ការអប់រំ 4.0 ជា​គន្លឹះ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម 4.0

កម្ពុជា​កំពុង​សិ្ថ​ត​ក្នុង​ចរន្ត​ដ៏​សំខាន់​មួយ​របស់​ពិភពលោក គឺ​បដិវត្តន៍​ឧស្សាហកម្ម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ខ្លាំង​លើ​ការធ្វើការងារ ការធ្វើ​អាជីវកម្ម ដំណើរការ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ជាដើម។ នៅក្នុងដំណាក់កាល​នេះ វា​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមមួយចំនួន​ដែលជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការអភិវឌ្ឍ និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់។ នៅថ្ងៃនេះអ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក​សាស្ត្រាចារ្យ ជី គឹមអ៊ីព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃសាកលវិទ្យាល័យ​បៀ​ល​ប្រាយ អំពី​កត្តា​ប្រឈម និង​ដំណោះស្រាយសំខាន់ៗលើ​វិស័យ​ធនធានមនុស្ស​ក្នុងបដិវត្តន៍​ឧស្សាហកម្ម 4.0។

1. បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុង​ចរន្ត​មួយ​ដែល​នឹង​ឈានទៅរក​បដិវត្តន៍​ឧស្សាហកម្ម 4.0 តើ​ប៉ុន្មាន​ឆ្នាំ​ទៀត​យើង​នឹង​ចូលទៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​នេះ​ពេញលេញ?
បើ​យើង​និយាយ​ពី​ឧស្សាហកម្ម 4.0 ពិភពលោក​គេ​ចាប់ផ្តើម​នៅ​ដើម​សតវត្សរ៍​ទី21នេះហើយ ដែល​ក្នុងនោះ​ប្រទេសនីមួយៗត្រូវការ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​ជា​ចាំបាច់ ដើម្បី​ធ្វើឱ្យ​ការងារ​គ្រប់
យ៉ាង​ត្រូវតែមាន​ភាព​ឆ្លាត​វៃ​ដូចជា ផលិតផល​ឆ្លាត​វៃ (smart product) រោងចក្រ​ឆ្លាត​វៃ (smart factory) សហគ្រិន​ឆ្លាត​វៃ (smart entrepreneur) ផ្ទះ​ឆ្លាត​វៃ (smart home) សាលា​ឆ្លាត​វៃ(smart school) និង​រដ្ឋ​ឆ្លាត​វៃ(smart nation)ជាដើម។

សម្រាប់​កម្ពុជា​វិញ យើង​ក៏​កំពុង​យកចិត្តទុកដាក់​ក្នុង​ការជំរុញ​ខ្លួនឯង​ឱ្យចូល​ទៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម 4.0 នេះដែរ។ ជាក់ស្តែង​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​បង្កើត​កម្មវិធីសិក្សា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដើម្បី​ជំរុញ​យុវជន​កម្ពុជា​ឱ្យមាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​សម្រាប់​ទទួល​បានអនាគត​ធនធានមនុស្ស​លើ​វិស័យ​វិទ្យាសាស្ត្រ វិស្វកម្ម និង​វិស័យ​នានា​ផ្សេងទៀត​សម្រាប់​គ្រប់គ្រង​ឧបករណ៍​ឆ្លាត​វៃ​ដែល​នឹងត្រូវ​ប្រើប្រាស់​នាពេល​អនាគត។ ចំពោះពេលវេលា​វិញ ប្រទេស​យើង​ប្រហែលជា​ត្រូវការ​រយៈពេល 10ឆ្នាំ​ទៀត ដើម្បី​ជំរុញឱ្យមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​លើក​ទី4 នេះ ព្រោះ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​លើ​ពិភពលោក គឺ​ប្រើ​រយៈពេល 100ឆ្នាំ ដូច្នេះ​ក្នុង​កាលៈទេសៈ​ដែល​យើង​ទើបតែ​ចាប់ផ្តើម​សតវត្សរ៍​ទី21នេះ យើង​អាច​នៅសល់​ពេលវេលា​យូរ​គួរសម​ដែរ​ដើម្បី​អនុវត្ត​វា។

