អត្រា​សិស្ស​ក្រោម​ថ្នាក់​ទី5 នៅ​កម្ពុជា​ដែល​មិនចេះ​អក្សរ​មាន​ចំនួន​ច្រើនជាង​ប្រទេស​ក្នុង​តំបន់

ស្រប​ពេលដែល​ក្រសួង​អប់រំ យុវជន និង​កីឡាកំពុងជំរុញឱ្យមាន​ការធ្វើកំណែទម្រង់​វិស័យ​អប់រំគុណភាពសិស្ស​កម្រិត​វិទ្យាល័យ​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា មានការ​កើនឡើង​ជាមួយ​នឹង​អត្រា​ធ្លាក់​ថយចុះ​ស្រប​ពេលដែល​វិញ្ញាសា​ស្ថិតក្នុង​ស្តង់ដារ​តឹងតែង​ដដែល ហើយ​ចំពោះ​ថ្នាក់បឋមសិក្សា ឬ​ការបណ្តុះបណ្តាល​កុមារ​តូច​វិញ​ក៏​កំពុងមាន​សញ្ញា​វិជ្ជមាន​ដែរ។ ទោះបីជា​បែបនេះ​ក៏ដោយ​ក៏​កម្ពុជា​នៅមាន​ឧបសគ្គ​មួយចំនួន​ដែល​នៅតែ​ជា​កត្តា​ប្រឈម​ដដែលដែល​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​សម្រាប់​ការអប់រំ ជាពិសេស​នៅ​ថ្នាក់បឋមសិក្សា។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថាអត្រា​សិស្ស​ក្រោម​ថ្នាក់​ទី5 នៅ​កម្ពុជា​ដែល​មិនចេះ​អាន​អក្សរ​មាន​ស្ថិតិ​ខ្ពស់ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្រសួង​បាន​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំងអស់នេះ​ដោយ​ការបន្ត​បំប៉ន​គ្រូបង្រៀន​ថ្នាក់​ទី1 និង​ថ្នាក់​ទី2ដើម្បី​ជំរុញ​ឱ្យ​ការបណ្តុះបណ្តាល​ផ្នែក​អំ​ណាន ដោយ​ប្រើប្រាស់​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់ដំបូង។ កម្មវិធី​នេះ​នឹង​អាច​ជំរុញ​ឱ្យ​កុមារតូចៗចាប់ផ្តើម​មាន​មូលដ្ឋានគ្រឹះ​ខ្លាំង​លើ​ផ្នែក​អំ​ណាន​ដែល​អាចជួយ​ឱ្យ​ពួកគេ​អាច​អភិវឌ្ឍ​សមត្ថភាព​បានល្អ​នៅ​ថ្ងៃ​អនាគត។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖“កន្លងមក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេសជិតខាង យើង​ឃើញថា សិស្ស​កម្ពុជា​អាចធ្វើ​បានល្អ​ផ្នែក​គណិតវិទ្យា តែ​សម្រាប់​ផ្នែក​អំ​ណាន​វិញ យើង​នៅមានកម្រិត​ទាប​ជាងគេ​នៅឡើយ”។

បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ក្រសួង​បានធ្វើ​កំណែទម្រង់​ដោយ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សៀវភៅ​សម្រាប់​ណែនាំ​ដល់​គ្រូសៀវភៅ​ជំនួយ​ដល់​សិស្ស ប័ណ្ណ​អក្សរ រូបភាព និង​សៀវភៅ​រឿងខ្លីៗជាច្រើន ដើម្បី​បណ្តុះបណ្តាល​សិស្ស​កម្ពុជា​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង។ ជា​លទ្ធផល​បន្ទាប់ពី​បានផ្តល់​នូវ​វិធីសាស្ត្រថ្មីៗ រួមទាំង​សម្ភារ​ជំនួយល្អៗរួចមក ឃើញថា​សិស្ស​មាន​សមត្ថភាព​ល្អជា​ង​មុន ស្រប​ពេលដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​ជំរុញ​បន្ថែម​ដល់​លោកគ្រូ-អ្នកគ្រូ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​វិធីសាស្ត្រ​បង្រៀន​ដោយមាន​សមាសភាព5 គឺ​ការ​ស្គាល់​សូរ ការ​ស្គាល់​តួអក្សរ ការចេះ​អាន​ពាក្យ ការចេះ​អាន​ស្ទាត់ និង​ការអាន​យល់​ន័យរួមទាំង​វិធីសាស្ត្រ​ជំរុញ​ដល់​ផ្នែក​អំ​ណាន​ជាច្រើន​ផ្សេងទៀត​ផងដែរ៕

Advertisement