ការសម្របសម្រួល​ជា​ចំណុច​សំខាន់​ក្នុងការ​សម្រួច​សកម្មភាព​ឱ្យ​សម្រេច​គោលដៅ​ក្នុង​អាជីវកម្ម

មិន​ថា​ការរស់នៅ ការធ្វើការងារ ឬ​ការធ្វើ​អាជីវកម្ម​នោះទេ មនុស្ស​គ្រប់គ្នា​ចាំបាច់​ត្រូវធ្វើ​ការប្រាស្រ័យទាក់ទង​ដើម្បី​ប្រើប្រាស់​មនុស្ស​ឱ្យ​អស់ពី​សក្តានុពលឆ្ពោះទៅ​សម្រេច​គោលដៅ​ណាមួយ​ដែល​បានកំណត់​ទុក។ មនុស្សម្នាក់ៗ ជាពិសេស​សហគ្រិន​ដែលជា​អ្នកមើល​ឃើញ​ពី​ឱកាសច្រើនជាង​អ្នកដទៃ​ផ្សេងទៀត តែងតែ​ជា​អ្នក​ដែលមាន​សមត្ថភាព​ក្នុងការ​ប្រមូល​មនុស្សខ្លាំងៗឱ្យធ្វើ​ការងារ​ជាមួយ​ខ្លួន តែ​ពេលខ្លះ​ម្ចាស់​អាជីវកម្ម​អាច​នឹង​ប្រឈម​ជាមួយ​ហានិភ័យ​ខ្ពស់​ក្នុង​អាជីវកម្ម​ទៅវិញ បើទោះបីជា​ពួកគាត់​មាន​មនុស្ស​ខ្លាំង​នៅក្បែរ​ខ្លួន​ក៏ដោយ។

លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន Asia Leading Academy បាន​លើកឡើងថា អ្នក​ដែល​ពូកែ​ប្រមូល​មនុស្ស​មក​ធ្វើ​ការងារ​រួមគ្នា ឬ​ចូលរួម​ដើម្បី​ជួយ​ដល់​អាជីវកម្ម មិន​ប្រាកដថា សុទ្ធតែ​អាច​ជោគជ័យ​នោះទេ ព្រោះ​មនុស្សម្នាក់ៗមាន​ចំណុច​ខុសគ្នា​ច្រើន​ដែល​អាចធ្វើ​ឱ្យមាន​ការខ្វែង​គំនិត​គ្នា​គ្រប់ពេល។ ពេលខ្លះមាន​មនុស្ស​ពូកែ​ច្រើន បញ្ហា​ក្នុង​ក្រុមការងារ​ក៏​កាន់តែច្រើន​ដូចគ្នា ដែល​ស្ថានភាព​នេះ​ជា​ចំណុច​ប្រឈម​សំខាន់​មួយ​អាចធ្វើឱ្យ​អា​ជី​កម្មថ្មីៗត្រូវ​បិទទ្វារ​ទៅវិញប្រសិនបើ​អ្នកគ្រប់គ្រង​មិនចេះ​សម្របសម្រួល​ឱ្យបាន​ល្អ ទោះបី​ជាមាន​ម្ចាស់​ភាគហ៊ុន​ជា​មនុស្ស​ពូកែ​ធ្វើ​ការងារ​ក៏ដោយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក-គ្រប់គ្រង​ចាំបាច់​ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រង​បុគ្គលិក ឬ​ដៃគូ​ឱ្យបាន​ល្អ ដើម្បី​ធានាថា យើង​អាច​កាត់បន្ថយ​គុណវិបត្តិ ហើយ​ប្រើប្រាស់​សមត្ថភាព​របស់​សមាជិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ដើម្បី​នាំ​ស្ថាប័ន​ឱ្យ​កាន់តែខ្លាំង និង​លេចធ្លោ​ឡើង។

លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “សម្រាប់​ខ្ញុំ​ការគ្រប់គ្រង​មនុស្ស​ចាំបាច់​ត្រូវមាន​ចំណុចសំខាន់ៗមួយចំនួន​គឺ​វិធីសាស្ត្រ ចិត្តសាស្ត្រ និង​ការកំណត់​គោលដៅ​ឱ្យបាន​ច្បាស់លាស់”។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថាចំពោះ​វិធីសាស្ត្រ អ្នកគ្រប់គ្រង​ចាំបាច់​ត្រូវ​ព្យាយាម​ស្វែងយល់​ឱ្យបាន​កាន់តែច្បាស់ និង​លម្អិត​ពី​បុគ្គលភាព​របស់​សមាជិកម្នាក់ៗថា តើ​គាត់​ជា​មនុស្ស​បែបណា មាន​ប្រភព​មកពីណា ហើយ​មាន​បទពិសោធ​អ្វីខ្លះហើយ​គាត់​មាន​លក្ខណៈ​ប្លែក​អ្វីខ្លះ​ខុសពី​សមាជិក​ដទៃទៀត។ ចំពោះ​ចិត្តសាស្ត្រ គឺជា​ដំណាក់កាល​សំខាន់​មួយ​ផ្សេងទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​ក្រោយពេល​យើង​ដឹង​ច្បាស់​ពី​បុគ្គលភាព​របស់​បុគ្គលិក​ហើយ អ្នកគ្រប់គ្រង​ចាំបាច់​ត្រូវ​ចេះ​ប្រើប្រាស់​ភាពឆ្លាត​វៃ​របស់ខ្លួន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង ឬ​ជំរុញ​សកម្មភាព​ការងារ​បែបណា​ដើម្បី​ធ្វើឱ្យ​ត្រូវ​នឹង​អ្វីដែល​មនុស្សម្នាក់ៗត្រូវការ។ ប្រសិនបើ​យើង​អនុវត្ត​សកម្មភាព​តែមួយ​ជាមួយ​សមាជិក​គ្រប់គ្នា​នោះ យើង​នឹង​បង្កើត​ចំណុច​ជំទាស់​កាន់តែច្រើន ព្រោះ​មនុស្សម្នាក់ៗត្រូវការ​ការយកចិត្ត​ទុកដាក់​តាម​វិធីសាស្ត្រ​ផ្សេងគ្នា និង​មានវី​ធី​សាស្រ្ត​ធ្វើ​ការងារផ្សេងៗគ្នា​ដែល​ទាមទា​ឱ្យ​អ្នកគ្រប់គ្រង​យល់​ពី​កាលៈទេសៈ ហើយ​ជំរុញ​លើកទឹកចិត្ត​ឱ្យធ្វើ​ការងារ​បានល្អ​ដោយ​មិនប៉ះពាល់​ដល់​ទឹកចិត្ត។ ចំណុច​ចុងក្រោយ​គឺ​ព្យាយាម​កំណត់​គោលដៅ​ឱ្យបាន​ច្បាស់លាស់​ថា សកម្មភាព​ការងារ​របស់​យើង​ត្រូវការ​មនុស្ស​ប្រភេទ​ណា​ផ្សេងទៀត ហើយ​មនុស្ស​ណាខ្លះ​ដែល​គួរតែ​បន្ថែម​សម្រាប់​ក្រុមការងារ​ទាំងមូល​បន្ទា​ប់​ពី​អាច​សហការគ្នា​បានល្អ​ហើយ ដើម្បីឱ្យ​សកម្មភាព​អាជីវកម្ម​កាន់តែ​មានកា​រ​អភិវឌ្ឍ​លឿន​ឡើង។