2. តើ​នៅពេលដែល​យើង​ចូលដល់​ឧស្សាហកម្ម 4.0នេះ និង​តើ​បច្ចេកវិទ្យា​មាន​សារៈសំខាន់​ខ្លាំង​ប៉ុនណា​សម្រាប់​កម្ពុជា?
បច្ចេកវិទ្យា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​ថ្មី​នេះ ព្រោះ​ឧបករណ៍​ទំនើប និងឆ្លាត​វៃ​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ ជាក់ស្តែង​បើ​យើង​ចង់​សង់ផ្ទះ​មួយ40ជាន់ បើ​យើង​មិន​យក​កម្មវិធី​វិស្វកម្ម​ថ្មី​មក​ធ្វើ​ទេយើង​នឹង​ដើរ​មិនទាន់​ប្រទេសជិតខាង​ឡើយ ចំណែក វិស័យផ្សេងៗក៏​ដូចគ្នា ចាំបាច់​ណាស់​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបនាពេល​បច្ចុប្បន្ននេះស្ទើរ​គ្រប់​វិស័យរួមទាំង​វិស័យ​ព័ត៌មាន សំណង់​ធារាសាស្ត្រ និង​ការគ្រប់គ្រង​គ្រោះ​រញ្ជួយ​ដី​ជាដើម ចាំបាច់​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ប្រសើរឡើង។មាន​ប្រទេស​ខ្លះគេ​ប្រើប្រាស់​បច្ចេកវិទ្យាដើម្បី​វាស់​ស្ទង់ និង​បញ្ជូន​ព័ត៌មាន​ពី​គ្រោះមហន្តរាយ​ឱ្យ​ប្រជាជន​គេ​បានដឹង​ថែមទៀត​ផង។ នៅពេល​មាន​បញ្ហា​កើតឡើង អ្នកជំនាញ​មិន​ត្រឹមតែ​អាច​ផ្សព្វផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ទេ តែ​គេ​អាច​ប្រើប្រាស់​កម្មវិធី (mobile apps) ឬ​បណ្តាញ​សង្គម​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន​គ្រប់​ទីកន្លែង​តាមរយៈ​ទូរស័ព្ទ​បាន​យ៉ាង​ងាយ។

ងាក​មក​វិស័យសេដ្ឋកិច្ច​វិញ បច្ចេកវិទ្យា​ជា​ចំណុច​មិនអាច​ខ្វះ​បាន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម 4.0 នេះ ព្រោះ​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការធ្វើ​ទីផ្សារ ការ​ចែកចាយ​ផលិតផល និង​ការគ្រប់គ្រង​ចង្វាក់​ផលិតកម្ម​បាន​យ៉ាង​មានប្រសិទ្ធភាព និង​ងាយស្រួល​បំផុត។ ក្រុមហ៊ុន ឬ​សហគ្រាស​ណា​មិន​ប្រើប្រាស់​បច្ចេកវិទ្យា គាត់​នឹងត្រូវ​ចំណាយ​ច្រើន​ទាំង​ថវិកា និង​ពេលវេលា ដែល​ធ្វើឱ្យ​គាត់​ពិបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ។

3. បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន តើ​កម្ពុជា​ត្រូវការ​អ្វីខ្លះ​បន្ថែមទៀត​ដើម្បី​ចូលទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម?
ដូច​បានបញ្ជាក់​ខាងលើ​រួចហើយ​ថា កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដែល​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ការងារ​ជាមួយ​បច្ចេកវិទ្យា​ថ្មី និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែល​អាចធ្វើ​ការងារ​ខុសប្លែក​ពី​ការងារ​ដែល​ម៉ាស៊ីន​អាចធ្វើ​បាន។ ជំនាញ​ដែល​គេ​ត្រូវការ​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ថ្មី​នេះគឺជំនាញ​ដោះស្រាយ​បញ្ហា ជំនាញ​ក្នុង​ការគិត​ឱ្យបានស៊ីជម្រៅ ជំនាញ​ច្នៃប្រឌិត ជំនាញ​គ្រប់គ្រង និង​សម្រប-សម្រួល​ជាមួយ​មនុស្ស ជំនាញ​សម្រាប់​ទំនាក់ទំនង ជំ-នាញ​ក្នុង​ការចរចា ជំនាញ​ក្នុងការ​សម្របសម្រួល​សេវាកម្ម និង​ជំនាញ​ក្នុងការ​គ្រប់គ្រង​បច្ចេកវិទ្យា​ជាដើម។

ដើម្បី​ដើរ​ឱ្យដល់​គោលដៅសំខាន់ៗទាំងអស់នោះ ស្ថាប័ន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន​ចាំបាច់​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​ឱ្យស្រប​នឹង​ប្រព័ន្ធ​អប់រំ 4.0។ ការងារ​នេះ​ទាមទារ​ឱ្យមាន​ការខិតខំ​បង្កើត​កម្មវិធីសិក្សា​ថ្មី ដោយ​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​ដែល​ហួស​កាលបរិច្ឆេទ ប្រើប្រាស់​លែងកើត ឱ្យក្លាយ​ជាការ​បណ្តុះបណ្តាល​បែប​ទំនើប​ដោយ​រាប់បញ្ចូល​ទាំង​បច្ចេកវិទ្យា និង​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21 សម្រាប់​ឱ្យ​និស្សិតទាំងអស់​បាន​សិក្សា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​កម្ពុជា ព្រោះថា បន្តិចទៀតនេះ​រោងចក្រ ក៏​ជា​រោងចក្រ​ឆ្លាត​វៃ​ដែរ ការងារ​មួយចំនួន​នឹងត្រូវជំនួស​ដោយ​ម៉ាស៊ីន ហេតុនេះ​ទាល់តែ​ប្រជាជន​យើងចេះ​គ្រប់គ្រង​ម៉ាស៊ីន​ទាំងអស់នោះ ទើប​អាច​ចាប់យក​ឱកាស​ការងារ​បាន។ ក្រៅពីនេះ​វិស័យ​ជាច្រើន​ផ្សេងទៀត​ក៏មាន​ការផ្លាស់ប្តូរ​ផងដែរ ចាំបាច់​ទាមទារ​ឱ្យមានធនធានមនុស្ស​ដែលមាន​សមត្ថភាព​ឆ្លើយតប​ជាមួយទីផ្សារ​អនាគត មិនមែន​សិក្សា​កម្មវិធីចាស់ៗនោះទេ។

