ការបំពុល​បរិយាកាស​បាន​ក្លាយជា​គ្រោះថ្នាក់​ធំ​ទី4 សម្រាប់​ពិភពលោក

ការបំពុល​បរិយាកាស​បាន​ក្លាយជា​គ្រោះថ្នាក់​ធំ​ទី4 លើ​ពិភពលោកដោយសារ​វា​បានសម្លាប់​មនុស្ស​អស់ជាច្រើន​នាក់​បន្ទាប់ពី​ផ្សែង​បារី សម្ពាធ​ឈាម​ខ្ពស​​់ និង​ភាពអត់ឃ្លាន។ ការបំពុល​បរិយាកាស​ត្រូវបាន​គេ​រកឃើញថា បានសម្លាប់​មនុស្ស​ប្រមាណ​ជាង6លាននាក់​ជា​រៀងរាល់ឆ្នាំ ហើយ​បញ្ហា​ទាំងអស់នេះ​ត្រូវបានគេ​រកឃើញថា បានកើត​មាននៅ​ក្នុងប្រទេសក្រីក្រ ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ពី​បញ្ហា​គុណភាព​ខ្យល់អាកាស​កាន់តែខ្លាំងឡើង។ បច្ចុប្បន្ននេះ ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ពិភពលោក​កំពុង​រស់នៅក្នុង​ទីក្រុង ហើយ​បើតាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ2050មនុស្ស​រស់នៅក្នុង​ទីក្រុង​នឹង​កើន​ឡើងដល់ 2/3 នៃ​ប្រជាជន​សរុប​លើ​ពិភពលោក។ ស្របពេលដែល​ប្រជាជន​កាន់តែច្រើនឡើងៗចាក​ចេញពី​តំបន់​ជនបទ​មក​រស់នៅក្នុង​ទីក្រុង កំណើន​យានយន្តពិសេស​រថយន្ត​ដែល​កាន់​តែមាន​ចំនួនច្រើនឡើងៗ បានធ្វើឱ្យ​កើត​បញ្ហា​កកស្ទះ​ចរាចរណ៍​កើនឡើង​គ្រប់​ទីកន្លែង ហើយ​ចំពោះ​ទីតាំង​បៃតង​ជាច្រើន​ផ្សេងទៀត​នៅ​ជុំវិញ​ផ្ទះ និង​កន្លែងធ្វើការ​ត្រូវបាន​កាត់បន្ថយ ដោយសារ​ត្រូវ​ជំនួស​ដោយ​កន្លែង​ចត​ឡាន​វិញ​ម្តង។

អ្នករស់នៅ​ទីក្រុង​នាពេល​បច្ចុប្បន្ននេះ និង​ទៅ​អនាគត​នឹងត្រូវ​ទទួលរង​នូវ​ការគំរាមកំហែង​ដល់​សុខភាព​កាន់តែខ្លាំងឡើងៗ ព្រោះ​គ្រប់​ទីកន្លែង​សុទ្ធ​តែមាន​ផ្សែង​ពុល​ចេញពី​យានយន្ត។ មិន​ថា​អ្នកជិះ​កង់​ហាត់ប្រាណ​ស្ថិតនៅតាម​សួន​កម្សាន្ត ឬ​ដើរ​ហាត់ប្រាណ​នៅតាម​សួន​សាធារណៈ​នោះទេ ផ្សែង​ពុល​បានធ្វើឱ្យ​អ្នក​ខកបំណង ព្រោះ​មនុស្ស​គ្រប់គ្នា​ចង់​ហាត់ប្រាណ​ដើម្បីឱ្យ​រាងកាយ​រឹងមាំ តែ​ស្របពេល​ជាមួយគ្នា​អ្នក​គ្រប់គ្នា​ទាំងនោះ​បែរជា​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវដង្ហើម​ទៅវិញ ព្រោះ​ពួកគេ​បាន​ស្រូបយក​ផ្សែង​ពុល​ជាច្រើន​នៅ​កន្លែង​ហាត់ប្រាណ​ទាំងនោះ។

