គួរ​ត្រៀម​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មី?

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពេលវេលា​ចេះតែ​ដើរទៅ​មុខ ស្របពេល​មនុស្សខ្លះ​ក៏បាន​អភិវឌ្ឍ​កាន់តែខ្លាំងឡើងៗពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំទៅ​ដែរ តែ​មនុស្ស​ខ្លះទៀត​នៅ​ទ្រឹង​ដដែល ហើយ​ជួបនឹង​បញ្ហា និង​ឧបសគ្គ​ក្នុង​ជីវិត​កាន់តែច្រើនឡើងៗទៅវិញ។

លោក កែវ ឡង់ឌី អគ្គនាយក​ក្រុមហ៊ុន ស្រមោច Trading Solution បាន​លើកឡើងថា ប្រសិនបើ​ចង់ឱ្យមាន​ការអភិវឌ្ឍ​បានល្អ លុះត្រាតែ​យើង​កំណត់​គោលបំណង​ឱ្យបាន​ជាក់លាក់​សម្រាប់​ជីវិត។ រយៈពេលពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ការប្រែប្រួល​លឿន​ណាស់ ហើយ​ពេលវេលា​ក៏​មិន​រង់ចាំ​មនុស្ស​ដែរ ហេតុនេះ​ប្រសិនបើ​យើង​មិន​ព្យាយាម​ឱ្យបាន​ខ្លាំងក្លា​ទេ យើង​ប្រាកដជា​ស្តាយក្រោយ​មិនខាន។ សម្រាប់​ឆ្នាំ​ថ្មី​នេះ​អ្នក​គ្រប់គ្នាគួរតែរៀបចំ​គោលដៅ​ដោយប្រើប្រាស់ SMART GOAL មានន័យថា​គោលដៅ​ចាំបាច់​ត្រូវតែមាន​ភាព​ឆ្លាត​វៃ។

ពាក្យ​ថា SMART នេះ​គឺជា​ការបញ្ចូល​គ្នា​នូវ​ពាក្យសំខាន់ៗជាច្រើន​ដែលជា​ធាតុ​ផ្សំ​ធ្វើឱ្យ​យើង​សម្រេចគោលដៅ​បាន។ ចំណុច​ដំបូង គឺ​គោលដៅ​ត្រូវតែមាន​ភាពច្បាស់លាស់ (Specific) ព្រោះ​ប្រសិនបើ​គ្មាន​ភាពច្បាស់លាស់​ទេ យើង​នឹង​អាច​វង្វេង ហើយ​បោះបង់ចោល​ក្នុងពេលណាមួយ ដោយសារតែ​គោលដៅ​របស់​យើង​មិនផ្តោត​ចំ​ចំណុច​ណាមួយ​ឱ្យ​ជាក់លាក់។ ចំណុច​សំខាន់​មួយទៀត គឺ​គោលដៅ​ត្រូវតែ​អាច​វាស់វែង​បាន (Measurable) ព្រោះ​ប្រសិនបើ​យើង​ដាក់​គោលដៅ​វែងឆ្ងាយពេក នោះ​យើង​នឹងត្រូវ​រត់តាម​គោលដៅ​នោះ​ទាំងអស់​សង្ឃឹម ហើយ​នឿយហត់​បំផុត ព្រោះ​មិនបាន​ដឹង​ពី​ចំណុច​បញ្ចប់​ដែល​យើង​ចង់ទៅ​ដល់​នោះ។

លោក កែវ ឡង់ឌី បាន​និយាយថា៖ “គោលដៅ​មិនមែន​ចេះតែ​កំណត់​នោះទេ ព្រោះ​ប្រសិនបើ​មិន​កំណត់​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​តាំងចិត្ត​ឱ្យបាន​ច្បាស់លាស់​ទេនោះ យើង​នឹង​ក្លាយជា​អ្នក​កុហក​ខ្លួនឯង​ម្តង​ហើយ​ម្តងទៀត​មិន​ខាន។ អ្នកខ្លះ​កំណត់​គោលដៅ​ច្រើន​រាប់មិនអស់ ហើយ​គាត់​មិនអាច​សម្រេច​ទាំងអស់ ព្រោះ​គាត់​អនុវត្ត​បានតែ​ក្នុង​រយៈពេល​ខ្លី ហើយ​ឈោង​ចាប់​គោលដៅផ្សេងៗទៀត”។

ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​ធានាថា​ការកំណត់​គោលដៅ​អាច​ទទួលបាន​ជោគជ័យ មនុស្សម្នាក់ៗត្រូវ​កំណត់​គោលដៅ​ដោយ​ធានាថា គោលដៅ​នោះ​អាចទៅរួច (Attainable) ព្រោះ​ប្រសិនបើ​យើង​កំណ​ត់វា​ធំ​ហួសហេតុ​ពេក​រហូត​មិនអាច​ទៅរួច នោះ​យើង​បានត្រឹមតែ​ឈឺចាប់ ឬ​សោកសៅ​ឥតប្រយោជន៍​តែប៉ុណ្ណោះ។ ដូចជាមិនអាច​នៅពេលដែល​កំពុង​ធ្វើជា​គណនេយ្យករសុខៗ ក៏​ស្រាប់តែ​ទៅ​ដាក់​គោលដៅ​ថា​ចង់​ធ្វើជា​វិស្វករ​ពូកែ​នោះទេ ព្រោះ​វា​ខុសគ្នា​ឆ្ងាយ​ពេក តែ​អ្នក​ទាំងអស់គ្នា​អាចដាក់​គោលដៅ​ណា​ដែល​ផ្តល់​ភាព​អភិវឌ្ឍ​ដល់​យើង​បច្ចុប្បន្ន ឬ​បន្ថែម​ភាពល្អប្រសើរ​ដល់​ការរស់នៅ​ឱ្យ​កាន់តែខ្លាំង​ឡើងជា​ដើម។ ចំណុច​ចុងក្រោយ​គឺ​អ្នកកំណត់​គោលដៅ​ក៏​ចាំបាច់​ត្រូវ​កំណត់​ពេលវេលា​ជាក់លាក់​ពី​គម្រោង​លម្អិតនីមួយៗ (Time Based)ផងដែរ ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យយើងម្នាក់ៗមាន​ថាមពល​កាន់តែខ្លាំង។ នៅពេលយើង​កំណត់​ពេលវេលា​ជាក់លាក់​នៃ​គោលដៅល្អិតៗរួចហើយ យើង​អាច​នឹង​ដឹង​យ៉ាងច្បាស់​ពី​ពេលវេលា និង​ដំណាក់​កាលដែល​យើង​នឹង​សម្រេចបាន​ឆ្ពោះទៅ​គោលដៅ​ដែល​យើង​បាន​កំណត់ទុក​មិន​ខាន។

លោក Christopher Lee ស្ថាបនិក​អង្គការ HEDC អន្តរជាតិ បាន​លើកឡើងថា មនុស្សម្នាក់ៗចាំបាច់​ត្រូវតែ​ថ្លឹងថ្លែង​ពី​ភាពជោគជ័យ និង​សុភមង្គល​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​ចង់​ចាប់ផ្តើម​ឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង។ ហេតុនេះ​ពេល​កំណត់​គោលដៅ ឬ​ដាក់​ផែនការ​ជីវិត​ក៏ត្រូវ​តែ​យល់​ឱ្យ​ច្បាស់​ថា ជីវិត​មនុស្ស​មិនមែន​ត្រូវការ​តែ​ផ្នែក​ណាមួយ ដូចជា​ហិរញ្ញវត្ថុ ឬ​ត្រូវការ​តែ​ភាពជោគជ័យ​នោះទេ តែ​វា​ត្រូវ​រួមបញ្ចូល​គ្នា​នូវ​ក្តី​ស្រឡាញ់ សុខភាព​ល្អ ចំណេះដឹង និង​សុភមង្គល​ពិតប្រាកដ​ផងដែរ។ ការគិតគូរ​ខ្លាំងពេក​លើ​បញ្ហា​ហិរញ្ញវត្ថុ អាច​ជោគជ័យ​តែ​ផ្នែក​ខ្លះ​ក្នុង​ជីវិត តែ​អាចធ្វើឱ្យ​យើង​បាត់បង់​ផ្នែក​ជាច្រើន​ផ្សេងទៀត​ដែល​ជីវិត​ត្រូវការ។

លោក Christopher lee បាន​និយាយថា៖“ក្រោយពេល​គិតគូរ​បាន​ល្អិតល្អន់​ហើយ វិធី​សំខាន់​ដែល​ធ្វើឱ្យ​យើង​ទទួលបាន​នូវ​អ្វីដែល​យើង​ចង់បាន​នោះ គឺ​ការអនុវត្ត តែ​ការធ្វើឱ្យ​ក្តី​ស្រមៃ​ក្លាយជា​ការពិត​នោះ ក៏​ទាមទារ​ឱ្យមាន​វិធីសាស្រ្តល្អ​ដើម្បី​សម្រេច​វា​ឱ្យបាន​ផងដែរ”។

អ្នកជំនាញ​ខាង​អភិវឌ្ឍន៍​ធនធានមនុស្ស​ខាងលើ​បាន​លើកឡើងថា ពេលខ្លះ​យើង​គិតថា ទាល់តែ​យើង​ជឿ​លើ​គោលដៅ​របស់​យើង​ទើប​យើង​អាច​សម្រេចវា​បាន តែ​ពេលខ្លះ​ប្រសិនបើ​អ្នក​មិនទាន់​ជឿ​លើ​គោលដៅ​ក៏​អាច​សម្រេច​បានដែរ ដែល​នោះ​គឺ​ការផ្តោត ព្រោះ​នៅពេល​មនុ​ស្សណា​ម្នាក់​ផ្តោត​សំខាន់ ហើយ​ចង់បាន​របស់​ណាមួយ​យ៉ាង​ជាក់លាក់​នោះ យើង​នឹង​ព្យាយាម​ស្វែងរក​វិធី​គ្រប់បែបយ៉ាង​ដើម្បី​ធ្វើ​វា​ឱ្យបាន បើទោះបីជា​រឿង​ខ្លះ​យើង​មិនដែល​ជឿថា យើង​អាចធ្វើ​វា​បាន​ក៏ដោយ។ ភាពស្មោះត្រង់​ជាមួយ​គោលដៅ ហើយ​ស្រឡាញ់​គោលដៅ​នោះ​ឱ្យបាន​ខ្លាំង​បំផុត​តាម​អាចធ្វើ​ទៅបាន អាច​ជំរុញ​យើង​ឱ្យមាន​ថាមពល​កាន់តែខ្លាំង​ដើម្បី​សម្រេច​វា៕

Advertisement