4. តើ​លោក​សាស្ត្រាចារ្យ​អាច​បកស្រាយ​លម្អិត​បាន​ទេ​អំពី​ប្រព័ន្ធ​អប់រំ 4.0 ថា តើ​មាន​ចំណុច​ពិសេស​អ្វីខ្លះ?
ប្រព័ន្ធ​អប់រំ 4.0 ជា​ប្រព័ន្ធ​អប់រំ​ដែលមាន​កម្មវិធីសិក្សា​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​បដិវត្តន៍​ឧស្សាហកម្ម 4.0 ហើយ​វា​ទាមទារ​ឱ្យមាន​ការបញ្ចូល​ភាព-ជាក់ស្តែង​ច្រើនជាង​មុន។ ក្រៅពី​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​ថ្មី គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ចាំបាច់​ត្រូវមាន​មន្ទីរពិសោធន៍ (lab) ដើម្បី​ពិសោធ​ប្រសិនបើ​មុខវិជ្ជា​ទាំងអស់នោះ​តម្រូវ ដូចជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​ជាដើម។ ក្រៅពីនេះ​ចាំបាច់​ត្រូវមាន​ការអនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន​តាមរយៈ​ការចុះ​ទៅកាន់​សហគ្រាស ឬ​ខ្សែចង្វាក់​ផលិតកម្មផ្ទាល់ ដើម្បី​តាមដាន​ឱ្យដឹងពី​ការ​អនុរត្ត​ជាក់ស្តែង​របស់​ក្រុមហ៊ុន​នានា​ដែល​កំពុងដំណើរការ នៅ​ឆមាស​ទី2 ឆ្នាំ​ទី2។ បន្ថែម​ពីលើ​នេះ សម្រាប់​កម្មវិធី​គ្រប់គ្រង​បណ្ណាល័យ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនើប​ដើម្បី​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្រាវជ្រាវ ព្រោះ​មេរៀន​អាច​នឹង​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន។ ចំពោះ​និស្សិត​ដែល​សិក្សា​លើ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ខ្លាំង ត្រូវតែ​ធ្វើ​កម្មវិធី (application) តែម្តង​នៅ​ឆ្នាំ​ទី4 ហើយ​គាត់​ក៏​ចាំបាច់​ត្រូវ​ចុះទៅ​សហគមន៍ ឧស្សាហកម្ម និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាក់ស្តែង ដើម្បី​ព្យាយាម​ស្វែងយល់​ពី​បញ្ហា​ដើម្បី​យក​បច្ចេកវិទ្យា​របស់គាត់​ទៅធ្វើ​ការងារ ឬ​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ។ ប្រព័ន្ធ​អប់រំ 4.0ក៏​ត្រូវតែ​បញ្ចូល​ជំនាញ​ទន់ (soft skills) ដើម្បីឱ្យ​ពួកគាត់​ចេះទាំង​ជំនាញ​វិជ្ជាជីវៈ និង​ជំនាញ​ទំនាក់ទំនង ជំនាញ​ក្នុងការធ្វើការងារ​ជា​ក្រុម មាន​សិល្បៈ​ក្នុងការ​រស់នៅ​ប្រកបដោយ​សក្តានុពល ចេះ​រស់នៅ​ក្នុងសង្គម និង​អនុវត្ត​ការ-ងារ​បានល្អ​ទាំង​ជាមួយ​ថ្នាក់លើ និង​ថ្នាក់ក្រោម។ ស្របពេល​ជាមួយគ្នា​នោះដែរ និស្សិត​ត្រូវតែ​ធ្វើការ​ងារ​ជា​ក្រុមឱ្យបាន​ច្រើន ដើម្បី​អនុវត្ត​ជំនាញ​ទាំងអស់នោះ​ឱ្យបាន​ល្អ​លើ​ការគ្រប់គ្រង​ការងារ​ជាក់ស្តែង​ជាមួយ​មនុស្ស។

5. បើ​ក្រឡេក​មក​មើល​កម្ពុជា តើ​យើង​មាន​កត្តា​ប្រឈម​អ្វីខ្លះ​ក្នុងការ​ដើរចូល​បដិវត្ត​ន៍​ឧស្សាហកម្ម 4.0 នេះ?
នៅ​ស្រុក​យើង បញ្ហា​ប្រឈម​ខ្លាំង គឺ​ធនធានមនុស្ស​នៅមានកម្រិត។ តាម​ដែល​ខ្ញុំ​បាន​ជួបប្រទះនិស្សិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ខ្លះ​មិន​ច្បាស់​ទាំងការ​ចែកលេខ​ផង ហើយ​ពេល​ដាក់​លំ​ហាត់​គណិតវិទ្យាម្តងៗ គាត់​លំបាក​ខ្លាំង​ក្នុងការ​ដោះស្រាយ ស្រប​ពេលដែល​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ត្រូវការ​ជា​ចាំបាច់​នូវ​ចំណេះដឹង​ផ្នែក​គណិតវិទ្យា។ ចំពោះ​និស្សិត​ផ្នែក​សំណង់​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​គាត់​មិន​ច្បាស់​ផ្នែក​គណិតវិទ្យា គាត់​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ខ្លាំង។បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ការបណ្តុះបណ្តាល​ផ្នែក​គណិតវិទ្យា​នៅមានកម្រិតហេតុនេះហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ STEM ឱ្យបាន​ច្រើន​នៅ​ថ្នាក់​បឋម និង​មធ្យមសិក្សា ដើម្បី​ឱ្យមាន​គ្រឹះ​រឹងមាំ​សម្រាប់​ចូលទៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។

