ទីផ្សារ​សៀវភៅ​នៅ​កម្ពុជា​ចាប់ផ្តើម​ងើបឡើង​គួរឱ្យកត់សម្គាល់ តែ​ចំនួនអ្នកអាននៅមានកម្រិត

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការអាន​នៅ​កម្ពុជា​ចាប់ផ្តើម​មានសម្ទុះ​ឡើង​គួរឱ្យកត់សម្គាល់ ស្ថានភាព​នេះ​ត្រូវបាន​គេ​កត់សម្គាល់​តាមរយៈ​ការកើនឡើងនូវ​ចំនួន​អ្នកគាំទ្រ​ពិ​ព័រ​ណ៍​សៀវភៅ ការកើនឡើង​នៃ​ការបោះពុម្ពផ្សាយ​ស្នាដៃថ្មីៗ និង​ការកើនឡើង​នៃ​ចំនួន​សៀវភៅ​ដែល​បាន​លក់​ចេញពី​អ្នកលក់​សៀវភៅ​នានា​នៅក្នុង​ប្រទេស។ លោក ប៊ួ​យ សុធន ស្ថាបនិកបណ្ណាគារ My BOOKSHOPCambodia បាន​លើកឡើងថាប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ​ស្ថានភាព​នៃ​ការគាំទ្រ​សៀវភៅ​របស់​ប្រ​ជាជន​ខ្មែរ​មានការ​កើនឡើង​យ៉ាង​ចម្លែក និង​គួរឱ្យកត់សម្គាល់។ ការកើនឡើង​នៃចំនួន​អ្នកអាន​នេះ​អាច​បណ្ដាលមកពី​កត្តា​ជាច្រើនដែល​ក្នុងនោះ​កត្តា​ទី1គឺ​កត្តា​ព្រឹត្តិការណ៍។ ដូច​យើងគ្រប់គ្នា​បាន​មើលឃើញ​ហើយ​ថា បើ​សង្កេតមើល​នៅក្នុង​ពិធី​តាំងពិព័រណ៍​សៀវភៅ ឃើញថា​មានការ​ចូលរួម​កាន់តែ​ច្រើនឡើង​ពី1ឆ្នាំទៅ1ឆ្នាំ។ កត្តា​ទាំងអស់នេះ​អាចមកពី​យុវវ​័យ​ចូលចិត្ត​សប្បាយ ហើយ​ចង់​ចូលរួម​ក្នុង​កម្មវិធីសប្បាយៗជាច្រើន​ក្នុង​ពិព័រណ៍តែ​ទោះបីជា​យ៉ាងនេះ​ក្តី ទៅ​កន្លែង​ដែល​សម្បូរ​សៀវភៅ យ៉ាងហោចណាស់​ក៏​យើង​អាចទាក់ទាញ​ចំណាប់អារម្មណ៍​របស់​យុវវ័យ​មកលើ​សៀវភៅ​បាន​ខ្លះ​ដែរ។ក្រៅពីនេះ យើង​ក៏​ចាប់ផ្តើម​មាន​ទិវា​អំ​ណាន​ជាតិ ដែល​អាច​ជំរុញ​វិស័យ​ការអាន​បាន​ខ្លះ បើទោះបីជា​កម្មវិធី​នេះ​មិនទាន់មាន​ភាព​ទាក់ទាញ​ខ្លាំង​ក៏ដោយ ក៏​វា​អាចជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាចឱ្យ​យើង​ឈានទៅរក​ភាព​កាន់តែ​ប្រសើរឡើង​នៅ​ថ្ងៃ​អនាគត​បានដែរ។

