អាណាព្យាបាល​ជាច្រើន​ប្រហែល​មិនទាន់​ដឹងថា ក្មេង​អាច​រៀន​ហែល​ទឹកបាន​ចាប់ពី​អាយុ 6ខែ

យោងតាម​ទិន្នន័យ​របស់​ស្ថាប័ន Moms Team បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​កុមារ​ដែលមាន​អាយុ​ចាប់ពី1ឆ្នាំ ដល់​ក្រោម 4ឆ្នាំ បានបាត់បង់​ជីវិត​រាប់រយ​នាក់​ដោយសារ​ការ​លង់ទឹក។បញ្ហា​ទាំងអស់នេះ​អាច​បណ្តាលមកពី​កុមារ​ទាំងអស់នោះ​មិនបាន​ឆ្លងកាត់​វគ្គរៀន​ហែល​ទឹក ដើម្បី​ការពារ​ខ្លួនពី​ការ​លង់ទឹក។

នៅ​ប្រទេស​ក្នុងអាស៊ី ក៏ដូចជា​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​ជនបទត្រូវបាន​គេ​រកឃើញថា​កុមារ​ជាច្រើននាក់​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ​ការ​លង់ទឹក។ កុមារ​ជា​វ័យ​ដែល​ចូលចិត្ត​ចង់ដឹង ចង់​សាកល្បង ហើយ​ចូលចិត្ត​ទឹក។ មាន​កុមារតូចៗចូលចិត្ត​ទៅ​ក្បែរ​តំបន់​មានទឹក ហើយ​ចុះ​លេង​ បើទោះបីជា​ពួកគេមិនចេះ​ហែល​ទឹក​ក៏ដោយ ដែលជា​ហេតុ​ធ្វើឱ្យ​អាណាព្យាបាល​ជាច្រើននាក់​លើ​ពិ​ព​ភលោក​ត្រូវ​ជួប​រឿង​សោកស្តាយ​ដ៏​ធំ​បំផុតក្រោយពេល​ភ្លេចខ្លួន​តែមួយ​ភ្លែតហើយ​បណ្តោយឱ្យបាត់បង់​កូនជាទី​ស្រឡាញ់។ នៅ​ប្រទេស​អភិវឌ្ឍន៍​នានា កុមារ​ត្រូវបាន​គេ​ចាប់ផ្តើម​ឱ្យ​រៀន​ហែល​ទឹក​តាំងពី​អាយុ 6ខែ​មកម៉្លេះខណៈដែល​ប្រទេសកំពុងអភិវឌ្ឍន៍​ខ្លះ​មិនសូវមាន​ការយកចិត្តទុកដាក់នៅឡើយ​លើ​បញ្ហា​នេះ។ នៅក្នុង​តំបន់​ខ្លះ​អាណាព្យាបាលតែង​គិតថា​ ក្មេង​តូច​ជា​វ័យ​ដែល​ឆាប់​ឆ្លងជំងឺ ងាយ​ក្តៅខ្លួន​ដោយសារ​ការ​ត្រាំ​ទឹក ឬ​មិន​ចង់ឱ្យកូនតូចៗស្ថិតក្នុង​វ័យ​ជា​ទារក​ចុះ​ទឹក​ច្រើននោះទេ។ ការគិត​បែបនេះ គឺជា​កំហុសឆ្គង​មួយ​ដែល​អាចធ្វើឱ្យ​ពួកគេ​ស្តាយក្រោយបាន នៅពេលដែលកូនតូចៗរងគ្រោះ​ដោយសារ​ទឹក។

តាមពិតទៅ​កុមារតូចៗអាច​ស៊ាំ​បាន​ជាមួយ​ការបង្រៀន​ហែល​ទឹក​ពី​អ្នកជំនាញ ដែល​គេ​មាន​បច្ចេកទេស និង​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ការបង្រៀនដោយ​មិន​គ្រោះថ្នាក់​ដល់​សុខភាព។ ក្នុងដំណាក់កាល​នៃ​ការបង្រៀន​ទារក​ហែល​ទឹក អ្នកជំនាញ​ភាគច្រើន​អាចធ្វើឱ្យ​ឪពុកម្តាយ ក្មេង​តូច​ទុកចិត្ត​តាមរយៈការបង្ហាញ​ឱ្យឃើញថា ក្មេងតូចៗមិន​ខ្លាច​ទឹក​ដូចដែល​យើង​គ្រប់គ្នា​គិត​នោះទេ។

អាណាព្យាបាល​អាច​គិតថា កូនតូចៗនឹង​យំ ហើយ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ឬ​មមើយំ​នៅពេល​យប់ បន្ទាប់ពី​ត្រូវបាន​គេ​ដាក់ចូល​ទៅក្នុង​ទឹក​ដើម្បីឱ្យ​ប្រឹង​ហែល​ដោយ​ខ្លួនឯង តែ​ស្ថានភាព​ជាក់ស្តែង​ខុសគ្នា​ស្រឡះ​ពី​ការ​ស្មាន​របស់គាត់។ នៅក្នុង​វគ្គ​បង្រៀន​កុមា​រហែល​ទឹក អ្នកជំនាញ​មាន​វិធីសាស្ត្រ​ក្នុងការ​អូសទាញ​កុមារ​តូច​ឱ្យ​ចុះ​ទឹក​ដោយ​ខ្លួនឯង ហើយ​ក្រោយពេល​ចុះ​ទឹក កុមារ​ភាគច្រើន​អណ្តែត ហើយ​ប្រឹងប្រែង​ផ្ងារ​ខ្លួន​ឡើងលើ​ដើម្បីឱ្យ​ពួកគេ​អាច​ដកដង្ហើម​បាន។ ក្រោយពេល​បន្សាំុពួកគេ​ជាមួយ​ទឹកបាន​ហើយ ទើប​អ្នកជំនាញ​ជំរុញ​ពួកគេ​ឱ្យ​កាន់តែ​ក្លាហាន​ឡើង​ដើម្បី​ហែល​ដោយ​ប្រើ​សកម្មភាព​ត្រឹមត្រូវ រហូត​ទារក​ខ្លះ​ចេះ​ហែល​ទឹក​មុន​ចេះ​និយាយ​ទៀតផង។

ហេតុនេះហើយ​ទើប​យើង​ឃើញថា ក្មេងតូចៗនៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន ជាពិសេស​នៅ​អឺរ៉ុប អាចមាន​សមត្ថភាព​ក្នុងការ​ហែល​ទឹកបាន​ដោយ​ខ្លួនឯង បើទោះបីជា​កុមារ​ខ្លះ​ទើបតែ​មាន​វ័យ2-3ឆ្នាំ​ក៏ដោយ។ ថ្វីដ្បិតតែ​ថ្នាក់​បង្រៀន​ហែល​ទឹកមិន​អាចជួយ​កុមារ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​ដោយសារ​ទឹក​ទាំងស្រុង​ក៏ដោយ តែ​ក៏​វា​អាច​កាត់បន្ថយ​ការបារម្ភ​មួយផ្នែកធំ​របស់​អាណាព្យាបាល​បានដែរ៕

Advertisement