បញ្ហា​ប្រឈម​របស់​យើង​បច្ចុប្បន្ននេះ គឺ​មូលដ្ឋានគ្រឹះ​របស់​សិស្ស​ដែល​ចូលមក​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅមានកម្រិត ដែល​ធ្វើឱ្យ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​មានការ​លំបាក​បណ្តុះបណ្តាល។ ប្រសិនបើ​សិស្ស​ចូលមក​ឧ​ត្ត​មសិ​ក្សា​ខ្សោយ មានការ​លំបាក​ណាស់​ក្នុងការ​ធ្វើឱ្យ​គាត់​ចេញទៅ​វិញ ហេតុនេះ​យើង​នៅ​ត្រូវ​ការខិតខំ​ប្រឹងប្រែង​បន្តទៀត។

ចំពោះ​លំហូរ​ការងារ​វិញ​ក៏​អាចជា​បញ្ហា​ប្រឈម​ដែរ ព្រោះ​ប្រសិនបើ​និស្សិត​យើង​នៅមានកម្រិត​ទាប​ជាង​និស្សិត​មកពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់យើង​នឹង​លំបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ទាំង​ការងារ និង​អាជីវកម្ម។ ជា​ឧទាហរណ៍ នៅពេលដែល​គេ​ប្រកាស​ដេញថ្លៃ​គម្រោង​វិស្វកម្ម ប្រសិនបើ​និស្សិត​យើង​ចេញទៅ​មិនមាន​ភាព​ច្នៃប្រឌិត​ខ្លាំង គេ​អាច​ពិចារណា​យក​ធនធានមនុស្ស​ពី​ប្រទេស​ដទៃ​បាន ព្រោះ​បច្ចុប្បន្ននេះ​អាស៊ាន​ចាប់ផ្តើម​បើកចំហ​លំហូរ​ការងារ​ក្នុង​តំបន់។ ទោះជា​យ៉ាងនេះ​ក្តី យើង​មើលឃើញថានិស្សិត​ស្រុក​យើង​ខ្លះ​ក៏​អាចមាន​សមត្ថភាព​ធ្វើ​ការងារនៅ​ក្នុងប្រទេស​គេ​បានដែរ ដូចជា​និស្សិត​បៀ​ល​ប្រាយ​ម្នាក់ ក៏បាន​ធ្វើការ​ងារ​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ធំ​ម្នាក់​នៅ​ប្រទេស​ថៃ​ដែរ ហើយ​រួមទាំង​និស្សិតខ្លាំងៗមួយចំនួនទៀត គ្រាន់តែ​ចំនួន​នោះ​មិនទាន់មាន​ច្រើន​នៅឡើយ។

ចំណែក​ការទាក់ទាញ​ការវិនិយោគ ក៏​អាចមាន​បញ្ហា​ដែរ ប្រសិនបើ​ធនធានមនុស្ស​នៅមានកម្រិត។ ឧទាហរណ៍​ប្រសិនបើ​ក្រុមហ៊ុន Microsoft ចង់​បង្កើត​រោងចក្រ​ផលិត​ឈី​ប (CHIP) នៅ​ស្រុក​យើងគេ​ត្រូវ​ចំណាយ​ពេលវេលា និង​ធនធាន​ជាច្រើន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្នែក​គ្រឿង​ផ្គុំ(hardware) និង​កម្មវិធី (software) ស្រប​ពេលដែល​ការអប់រំ​នៅ​កម្ពុជា​ផ្តោត​ខ្លាំង​តែ​លើ​កម្មវិធី (software)ដែល​ធ្វើឱ្យ​ក្រុមហ៊ុនធំៗអាច​ងាក​ទៅ​ដា​ក់នៅ​ប្រទេសជិតខាង​ណា​ដែលមាន​និស្សិត​ខ្លាំង​ទាំង​ផ្នែក​គ្រឿងផ្គុំ និង​កម្មវិធី​តែម្តង។

