គំនិត​អវិជ្ជមាន​មួយចំនួន​ដែល​អាចធ្វើឱ្យ​ក្មេង​មាន​ភាព​អសកម្ម​ដោយ​មិនដឹង​ខ្លួន

ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​វប្បធម៌ និង​ប្រពៃណីល្អ​ប្រកបដោយ​គុណ​តម្លៃ​អប់រំ​ខ្ពស់ ដែលធ្វើឱ្យ​ប្រជាជន​ជាច្រើន​ជំនាន់​ទទួលបាន​នូវចំណេះដឹង និង​មានការ​រីកចម្រើន​ទាំង​ផ្នែក​ចិត្តគំនិតស្មារតី និងស្នាដៃ​ស្ថាបត្យកម្ម។ ទន្ទឹមនឹង​ការរស់នៅ​ក្នុង​បរិបទ​វប្បធម៌​ប្រកបដោយ​ភាពវិជ្ជមាន ប្រជាជន​ខ្មែរ​យើង​ក៏មាន​ទម្លាប់​អវិជ្ជមាន​មួយចំនួន​ផងដែរ ដែល​ត្រូវបាន​គេធ្វើតៗគ្នា ដែល​ប៉ះពាល់​ដល់​គំនិត​អប់រំ​ក្នុង​គ្រួសារនីមួយ។

គំនិត​ទាំងអស់នោះ ពេលខ្លះ​អាចធ្វើឱ្យ​ក្មេង​បាត់បង់​ភាព​ស្រមើស្រមៃ និង​មិន​ហ៊ានកំណត់​គោលដៅ​ក្នុងការ​សម្រេចបាន​សមិទ្ធ​ផលថ្មីៗ ឬ​អភិវឌ្ឍ …តទៅទំព័រខ្លួនឯង​ឱ្យ​ហួស​ពី​អ្វីដែល​មនុស្ស​ធំ​ធ្លាប់ធ្វើ។ ទម្លាប់​មួយចំនួន​ដែល​ឪពុកម្តាយ​ខ្លះ​ធ្វើ​ដោយ​មិនដឹង​ខ្លួន​នោះ មានដូចជា៖

1. កុំ​និយាយ​មុន ក្រែង​ធ្វើ​មិនបាន​ខ្មាស់​គេ
ចំណុច​នេះ​ជា​គំនិតល្អ​មួយ​ដែល​បង្ហាញ​ពី​ការចេះ​ដាក់ខ្លួន និង​ប្រឹងប្រែង​ដោយ​ផ្តោត​សំខាន់​លើ​លទ្ធផល​ជាធំ មិនមែន​គ្រាន់តែ​និយាយ​ទេ តែ​វា​ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដែរ ប្រសិនបើ​មិន​ពន្យល់​ឱ្យបានច្បាស់លាស់។ ជាធម្មតា កុមារ​ជា​វ័យ​ដែល​គិតថា​មនុស្ស​ធំ​និយាយ​អ្វី​ក៏ត្រូវ​ដែរ ហេតុនេះ​រាល់​ដំបូន្មាន​របស់​មនុស្ស​ធំ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ដោយ​គ្មាន​ការសង្ស័យ។ នៅពេល​យើង​បង្រៀន​កូនក្មេង​បែបនេះ វា​អាចធ្វើឱ្យ​ពួកគេ​មិន​ហ៊ាន​បង្ហាញ​ក្តី​ស្រមៃ ឬ​មាន​ទម្លាប់​លាក់ទុក​គំនិត​ច្នៃប្រឌិត​ព្រោះ​ខ្លាច​ធ្វើ​មិនបាន​ ហើយ​ត្រូវ​ខ្មាស់​គេ។

