ហេតុអ្វី​បានជា​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ត្រូវការ​ការអប់រំ​សិល្បៈ​កាន់តែច្រើន?

នៅក្នុង​យុគសម័យ​ឧស្សាហ​កម្មអ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​បច្ចេកទេស​ជា​ផ្នែក​ដែលមាន​តម្រូវការ​ខ្ពស់បំផុត ព្រោះ​គ្រប់​ផលិតកម្មទាំងអស់​សុទ្ធតែ​ត្រូវការ​អ្នកជំនាញ តែ​ក្រោយពេល​ពិភពលោក​បោះជំហាន​ទៅមុខ​មួយ​ជំហាន​ទៀតអ្នកជំនាញ​បច្ចេកទេស​ទាំងអស់​ត្រូវ​តែមាន​ផ្នែក​សំខាន់​មួយទៀត​ដើម្បី​ទប់​លំនឹង​របស់ខ្លួនក្នុង​ទីផ្សារការងារ។ ផ្នែក​ដ៏សំខាន់​នោះ គឺ​សិល្បៈដោយ​បូក​រួមទាំងសិល្បៈ​នៃ​ការរស់នៅ សិល្បៈ​នៃ​ការធ្វើការងារ និង​សិល្បៈ​ក្នុង​ការធ្វើ​អាជីវកម្ម​ជាដើម។

បច្ចុប្បន្ននេះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​ផ្នែកសំខាន់បំផុត​សម្រាប់​ពិភពលោក តែ​ចរន្ត​នាពេល​អនាគត មុខវិជ្ជា​សំខាន់​នេះនឹងត្រូវ​ប្តូរ​ទៅជា STEAM ដោយ​បញ្ចូល​នូវ​សិល្បៈ​ដែលជា​មុខវិជ្ជា​មួយ​ដែល​ម៉ាស៊ីន​មិនអាច​ធ្វើ​ជំនួស​មនុស្ស​បាន។ យោងតាម​ទិន្នន័យ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​សម្រាប់​ការងារ​អនាគត​ឆ្នាំ2018 (World Economic Forum’s Future ofJobs report 2018) បានឱ្យដឹងថា ការងារ​បច្ចេកវិទ្យានិង​បច្ចេកទេស​បាន​បង្កើន​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ជាមួយ​ការងារ និង​អាជីព​ប្រពៃណី។ ហើយ​ចំណុច​ដែល​ធ្វើឱ្យ​អ្នកជំនាញ​បច្ចេកវិទ្យា​ទាំងអស់នោះ​អាច​ទាញយក​ឱកាស​ការងារ​ពី​ផ្នែកផ្សេងៗបាន​គឺ ទេពកោសល្យ​ដែល​ពួកគេ​មាន អាចបង្កើតសមត្ថភាព និង​ប្រសិទ្ធភាពខ្លាំង​សម្រាប់​ស្ថាប័ន។

របាយការណ៍​ខាងលើ​បានបង្ហាញ​ផងដែរ​ថា មនុស្ស​ចាំបាច់​ត្រូវតែមាន​ជំនាញ​សិល្បៈ ដែលជា​ផ្នែក​ទន់​បន្ថែម​លើ​ទេពកោសល្យ​ដែលមាន​ស្រាប់​នៅក្នុង​ខ្លួន ស្រប​ពេលដែល​ពួកគេ​ប្រើប្រាស់​បច្ចេកទេស និងឧបករណ៍​ទំនើប​ដើម្បី​ដោះស្រាយ​បញ្ហា។ ចាប់ពីពេលនេះ​ទៅ មនុស្ស​ចាំបាច់​ត្រូវតែ​បង្កើន​សមត្ថភាព​ឱ្យបាន​លើសពី​អ្វីដែល​មនុស្ស​មាន​ក្នុង​ឆ្នាំ2010 ឬ2018។

មាន​អ្នកជំនាញ​ខ្លះ គាត់​ចេះ​ខ្លាំង​លើ​ជំនាញ​បច្ចេកវិទ្យា ឬ​ជំនាញ​បច្ចេកទេស តែ​គាត់​មិនមាន​សិល្បៈ​ក្នុងការ​រស់នៅ និង​ធ្វើ​ការងារ​ឱ្យបាន​ល្អ ហេតុនេះ​គាត់​ចាំបាច់​ត្រូវតែ​បន្ថែម​ជំនាញ​ទាំងអស់នោះ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ការងារ​របស់គាត់ ព្រោះ​អនាគត​ទៅ ទោះបីជា​ការងារ​របស់​អ្នក​បច្ចេកវិទ្យា​ក៏ដោយ ក៏​ម៉ាស៊ីន​អាចធ្វើ​ជំនួស​បានដែរ និង​មិនមែន​ជំនួស​បានត្រឹមតែ​ការងារ​តិចតួច​នោះទេ។