6. បច្ចុប្បន្ននេះ តើ​ធនធានមនុស្ស​របស់​យើង​ស្ថិតនៅក្នុង​កម្រិតណា​ដែរ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុងតំបន់?
បើ​ធៀប​ជាមួយ​ប្រទេសជិតខាង យើង​ឃើញថាយើង​នៅមានកម្រិត​ទាប​ជាង​ថៃ និង​វៀតណាម តែបើ​ឡាវ និងមីយ៉ាន់ម៉ា យើង​អាច​ឈ្នះ​គេ​បាន។ នៅមានកម្រិតកន្លែង​នេះ មិនមែន​រើសយក​ទៅធ្វើ​ការមិន​បាន​ទេយើង​ក៏មាន​អ្នកចេះច្រើន​គួរសម​ដែរ ព្រោះ​កន្លងមក​ក៏មាន​និស្សិត​ខ្មែរ​យើង​ជា​អ្នកធ្វើការងារ​ផ្នែក​គ្រប់គ្រង​បច្ចេកវិទ្យា​នៅ​ឌូ​បៃ និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ដែរ តែ​ខ្ញុំ​ចង់​ប្រៀបធៀប​ត្រង់​ថា ក្នុងចំណោម 1,000នាក់យើង​អាចមាន​អ្នកខ្លាំង 20នាក់ តែ​គេ​វិញអាចមានច្រើនជាង​នេះ​តិចតួច។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​យើង​ត្រូវតែ​ពង្រឹងសមត្ថភាព​និស្សិត​ឱ្យបាន​ខ្លាំង ដោយមាន​ការចូល-រួម​ពី​សំណាក់​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​និស្សិត​ខ្លួនឯង​ផ្ទាល់​ផងដែរ។

សម្រាប់​រដ្ឋាភិបាល គួរ​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ការបណ្តុះបណ្តាល និង​ការរៀនសូត្រ​នៅ​កម្រិត​មហាវិទ្យាល័យ ដើម្បីឱ្យ​យុវជន​យល់ច្បាស់​ថា នៅ​សាកលវិទ្យាល័យ​គេ​សិក្សា​ពីអ្វី​ខ្លះ? ហើយ​ជំរុញ​ឱ្យ​សិស្ស​រើស​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ឱ្យបាន​ត្រឹមត្រូវ។ ចំណុច​សំខាន់​មួយ​ផ្សេងទៀតគឺ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ឱ្យបាន​រឹងមាំ ដើម្បីឱ្យ​គាត់​មាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា។

ចំពោះ​និស្សិត​ខ្លួនឯង​វិញ ចាំបាច់​ត្រូវមាន​គោលដៅ​ឱ្យបាន​ច្បាស់លាស់ ហើយ​ខិតខំ​ប្រឹងប្រែង​ឱ្យ​ដូច​និស្សិត​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ដែរ។ និស្សិត​យើង​ខ្លះ​នៅមាន​ការធ្វេសប្រហែស​ច្រើន​ក្នុង​ការសិក្សា​ស្រាវជ្រាវ ហើយ​មាន​និស្សិត​ខ្លះ​ថែមទាំង​សិក្សាច្រើន​សាលា​ដែល​ធ្វើឱ្យ​គាត់​អស់​ថាមពល​ក្នុងការសម្រួច​មុខវិជ្ជា​ណាមួយ​ឱ្យ​ខ្លាំង​ថែមទៀត​ផង។

