ការ​គេង​មិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពផ្លូវចិត្តដែលយុវជនភាគច្រើនកំពុងតែជួបប្រទះ

ការ​គេង​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ យោងតាម​ការបង្ហាញរ​បស់​ស្ថាប័ន​ចិត្តសាស្ត្រសំខាន់ៗជាច្រើន​រកឃើញថា មនុស្សម្នាក់ៗ ជាពិសេស​យុវវ័យ​គួរ​គេង​ឱ្យបាន​យ៉ាងតិច​បំផុត 6ម៉ោង ដល់ 9ម៉ោង ដើម្បី​សន្សំ​ថាមពល​សម្រាប់​បង្កើត​ភាពស្រស់​ស្រាយ​ដល់​ខួរក្បាល និង​ផ្នែក​ដទៃ​ផ្សេងទៀត​នៃ​រាងកាយ។

ដោយសារ​ការមើលឃើញ​ពី​សារៈសំខាន់​នៃ​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​យុវវ័យ​នេះ បណ្តា​ប្រទេស​ជាច្រើន​បាន​ពន្យារ​ម៉ោង​ចូល​សិក្សា​នាពេល​ព្រឹក ដូចជា​សាលា Seattle នៅ​អាមេរិក​បាន​ពន្យារពេល​ម៉ោង​ចូលរៀន​ពី​ម៉ោង 7:50នាទី​ព្រឹក ទៅ​ម៉ោង8:45នាទី​ព្រឹក​វិញ​ម្តង ដើម្បី​ទុកពេល​ឱ្យ​យុវវ័យ​សម្រាកឱ្យបាន​កាន់តែច្រើន តែ​ជា​អកុសល​អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​យុវជន​បច្ចុប្បន្ន​នៅ​គ្រប់​ប្រទេស​ក្នុងពិភពលោក គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ច្រើន​ជ្រុល​ហួសហេតុ​រហូត​ប៉ះពាល់​ខ្លាំង​ដល់​ដំណេក​របស់​ពួកគេ។

យុវវ័យ​បច្ចុប្បន្ន​សុទ្ធ​តែមាន​ឧបករណ៍​អេឡិចត្រូនិក​ប្រើប្រាស់ និង​រស់នៅក្នុង​ពិភព​នៃ​ការស្រមើស្រមៃ (visual-life) ដែល​ធ្វើឱ្យ​ពួកគេ​ចំណាយពេលច្រើនឡើងៗជាមួយ​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយកាត់បន្ថយ​ម៉ោង​សម្រាក​ឱ្យ​តិចទៅៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ពន្លឺ​ដែល​ចាំង​ចេញពី​ឧបករណ៍​ឆ្លាត​វៃ​ទាំងអស់នោះ​មាន​ឥទ្ធិពល​បណ្តាលឱ្យ​មនុស្ស​មិន​ងងុយហើយ​បន្ត​ប្រើប្រាស់​ច្រើន​ម៉ោង ដែលមាន​យុវវ័យ​ខ្លះ​មិនបាន​សម្រាក​ពេញ​មួយ​យប់​ក៏មានដែរ។ លើសពីនេះទៅទៀត ដោយសារតែ​យុវវ័យ​ជាម​នុស្ស​ចូលចិត្ត​ការស្វែងរក​នូវ​អ្វីដែល​ថ្មី និង​ចង់បាន​ជីវិត​ឯកជន ទើប​ពួកគេ​ហាក់​រីករាយ​ណាស់​នៅពេល​យប់​ដែល​គ្មាន​ការរំខាន​ពី​អាណាព្យាបាល។ កត្តា​នេះ​បានធ្វើឱ្យ​ពួកគេ​ស្រឡាញ់​ពេលយប់ ហើយ​បណ្តែតបណ្តោយ​ជីវិត​ឱ្យ​ធ្លាក់​ក្នុង​សភាព​អវិជ្ជមាន ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត។