ជំនាញ​សិល្បៈ​ដែល​អ្នកជំនាញ​បច្ចុប្បន្ន​គួរ​មាន​បន្ថែម​នោះ​គឺ៖
1.សិល្បៈ​ច្នៃប្រឌិតអ្នកជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា ឬ​វិទ្យាសាស្ត្រ​ភាគច្រើន​ជាម​នុស្ស​ដែលមាន​សមត្ថភាព​ធ្វើ​ការងារ​បានល្អ ហើយ​រហ័ស​ជាង​អ្នកដទៃ តែ​អ្វីដែល​ចាំបាច់​ត្រូវមាន​នាពេលខាងមុខ គឺ​ភាព​ច្នៃប្រឌិត​ដើម្បី​ដើរចេញ​ឱ្យ​ផុតពី​ភាពដដែល។ នៅពេល​មនុស្ស​ត្រូវបាន​ជំនួស​ដោយ​ម៉ាស៊ីន ការច្នៃប្រឌិត​ជា​ផ្នែក​សំខាន់​មួយ​ដែល​មិន​រង​ការប៉ះពាល់ ព្រោះ​ម៉ាស៊ីន​អាចធ្វើ​ការងារ​បានល្អ​ឥតខ្ចោះ​តែ​លើ​ការងារ​ដំឡើង កែច្នៃ ឬ​រៀបចំ​ចង្វាក់​ផលិតកម្ម​ប៉ុណ្ណោះ តែ​គ្មាន​សមត្ថភាព​បង្កើត​របស់ថ្មីៗ ឬ​ធ្វើ​នវានុវត្តន៍​នោះទេហេតុនេះ​ការងារសំខាន់ៗទាំងអស់នេះ​ទាមទារ​ឱ្យមាន​មនុស្ស​ទៅធ្វើ។

សិល្បៈ​ក្នុងការ​ច្នៃប្រឌិត ជា​ផ្នែក​រុញ​កំណើន​អភិវឌ្ឍន៍​មនុស្ស​ឱ្យ​កាន់តែខ្លាំង ព្រោះ​មនុស្ស​មិនចាំបាច់​ខ្វល់​ពី​ការអនុវត្ត​ច្រើនពេក​ទេ ពួកគេ​គ្រាន់តែ​គិត​ស្រាវជ្រាវ​រិះរក​អ្វីដែល​ល្អ ពិសោធ​ឱ្យបាន​ជោគជ័យ ម៉ាស៊ីន​នឹងធ្វើ​ការងារ​ទាំងអស់នោះ​ជំនួស​មនុស្ស ដែល​វា​នឹង​ធ្វើឱ្យ​សមិទ្ធផលថ្មីៗកើតឡើង​យ៉ាង​ឆាប់រហ័ស ហើយ​ដោះស្រាយ​តម្រូវការ​មនុស្ស​បានកា​ន់​តែ​ច្រើនជាង​មុន។

2. សិល្បៈ​ក្នុងការ​គ្រប់គ្រង​មនុស្សបើទោះបីជា​ការងារ​រប​ស់មនុស្ស​មួយចំនួនធំ ត្រូវបាន​ដណ្តើម​ដោយ​ម៉ាស៊ីន​ក៏ដោយ តែ​មនុស្ស​ក៏​មិនមែន​អស់​ការងារ​ធ្វើ​ដែរ។ ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4 គឺ​ផ្លាស់ប្តូរ​ការងារ​របស់​មនុស្ស​ពី​ការទទួលខុសត្រូវ​តិច ទៅធ្វើ​ការងារ​កាន់តែ​ធំ​ជាង​មុន។ ការងារ​លីសែង លើកដាក់ ដំឡើង និង​រៀបចំ​កំប៉ិកកំប៉ុក​នឹងត្រូវ​បានធ្វើ​ដោយ​ម៉ាស៊ីន តែ​គ្រប់កន្លែង​ការងារ​មិនអាច​អវត្តមាន​មនុស្ស​បានទេ។ មនុស្ស​នឹង​ផ្លាស់​ទី​ពី​អ្នកធ្វើ​ដោយផ្ទាល់​ទៅជា​អ្នកបញ្ជា និង​ត្រួតពិនិត្យ​លើ​ភាពមិនប្រក្រតី​វិញ​ម្តងហេតុនេះ​ដើម្បីឱ្យ​មានការ​រីកចម្រើន មនុស្ស​នៅតែ​ត្រូវការ​សិល្បៈ​នៃ​ការគ្រប់គ្រង​មនុស្ស។

សិល្បៈ​នៃ​ការគ្រប់គ្រង​មនុស្ស​នាពេល​អនាគតនឹង​កាន់​តែមាន​តម្រូវការ​ខ្ពស់ ព្រោះ​មនុស្ស​ចាប់ផ្តើម​មាន​សម​ត្ថ​ភាពខ្លាំង​ជាង​មុន ហេតុនេះ​ទាមទារ​ឱ្យ​អ្នកគ្រប់គ្រង​ពួកគេ​ទាល់តែ​ចេះ​ទាំង​បច្ចេកទេស និង​សិល្បៈ​ដឹកនាំ​ខ្លាំងពូកែ៕

Advertisement