5ឆ្នាំទៅ 10ឆ្នាំ​ទៀត បច្ចេកវិទ្យា​មិនទាន់​ប៉ះពាល់​ខ្លាំង​ដល់​ធនធានមនុស្ស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទេ

វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងមាន​ស្ថានភាព​ល្អប្រសើរ ស្រប​ពេលដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​បាន​ពង្រីក​ខ្លួន​កាន់តែ​ធំឡើងៗជាមួយ​សាខា​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​តំបន់​ជនបទ និង​ទីក្រុង។ ជាមួយនឹង​ការពង្រីក​ទីផ្សារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះធនធាន​ជាច្រើន​បាន​ក្លាយជា​តម្រូវការ​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ដំណើរការ​របស់​ស្ថាប័នធំៗ ដែល​ក្នុងនោះ​ធនធានមនុស្ស​ក៏​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​ផងដែរ​សម្រាប់​សម័យ​បច្ចេកវិទ្យា។

ទន្ទឹមនឹង​ភាព​វិជ្ជមាន​នៃ​ការអភិវឌ្ឍ​នេះ ធនធានមនុស្ស​ផ្នែក​ធនាគារ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​អាច​នឹង​ប្រឈម​បញ្ហា​ជាច្រើន​ផងដែរ​នៅពេលដែល​ប​ដិ​វត្ដ​ន៍​ឧស្សាហកម្ម​ថ្មី​ចូលមក​ដល់ ដែល​ម៉ាស៊ីន​ចាប់ផ្តើម​ចូល​ជំនួស​ផ្នែកខ្លះៗនៃ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលជាចរន្ត​មួយ​ប៉ះពាល់​ដល់​ធនធានមនុស្ស​ដែល​កំពុង​សិក្សា​នេះ។ បើទោះបីជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​នៅតែ​មើលឃើញថា​កម្ពុជា​នៅ​ត្រូវការ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត​ដើម្បី​បំពេញតម្រូវការ​នៅក្នុង​ស្រុក​បើទោះបីជា​បច្ចេកវិទ្យា​ត្រូវបាន​គេ​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​នៅ​កម្ពុជា​ក៏ដោយ។

បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បានឱ្យដឹងថា បច្ចុប្បន្ននេះ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ត្រូវការ​បុគ្គលិក​ច្រើន​គួរសម​ដែរ​ដើម្បី​បម្រើ​ការងារ​លើ​វិស័យនេះ បើទោះបី​ជាមាន​វត្តមាន​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ (FINTECH)ក៏ដោយ។ ជាក់ស្តែង​បើ​គិត​ត្រឹមតែ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី តែមួយ កាលពី​មិនទាន់​រៀបចំ​ប្រព័ន្ធ Fintechធនាគារ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ចន្លោះ​ពី20ភាគរយ ទៅ30ភាគរយ​ជា​រៀងរាល់ឆ្នាំ។ ប្រសិនបើ​គិតពី​ចំនួន​មធ្យម​សម្រាប់​បុគ្គលិក 1ម៉ឺន​នាក់ ហើយ​យើង​ត្រូវការ​ជា​មធ្យម​ប្រហែល 25ភាគរយ​នោះ​យើង​ត្រូវការ​បុគ្គលិក​ប្រមាណ 2,500នាក់​បន្ថែម។ ក្រោយពេល​មាន​វត្តមាន Fintech យើង​នៅតែ​បន្ត​ជ្រើសរើស​បុគ្គលិក​ច្រើន​ដដែល គ្រាន់តែ​មានការ​ថយចុះ​បន្តិច​ប៉ុណ្ណោះ។

លោក​បណ្ឌិត ផុន ណារិន បាន​និយាយថា៖ “បើ​គិតពី​ធនាគារ​នៅ​ទូទាំងប្រទេស ប្រសិនបើ​តម្រូវការ​ធនធានមនុស្ស​កើនឡើង​ត្រឹមតែ 5ភាគរយ​នោះ មានន័យថា តម្រូវការ​ទីផ្សារ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ត្រូវការ​បុគ្គលិក​ថ្មី​ពី​ចន្លោះ 4,000នាក់ ទៅ 5,000នាក់”។

