ស្ថាប័នសំខាន់ៗនៅ​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការប្រឆាំង​ការជួញដូរ​មនុស្ស

ទន្ទឹមនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា ការ​គាំពារ​លើ​បុគ្គល​គ្រប់រូប ជាពិសេស​ការប្រយុទ្ធប្រឆាំង​លើ​ការជួញដូរ​មនុស្ស​បានក្លាយជា​ប្រធានបទ​ចម្បង​មួយទៀត​ដែល​គ្រប់​ស្ថាប័នសំខាន់ៗ រួមទាំង​គ្រឹះស្ថាន​អប់រំសំខាន់ៗនៅ​កម្ពុជា​កំពុង​ចាប់អារម្មណ៍។

ការជួញដូរ​មនុស្ស​ត្រូវ​បាន​គេ​មើលឃើញថា អាចប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរ​នៃ​ការអភិវឌ្ឍ​សង្គមព្រោះ​ជនរងគ្រោះ​នៃ​អំពើ​ជួញ-ដូរ​មនុស្ស​អាចនឹងទទួល​រង​នូវ​សម្ពាធ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ទាំងអស់នេះ​ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​ដើម្បី​ចូលរួមចំណែក​ក្នុង​ដំណើរការ​ជា​វិជ្ជមាន​នានា​ក្នុងសង្គម។ ក្នុង​ច្បាប់​កម្ពុជា បានកំណត់​យ៉ាងច្បាស់ដើម្បី​ផ្តន្ទាទោស និង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​អប់រំ​ឱ្យ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​បាន​យល់ដឹង ក្នុង​គោលបំណង​កាត់បន្ថយ ឬ​អាច​ឈានដល់​ការបញ្ចប់​ទាំងស្រុង​នូវ​បទល្មើស​ជួញដូរ​មនុស្ស។

ថ្លែង​នៅក្នុង​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​បញ្ជាក់ថា ការជួញដូរ​មនុស្ស​ជា​បទឧក្រិដ្ឋ​ដែល​ជនល្មើស​ប្រើប្រាស់​គ្រប់​ល្បិចកល​ដើម្បី​កេងប្រវ័ញ្ច រំលោភបំពាន ដោយ​មិន​ខ្វល់​ពី​ទុក្ខវេទនា និង​អាយុជីវិត​របស់​ជនរ​ងគ្រោះ​ឡើយ។ រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ជាច្រើន​ទៀត​សម្រាប់​ការលើកកម្ពស់​សន្តិសុខ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស។

ទន្ទឹមនឹងនេះ លោក អុីន វីរ​ជ័យ សាកលវិទ្យាធិការរង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​បាន​លើកឡើងថាច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បានកំណត់​ថា “អំពើ​លក់ដូរ​មនុស្ស​ជាការ​ប្រគល់ឱ្យ​ដោយ​ខុសច្បាប់​នូវ​ការគ្រប់គ្រង​លើ​ជនណាម្នាក់​ទៅ​ជន​ដទៃ ឬ​ទទួលយក​ដោយ​ខុសច្បាប់​នូវ​ការប្រគល់​ការគ្រប់គ្រង​លើ​ជនណាម្នាក់​ពី​ជនដទៃ​ដោយ​ដេាះដូរ​ទៅនឹង​របស់​មានតម្លៃ​អ្វីមួយ​ដោយ​រាប់បញ្ចូល​ទាំង​សេវា និង​មនុស្ស​ផង” ។ “ទាសភាព​សម័យ​ទំនើប” បានធ្វើឱ្យ​ស្ត្រី និង​កុមារ និង​បុរស​ជាច្រើន​ធ្លាក់​ទៅក្នុង​ការជួញដូរ និង​ក្លាយជា​ជនរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការកេងប្រវ័ញ្ច។

បន្ថែម​ពីលើ​នេះ លោក​សាស្ត្រាចារ្យ អុីន វីរ​ជ័យ បានបញ្ជាក់​ផងដែរ​ថា “ការ​ស៊ីឈ្នួល​ពពោះ​ជំនួស”ក៏​ជា​អំពើ​ជួញដូរ​មនុស្ស​មួយ​ដែល​បានធ្វើឱ្យ​ស្ត្រី​មួយចំនួន​ធ្លាក់​ក្នុង​ឧបាយកល និង​ចាញ់បោក​ជនខិលខូច ឬ​មេខ្យល់​ក្នុងការ​ជួញដូរ​សរីរាង្គ ឬ​ជួញដូរ​មនុស្ស។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ពិភពលោក​ទាំងមូល​បានដាក់​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារអនុសញ្ញា​ស្តីពី​ការបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ពាក់ព័ន្ធ​នឹង​ការលក់​កុមារ ពេស្យា​កម្ម​កុមារ និង​រូបភាព ឬ​សម្ភារ​អាសអាភាស​កុមារ​ជាដើម។

លោក អុីន វីរ​ជ័យ បាន​មានប្រសាសន៍​ទៀតថា៖“គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​ប្រធាន​ក្រុមការងារ​បង្ការ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អប់រំ​ទប់ស្កាត់ និង​ឈានទៅដល់​ការលុបបំបាត់​ការជួញដូរ​មនុស្ស​ផងដែរ​នៅ​កម្ពុជា”។

លោក អុីន វីរ​ជ័យ បាន​បន្ថែមទៀតថា ក្នុងការ​ចូលរួម “ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស 12 ធ្នូ”នា​ឆ្នាំ2018នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា ជាពិសេស​គ្រឹះស្ថានសិក្សា​សាធារណៈ និង​វិទ្យាល័យ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ប្រារព្ធ​ពិធី​នេះ។ ជាក់ស្តែង​នៅពេលនេះ​សាកលវិទ្យាល័យ បៀ​ល​ប្រាយ​យើង​ក៏បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះដែរ។ ការចូលរួម​របស់​យើងទាំងអស់គ្នា​នៅពេលនោះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​យកចិត្តទុកដាក់​លុបបំបាត់ និង​ប្រយុទ្ធប្រឆាំងអំពើ​ជួញដូរ​មនុស្ស​នៅក្នុង​សង្គម​កម្ពុជា និង​ការ​បំផុស​ការយល់ដឹង ការ​ប្រុងស្មារតី និង​ការធ្វើសកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព៕

Advertisement