ការ​សម្រាក​មិនបាន​គ្រប់គ្រាន់ បូក​រួមទាំង​អារម្មណ៍​នឿយហត់​ពី​ការគិត​ច្រើន​រឿង​ក្នុងពេល​តែមួយ​នៅក្នុង​បណ្តាញ​សង្គម បានធ្វើឱ្យ​យុវវ័យ​សម្រាក​មិនបាន​ស្ងប់​នោះទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​ពេល​សម្រាក​មាន​កាន់តែ​តិច ហើយ​ពេល​សម្រាក​ដ៏​តិចតួច​នោះ​ទៀតសោត ក៏​ពួកគេ​មាន​អារម្មណ៍​មិន​ស្ងប់​ល្អ​ផងដែរ។ បញ្ហា​ទាំងអស់នេះ​បាន​បណ្តាលឱ្យ​យុវវ័យ​មានការ​ចងចាំ​មិនសូវ​ល្អ មាន​ស្ថានភាព​រាងកាយ​មិន​រឹងមាំ គ្មាន​អារម្មណ៍​ចង់​លេង​កីឡា និង​ឆាប់​ខឹង​មួម៉ៅ ជាដើម។

យោងតាម​អ្នកជំនាញ​ចិត្តសាស្ត្រ​របស់ Psychology today បាន​បង្ហាញថា យុវវ័យ​ដែល​សម្រាក​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់ មាន​ស្ថានភាព​ផ្លូច​ចិត្តមិន​នឹងនរ​នោះទេ។ ថាមពល​នៅក្នុង​ខ្លួន​របស់​ពួកគេ​ចាប់ផ្តើម​ចុះខ្សោយ ហើយ​មាន​អាការ​មួយចំនួន​ដែល​មិនអាច​ស្វែងរក​ប្រភព​ឃើញ និង​មាន​អារម្មណ៍​ថា ញ័រ​ខ្លួន ស្របពេល​ការ​រិះគិត​ក៏​ដំណើរការ​មិនល្អ​ដែរ។ បន្ថែម​ពីលើ​នេះ ពួកគេ​នឹង​អាច​ប្រឈម​ជាមួយ​បញ្ហា​ព្រួយចិត្ត​ដោយ​គ្មាន​មូលហេតុ រួមទាំង​មាន​អារម្មណ៍​ឆាប់​បាក់​ទឹកចិត្ត នៅពេល​ជួប​បញ្ហា​ប្រឈម​នានា រហូតដល់​អ្នកខ្លះ​អាច​សម្រេចចិត្ត​សម្លាប់ខ្លួន​ដោយសារតែ​ទប់ទល់​មិនបាន​នឹង​ស្ថានភាព​ចុះខ្សោយ​នៃ​ផ្លូវចិត្ត​នេះ​ទៀតផង។

ជា​ដំណោះស្រាយ យុវវ័យ​គួរ​ចាប់ផ្តើម​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ ដោយ​ការ​រំឭក​ខ្លួនឯង​ជាប់​ជានិច្ច​ថា យើង​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម រួមទាំង​ឧបករណ៍​ឆ្លាត​វៃ​ទាំងអស់នោះ ហេតុនេះ​យើង​មិនអាច​អនុញ្ញាតឱ្យ​ខ្លួនឯង​ក្លាយជា​អ្នកបម្រើ​បណ្តាញ​បច្ចេកវិទ្យា​វិញ​នោះទេ។ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ខ្លួនឯង​បែបនេះ​បានលុះត្រាតែ​យើងម្នាក់ៗដឹង​ឱ្យ​ច្បាស់​ពី​គោលដៅ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម និង​ឧបករណ៍​ទាំងអស់នោះហើយ​របស់​ទាំងឡាយណា​ដែល​ខុសពី​តម្រូវការ​របស់​យើង យើង​មិន​ធ្វើឱ្យ​វា​ក្លាយជា​មេរោគ​នៃ​ជីវិត​ឡើយ។ចំណុច​សំខាន់​មួយ​ផ្សេងទៀត គឺ​ការគ្រប់គ្រង​លើស​ញ្ញា (notification) ដែល​តែងតែ​ជំរុញ​យើង​គ្រប់ពេល​ឱ្យប្រើ​ប្រាស់​បណ្តាញ​សង្គម​កាន់តែច្រើន ហើយ​បើក​មើល​វា​នៅពេលដែល​យើង​ចង់​មើល​តែប៉ុណ្ណោះ កុំឱ្យ​វា​អូសទាញ​យើង​បាន​គ្រប់ពេល​រហូតដល់​បាត់បង់​ពេល​សម្រាក៕

Advertisement