ជប៉ុន​ផ្តល់​ការងារ​ដល់​ជនពិការ ដោយ​ឱ្យ​ពួកគេ​បញ្ជា​អ្នកបម្រើ​កាហ្វេ​ក្នុង​ភោជនីយដ្ឋាន

បច្ចេកវិទ្យា​នៅក្នុង​ពិភពលោក​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដែល​ការណ៍​នេះ​បាន​ជំ​រុញឱ្យ​អ្នកជំនាញ ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​នានា​បាន​ព្យាយាម​ស្វែងរក​សមិទ្ធផលថ្មីៗដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​មនុស្សជាតិ​លើ​ពិភពលោក។ ថ្វីដ្បិតតែ​បច្ចេកវិទ្យា​អាច​នឹង​ឆក់យក​ឱកាស​ការងារ​ពី​មនុស្ស​ខ្លះ​មែន តែ​ពេលខ្លះ​វា​ក៏​ផ្តល់​ភាព​វិជ្ជមាន​ផងដែរ​សម្រាប់​ប្រជាជន​លើ​ពិភពលោក​ដែល​ទទួលបាន​ការអប់រំ​កាន់តែ​ច្រើនឡើង។ គុណសម្បត្តិ គឺ​មនុ​ស្សនឹង​បោះបង់​ការងារតូចៗហើយ​ចាប់យក​ការងារ​ដែល​កាន់តែខ្លាំង មាន​ប្រសិទ្ធភាព និង​មាន​ល្បឿន​លឿន​ជាង​មុន។ ចំណុច​ពិសេស​មួយ​ផ្សេងទៀត គឺ​មនុស្ស​គ្រប់គ្នា រួមទាំង​ជនពិការ​អាច​នឹងមាន​ភាពងាយស្រួល​ក្នុង​ការធ្វើការងារ​នៅ​គ្រប់​ទីកន្លែង។

ថ្មីៗនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​បាន​បង្កើត​កម្មវិធី​សាកល្បង​មួយ​នៅក្នុង​ភោជនីយដ្ឋាន​ដោយ​ដាក់​មនុស្ស​យន្ត​ជា​អ្នកបម្រើ​ការងារ​នៅក្នុង​ភោជនីយដ្ឋាន​ដែល​គ្រឿងយន្ត​ទាំងនោះ​ត្រូវបាន​បញ្ជា​ដោយ​ជនពិការ​ដែល​មិនមាន​កាយសម្បទា​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​អ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន​បាន។

គ្រឿងយន្ត​ទាំងអស់នេះ​អាចមាន​សមត្ថភាព​ក្នុង​ការដើរ​យក​កាហ្វេ​ជូន​ភ្ញៀវ ជូត​សម្អាត​តុ​ដោយ​ខ្លួនឯង និង​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​តាម​ការបញ្ជា​របស់​ជន​ពិការ។ បុគ្គលិក​ជនពិការ​ទាំ​ង​អស់​មិនចាំបាច់​ចាក​ចេញពីផ្ទះ​ទៅ​កន្លែងធ្វើការ​ងារ​នោះទេ ពួកគេ​ត្រូវបានបង្រៀន និង​ផ្តល់​ឧបករណ៍​សម្រាប់​បញ្ជា​ដោយ​ក្រុមការងារ​នៅផ្ទះ។

មនុស្ស​យន្ត​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​ទាំងអស់នោះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​លោក Kentaro Ory Yoshifuji ដែលជា​នាយក​ប្រតិបត្តិ​នៃ​មន្ទីរ​ពិសោធន៍ Ory Lab ដែល​ចាប់ដៃគ្នា​សហការ​ជាមួយនឹង​សហ-​ស្ថាបនិក​សំខាន់ 2រូប​ទៀត គឺ​លោក Aki Yuki និង​ Yoshifumi Shiiba។ មនុស្ស​យន្ត​ទាំងអស់នោះ​ត្រូវបាន​រចនា​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជា​ពី​ចម្ងាយ​ជាមួយនឹង​ការបញ្ជា 1.2ម៉ែត្រ និង​អា​ចប​ញ្ចូ​ន​សំឡេង និង​វីដេអូ​ដែល​គេ​បាន​ថតរូប​អតិថិជន​ទៅកាន់​អ្នកបញ្ជា​ផ្ទាល់​តាមរយៈ​ទូរស័ព្ទដៃ Smart Phone ឬ​Tablet។

ហាង​កាហ្វេ​ដែល​បានដាក់​មនុស្ស​យន្ត​ឱ្យប្រើ​ប្រាស់​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ2008 ក្រោម​ក្តី​ស្រមៃ​ថា មនុស្ស និង​មនុស្ស​យន្ត​អាច​រស់នៅ​ជាមួយគ្នា ហើយ​ធ្វើ​ការងារ​ដើម្បី​បម្រើឱ្យ​គ្នា​ទៅវិញទៅមក​បាន។ ក្រុមការងារ​ទាំងអស់​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​លើកដំបូង​នេះ មាន​គ្នា 10នាក់ ហើយ​ពួកគេម្នាក់ៗនឹង​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ 1,000យ៉េន ឬ​ស្មើនឹង 8ដុល្លារ​ក្នុង​មួយ​ម៉ោង ដែលជា​ចំណូល​ទាប​ជាងគេ​បំផុត​ក្នុងប្រទេស​ជប៉ុន៕

Advertisement