គួរ​ជ្រើសរើស​ជំនាញ​ចាប់ពី​ថ្នាក់​ទី​ប៉ុន្មាន ដើម្បី​កុំឱ្យ​មាន​បញ្ហា​ពេល​រៀន​មហាវិទ្យាល័យ?

ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ជា​ចំណុច​ប្រឈម​មួយ​សម្រាប់​សិស្សនិស្សិតស្ទើរ​គ្រប់គ្នា មិន​ថា​នៅតំបន់​ជនបទ ឬ​នៅ​តំបន់​ទីក្រុង​នោះទេ។ ថ្វីដ្បិតតែ​បច្ចុប្បន្ននេះប្រព័ន្ធ​ព័ត៌មាន​ឧ​ត្ត​ម​សិក្សា​បាន​ជ្រួតជ្រាប​ទៅដល់​គ្រប់​ទីកន្លែង និងមាន​ភាព​សម្បូរបែប​ក៏ដោយក៏និស្សិត​មិនតិច​ទេ​ដែលចេញមកធ្វើការ​ងារ​ខុស​ជំនាញ ឬខកបំណង​បន្ទាប់ពី​សិក្សា​ជិតចប់​ថ្នាក់​បរិញ្ញាបត្រ​ហើយ ទើប​ដឹងថា​ខ្លួន​មិន​ស្រឡាញ់​អាជីព​នោះ។

លោក អួង បូ​រិន្ទ ប្រធាន​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Aplus Consulting បាន​លើកឡើងថាការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ជា​ជំហានដ៏​សំខាន់​សម្រាប់​ជីវិតរបស់សិស្សនិស្សិត ព្រោះ​វា​ជាដំណាក់កាល​ដំបូង​បំផុត​ដែល​ពួកគេ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ស្ថានភាព​ការសិក្សាពី​រៀន​ដើម្បី​បន្ត​ឡើង​ថ្នាក់មកជា​រៀន​ដើម្បី​អនុវត្ត​ជាក់ស្តែង​វិញ​ម្ដង។ លោក​ថា មាន​និស្សិត​ខ្លះ​រៀន​ពូកែ ហើយ​មាន​ភាព​លេចធ្លោ តែ​ពេល​ដាក់ពាក្យ​ធ្វើការ​ងារ​ពិតប្រាកដ បែរជា​មិនអាច​ទទួលបាន​ការងា​រ​ធ្វើ ព្រោះ​ពួកគេ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការអនុវត្ត និង​ចេះតែ​មេរៀន​ក្នុង​សាលាតែប៉ុណ្ណោះមិនមាន​លទ្ធភាព​ប្រើប្រាស់​ចំណេះ​នោះ​ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​សេចក្តីត្រូវការ​របស់​ស្ថាប័ន​នោះទេ។

លោក អួង បូ​រិន្ទ បាន​និយាយថា៖ “កាលពី​ក្មេងខ្ញុំ​ជាម​នុស្ស​ពូកែ​ផ្នែក​គីមីវិទ្យា និង​វិទ្យាសាស្ត្រ​ពិតហើយ​តាមពិតទៅ​សាលា​ដែល​ត្រូវ​នឹង​ទេពកោសល្យ​របស់ខ្ញុំ គឺ​សាលា​តិច​ណូ តែ​ក្រោយពេល​ប្រឡង​បាក់​ឌុប​ជាប់ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ច្រើនពេក ធ្វើឱ្យ​ខ្ញុំ​ពិបាក​បែងចែក​ថា តើ​ខ្លួនឯង​ត្រូវ​នឹង​ជំនាញ​អ្វី​ឱ្យ​ពិតប្រាកដ?។ បន្ទាប់មក​ក៏​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​ផ្នែក​លក់ និង​ទីផ្សារ​វិញ ព្រោះ​មាន​មិត្តភក្តិ រួមជាមួយ​មនុស្ស​ជុំវិញខ្លួន​ជាច្រើន​ផ្តល់យោបល់”។

លោក អួង បូ​រិន្ទ បាន​បន្ថែម​ផងដែរ​ថា នៅពេល​រៀន​មហាវិទ្យាល័យ លោក​ខិតខំ​ប្រឹងប្រែង និង​សម្រេចចិត្ត​សំខាន់​តែមួយគត់​គឺ រៀន​ឱ្យ​ពូកែ។ ជា​លទ្ធផល​ការសិក្សា​របស់លោក គឺ​ទទួល​បានល្អ​ណាស់ ហើយ​លទ្ធផល​នៃ​ការប្រឡង​ក៏ខ្ពស់ៗផងដែរ ដែល​ធ្វើឱ្យ​លោក​ទទួលបាន​ចំណាត់ថ្នាក់​លេខ3 ក្នុងចំណោម​និស្សិត​រាប់រយ​នាក់ តែ​អ្វីដែល​ហួសចិត្ត​នោះ​គឺ ក្រោយពេល​បញ្ចប់​ការសិក្សា និង​ដាក់ពាក្យ​ធ្វើ​ការងារ បែរជា​មិនមាន​ក្រុមហ៊ុន​ណា​ជ្រើស​យក​រូបលោក​ឡើយ។ បញ្ហា​នេះ​មកពី​លោក​ប្រឹងប្រែង​ខ្លាំងពេក​តែ​ក្នុង​សាលា តែ​មិនបាន​គិតពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការងារ​ក្នុង​អាជីព​ដែល​លោក​បានជ្រើសរើស។ លោក​ថាស្ថានភាព​បែបនេះ​ក៏​កំពុង​កើតមាន​ផងដែរ​សម្រាប់​និស្សិត​កម្ពុជា​មួយចំនួន​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ។

