កំណាព្យ​ខ្មែរ​ជា​ទម្រង់​អក្សរសិល្ប៍​ល្អ​ប្រណីត តែ​យុវជន​មិនសូវ​ចាប់អារម្មណ៍

កម្ពុជា​ជា​ប្រទេស​ដែលមាន​អរិយធម៌​ចំណាស់​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​យើង​មាន​ទម្រង់​សិល្បៈ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ទម្រង់ ដូចជា​ស្ថាបត្យកម្ម សិល្បៈ​វប្បធម៌​អ​រូបិយ និង​សិល្បៈ​អក្សរ​សិ​ល្ប៍ជាដើម។ នៅក្នុង​ទម្រង់​នៃ​អក្សរ​សិ​ល្បិ៍​ខ្មែរ កំណាព្យ​ត្រូវបាន​គេ​មើលឃើញថា​ជា​ទម្រង់​អក្សរសិល្ប៍​មួយ​ប្រភេទ​ដែលមាន​ប្រជាប្រិយភាព​បំផុត​កាលពី​អតីតកាល ព្រោះ​កវីនិពន្ធ​កម្ពុជា​បាន​ចងក្រង​ទុក​នូវ​ក្បួនច្បាប់ រឿងព្រេង​កថា រួមទាំង​អត្ថបទ​អប់រំ​ជាច្រើន​ដោយ​ប្រើប្រាស់​កំណាព្យកាព្យឃ្លោង​ដើម្បី​ទុកជា​ការកម្សាន្ត​ផង និង​ការអប់រំ​ផង។ នាពេល​បច្ចុប្បន្ននេះ ដោយសារតែ​សង្គម​មានការ​ប្រែប្រួល និង​ដោយសារតែ​ចរន្ត​សកល​ដែលមាន​ភាពយន្ត និង​ទស្សនីយភាព​សម្បូរបែប កំណាព្យ​ហាក់​សាបរលាប​បន្តិច​នៅក្នុង​សង្គម ព្រោះ​យុវជន​ជំនាន់​ថ្មី​មិនសូវ​ចាប់អារម្មណ៍។

អ្នកនិពន្ធ និង​ជា​អ្នក​អក្សរសាស្ត្រ​មួយរូប​គឺ លោក សុគន្ធ សុខា បាន​លើកឡើងថា កំណាព្យ​បច្ចុប្បន្ន​ហាក់​មាន​ស្ថានភាព​សាបរលាប​បន្តិច ព្រោះ​យុវជន​បច្ចុប្បន្នគាត់​ងាក​មក​ចាប់អារម្មណ៍​ច្រើន​លើ​ប្រលោមលោកខ្សែភាពយន្ត និង​បច្ចេកវិទ្យា​ច្រើនជាង​ការចាប់អារម្មណ៍​លើ​កំណាព្យ។ នាពេល​បច្ចុប្បន្ននេះ​មាន​ប្រជាជន​ខ្មែរ​មិន​ច្រើន​ទេ​ដែល​ចេះ​សរសេរ​កំណាព្យ កុំថាឡើយ​ដល់​ទៅ​ចូលចិត្ត​កំណាព្យ ហេតុនេះ​ប្រសិនបើ​មិន​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​វិស័យនេះ​ទេកំណាព្យ​អាច​នឹង​ធ្លាក់ចុះ​ខ្លាំង​ជាងនេះទៅទៀត។ បញ្ហាសំខាន់​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​វិស័យ​កំណាព្យ​ស្ថិតក្នុង​ស្ថានភាព​ធ្លាក់ចុះ គឺ​កង្វះ​ការផ្សព្វផ្សាយ។ នៅពេល​យើង​មិនសូវមាន​ការផ្សព្វផ្សាយ និងលើកទឹកចិត្ត​មនុស្ស​ឱ្យមើល​ឃើញ​ពី​តម្លៃ​នៃ​កំណាព្យខ្មែរ ស្រប​ពេលដែល​ផ្នែកផ្សេងៗជាច្រើន​ទៀត​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ច្រើន​នោះ យុវជន​ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទៅ​ដែរ ប្រាកដជា​បែរ​ចំណាប់អារម្មណ៍​ទៅលើ​រឿង​ដែលមាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍​មិន​ខាន។

លោក សុគន្ធ សុខា បាន​និយាយថា៖ “យុវជន​នាពេល​បច្ចុប្បន្ន​ចូលចិត្ត​ធ្វើ​អ្វីមួយឆាវៗ ឬផ្អើលៗតាមគ្នា ហេតុនេះ​នៅពេល​ខ្លះ ពួកគេ​អាច​ចាប់អារម្មណ៍​លើ​រឿង​អ្វីមួយ​ក្នុង​រយៈពេលខ្លីៗ ដែល​ធ្វើឱ្យ​ផ្នែក​វប្បធម៌​អក្សរសិល្ប៍ ដូចជា​កំណាព្យ​ជាដើម មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់ ព្រោះ​គ្មាន​ការគាំទ្រ​យូរអង្វែង”។

