ទូរស័ព្ទ iPhone មួយចំនួន​ជួប​បញ្ហា​អត់​សេវា ក្រោយពេល Update iOS 12.1.2

ប្រហែលជា 2សប្ដាហ៍​កន្លងទៅនេះ ក្រុមហ៊ុន Apple បាន​តម្រូវឱ្យ​អ្នកប្រើប្រាស់ iPhone ធ្វើការ Update ពី iOS 12.1.1 ឡើងទៅ iOS 12.1.2 ដើម្បី​ជួសជុល​នូវ​ចន្លោះប្រហោង និង​ចំណុច​ខ្វះខាត​មួយចំនួន ប៉ុន្តែ​ក្រោយពី Update រួច ស្រាប់តែ​កើតមាន​បញ្ហា​ជាច្រើន​ទៅវិញ។

ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើន​បាន​ជួប​បញ្ហាដូចជា iPhone ទូរស័ព្ទ​លែងមាន​សេវា មិន​ស្គាល់ ​Wireless​មិន​ស្គាល់​ស៊ីម​កាត រួម​នឹង​បញ្ហា​មួយចំនួនទៀត។

យោងតាម​ការចេញផ្សាយ​របស់​ទស្សនាវដ្ដី Forbes បានឱ្យដឹងថា iOS 12.1.2 បាន​បន្ថែម​នូវ​សមត្ថភាព​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​ខ្លាំង​ជាង​មុន ប៉ុន្តែ​គេ​មិនដឹងថា ហេតុអ្វី​បានជា​អតិថិជន​មួយចំនួន​បាន​ជួប​នូវ​បញ្ហា​ខាងលើនេះ​ទៅវិញ។

សម្រាប់​បញ្ហា​នេះ​ផងដែរ អ្នកប្រើប្រាស់​ដែល​ជួប​ផ្ទាល់ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា ពួកគាត់​បាន​ព្យាយាម​ធ្វើ​ការបិទ-បើក​ទូរស័ព្ទ​ជាច្រើន​ដង ជាពិសេស​គឺ​បាន​ដក-ដាក់​ស៊ីម​កាត​មិនតិចជាង 5ដង​នោះទេ​ក្នុងម្នាក់ៗ ប៉ុន្តែ​លទ្ធផល​ដែលទទួលបាន គឺ​ទូរស័ព្ទ​នៅតែ​អត់​មាន​សេវា​ដដែល។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផងដែរ ខាង​ក្រុមហ៊ុន Apple មិនទាន់​បានចេញ​សេចក្ដីប្រកាស ឬ​ណែនាំ​ណាមួយ​នៅឡើយ ហើយ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ស្រុក​ខ្មែរ​ផ្ទាល់​ក៏​នៅ​មិនទាន់​ជួប​ករណី​នេះដែរ៕

Advertisement