Techno Innovation Challenge នាំ​អ្នកបច្ចេកទេស​កម្ពុជា​ទៅកាន់​ពិភព​ជំនួញ

កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​គំនិត​បង្កើត​ថ្មី និង​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិតព្រោះ​ចាប់ផ្តើម​ពី​ចំណុច​វិជ្ជមាន​នៃ​ធនធានមនុស្ស​កម្ពុជាប្រទេស​ទាំងមូល​នឹង​កាន់​តែមាន​សក្តានុពល​អ​ភិ​វ​ឌ្ឍ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្នែក​សេដ្ឋកិច្ច។

នៅ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) ឬ​គ្រប់គ្នា​ស្គាល់​ថា​ជា​សាលា​តិច​ណូ​បាន​បង្កើត​កម្មវិធី​មួយឈ្មោះថា Techno Innovation Challenge ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកជំនាញ​កម្ពុជា​នានា​មានឱកាស​បង្កើន​សក្តានុពល​របស់ខ្លួន​តាមរយៈ​ការបន្ត​បណ្តុះបណ្តាល និង​ប្រកួតប្រជែង​លើ​វិស័យ​អាជីវកម្ម ដែលជា​ច្រក​សំខាន់​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ថ្មី​កាន់តែ​ច្រើនឡើង​នៅ​កម្ពុជា។

កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge បានបង្ហាញ​ថា​ឆ្នាំ 2018 នេះ​ជា​ឆ្នាំ​ទី2 ហើយ​ដែល​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា។ កម្មវិធី Techno Innovation Cambodia បានរៀបចំ​ដោយ​យក​គំរូ​តាម​កម្មវិធី​ប្រកួត​មួយ​ពី​សាកលវិទ្យាល័យ Texas A&M University នៅ​សហរដ្ឋអាមេរិក ដោយមាន​ការកែប្រែ​បន្តិចបន្តួចដើម្បីឱ្យ​ត្រូវ​នឹង​កត្តា​សម្ភារ និងបរិបទ​របស់​កម្ពុជា។ ម្យ៉ាងវិញទៀត នៅ​កម្ពុ​ជាមានបន្ថែមអ្នកជំនាញ (Mentor)ដើម្បីធ្វើជា​អ្នក​ណែនាំ​សម្រាប់​អ្នកចូលរួម​ទាំង​ផ្នែក​អភិវឌ្ឍ​ន៍អាជីវកម្ម និង​ផ្នែក​បច្ចេកទេសដើម្បី​គាំទ្រ​ឱ្យសមត្ថភាព​យុវជន​ខ្មែរ​ដែលមាន​គំនិត​ច្នៃប្រឌិត​ស្រាប់​កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង។ លើសពីនេះទៅទៀត អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺសាលា​តិច​ណូ​ផ្តល់​ឱកាសល្អ​សម្រាប់​ជួយ​ឱ្យ​បេក្ខជន​ដែល​ចូល​រួមមានកន្លែង​ធ្វើជា​ក្រុម​ពិភាក្សា និង​ពិសោធ​ងាយស្រួល​ជាងមុន ស្រប​ពេលដែល​ក្រុមការងារជំនា​ន់ទី1 នឹងមាន​ឱកាស​ជួយ​ពួកគាត់​បាន​ច្រើន​លើការអភិវឌ្ឍ​សមត្ថភាព​បេក្ខជន​ទាំងអស់​នៅ​ឆ្នាំ 2018 នេះ។

កញ្ញា សៀក ឡេង និយាយថា៖ «កម្មវិធី​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​កាលណា​យើង​មាន​អ្នកជំនាញ​ច្រើននៅ​ផលិតកម្ម​នៅ-ក្នុង​ស្រុក​នឹង​កើនឡើង​កាន់តែខ្លាំង ហើយ​នៅពេលដែល​អ្នកជំនាញ​គាត់​មានឱកាស​ធ្វើ​ជំនួញ នោះ​ធ្វើឱ្យ​អាជីវកម្ម​កាន់តែ​មា​នស​ម្ទុះខ្លាំង»។

អ្នករៀបចំ​កម្មវិធី​ខាងលើ​បានលើកឡើង​ផងដែរ​ថាមកដល់​បច្ចុប្បន្ននេះ កម្មវិធី Techno Innovation Challenge ក៏​អាច​ជំរុញ​ដល់​វិស័យ​អប់រំ និង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការអភិវឌ្ឍ​ជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម និង​គណិតវិទ្យា ដែល​ជំនាញ​ទាំងអស់នេះ​អាច​ចូលរួមចំណែក​មួយ​ភាគ-​ធំ​ដល់​ការដោះស្រាយ​បញ្ហា​មនុស្សជាតិ​នៅ​ថ្ងៃ​ខាងមុខ។ ក្រៅពីនេះ តាមរយៈ​កម្មវិធី​ប្រកួតប្រជែង​អាជីវ-កម្ម​បែប​បច្ចេកវិទ្យា​នេះ អាច​នឹង​ផ្តល់ឱកាស​ខ្ពស់​ដល់​និស្សិត​ដែល​បាន​ចូលរួម​ប្រកួត​ដើម្បី​ពង្រឹងសមត្ថភាពសក្តា​នុពល និង​ភាព​ច្នៃប្រឌិត រួមទាំង​បំ​ណិ​នផ្សេងៗឱ្យ​កាន់តែ​បានល្អ ដែល​ជួយ​ដល់​យុវជន​អាច​ត្រៀមខ្លួន​បានល្អ​សម្រាប់​ទីផ្សារការងារ និង​ឆ្លើយតបបាន​ជាមួយនឹង​ការវិវឌ្ឍ​របស់​ពិភពលោក​ដែល​កំពុង​ចាប់ផ្តើម​មានការ​ផ្លាស់ប្តូ​រ និង​ប្រកួតប្រជែង​ខ្ពស់។