អ្នកនិពន្ធ​ខាងលើ​បានលើកឡើង​ផងដែរ​ថាចំពោះ​សៀវភៅ​កំណាព្យ​វិញ យើង​សង្កេតឃើញថាមាន​តិចតួច​បំផុត​នៅក្នុង​ទីផ្សារ ព្រោះ​មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍​អាន​កំណាព្យ​នោះទេ ដែល​ការណ៍​នេះ​នឹង​ធ្វើឱ្យ​អ្នកសរសេរ អ្នកនិពន្ធ ឬ​ការបោះពុម្ពផ្សាយ​អំពី​កំណាព្យ​ចាប់ផ្តើម​ធ្លាក់ចុះ។ ចំពោះ​ការសរសេរ​និពន្ធ​កំណាព្យ និង​ការ​ផូ​ស្ត​បង្ហាញ​នៅក្នុង​បណ្តាញ​សង្គម​ក៏​ដូចគ្នា​ដែរ គឺ​មិនសូវមាន​អ្នក​ចូលចិត្ត​អាន​កំណាព្យ ឬ​លើកទឹកចិត្ត​អ្នកសរសេរ​កំណាព្យ​ឡើយ ដែល​កត្តា​នេះ​បង្ហាញឱ្យឃើញថា អ្នកសរសេរ​កំណាព្យ​មិនសូវ​ទទួលបាន​ការលើក​ទឹកចិត្ត​ឡើយ។ ការ​មិនសូវ​មានការ​លើកទឹកចិត្ត​នេះ​អាច​បណ្តាលមកពី​បញ្ហាសំខាន់​មួយទៀត​ដែរ គឺ​គុណភាព​របស់​អ្នកសរសេរ​ដែល​នៅ​មិនទាន់​បានល្អ​គ្រប់​ជ្រុងជ្រោយហេតុនេះ​វា​ក៏​ទាមទារ​ឱ្យ​ស្មេរ ឬ​អ្នកសរសេរ​កំណាព្យ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ឱ្យ​កាន់តែ​ទាក់ទាញ​ខ្លាំង​ឡើង​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក ឡុ​ច ចន្ថា ជា​អ្នកនិពន្ធ​កម្ពុជាមួយរូប​បាន​លើកឡើងថា កំណាព្យ គឺជា​ទម្រង់​អក្សរសិល្ប៍​ដ៏​ល្អ​ឯក​របស់​កម្ពុជា ព្រោះថា កំណាព្យ​ជា​ទម្រង់​មូលដ្ឋាន​ដែល​អាច​បំបែកចេញ​ជា​អត្ថបទ​រឿង​ជា​កំណាព្យ​ផង អា​យ៉ៃ​ផង បទ​ចម្រៀង និង​ជា​ទម្រង់​សិល្បៈ​ជាច្រើន​ដទៃទៀត។ កំណាព្យ​ខ្មែរ​មាន​លក្ខណៈពិសេស​ត្រង់​យើង​មាន​បែបបទ​ច្រើន ហើយ​ទម្រង់​ទាំងអស់នោះ​ធ្វើឱ្យ​កំណាព្យ​មាន​ភាព​សម្បូរបែប​ដែល​អាច​ពណ៌នា​បាន​គ្រប់​កាលៈទេសៈ ទាំង​ការរៀបរាប់​ជា​ដំណើររឿង ការបង្ហាញ​ពី​អារម្មណ៍​រីករាយ សោកសៅសោកស្តាយ ឬ​ការបង្កើន​ការអប់រំ​ជាដើម ដែល​សុទ្ធតែ​អាច​អន្ទង​ចិត្ត​អ្នកអាន​ឱ្យ​ជក់ចិត្ត​ចង់​អាន​រហូត​តាំងពីដើម​ដល់​ចប់។

លោក ឡុ​ច ចន្ថា បាន​និយាយថា៖ “កំណាព្យ​ខ្មែរជា​ទម្រង់​អក្សរសិល្ប៍​យ៉ាង​ប្រណីត​របស់​កម្ពុជា តែ​បច្ចុប្បន្ននេះ​វា​ទាមទារ​ជា​ចាំបាច់​នូវ​ការយកចិត្ត​ទុកដា​ក់ឡើ​ង​វិញ”។

អ្នកនិពន្ធ​ខាងលើ​បានលើកឡើង​ផងដែរ​ថាដើម្បីឱ្យ​កំណាព្យ​ខ្មែរ​រីកលូតលាស់​បាន​លឿន លុះត្រាតែ​យើងទាំងអស់គ្នា​ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​អ្នកនិពន្ធ​តាមរយៈ​ការគាំទ្រ​ស្នាដៃ​របស់​ពួកគាត់ ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​ដើម្បី​ផ្តល់​ពានរង្វាន់ និង​ចាប់ផ្តើម​បង្កើត​ស្នាដៃ​ប្រកបដោយ​គុណ​តម្លៃល្អៗដើម្បី​ផ្តល់​ជា​ចំណី​អារម្មណ៍​ដល់​អ្នកអាន​ឡើងវិញ។ ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​អាន​កំណាព្យ អាច​សាកល្បង​ស្វែងរក​ស្នាដៃ​កំណាព្យល្អៗរបស់​ខ្មែរ​យើង​មក​អាន​ដើម្បីឱ្យដឹងថា ស្នាដៃ​ទាំងអស់នោះ​មានតម្លៃ​ប៉ុនណា ហើយ​ផ្តល់​គុណប្រយោជន៍​ច្រើន​ប៉ុនណា។ ការរំលែក​ចំណាប់អារម្មណ៍​ពី​បច្ចេកវិទ្យា ឬ​ទស្សនីយភាពប្លែកៗក្នុងសង្គម​បច្ចុប្បន្ន មក​គាំទ្រ​ទម្រង់​សិល្បៈ​កំណាព្យ​ខ្មែរអាច​នឹង​ធ្វើឱ្យ​យុវជន​កម្ពុជា​កាន់តែច្រើន​ឡើង​មានគំនិត​ស៊ីជម្រៅ ហើយ​ថែមទាំង​អាច​រក្សាបាន​នូវ​មរតក​វប្បធម៌​ប្រកបដោយ​គុណ​តម្លៃ​របស់​យើង​ទៀតផង៕

Advertisement