កត្តា​សំខាន់​ទី2 គឺ​កត្តា​បណ្ដាញ​សង្គម ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ យើង​ឃើញថា មាន​ប្រជាជន​ខ្មែរ​យើង​ជាច្រើន​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ពី​សៀវភៅ​កាន់តែ​ទូលំទូលាយ ហើយ​មាន​អ្នក​ខ្លះទៀតក៏បាន​បង្កើត​គេហទំព័រ​លក់​សៀវភៅ ឬ​ហាង​លក់​សៀវភៅ​តាម​អន​ឡាញ​ថែម​ទៀតផង ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​ដែលនាំឱ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង។ បច្ចុប្បន្ននេះ​មិនថាតែ​យុវវ័យ ឬ​មនុស្ស​ចាស់​នោះទេ គ្រប់គ្នា​សុទ្ធតែ​ប្រើប្រាស់​បណ្តាញ​បច្ចេក-វិទ្យា ហេតុនេះ​នៅពេល​យើង​មានការ​ផ្សព្វផ្សាយ​ក្នុងបណ្តាញ​សង្គម អាចធ្វើឱ្យ​យុវវ័យ​ចាប់ផ្តើម​ចាប់អារម្មណ៍ស្រប​ពេលដែលចាស់ៗក៏​ចាប់ផ្តើម​មើលឃើញ និងជំរុញក្មេងៗឱ្យ​ជ្រើសរើស​សៀវភៅល្អៗមក​អាន​ផងដែរ ប៉ុន្តែ​នៅតាម​ជនបទ មិនទាន់មាន​ការស្រាវជ្រាវ​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ពី​ការរីកចម្រើន​លើ​អំ​ណាន​សៀវភៅ​នេះ​នៅឡើយ លើកលែងតែ​នៅតាមទីប្រជុំជន​នៃ​ទី​រួម​ខេត្ត-ក្រុង​ដែល​ប្រជាជនមាន​ជីវភាព​ធូរធារ និង​មាន​កម្រិត​នៃ​ការអប់រំ​ខ្ពស់​ប៉ុណ្ណោះ តែ​នេះ​ជា​បេសកកម្ម​ចម្បង​របស់​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ពីលើ​កិច្ចការ​របស់​រដ្ឋាភិបាល។

កត្តា​សំខាន់​មួយ​ផ្សេងទៀត​គឺ ទី3 គ្រឹះស្ថានបោះពុម្ពផ្សាយ ដែល​បច្ចុប្បន្ននេះ​យើង​មើលឃើញថា គ្រឹះស្ថានបោះពុម្ពផ្សាយ​មានការ​កើនឡើង ហើយ​គុណភាព​នៃ​ការ​រចនា​សៀវភៅ​ទៀតសោត​ក៏​ល្អ​ជាង​មុនស្រប​ពេលដែល​គ្រឹះស្ថាន​ទាំងអស់នោះ​ចាប់ផ្តើម​គោរព​បាន​ច្រើន​គួរសម​លើ​កម្មសិទ្ធិបញ្ញា និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ រួមទាំង​ការសហការ​យ៉ាង​ល្អ​ជាមួយ​អ្នកនិពន្ធ​លើ​ការបោះពុម្ពនីមួយ។ នៅពេល​ចំនួន​នៃ​ការផលិត​មានការ​កើនឡើង អ្នកអាន​ក៏​ចាប់ផ្តើម​មាន​ជម្រើស​ច្រើន​ផងដែរ។ ចំណែកឯ​កត្តា​ចុងក្រោយគឺ​អង្គការ​នានា​ក៏បាន និង​កំពុង​ចូលរួមចំណែក​ក្នុងការ​បំផុស​ឱ្យមាន​អ្នកអាន​នៅ​គ្រប់​ទីកន្លែង ដូចជា​អង្គការ​ខ្លះ​ផ្តល់​បណ្ណាល័យ​ចល័ត​នៅតាម​សហគមន៍​សម្រាប់ក្មេងៗ ខ្លះ​ផ្តល់​ការអប់រំ​តាម​រោងចក្រ​សហគ្រាសហើយ​ខ្លះទៀត​ក៏​ជំរុញឱ្យមាន​ការអាន​នៅក្នុង​ពន្ធនាគារ​ជាដើម ដែលជា​ផ្តល់​ជា​គតិបណ្ឌិត និង​ជម្រើស​នៃ​អនាគត​ល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​សម្រាប់​ពិរុទ្ធ-ជន​ជាពិសេស។ ទន្ទឹមនឹងនេះ ប្រជាជន​ខ្មែរ​ដែល​កំពុងធ្វើការ​ងា​រ​នៅ​បរទេស ដូចជា​នៅ​ប្រទេស​កូរ៉េ ជាដើមបច្ចុប្បន្ន​ក៏​ចាប់ផ្តើម​ទិញ​សៀវភៅ​ច្រើន​ផងដែរ​ពី​កម្ពុជាព្រោះ​បើ​ទិញ​នៅ​កូរ៉េ សៀវភៅ​ទាំងអស់នោះ​មានតម្លៃថ្លៃ​ខ្លាំង​អាច​គុណ​នឹង3 ឬ4 បើ​ធៀប​នឹង​ក្នុង​ទីផ្សារ​កម្ពុជា។