7. តើ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​ត្រៀម​អ្វីខ្លះ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ធនធានមនុស្ស​នេះ?
សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​កែប្រែ​ប្រព័ន្ធ​អប់រំ​ឱ្យ​ក្លាយជា​វិស័យ​អប់រំ 4.0។ យើង​បានចាប់ផ្តើម​ធ្វើការ​កែប្រែ​កម្មវិធី​មួយចំនួន​ដែល​ហួសសម័យកាល​សម្រាប់​ការប្រើប្រាស់​ជាក់ស្តែង​មកជា​កម្មវិធី​ដែល​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​នាពេល​បច្ចុប្បន្ន។ យើង​ក៏បាន​ជ្រើសរើស​គ្រូ​ប្រកបដោយ​គុណភាព និង​បទពិសោធ​ខ្ពស់​ដើម្បី​បណ្តុះបណ្តាល​ដល់​និស្សិត ស្រប​ពេលដែល​សាស្ត្រាចារ្យ​ក៏​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ផងដែរ​ពី​កម្មវិធីថ្មី។

លើសពីនេះទៅទៀត សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​សហការ​ល្អជា​មួយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដើម្បី​បង្កើត​កម្មវិធីសិក្សា​ថ្មី​ដោយមាន​ការត្រួតពិនិត្យ និង​ទទួលស្គាល់​ពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា សម្រាប់​បន្តធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​សាស្ត្រាចារ្យ​របស់​យើង។ បន្ថែម​ពីលើ​នេះ យើង​ក៏បាន​រៀបចំ​ឱ្យមាន​ជាម​ន្ទី​រពិសោធន៍ (lab) សម្រាប់​និស្សិត​វិស្វករសំណង់ អគ្គិសនី និង​បាន​បញ្ចូនទៅរោងចក្រ​សហគ្រាស ក្រុមហ៊ុន និង​កន្លែង​អនុវត្តផ្ទាល់​នានា​ផងដែរ ដើម្បី​ជួយ​ពួកគាត់​ឱ្យមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ចាប់យក​ឱកាស​ការងារ។

8. តើ​លោក​សាស្ត្រាចារ្យ​មាន​អនុសាសន៍​យ៉ាងណា​សម្រាប់​សាធារណជន និង​និស្សិត​នៅ​កម្ពុជា?
សម្រាប់​និស្សិត​ទូទៅ ចំពោះ​មតិ​ខ្ញុំ​ផ្ទាល់ មិន​ថា​ពួកគាត់​កំពុង​សិក្សា​ក្នុង​គ្រឹះស្ថានសិក្សា​របស់​រដ្ឋឬ​ឯកជន​នោះទេ គាត់​ចាំបាច់​ត្រូវមាន​ជំនាញ​ទន់(soft skills) ដើម្បី​សម្រប​ខ្លួន​ឱ្យបាន​ល្អ​ក្នុងកន្លែងធ្វើការ​ងារអាជីវកម្ម និង​សង្គម​ជាក់ស្តែង។ សីលធម៌ និង​ភាពស្មោះត្រង់​ជា​រឿង​សំខាន់ ដែល​អាច​បូកផ្សំ​ជាមួយ​ភាពប៉ិនប្រសប់ក្នុងការ​ប្រាស្រ័យ​ទាក់ទង ធ្វើឱ្យ​គាត់​ក្លាយជា​ធនធាន​កាន់តែមាន​ប្រយោជន៍ និង​ជា​តម្រូវការខ្លាំង​របស់​ស្ថាប័ន​នានា​នៅ​កម្ពុជា។

បើ​មិនមាន​ជំនាញ​ទន់​ទេ គាត់​អាច​នឹង​លំបាក​ទទួលបាន​ជោគជ័យ ព្រោះ​ជំនាញ​នេះ​អាចធ្វើឱ្យ​គាត់គ្រប់គ្រង​ការងារ និង​គ្រប់គ្រង​ខ្លួនឯង រួមទាំង​អភិវឌ្ឍ​ជំនាញ​បាន​កាន់តែ​ប្រសើរឡើង៕

Advertisement