ស្របពេល​ជាមួយ​បញ្ហា​ប្រឈម​មួយ​នេះ វា​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា អ្នកជំនាញ​ជាច្រើន​បាន​ព្យាយាម​ទប់ស្កាត់​ផលប៉ះពាល់​ដែលនាំឱ្យ​មាន​បញ្ហា​ខ្យល់​មិន​ស្អាត​ទាំងនេះ តែ​អ្វីដែល​ពួកគេ​អាច​ចូលរួមបាន គឺ​ស្ថិតក្នុង​ចំណែក​មួយ​តិចតួច​ប៉ុណ្ណោះ ហើយ​អ្វីដែល​ចាំបាច់​ត្រូវធ្វើ​សម្រាប់​អ្នកគ្រប់គ្រង​តំបន់​នានាគឺ​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សុខភាព​សាធារណៈរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ និង​ធ្វើការ​ផ្លាស់ប្តូរ​ទម្រង់​ទីក្រុង​ឱ្យទៅជា​ពណ៌​បៃតង។

ជា​ដំណោះស្រាយ​សម្រាប់​តំបន់​ខ្លះ គឺ​គេ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ផលប៉ះពាល់​ដែល​មកពី​ការអភិវឌ្ឍ​ដ៏​លឿន​នៃ​ការ​រស់នៅក្នុង​ទីក្រុង​តាមរយៈ​គោលការណ៍​ធ្វើឱ្យ​ខ្យល់​ស្អាត ដោយ​បង្កើន​ពន្ធ​លើ​ការ​នាំចូល​រថយន្តចាស់ៗមក​ប្រើ​ក្នុងទីក្រុង។ ចំណែកឯ​ភាគី​វិស័យ​ឯកជន ដូចជា​ឧស្សាហកម្ម​ផលិត​រថយន្ត​ជាដើម ក៏​កំពុង​កែប្រែ​យ៉ាងគំហុក​ពី​ការផលិត​រថយន្ត​ធម្មតា​ទៅជា​រថយន្ត​ប្រភេទHybrid និង​រថយន្ត​អេឡិចត្រូនិក ដើម្បី​ជួយ​ដល់​បរិស្ថាន​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ផងដែរ។

ក្រៅពី​ដំណោះស្រាយ​ទាំងអស់នេះ ការជំរុញ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន និង​ធ្វើដំណើរ​ដោយ​ការ​ជិះ​កង់ ជា​ដំ​ណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង។ បើទោះបីជា​យានយន្ត​ត្រូវបាន​គេ​សម្រួល​ឱ្យ​ស៊ីសាំង​តិច និង​កាត់បន្ថយ​ការ​បំ​ភាយជាតិ​កាបូន​ក៏ដោយ តែ​ប្រសិនបើ​គេ​នៅតែ​ប្រើប្រាស់​វា​ច្រើន​គ្រឿង​ក្នុងពេល​តែមួយ​ដដែល​នោះ បញ្ហា​កកស្ទះ​ចរាចរណ៍​នឹង​ធ្វើឱ្យ​ការបំពុល​នៅតែ​បន្ត​កើតមាន​យ៉ាង​រ៉ាំរ៉ៃ​ដដែល។ ប្រសិនបើ​ប្រជាជន​ចាប់ផ្តើម​ប្រើប្រាស់​សេវាសាធារណៈ​ដូចជា​ការ​ជិះ​រថយន្តក្រុង ឬ​ជិះ​កង់​ទៅធ្វើ​ការនោះ​ពួកគេ​នឹង​អាច​កាត់បន្ថយ​បញ្ហា​បាន​មួយចំណែក​ធំ។

លើសពីនេះទៅទៀត ចរន្ត​នេះ​នឹងធ្វើ​ឱ្យមាន​ផលប្រយោជន៍​ជា​វិជ្ជមាន​ធំ​មួយទៀត​ដែល​អាច​ដោះស្រាយ​បញ្ហា​បរិស្ថាន​បាន​គឺ បង្កើន​ចំនួន​អ្នកជិះ​កង់ និង​ដើរ​ទៅធ្វើ​ការងារ។ នៅពេលដែល​យានយន្ត​ត្រូវបាន​កាត់បន្ថយ នោះ​អ្នកជិះ​កង់ និង​ដើរទៅ​ធ្វើ​ការងារ​កាន់តែ​មាន​ភាពងាយស្រួល ទន្ទឹមគ្នា​នឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​ពួកគាត់។ ម្យ៉ាងវិញទៀត​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​ដែល​ចូលចិត្ត​ដើរទៅ​ធ្វើការ​រយៈពេល 30នាទី​រាល់ថ្ងៃ ច្រើន​តែមាន​ស្ថានភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្តល្អ​ជាង​មនុស្ស​ដែល​ចូលចិត្ត​ប្រើប្រាស់​យានជំនិះ​ជា​គ្រឿងយន្ត៕

Advertisement