ក្រុមហ៊ុន​ RMA អញ្ជើញគ្រូធំពី Harvard មកចែករំលែកដល់ម្ចាស់អាជីវកម្ម​នៅកម្ពុជា​

ស្ថិតក្នុងបរិបទពិភពលោក​​កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការធ្វើអាជីវកម្មកាន់តែមានលក្ខណៈប្រកួតប្រជែងកាន់តែខ្លាំង ដែលទាមទារឱ្យ​អ្នកដឹកនាំធុរកិច្ច​ទាំងអស់ចាំបាច់ត្រូវតែអភិវឌ្ឍខ្លួនឱ្យទាន់សម័យបច្ចេកវិទ្យានេះ។ ស្របជាមួយគ្នានេះដែរ វត្តមាននៃបច្ចេកវិទ្យាបានធ្វើឱ្យ​ក្រុមហ៊ុន​នានាត្រូវតែ​ប្រើប្រាស់ប្រព័ន្ធ​ឆ្លាតវៃ ដើម្បីរក្សាទីផ្សារឱ្យបានមុននឹងធ្វើការឈានជើងទៅប្រកួតប្រជែងជាមួយដៃគូដទៃទៀតជាសកល។

ដោយមើលឃើញពីភាពចាំបាច់ក្នុងការអភិវឌ្ឍលើអាជីវកម្ម​នានានៅកម្ពុជា ក្រុមហ៊ុន RMACambodia ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា បាន​អញ្ជើញ​លោក Sunil Gupta សាស្រ្តាចារ្យ និង​ជាប្រធាននាយកកម្មវិធីគ្រប់គ្រងទូទៅនៃ Harvard Business School ដើម្បីធ្វើការចែករំលែក​បទពិសោធសំខាន់ៗដល់ម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានលើកឡើងថា កម្មវិធីនេះជាកម្មវិធីពិសេស​ ហើយជាលើកទី1 នៅក្នុងប្រទេសកម្ពុជា​ដែលបានរៀបចំ​កម្មវិធីចែករំលែកគំនិតអាជីវកម្ម​ឱ្យទាន់សម័យកាល ពី​អ្នកជំនាញ​មកពីសាកលវិទ្យាល័យ Harvard។ លោកថា ​ដោយសារតែលោកធ្លាប់សិក្សានៅសាកលវិទ្យាល័យ Harvard លោកសង្កេតឃើញថា សាស្រ្តាចារ្យស្ទើរតែទាំងអស់នៅទីនោះសុទ្ធតែមានសមត្ថភាពខ្ពស់ និងល្បីល្បាញដែលមានគំនិតស៊ីជម្រៅសម្រាប់ការអភិវឌ្ឍ ហេតុនេះហើយ​ទើបថ្ងៃនេះលោក​បានអញ្ជើញអ្នកដឹកនាំទាំងក្នុងក្រុមហ៊ុន អង្គការ​ក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលដើម្បីចូលរួម​ទាំងអស់គ្នានៅថ្ងៃនេះ។

លោក ងន សាំង បានមានប្រសាសន៍ថា៖ «​ប្រធានបទសំខាន់នៅថ្ងៃនេះ គឺ​ចង់បង្ហាញឱ្យ​យើងទាំងអស់គ្នាឃើញថា ​បច្ចេកវិទ្យា​កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហេតុនេះយើងត្រូវធ្វើរឿងសំខាន់ៗជាច្រើន​ដើម្បីដើរឱ្យទាន់»។

ជាការរំពឹងទុក លោក ងន សាំង សង្ឃឹមថា ​ប្រធានស្ថាប័នសំខាន់ៗទាំងអស់នឹង​យក​ចំណេះដឹងដែលបានសិក្សាទៅ​អភិវឌ្ឍ​ស្ថាប័ន​របស់ខ្លួន​ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

លោក Sunil Gupta សាស្រ្តាចារ្យ និង​ជាប្រធាននាយកកម្មវិធីគ្រប់គ្រងទូទៅនៃ Harvard Business School បានលើកឡើងថា ​បច្ចុប្បន្ននេះ​ក្រុមហ៊ុនធំៗទាំងអស់លើពិភពលោក​កំពុងធ្វើការផ្លាស់ប្តូរ​វិធីសាស្រ្ត​ និងយុទ្ធសាស្រ្ត​របស់ខ្លួន​ដើម្បីធ្វើការប្រកួតប្រជែងដោយប្រើប្រាស់​បច្ចេកវិទ្យា។ ចំណែកឯការធ្វើអាជីវកម្ម​ក៏ទាមទារឱ្យ​មាន​ការខិតខំប្រឹងប្រែងកាន់តែខ្លាំង​ដើម្បីប្រកួតប្រជែង​ ព្រោះអតិថិជន​កាន់តែមានលក្ខណៈងាយស្រួលក្នុងការ​ទំនាក់ទំនង​ទិញដោយផ្ទាល់ និងអាចទទួលបានព័ត៌មានជាច្រើន​លើពិភលោក​ ហេតុនេះការប្រកួតប្រជែងគឺមានលក្ខណៈជាសកលតែម្តង។ លោកបានបន្ថែមផងដែរថា មិនមែនត្រឹមតែក្រុមហ៊ុនបច្ចេកវិទ្យានោះទេដែលត្រូវការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យា តែស្ទើរគ្រប់ទម្រង់នៃអាជីវកម្មទាំងអស់នាពេលបច្ចុប្បន្ននេះត្រូវតែដើរឱ្យ​ទាន់សភាពការណ៍ និងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែប្រសើរឡើង៕

Advertisement