លោក បូ​រិន្ទ បានបញ្ជាក់​បន្តទៀតថា ក្រោយមក​ទើប​លោក​ចាប់​អាជីព​សិក្សា​មួយ​ផ្សេងទៀត​គឺគណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​កាលនោះ​ចំណាយពេល​ចោល​ប្រមាណ​ជិត 5ឆ្នាំ។ ឆ្លងកាត់​បទពិសោធ​នេះ លោក​បាន​ណែនាំ​ថា សិស្ស​គួរ​ចាប់ផ្តើម​ជ្រើសរើស​ជំនាញ​សិក្សា​ចាប់ពី​ថ្នាក់​ទី10 ទៅឱ្យ​ហើយ ដើម្បី​ព្យាយាម​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​ជំនាញ​ដែល​ខ្លួន​នឹង​ចាប់យក​នាពេល​អនាគត និង​ស្ថានភាព​នានា​ជុំវិញ​អាជីព​នោះ ដើម្បី​ត្រៀមខ្លួន ធ្វើយ៉ាងណា​រៀបចំខ្លួន​ឱ្យស្រប​ទៅនឹង​តម្រូវការ​ការងារ​ជាក់ស្តែង។

លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus consulting បាន​លើកឡើងថាបញ្ហា​បច្ចុប្បន្ន​ដែល​ធ្វើឱ្យមាន​បញ្ហាលំបាក​ក្នុងការស្វែងរក​ការងារធ្វើ​របស់​សិស្ស-និស្សិត​គឺ កង្វះ​ព័ត៌មាន និង​មិនបានត្រៀមខ្លួន​ឱ្យ​បានល្អ​មុនពេល​ចូល​សិក្សា​មហាវិទ្យាល័យ។ មាន​និស្សិត​ខ្លះ​នៅតាម​បណ្តា​ខេត្ត​មិនស្គាល់​ជំនាញ និង​ការងារ​ច្រើន​នោះទេគេ​មើល​ឃើញតែ​ជំនាញ​ណា​ដែល​មាននៅ​ជុំវិញខ្លួន​តែប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​មិនមាន​ឱកាស​ក្នុងការ​ចាប់យក​អាជីពសំខាន់ៗដែល​សង្គម​កំពុង​ត្រូវការ ឬ​អាច​នឹង​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​តាម​គេ​តាម​ឯង​ក្រោយពេល​បញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា។ ការជ្រើសរើស​ជំនាញភ្លាមៗក្រោយពី​បញ្ចប់​បាក់​ឌុប មាន​រយៈពេល​ខ្លី​ណាស់ ហេតុនេះ​ពេលខ្លះ​អាចធ្វើឱ្យ​សិស្ស​សម្រេចចិត្ត​ខុស ហើយ​ជ្រើសរើស​តែ​ជំនាញ​ណា​ដែលមាន​មនុស្ស​ជ្រើសរើស​ច្រើនធ្វើឱ្យ​ពួកគេ​ប្រកួតប្រជែងក្នុង​ទីផ្សារ​ដែល​ចង្អៀត។

លោក ងួន ប៊ុន​និ​ត បាន​និយាយថា៖ “និស្សិត​គួរ​ព្យាយាម​ស្វែងយល់​ព័ត៌មាន​ពី​អាជីព​ការងារ និង​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ឱ្យបាន​ជាក់លាក់​នៅពេល​ពួកគេ​ចាប់ផ្តើម​ចូល​ថ្នាក់​មហាវិទ្យាល័យ ព្រោះ​ចាប់ផ្តើម​ពី​ពេលនេះ ពួកគេ​អាចមាន​ពេលវេលា​ច្រើន​ដើម្បី​សម្រេចចិត្ត ឬ​សាកសួរ​យោបល់​ទៅកាន់​សិស្ស​ច្បង​ដែល​កំពុង​ស្ថិតក្នុង​អាជីព​ដែល​គេ​ប្រាថ្នា​នោះ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​កុំឱ្យ​ជ្រើសរើស​ខុស ហើយ​ស្តាយក្រោយ និង​ខាតបង់​ពេលវេលា”។

បច្ចុប្បន្ននេះ ទោះបីជា​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថាប័នឯកជន ភាគី​ពាក់ព័ន្ធ និង​រួមទាំង​ស្ថាប័ន​ព័ត៌មាន​ផង កំពុង​យកចិត្តទុកដាក់​ក្នុង​ការជំរុញឱ្យ​សិស្ស​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ក្នុងការ​ជ្រើសរើស​ជំនាញ​ក្តី តែ​អ្នក​នៅក្នុង​វិស័យ​ធនធានមនុស្ស​នៅតែ​មើលឃើញថា សិស្ស-និស្សិត​កម្ពុជា​ជាច្រើន​ជាពិសេស​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ត្រូវការ​ប្រភពព័ត៌មាន និង​ការប្រឹក្សា​ជាច្រើន​បន្ថែមទៀត​ដើម្បី​កំណត់​ទិសដៅ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​អនាគត៕

Advertisement