វើការ​ងារ​ដែល​ស្របទៅតាម​ចំណេះដឹង និង​ទេព-កោសល្យ​បាន​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​នោះទេ។ នៅពេល​យុវជន​មើលឃើញ​ពី​ឱកាស​ទាំងអស់នោះ​ហើយ គាត់​នឹងមិន​មាន​ភាព​រារែក​នោះទេ​ក្នុង​ការ-បន្ត​ការសិក្សា​អំពី​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​សេវាកម្ម​ដែល​តំបន់​របស់គាត់​ត្រូវការ។

ក្រោយពេល​តំបន់នីមួយៗមាន​ធនធានមនុស្ស​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការងា​រ​ក្នុង​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាសធំៗហើយ វា​អាច​នឹង​ចាប់ផ្តើម​មាន​ភាពងាយស្រួល​ក្នុងការ​ពង្រីក​ខ្លួន​ទៅកាន់​តំបន់ឆ្ងាយៗនៅ​កម្ពុជា ដែល​កត្តា​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុង​ការតភ្ជាប់​តំបន់​ប្រជុំជន និង​តំបន់​ដាច់ស្រយាល។ លើសពីនេះទៅទៀត វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​ក្នុងការ​ទាក់ទាញ​អ្នក​ដែលមាន​ជំនាញ​តិច ឬ​អ្នក​កំពុងធ្វើការ​ងារនៅ​បរទេស​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ការងារ​ក្នុងស្រុក​វិញ៕

Advertisement