អ្នកគ្រប់គ្រង​ស្ថាប័ន​អប់រំ​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើតាម​ទស្សនៈ​របស់លោក​ផ្ទាល់​រយៈពេល5ឆ្នាំ ទៅ10ឆ្នាំ​ទៀត Fintechមិនអាច​វាយលុក​ខ្លាំង​លើ​ទីផ្សារការងារ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​មាន​ហេតុផលសំខាន់ៗមួយចំនួន​ដែល​ធ្វើឱ្យ​យើង​នៅតែ​ប្រតិបត្តិការ​ធនាគារ​បែប​ប្រពៃណី​នៅ​កម្ពុជា។ ចំណុច​សំខាន់​ទី1 គឺ​បច្ចុប្បន្ននេះ​មានតែ​ធនាគារធំៗចំនួន 2-3ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ធនាគារ​នេះ​សម្រាប់​ប្រតិបត្តិការ​ធនាគារ​រប​ស់​ខ្លួន ហេតុនេះ​យើង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​បន្ថែមទៀត​ដើម្បីឱ្យ​ធនាគារ​កាន់តែ​ច្រើនឡើង​ប្រើប្រាស់ Fintech។ ចំណុច​ទី2 គឺ​ប្រជាជន ឬ​អតិថិជន​បច្ចុប្បន្ន​ភាគ​ច្រើន​មិនទាន់​ទុកចិត្ត​ទាំងស្រុង 100ភាគរយ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះទេហេតុនេះ​ទើប​ប្រជាជន​នៅ​ចូលចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​បែប​ប្រពៃណី​នៅឡើយ។ ចំណុច​សំខាន់​ម្យ៉ាង-ទៀត​នោះ​គឺ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដែល​កំពុង​ប្រែខ្លួន​ទៅជា​ធនាគារ​ក៏​ស្ថិតក្នុង​កម្រិត​មួយ​នៅឡើយ​ចំពោះ​បញ្ហា​បច្ចេកវិទ្យា​នេះ ហេតុនេះ​ទើប​មិនទាន់​អាច​ទៅ​លឿន​បានទេ។ ជារួម​បើ​មើល​តាម​ទំនោរ​របស់​ស្រុក​យើង​សព្វថ្ងៃនេះ​ឃើញថា 10ឆ្នាំ​ទៀត ផលប៉ះពាល់​របស់ Fintechមកលើ​ធនធានមនុស្ស​ផ្នែកធនាគារ​មាន​ប្រមាណ​ត្រឹមតែ 10ភាគរយ ទៅ20ភាគរយ​តែប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ ជី គឹមអុី ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​បញ្ជាក់ថា តាម​ប្រវត្តិ​នៃ​ការធ្វើ​ប​ដិ​វត្តន៍​ឧស្សាហកម្ម គេ​ត្រូវ​ចំណាយពេល​មួយ​សតវត្សរ៍​ដើម្បី​ធ្វើឱ្យបាន​ពេញលេញ ហេតុនេះ​សម្រាប់​កម្ពុជា​យើង​ក៏​ត្រូវការ​ពេលវេលា​ផងដែរ។ លើ​វិស័យណាក៏ដោយ យើង​ចាំបាច់​ត្រូវ​ដើរ​បន្តិចម្តងៗតាមរយៈ​ការជំរុញ​ការបណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកវិទ្យា និង​បណ្តុះបណ្តាល​ឱ្យ​យល់ច្បាស់​ពី​ការផ្លាស់ប្តូរ​របៀប​ធ្វើការ​ងារ​ដោយ​បញ្ចូល​បច្ចេកវិទ្យា​បន្តិច​ម្តង។ ក្រោយ​ពេលដែល​យើង​បណ្តុះបណ្តាល​បាន​នូវ​ធនធានមនុស្ស​ខ្លាំង​ហើយ​ទើប​យើង​អាចអនុវត្ត​ការងារ​បាន​ដោយ​រលូន ព្រោះ​បើទោះបីជា​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ក៏ដោយ​ក៏ត្រូវ​ការ​មនុស្ស​ជា​អ្នកគ្រប់គ្រង​ដែរ។

លោក ជី គឹមអុី បាន​និយាយថា៖ “ពិភពលោក​ចាប់​ផ្តើមធ្វើ​ស្វ័យប្រវត្តិកម្ម (automation) លើ​ផ្នែក​ផលិតកម្ម និង​សេវាក​កម្ម តែ​ចរន្ត​នេះ​អាច​ធ្វើទៅ​មិនសូវ​ជា​បាន​ស្រុះគ្នា​នោះទេ វា​ទាមទារ​ឱ្យមាន​ការចំណាយ​ពេលវេលា​ដើម្បី​ត្រៀម​ទាំង​ធនធាន និង​ការអប់រំ​ឱ្យ​បានល្អ​ជាមុនសិន”។

អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា បន្តិចម្តងៗកម្ពុជា​អាច​នឹង​អនុវត្ត​បានល្អ​លើ​ការប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ទាំង​ផ្នែក​ផលិតកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ តែ​មិនមែន​ក្នុងពេល​ត្រឹមតែ 4-5ឆ្នាំ​ទៀត​ទេ តែ​វា​អាច​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ​ទៀត​ដែរ​ដើម្បី​បញ្ជ្រាប​ប្រព័ន្ធថ្មីៗទាំងអស់នេះ​ឱ្យបាន​គ្រប់​ទីកន្លែង។ ម្យ៉ាងវិញទៀត បើទោះបីជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ប៉ះពាល់​ដល់​ការងារ​មនុស្ស​ក៏ដោយ តែ​មនុស្ស​ក៏​នៅតែមាន​ឱកាស​ធ្វើ​ការងារ​បានល្អ​ដដែល គ្រាន់តែ​ផ្លាស់ប្តូរ​ពី​ការងារ​ចាស់​ទៅ​ការងារថ្មីៗតែប៉ុណ្ណោះ៕

Advertisement