លោក ប៊ួ​យ សុធន បាន​និយាយថា៖ “បើទោះបីជា​យើង​មើល​ជាទូទៅ​ឃើញថា មាន​កត្តា​ច្រើន​ជំ​រុញឱ្យ​ការអាន​នៅ​កម្ពុជា​យើង​មាន​ស្ថានភាព​ល្អប្រសើរ​ឡើង​ក្តី តែ​ក៏​យើង​នៅមាន​ឧបសគ្គ​មួយចំនួន​ផងដែរដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ជួយ​ដោះស្រាយ​ឱ្យកាន់តែ​ល្អប្រសើរ​ថែមទៀត”។

ម្ចាស់​ស្ថាប័ន​ផ្គត់ផ្គង់​សៀវភៅ​ខាងលើ​បាន​លើកឡើងថា ថ្វីដ្បិតតែ​ការគាំទ្រ​សៀវភៅ​ចាប់ផ្តើម​មានការ​កើនឡើង​មែន តែ​ចំនួន​នេះ​នៅមានកម្រិត​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​សរុប ហើយ​អ្នកគាំទ្រ​សៀវភៅ​ភាគច្រើន​ជា​មនុស្សដដែលៗ ខណៈ​ចំនួន​អ្នកគាំទ្រ​ថ្មី​មានការ​កើនឡើង​ដែរ តែ​មិនសូវ​លឿន​នោះទេ។ បើ​មើល​តាម​ការបោះពុម្ពផ្សាយ យើង​ឃើញថា កម្រ​មាន​អ្នកនិពន្ធ​ណា​ដែល​បាន​បោះពុម្ពផ្សាយ​ចេញ​ហើយ លក់​អស់​ដល់​ទៅ 1ម៉ឺន​ក្បាល​ក្នុង​មួយ​ចំណងជើង​នោះឡើយ ភាគច្រើន​បានត្រឹមតែ​ប្រហែលជា 3ពាន់ ទៅ5ពាន់​ក្បាល​ប៉ុណ្ណោះ​ក៏​ធ្លាក់ចុះ​ទៅវិញ។ ចំនួន​នេះ​បង្ហាញថា ប្រជាជន​ខ្មែរ​មាន​ដល់​ទៅ​ជាង 15លាន​នាក់ តែ​ចំពោះ​ការគាំទ្រ​ស្នាដៃ​អ្នកនិពន្ធ​វិញ មាន​ត្រឹម-តែ​ប៉ុន្មាន​ម៉ឺន​នាក់​ប៉ុណ្ណោះ ហេតុនេះ​នៅសល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​គួរតែ​ចាប់ផ្តើម​ចូលរួម​អាន​ឡើង។ ចំពោះ​ប្រភេទ​សៀវភៅ​ទៀតសោត​ក៏​នៅមានបញ្ហា​ដែរ ព្រោះ​សៀវភៅ​ដែល​លក់ដាច់​ខ្លាំង​នៅ​កម្ពុជា​ភាគច្រើន​ជា​សៀវភៅ​កម្សាន្ត ឬ​សៀវភៅ​ប្រលោមលោក និង​សៀវភៅ​ពាក់ព័ន្ធ​នឹង​ជំនួញ មិនសូវ​សម្បូរ​សៀវភៅ​ស្រាវជ្រាវ​នោះទេ ហើយ​ចំពោះ​ស្នាដៃ​ដែល​បាន​បោះពុម្ពផ្សាយថ្មីៗមួយចំនួន ថ្វីដ្បិតតែ​មាន​ចំនួន​ច្រើន​មែន តែ​សៀវភៅ​ខ្លះ​គុណភាព​នៅមានកម្រិត​នៅឡើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​សិល្ប៍​វិធី​តាក់តែង​និពន្ធ និង​សមត្ថភាព​នៃ​ការ​ប្រែ​សម្រួល​អត្ថបទ​បរទេស​ជាដើម។ កត្តា​នេះ​ធ្វើឱ្យ​យើង​មាន​បរិមាណ​ច្រើន តែ​មិនទាន់​មានគុណ​ភាពល្អ​ខ្លាំង​នៅឡើយ តែ​ទោះជា​យ៉ាងនេះ​ក្តី ជារួម​យើង​មើលឃើញថា វា​ក៏​ជា​ស្ថានភាព​វិជ្ជមាន​មួយ​ដែរ ប្រសិនបើ​យើង​បន្ត​ជំរុញ​ពង្រឹងគុណភាព​សៀវភៅ​នៅពេលដែល​យើង​មាន​បរិមាណ​ច្រើន​ហើយ មានន័យថា បរិមាណ​ទៅមុន គុណភាព​នឹង​ដើរ​តាម​ក្រោយតាមរយៈ​ការប្រកួតប្រជែង​គ្នា​លើ​ទីផ្សារ​សៀវភៅ​ដើម្បី​អាច​លេចធ្លោ និង​ទាក់ទាញ​ការចាប់អារម្មណ៍​ឱ្យ​អ្នកអាន​ទិញ​ស្នាដៃ​របស់​ក្រុម​ខ្លួន ពួកគាត់​ច្បាស់​ជា​ខិតខំ​កែតម្រូវ​គុណភាព និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​មិន​ខាន។

