ការសិក្សាពេលព្រលឹមអាច អំណោយផលជាងពេលយប់

នៅលើ​ពិភពលោក​មាន​មនុស្ស​ជាច្រើន​ប្រភេទ តែ​ក្នុងនោះ​អ្នក​ចិត្តសាស្ត្រ​បាន​រកឃើញថា ប្រភព​នៃ​អារម្មណ៍ និង​ការកសាង​គុណភាព​នៃ​ការគិត​មាន​របៀបស្រដៀង​គ្នា។ ថ្វីដ្បិតតែ​មាន​មនុស្សខ្លះ​ជាម​នុស្ស​ប្រភេទ​សិក្សា​ដោយការអាន អ្នកខ្លះ​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​រៀន​ដោយ​ការ​​សរសេរ ហើយ​អ្នក​ខ្លះទៀត​ជា​ប្រភេទ​មនុស្ស​ដែល​ទាមទារ​ឱ្យមាន​ការអនុវត្តផ្ទាល់ៗទើប​អាច​ទទួលយក​ចំណេះដឹង​ក៏ដោយ ក៏​ចុងក្រោយ​អ្វីដែល​ធ្វើឱ្យ​ពួកគេ​ធ្វើ​ការងារ ឬ​ចងចាំបានល្អ​អាស្រ័យ​លើ​ចំណុចរួមសំខាន់ៗ 2 គឺ​ភាព​តានតឹង (stress) និង​ថាមពល (tension)។ អ្នក​ចិត្តសាស្ត្រអាមេរិក​បាន​រកឃើញថា គុណភាព​នៃ​ការគិត និង​សកម្មភាព​របស់​មនុស្ស ទាំង​ការសិក្សា​ក្តី ការធ្វើការងារ ឬ​ការប្រាស្រ័យ​ទាក់ទង​ក្តីអាស្រ័យ​លើ​ចំណុច​សំខាន់​ទាំង 2 ខាងលើ។ កាលណា​មនុ​ស្សមានភាព​តានតឹង​ខ្ពស់ ហើយ​មាន​ថាមពល​តិច នោះ​ពួកគេ​នឹងមិន​អាចមាន​អារម្មណ៍ល្អ​ដើម្បី​បង្កើត​ការចងចាំ ឬ​គិត​ឃើញ​ដំណោះស្រាយល្អៗសម្រាប់​ការរស់នៅ​បាន​ទេ។ ប្រសិនបើ​មនុស្ស​មានភាព​តានតឹង​ខ្ពស់ ហើយ​មាន​ថាមពល​ខ្ពស់ ពួកគេ​អាច​នឹងមាន​ភាពប្រសើរ​ឡើង​ជាង​ស្ថានភាព​ទី1 បន្តិច ប៉ុន្តែ​វា​នៅតែ​ធ្វើឱ្យ​ពួកគេ​មិន​ទទួលបាន​ការចងចាំ​ល្អ ឬ​បង្កើត​សកម្មភាព​ដែលមាន​កំហុស​ច្រើន​ដដែល។ ជា​ឧទាហរណ៍ ប្រសិនបើ​និស្សិត​ម្នាក់​កំពុង​សិក្សា​ស្រាវ-ជ្រាវ ស្របពេល​ដែល​គេ​មាន​ភាព​តានតឹង​ខ្ពស់ និង​ថាមពល​ខ្ពស់ គាត់​អាចធ្វើ​ការងារ​បានបញ្ចប់​ដោយ​ជោគជ័យ តែ​កិច្ចការ​ស្រាវជ្រាវ​នោះ​អាចមាន​កំហុស​ច្រើន​ផ្នែក​អក្ខរាវិរុទ្ធ ឬ​អាចមាន​បញ្ហា​ច្រើន​ដែល​អាច​កើតឡើង​ដោយ​ការច្រឡំ​ព្រោះ​អារម្មណ៍​មិន​ស្ងប់។

ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​ដែល​កើតឡើង​នៅពេល​មនុស្សម្នា​ក់មាន​ភា​ព​តានតឹង​តិច ហើយ​ថាមពល​ខ្ពស់​វិញ គេ​នឹង​អាច​គ្រប់គ្រង​អារម្មណ៍​បានល្អ ដែល​វា​ជា​មូលដ្ឋាន​សំខាន់​ក្នុងការ​បង្កើតឱ្យមាន​ថាមពល​វិជ្ជមាន​ក្នុងការ​ចងចាំ ហើយ​ការចរចា ឬ​ការធ្វើការងារ​ក៏​រលូន និង​បាន​លទ្ធផល​ល្អ​ថែម​ទៀតផង។ នៅពេល​មនុស្សម្នាក់ៗមិនសូវមាន​ភាព​តានតឹង ខួរក្បាល​នឹង​ដើរ​ដោយ​រលក alpha ដែល​អនុញ្ញាតឱ្យ​ថាមពល​នៃ​ភាព​វិជ្ជមាន​កើតមានឡើង​ក្នុង​គំនិត ហើយ​គំនិត​ស្ងប់ស្ងាត់​ទាំងនេះហើយ​ដែល​បង្កើតឱ្យមាន​នវានុវត្តន៍ ឬ​គំនិត​ច្នៃប្រឌិត​នានា។

សម្រាប់​ពេលវេលា​ក្នុងមួយថ្ងៃៗ មនុស្សម្នាក់ៗភាគច្រើន​មាន​ភាព​តានតឹង​ខ្ពស់ ហើយ​ថាមពល​ថយចុះ​នៅពេល​រសៀល។ ហេតុនេះ​នៅក្នុង​រយៈពេល​នេះ​ទាមទារ​ឱ្យមាន​ការប្រមូល​ស្មារតី​ឱ្យបាន​ស្ងប់ស្ងាត់ ដោយ​ការ​សម្រាក​រយៈពេល​ខ្លី (napping) ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​ឱ្យ​ចុះ​ទាប។ ចំណែកឯ​ពេលល្ងាច ឬ​ពេលយប់ ជា​ពេលដែល​ភាព​តានតឹង​អាច​ថយចុះ​បន្តិច​វិញ តែ​ថាមពល​អាច​នឹង​ថយចុះ​ដូចគ្នា​ប្រសិនបើ​មនុស្ស​មិនបាន​គ្រប់គ្រង​សកម្មភាព​បានល្អ​ក្នុងមួយថ្ងៃៗ ហេតុនេះ​សម្រាប់​អ្នកសិក្សា អាចជា​ពេលវេលា​ល្អ​មួយ​ក្នុងការ​បង្កើន​ការចងចាំ តែ​វា​មិនមែនជា​ពេល​ល្អ​បំផុត​នោះទេ។ ពេល​ល្អ​បំផុត​សម្រាប់​ការសិក្សា ត្រូវបាន​អ្នក​ចិត្តសាស្ត្រ​រកឃើញថា ជា​ពេលព្រឹក​ព្រលឹម។ ជា​រៀងរាល់​ព្រឹក មនុស្សម្នាក់ៗបានទទួល​ថាមពល​ពី​ដំណេក​គ្រប់គ្រាន់ (យ៉ាងហោចណាស់ 6ម៉ោង​សម្រាប់​មនុស្សពេញវ័យ) ដែល​ធ្វើឱ្យ​ថាមពល​ក្នុង​រាងកាយ​មានការ​កើនឡើង ស្របពេល​ដែល​ភាព​តានតឹង​ថយចុះ​ខ្លាំង ដែល​ធ្វើឱ្យ​មនុស្ស​អាច​ចងចាំ​បានល្អ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ និង​អាច​ស្វែងរក​ដំណោះស្រាយល្អៗបាន​សម្រាប់​ការសិក្សា និង​ការងារ​ថែម​ទៀតផង៕

Advertisement