ក្រសួង​អប់រំ​គ្រោង​ចំណាយ​ជាង 90លាន​ដុល្លារ​ដើម្បី​កែលម្អ​គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា

ក្រោយពេល​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បោះជំហាន​កាន់តែ​ស្វាហាប់​ឡើង​ដើម្បី​ពង្រឹងគុណភាព​វិស័យ​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ ការបន្ថែម​សម្ភារ​បរិក្ខារ និង​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ជាដើម។

នា​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បានបង្ហាញ​ពី​គម្រោង​កែលម្អ​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្រោម​ថវិកា​គាំទ្រ​ពី​មូលនិធិ​ធនាគារពិភពលោក​ប្រមាណ 90លាន​ដុល្លារ រួមទាំង​កញ្ចប់​ថវិកា​របស់​រាជរដ្ឋាភិបាល​ចំនួន 2.5លាន​ដុល្លារ​បន្ថែមទៀត។

កម្មវិធី​កំណែទម្រង់​នេះ​ផ្តោត​សំខាន់​លើ​ការកែលម្អ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និង​ផ្នែក​កសិកម្ម។ ដើម្បី​សម្រេចបាន​នូវ​ផែនការ​នេះ ក្រសួង​អប់រំ​នឹង​បែងចែក​ខ្ទង់ចំណាយ​ទាំងនេះ​លើ​ការកសាង​បន្ទប់ពិសោធន៍ ការបណ្តុះបណ្តាល និង​ការបំពាក់​បរិក្ខារថ្មីៗឱ្យស្រប​នឹង​តម្រូវការ​ជាក់ស្តែង និង​កម្មវិធី​ថ្មី​ដែល​កំពុង​អនុវត្ត​នៅលើ​ពិភពលោក។ ក្រៅពីនេះ​ថវិកា​មួយចំនួន​ក៏​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​លើ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា រួមទាំង​ការអនុវត្ត និង​សម្របសម្រួល​គម្រោង​នេះ​ផងដែរ។

គួរ​បញ្ជាក់ថា គម្រោង​នេះ​នឹង​ដាក់ឱ្យអនុវត្ត​លើ​គោលដៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សាសំខាន់ៗចំនួន5 ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង។ ក្រៅពីនេះ ក្រសួង​ក៏មាន​គោលដៅ​ពង្រីក​វិសាលភាព​គម្រោង​នេះ​ទៅកាន់​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស​ផងដែរ​នៅ​ថ្ងៃ​ខាងមុខ៕

Advertisement