សម្រាប់​គំនិត​អប់រំ​សម័យថ្មី​លើ​ពិភពលោក គេ​តែងតែ​បង្រៀនក្មេងៗឱ្យ​ចេះ​ច្នៃប្រឌិត ហើយ​ហ៊ាន​បង្ហាញ​គោលបំណង​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយដើម្បីឱ្យ​អ្នកដទៃ​ងាយស្រួល​ជួយ និង​ជំរុញ​លើកទឹកចិត្ត។ គំនិត​អប់រំ​បច្ចុប្បន្ន​គឺ “និយាយ​មុន​ហើយ ត្រូវតែ​ធ្វើឱ្យបាន ហេតុនេះ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​បើ​មិន​ចង់​ខ្មាស់​គេ”។ គំនិត​នេះ​អាចធ្វើឱ្យ​កុមារ ឬក្មេងៗហ៊ាន​បង្ហាញ​ក្តីសង្ឃឹម និង​ទេពកោសល្យ​របស់ខ្លួន​ដើម្បី​បង្កើត​អ្វីដែល​គេច​ង់​បង្កើត ហើយ​មាន​ភាពក្លាហាន​ក្នុងការ​ពឹងពាក់​មនុស្ស​ធំ ឬ​ស្វែងរក​គ្រប់​ជំនួយ​ដើម្បី​សម្រេចគោលដៅ​ដែល​គេ​ចង់បាន។ ប្រសិនបើ​កុមារ​មាន​ភាពក្លាហាន មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការគិត នោះ​ពួកគេ​នឹង​អាច​ក្លាយជា​មនុស្ស​ធំ​ដែលមាន​សមត្ថភាព។

2. កុំ​គិត​ដូច​ចៅ​ចាក់ស្មុគ
គំនិត​ចៅ​ចាក់ស្មុគ ត្រូវបាន​គេ​ជឿថា ជា​គំនិត​បែកខ្ញែក​រវើរវាយ គ្មាន​ប្រយោជន៍​ដែលនាំឱ្យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង តែ​វា​ក៏​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្កើត​ក្តីសង្ឃឹម​សម្រាប់​មនុស្ស​ដែរ។

លោក សោម សុធា នាយករង​ផ្នែក​បណ្តុះបណ្តាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA បាន​លើកឡើងថា​មនុស្ស​ធំ​ភាគច្រើន តែង​ឃាត់​ក្មេង​មិនឱ្យ​គិត​តាម​ចៅ​ចាក់ស្មុគ តែ​សម្រាប់​លោក​វិញ លោក​គិត​ផ្ទុយ​ពី​ហ្នឹង។ អ្វី​គ្រប់យ៉ាង​ដែល​លោក​មាន​រហូតមកដល់​ពេលនេះ​គឺ​កើតចេញពី​គំនិត​ចៅ​ចាក់ស្មុគ។ លោក​រៀបរាប់ថា កាល​នៅ​ក្មេង លោក​តែងតែមាន​ក្តី​ស្រមៃ​ច្រើនណាស់ ហើយ​រាល់ពេល​លោក​ស្រមើស្រមៃលោក​ចាប់ផ្តើម​មាន​ក្តីសង្ឃឹម​កាន់តែខ្លាំង​ក្នុងការធ្វើអ្វីៗដែល​ខ្លួន​ចង់​ធ្វើ មិន​ថា​ការងារ​នោះ​តូច ឬ​ធំ​ប៉ុនណា​នោះទេ។ ក្រោយមក​ក្តី​ស្រមៃ​របស់លោក​កាន់តែ​ធំឡើងៗ ស្រប​ពេលដែល​សកម្មភាព​ឆ្ពោះទៅ​រកក្តី​ស្រមៃ​នោះ​ក៏​កាន់តែ​រីក​លឿនឡើងៗទៅតាម​នោះដែរ។ មនុស្ស​ដែលមាន​ក្តី​ស្រមៃ បើទោះជា​សម្រេចបាន​ច្រើន ឬ​តិច ក៏​គ្រាន់បើ​ជាង​អ្នក​ដែល​គ្មាន​ក្តី​ស្រមៃ​ដែរ។