លោក ឃួន សុខា​ន់​ឌី អគ្គនាយក​ក្រុមហ៊ុន ECC Reality បាន​លើកឡើងថា សម្រាប់​អាជីវកម្ម​របស់លោក និង​ក្រុមការងារ​របស់លោក ដែលជា​វិស្វករ​ផង​នោះ ពេលខ្លះ​មានការ​លំបាក​ក្នុងការ​សម្របសម្រួល​ជាមួយ​ក្រុមការងារ ព្រោះ​ក្រុម​អ្នកជំនាញ​ខុសពី​អ្នករកស៊ី។ អ្នកជំនាញ​ជា​អ្នក​ដែល​សិក្សា​ល្អិតល្អន់ ត្រូវការ​ប្រើប្រាស់​ពេលវេលា​យូរ​ក្នុង​ការចេញ​គម្រោងមួយៗ ហើយ​ពេលខ្លះទៀត​ត្រូវការ​ភាពល្អិតល្អន់​បំផុត ទើប​អាចនិយាយបាន ដើម្បី​ចៀសវាងការខាតបង់ ហើយ​មិន​ចូលចិត្ត​ស្មាន​នោះទេ តែ​សម្រាប់អ្នករកស៊ី​វិញ​ត្រូវការ​ភាព​រហ័ស និង​និយាយ​ចេញភ្លាមៗជាការ​ប៉ាន់ស្មាន។ ភាពខុសគ្នា​នេះ​ធ្វើឱ្យមាន​ភាពលំបាក​ក្នុងការ​គ្រប់គ្រង ឬ​សម្របសម្រួល​ឱ្យ​ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើរ​ស្របគ្នា​ណាស់ តែ​សម្រាប់​អ្នករកស៊ី​លើ​វិស័យ​អចលនទ្រព្យ ឬ​សំណង់​ចាំបាច់​ត្រូវតែ​ប្រឈម​បញ្ហា​នេះ។ ហេតុនេះហើយ​ទើប​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យអាជីវកម្ម​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន ហើយ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង​បាន។

លោក ឃួន សុខា​ន់​ឌី និយាយថា៖ “សកម្មភាព​សំខាន់​ក្នុងការ​សម្របសម្រួលរ​វាង​អ្នកជំនាញ និង​ម្ចាស់​អាជីវកម្ម គឺ​បណ្តុះបណ្តាល និង​ព្យាយាម​ជំ​រុញឱ្យ​អ្នកជំនាញ​ក្លាយជា​អ្នករកស៊ី។ នៅពេលដែល​អ្នកជំនាញ​ចាប់ផ្តើម​គិតថា ខ្លួនឯង​ជា​ផ្នែក​មួយ​នៃអាជីវកម្ម​នោះ ពេលនោះ​គាត់​នឹង​ចាប់ផ្តើម​យល់​ពី​តម្រូវការ​របស់​អតិថិជន​កាន់តែច្បាស់​ដែល​ធ្វើឱ្យ​គាត់​អាច​នឹង​ចាប់ផ្តើម​ច្នៃ​ស្ថានការណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង”។

លោក សុខា​ន់​ឌី បានលើកឡើង​ផងដែរ​ថា អ្នករកស៊ី​ជាមួយ​អ្នកជំនាញ​ចាំបាច់​ត្រូវតែ​អត់ធ្មត់ ហើយ​ព្យាយាម​នាំ​ពួកគាត់​បន្តិចម្តងៗឱ្យ​យល់​ពី​តម្រូវការ​ជាក់ស្តែង​ដែល​យើង​ចង់បាន ហើយ​កាត់បន្ថយ​ការស្តីបន្ទោស ព្រោះម្នាក់ៗសុទ្ធ​តែមាន​ចំណុច​សំខាន់រៀងៗខ្លួន។ នៅពេលដែល​អ្នកជំនាញ​គាត់​ដឹង​ពី​គោលដៅ និង​ចំណុច​សំខាន់​ក្នុងការ​ប្រកួតប្រជែង ឬ​មាន​ជំនាញ​សហគ្រិនភាព​ហើយ គាត់​នឹង​ប្រើប្រាស់​ភាពច្នៃប្រឌិត​របស់គាត់​ដើម្បី​ធ្វើយ៉ាងណា​បង្កើត​ក្បួន​ងាយស្រួលផ្សេងៗទៀត​ដើម្បី​ធ្វើឱ្យ​លឿន ឱ្យ​ល្អ ហើយ​ធ្វើឱ្យ​ម្ចាស់​ស្ថាប័ន​យល់​ពី​តម្លៃ​របស់គាត់​កាន់តែខ្លាំង៕

Advertisement