ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូ​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​លើ​សកម្មភាព​សេដ្ឋកិច្ច និង​ការអប់រំ​របស់​កម្ពុជា។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បានផ្តល់​គម្រោង​ជាច្រើន​សម្រាប់​កម្ពុជា ដូចជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការតភ្ជាប់​តំបន់​សេដ្ឋកិច្ច និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​លើកស្ទួយ​វិស័យ​ធនធានមនុស្ស​សម្រាប់បំពេញតម្រូវការ​ក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​ជាច្រើនសម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) តាមរយៈ​គ្រឹះស្ថានសិក្សា​បច្ចេកទេស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ថ្មីៗនេះ​លោកស្រី Sunniya Durani -Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើង​ពី​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា តាមរ​យះការពង្រឹង​ការអនុវត្ត​គោលនយោបាយ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើត​ប្រសិទ្ធភាព​ការងា​របស់​គណៈកម្មកា​រ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្រប​នឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ2030 របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យស្រប​នឹង​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​សកល។

ស្របពេល​ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​បន្ត​ផ្តល់​គម្រោង​ថ្មី​មួយទៀត​ក្នុង​រយៈពេល 5ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយនេះ រហូតដល់​ឆ្នាំ2024 ដើម្បី​អភិវឌ្ឍ​លើ​ធនធានមនុស្ស​នៅ​កម្ពុជា។បើ​យោងតាម​ការលើកឡើងរ​បស់ ADB គម្រោង​នេះ​នឹង​ផ្តោត​សំខាន់​លើ​យុវជន​ដែល​ទើបនឹង​បញ្ចប់​ការ-សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឱ្យបាន​កាន់តែខ្លាំង​លើ​ជំនាញ​បច្ចេកទេស វិទ្យាសាស្ត្រ​ពិត និង​ជំនាញ​វិជ្ជាជីវៈ​ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចូល​ទៅកាន់​បច្ចេក​វិទ្យា​ឌីជីថល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​នាពេលខាងមុខ​នេះ។

ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​លើកឡើងថាបន្ទាប់ពី​សិក្សា​លើ​តម្រូវការ​ទីផ្សារការងារ ដែលមាន​ជំនាញ​ច្បាស់លាស់​នៅ​កម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​ហើយ​នោះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់ជំនួយ​បន្ថែម​មក​កម្ពុជា​លើ​ការបណ្តុះបណ្តាល​លើ​ជំនាញសំខាន់ៗចំនួន4 គឺ​មុខវិជ្ជា​អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល ដែល​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ពិភពលោក ដែល​កំពុង​ជំរុញ​ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ត្រូវតែ​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ឱ្យ​កាន់តែខ្លាំង និង​ច្រើនឡើង។

ឯកឧត្តម ឡៅ ហ៊ីម បាន​មានប្រសាសន៍ថា៖ “គ្រឹះស្ថាន​បណ្តុះបណ្តាល​ដែល​នឹងត្រូវ​អនុវត្ត​សម្រាប់​គម្រោង​នេះ គឺ​សាលា​អប់រំ​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាលា​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ការអនុវត្ត​គម្រោង​នេះ​នឹងត្រូវត្រួតពិនិត្យ​ដោយ​ក្រសួង​ការងារ និង ADB ដោយផ្ទាល់”។

បើតាម​ឯកឧត្តម ឡៅ ហ៊ីម កម្ពុជា​បច្ចុប្បន្ន​នៅមាន​ឧបសគ្គ​ប្រឈម​មួយចំនួន​នៅឡើយ​ក្នុងការ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ជាពិសេស​លើ​បញ្ហា​អគារ សម្ភារ​បរិក្ខារ គ្រឿង​ម៉ាស៊ីន និង​សមត្ថភាព​គ្រូបង្រៀន​ដែល​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ទៀត។ ចំពោះ​សមត្ថភាព​អ្នក​បណ្តុះបណ្តាល​ចាំបាច់​បំផុត​ត្រូវតែ​ពង្រឹងសមត្ថភាព​ឱ្យបាន​ខ្លាំង និង​បន្ត​អភិវឌ្ឍ​រហូត​ជាប់​ជានិច្ច ព្រោះ​បច្ចេកវិទ្យា​នាពេលបច្ចុប្បន្ននេះ មាន​ការវិវឌ្ឍ​លឿន ហេតុនេះ​វា​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ឱ្យ​ទាន់​តម្រូវការ​ជាក់ស្តែង​ចៀស​សវាង​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យាចាស់ៗហើយ​ពេល​និស្សិត​ចេញមក​មិនអាច​ប្រើប្រាស់​បាន៕

Advertisement