ហេតុនេះ​អាណាព្យាបាល​គួរ​លើកទឹកចិត្ត​កូន​ឱ្យ​ហ៊ាន​គិត ហ៊ាន​ស្រមៃ ហ៊ាន​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​ចង់បានហើយ​ជំរុញ​ឱ្យ​រីករាយ​ជាមួយនឹង​ការអភិវឌ្ឍ​បន្តិចម្តងៗក្រោយពេល​សម្រេចបាន​រឿងរ៉ាវតូចៗជា​បន្តបន្ទាប់​នៃ​ក្តី​ស្រមៃ​របស់គេ​ហើយ។ ប្រសិនបើ​កូន​ចង់​គូររូប ឬ​ចង់​សរសេរ បើទោះជា​វ័យ​មិនទាន់​ដល់ ឬ​មិនអាច​ក្លាយជា​វិចិត្រករ​ខ្លាំង​ម្នាក់​ក៏ដោយ ក៏​យើង​អាច​លើកទឹកចិត្ត​ដើម្បី​បណ្តុះ​ក្តី​ស្រឡាញ់​នោះ​រហូត​ពួកគេ​អាច​អភិវឌ្ឍ​បាន​ប្រកបដោយ​ថាមពល​ខ្លាំង​ដែរ។

3. ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់
ពាក្យ​នេះ​ត្រូវបាន​គេ​ជឿតៗគ្នា​ថា វា​ជា​រឿង​ពិតព្រោះ​ទម្លាប់​នៃ​ការរស់នៅ បរិយាកាស​គ្រួសារ ការយល់ដឹង និង​ឥរិយាបថ​របស់​អាណាព្យាបាល​ជះ​ឥទ្ធិពល​ខ្លាំងណាស់​ដល់​កុមារ​តូច តែ​ពេលខ្លះ​ក្នុង​ពាក្យ​នេះ​ក៏​អាច​បំបាក់ទឹកចិត្ត​ក្មេង​បានដែរ​ប្រសិនបើ​ពួកគេ​ស្ថិតក្នុង​គ្រួសារ​ដែលមាន​អាណាព្យាបាល​មិនមែនជា​មនុស្ស​ខ្លាំង។

ក្មេង​អាច​គិតថា ពួកគេ​នឹងមិន​អាចធ្វើ​អ្វី​ឱ្យ​ហួស​ពី​ឪពុកម្តាយ​របស់​ពួកគេ​បាន​នោះទេ ដូចជា​ប្រសិនបើ​ឪពុកម្តាយ​ធ្វើស្រែ ពួកគេ​ក៏​ប្រហែលជា​នឹងមាន​អនាគតស្រដៀងៗគ្នា​ហ្នឹង​ដែរ។ ហេតុនេះ​ពេលខ្លះមុន​បង្រៀន​កូនតូច​ពី​ពាក្យ​នេះ អាណាព្យាបាល​ចាំបាច់​ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់។ សង្គម​បច្ចុប្បន្ន​មិន​ប្រាកដថា​ត្រូវ​ទាំងស្រុង​នោះទេ​ចំពោះ​ឃ្លា​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ព្រោះ​បច្ចុប្បន្នក្មេងៗអាចធ្វើអ្វីៗបាន​ច្រើនណាស់ លើសពី​មនុស្ស​ធំ​គិត​ទៅទៀតហើយ​បើ​គិត​ក្នុង​ន័យធៀប​វិញ ខ្យល់​ដែល​អាច​បក់បោក​ឱ្យ​ក្មេង​ខុស​ឆ្ងាយ​ពី​អាណាព្យាបាល​ក៏មាន​មិនតិច​ដែរ ដូចជា​បច្ចេកវិទ្យា បរិបទ​សង្គម និង​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​រឿងល្អៗជាច្រើន ហេតុនេះហើយ​ទើប​យុវជន​កម្ពុជា​ខ្លះ​អាច​ចាក​ចេញពី​គ្រួសារ​ដែល​មិន​ដែលមាន​អ្នក​រៀនសូត្រ​ទាល់តែសោះ​ដើម្បី​បន្ត​ការសិក្សា​នៅ​បរទេស​រហូត​ទទួលបាន​ជោគជ័យ៕

Advertisement