នៅ​កម្ពុជា​កត្តា​ធនធានមនុស្ស​ជា​រឿង​សំខាន់ ដែល​ក្រសួង​ការងារ និង​ក្រ​សួរ​អប់រំ យុវជន និង​កីឡា កំពុងយកចិត្តទុកដាក់​ដើម្បី​ធ្វើយ៉ាងណា​លើកទឹកចិត្ត​ឱ្យយុវជន​កម្ពុជា​ចាប់យក​ជំនាញ STEM រួមទាំង​ពង្រឹងសមត្ថភាព​កាន់តែខ្លាំង​ក្នុង​វិស័យនេះ។ ទោះជា​យ៉ាងនេះ​ក្តី ជា​ស្ថានភាព​ជាក់ស្តែង យើង​ឃើញថា​ គ្រប់ភាគី​ក៏មាន​ក្តី​ព្រួយបារម្ភ​ច្រើន​ផងដែរ​ចំពោះ​ធនធានមនុស្ស​លើ​ជំនាញ​បច្ចេកទេស និង​សហគ្រិនភាព​ដែល​ទាមទារ​ឱ្យមាន​ការខិតខំ​កាន់តែខ្លាំង​សម្រាប់​ការប្រកួតប្រជែង។

សម្រាប់​កញ្ញា សៀក ឡេង បានបង្ហាញ​ការយល់ឃើញថា និស្សិត​កម្ពុជា​មាន​សម​ត្ថ​ភាពមិន​ចាញ់​និស្សិត​បរទេស ឬ​និស្សិត​នៅ​ប្រទេសជិតខាង​ឡើយ។ កញ្ញា​បានលើកឡើង​ផងដែរ​ថា ជាក់ស្តែង​និស្សិត​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធីផ្សេងៗទាំង​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ហើយ​ធ្លាប់​ទទួលបាន​ជយ​ល​ភី និង​ពានរង្វាន់​ជាច្រើន​ពី​ក្រៅប្រទេស​ត្រឡប់មកវិញ​ថែម​ទៀតផង។ លើសពីនេះទៅទៀត ក្រុម​ដែល​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Techno Innovation Challenge ក៏​ធ្លាប់​បានបង្ហាញ​សមត្ថភាព​ចំណេះ​ជំនាញ​បច្ចេកទេស និង​ភាព​ច្នៃប្រឌិត​របស់ខ្លួន​ដើម្បី​បង្កើត​សម្មិទ្ធផល​ប្រើប្រាស់​តាមរយៈ STEM បាន​យ៉ាង​ល្អ។ នេះ​ជា​ចំណុច​បង្ហាញថា​កម្ពុជា​កំពុងមាន​ស្ថានភាព​វិជ្ជមាន​ក្នុងការ​ជំរុញ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ជំនាញ​បច្ចេកទេស​ដើម្បី​ដោះស្រាយ​បញ្ហានានា​ក្នុងសង្គម និង​ក្នុង​តំបន់​នា​ថ្ងៃ​អនាគត។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ វិស័យ STEM ត្រូវបាន​ចាត់​ចូល​ជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញឱ្យ​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា 4.0 ដើម្បី​ឆ្លើយតប​ជាមួយនឹង​ប​ដិ​វត្តន៍ឧស្សាហកម្ម 4.0 ដែល​នឹង​ឈាន​មកដល់​នាពេលឆាប់ៗខាងមុខនេះ។ នៅលើ​ផ្លូវ​ទៅកាន់​ការអភិវឌ្ឍ​ជំនាញ​ទាំងអស់នេះ ក្រសួង​ជំនាញ​បាន​បង្កើត​កម្មវិធី​អប់រំ ផ្សព្វផ្សាយ និង​ប្រកួតប្រជែង​ជាច្រើន​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​និស្សិត និង​យុវជន​កម្ពុជា​ឱ្យមាន​ចំនួន​កាន់តែច្រើន​សិក្សា​ផ្នែក​ទាំងអស់នេះ ដែលជា​គោលដៅ​សំខាន់​ក្នុង​បង្កើន​ចំនួន​អ្នកជំនាញ​នៅក្នុង​ប្រទេស​នាពេល​អនាគត៕

Advertisement