លោក សុធន បាន​និយាយថា៖ “មាន​បញ្ហា​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​ចំនួន​នៃ​ការគាំទ្រ​សៀវភៅ​នៅមាន​ចំនួន​តិចតួច គឺ​ដោយសារតែ​ប្រជាជន​ខ្លះ​គាត់​ចង់បានចំណេះដឹង​តាម​វិធីងាយៗពេក។ អ្នកខ្លះ​គាត់​គិតថាមិនចាំបាច់​ចំណាយលុយ​ទិញ​សៀវភៅ​នាំ​តែ​អស់ប្រាក់​ទេ គាត់​អាច​ចូលរួម​សិក្ខាសាលា ឬ​ចូល​ស្តាប់​តែ​ក្នុង YouTube ក៏បាន​ដែរ តែ​ស្ថានភាព​ពិត​នៃ​ការអាន​សៀវភៅ គឺ​ខុសគ្នា​ស្រឡះ​ពីអ្វី​ដែល​គាត់​កំពុង​គិត ព្រោះសូម្បីតែ​ប្រទេស​អភិវឌ្ឍន៍ធំៗ ដែលមាន​បច្ចេកវិទ្យាទំនើបៗ ក៏​បច្ចុប្បន្ន​គេ​កំពុង​ជំ​រុញឱ្យ​មនុស្ស​ស្រឡាញ់​ចូលចិត្ត​ការអាន​ដែរ ដើម្បី​ទទួលបាន​ចំណេះដឹង​លម្អិតហើយ​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ពីព្រោះ​ទិន្នន័យ​ព័ត៌មាន​ក្នុងសៀវភៅ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ពិសោធន៍​សិក្សា​ត្រឹមត្រូវ និង​ច្បាស់លាស់​ជាង​ព្រមទាំង​មាន​ឯកសារយោង​ត្រឹមត្រូវ​ផងដែរ”។

ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​សម្រាប់​បញ្ហា​ខាងលើនេះ លោក សុធន បាន​លើកឡើងថា ចំណុច​ទី1 គឺ​យើង​ត្រូវមាន​ការត្រួតពិនិត្យ​សៀវភៅ​ឱ្យ​បានល្អ​តាមរយៈ​ការចូលរួម​សហការគ្នា​ពី​ទាំង​ស្ថាប័នរដ្ឋ សមាគម និង​គ្រឹះស្ថានបោះពុម្ពផ្សាយ​នានា​ដោយ​ឈរលើ​ប្រយោជន៍​រួម​នៃ​អនាគត​ធនធានមនុស្ស​របស់​ជាតិ។ ស្ថាប័ន​ទាំងអស់នោះ​គួរ​ធ្វើការ​សហការគ្នា​ក្នុង​ការជំរុញឱ្យ​ស្នាដៃ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​ដើម្បី​ទាញយក​ទំនុកចិត្ត​ពី​អ្នកអាន​នៅក្នុង​ស្រុក​ឱ្យ​គាំទ្រ​ស្នាដៃល្អៗដែល​យើង​បាន​បង្កើតឡើង​ដោយ​អ្នកនិពន្ធ​ខ្មែរ​ជាពិសេស ស្របពេល​ជាមួយគ្នា​ដែល​យើង​ក៏ត្រូវ​ការចាំបាច់​នូវ​សៀវភៅ​បកប្រែ​ដែលជាគំនិតល្អៗពី​បរទេស​បន្ថែម​ផងដែរ។ ម្យ៉ាងវិញទៀត​យើង​ត្រូវចេះ​បង្កើត​សៀវភៅ​តាម​សេចក្តីត្រូវការ​របស់​ម​នុស្ស​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សៀវភៅ​ក្លាយជា​ផ្នែក​មួយ​ដើម្បី​អភិវឌ្ឍ​មនុស្ស​ឱ្យ​កាន់តែខ្លាំង​គ្រប់​កាលៈទេសៈ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​និរន្តរភាព។ ចំណុច​សំខាន់​ទី2 គឺ​គួរ​បំផុស​ឱ្យមាន​ការរៀបចំ​ព្រឹត្តិការណ៍ រួមទាំង​បណ្តាញ​សង្គម ដើម្បី​ផ្តល់ឱកាស​ឱ្យ​បុគ្គល​គំរូសំខាន់ៗក្នុងសង្គម ទាំង​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ បុគ្គល​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ឯកជន រួមទាំងតារាៗជាដើម ចូលរួម​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​ចំណូលចិត្ត​របស់ខ្លួន​ក្នុង​ការអាន។ នៅពេល​អ្នក​ទាំងអស់នោះ​ចាប់ផ្តើម​បង្ហាញ​គំរូ​បែបនេះអ្នកគាំទ្រ​របស់គាត់​ជាច្រើន​ក៏​ចាប់ផ្តើម​ចូលរួម​គាំទ្រ​តាម​គាត់​ដែរ ដោយ​គួរ​កត់សម្គាល់ថា​ កេរ្តិ៍ឈ្មោះ និង​ការប្រព្រឹត្ត​របស់​ពួកគាត់​ងាយ​នឹង​សាបព្រោះ​ទៅ​គ្រប់ទិសទី មិន​ថា​ជនបទ​ចុងកាត់មាត់ញក​នោះទេ។ ម្យ៉ាងទៀត​គួរ​បង្កើន​ទម្លាប់​នៅផ្ទះ​ដោយ​ការនាំកូនៗ ឬ​អ្នក​នៅ​ជុំវិញខ្លួន​អាន​សៀវភៅ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​កាន់តែ​មានគំនិត​ចង់​អានច្រើនឡើងៗពី​ក្មេង​រហូតដល់​ធំ។ ចំណុច​ទី3 ប្រជាជន​គួរ​នាំគ្នា​ចេះ​ច្នៃ​ព្រឹត្តិការណ៍​មួយចំនួន​ឱ្យក្លាយ​ជា​រឿង​ល្អ ដូចជា​ការចេះ​ជូន​កាដូ​គ្នា​ជា​សៀវភៅ​ដល់​គ្នា នៅក្នុង​កម្មវិធីសំខាន់ៗ និង​ក្នុង​ពិធីបុណ្យ​បរទេស ដូចជា បង្វែ​ការធ្វើសកម្មភាព​អវិជ្ជមាន​ក្នុង​ពិធីបុណ្យ​នៃ​ក្តី​ស្រឡាញ់ មកជា​ការជូន​សៀវភៅ​គ្នា​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​វិញ​ជាដើម។

លើសពីនេះទៅទៀត ដើម្បី​ជំរុញ​ឱ្យ​ការអាន​កាន់តែ​ប្រសើរឡើង បញ្ញវន្ត​ត្រូវ​ចេះ​ផ្តល់យោបល់​ដល់​អ្នក​បន្ត​វេន​នានា ដូចជា​កវីនិពន្ធថ្មីៗដោយ​ការស្ថាបនាមិនមែន​រិះគន់​ជាន់ពន្លិច​ទេ ដើម្បី​ជួយ​គ្នា​ក្នុង​ការបង្កើត​ស្នាដៃថ្មីៗប្រកបដោយ​គុណភាព។ ចំណែកឯ​រដ្ឋាភិបាល​វិញ​ក៏​អាច​ចូលរួម​ជួយ​ដល់​ការអាន​តាមរយៈ​ការជំរុញឱ្យមាន​ការផលិត និង​លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​អាជីវកម្ម​ផ្នែក​នេះ​ដោយ​លើកលែង​ពន្ធ​ដើម្បីឱ្យ​ការលក់​ចេញ​មានតម្លៃ​ធូរ​ថ្លៃ ងាយស្រួល​ទាក់ទាញ​ឱ្យ​ប្រជាជន​ដែល​មិនទាន់មាន​ទម្លាប់​អាន ងាក​មក​សាកល្បង​អាន​ឡើងវិញ ឬក៏​អាចជួយ​ផ្តល់​ជា​កញ្ចប់​ជំនួយ​ណាមួយ​សមរម្យ​ដល់​កិច្ចការងារ​នេះ ជាពិសេស​តាមរយៈ​បណ្ណាល័យ​ជាតិ និង​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាដើម៕

Advertisement