បើ​មិន​ចង់ឱ្យ​កូន​មានជីវិត​ដូច​មនុស្ស​យន្ត​ ត្រូវ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ

ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រឿងយន្ត​បានចាប់ផ្តើម​ពង្រីក​ឥទ្ធិពល​កាន់តែច្រើនឡើងៗដើម្បី​ជួយ​ពិភពលោក​ក្នុង​ការធ្វើការងារធ្ងន់ៗ ការបម្រើ​សេវាកម្ម និង​ការងារ​ជាច្រើន​ផ្សេងទៀត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាពតែ​ចំណុច​គ្រោះថ្នាក់​ដែល​មនុស្ស​មិន​ចង់​ជួប​នោះ​គឺសូម្បីតែក្មេងៗខ្លះ​នាពេល​បច្ចុប្បន្ន​ក៏​អាចមាន​ស្ថានភាព​ស្រដៀង​នឹង​គ្រឿងយន្ត​ដែរ។

ដោយសារតែ​បច្ចេកវិទ្យា​មានការ​អភិវឌ្ឍ​ជឿនលឿន​ខ្លាំង ក្មេងៗនាពេល​បច្ចុប្បន្ន​បានរស់នៅ​ក្នុង​ប្រព័ន្ធ​នៃ​ការគិត​បែប​ស្រមើស្រមៃ (visual) ហើយ​ផ្តាច់ខ្លួន​កាន់តែច្រើនឡើងៗពី​ពិភព​ធម្មជាតិ​ជាក់ស្តែង ដែល​ចំណុច​នេះ​អាចធ្វើ​ឱ្យគេ​រស់នៅក្នុង​លក្ខខណ្ឌ​ស្រដៀង​នឹង​គ្រឿងយន្ត។ បើ​ធ្វើការ​ប្រៀបធៀប​យើង​ឃើញថាគ្រឿងយន្ត​ចាំបាច់​ត្រូវ​សាក​ភ្លើង​ជាប់​រហូត​ទើប​អាច​ដំណើរការបាន ហើយ​គ្រឿងយន្ត​ក៏​ដំណើរការ​តាមតែ​ការកំណត់​របស់​មនុស្ស​តែប៉ុណ្ណោះ សម្រាប់​មនុស្ស​សម័យថ្មី​វិញ​ថ្វីដ្បិតតែ​ពួកគេ​មានគ្រួសារ និង​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ខ្លះ​ក្តី​ក៏​ពួកគេ​ត្រូវ​នៅជាប់​ជាមួយ​បច្ចេកវិទ្យា​មិនអាច​អត់​បាន​ដូចជា​ទូរស័ព្ទ​ត្រូវ​សាក​ថ្ម​ដូច្នោះ​ដែរ។ ម្យ៉ាងវិញទៀត នៅពេល​ពួកគេ​ផ្តោតអារម្មណ៍​នឹង​ការរស់នៅ​លើ​បច្ចេកវិទ្យា​ខ្លាំងពេកយុវវ័យ​ហាក់​រស់នៅក្នុង​បន្ទាត់​តែមួយ​ដែល​មិនសូវ​ប្រើប្រាស់​ការគិត​ច្រើន​នោះទេ។

ចំពោះ​កុមារតូចៗវិញ បច្ចុប្បន្ននេះ អាណាព្យាបាល​ជាច្រើន​បាន​បណ្តោយឱ្យ​ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បីឱ្យ​ពួកគេ​នៅ​ស្ងៀម ហើយ​ឪពុកម្តាយ​សល់​ពេលធ្វើ​ការងារផ្សេងៗ ដែល​កត្តា​នេះ​ធ្វើឱ្យ​ខួរក្បាល​ក្មេងតូចៗមានការ​ផ្លាស់ប្តូរ​ឆ្ងាយ​ពី​ធម្មជាតិ។ ក្មេងតូចៗមួយចំនួន​មាន​អារម្មណ៍​មួម៉ៅ​ខ្លាំង ហើយ​មិនអាច​ទ្រាំ​បាន​នៅពេល​គ្មាន​វត្តមាន​ឧបករណ៍​អេឡិចត្រូនិក ហើយ​ពួកគេ​ភាគច្រើន​បិទទ្វារ ហើយ​ចង់​រស់នៅក្នុង​សភាព​ស្ងប់ស្ងាត់​ដែល​អនុញ្ញាត​ឱ្យគេ​មាន​ពេលវេលា​ប្រើប្រាស់​ជីវិត​បែប​ស្រមើស្រមៃ (visual)។

កត្តា​ទាំងអស់នេះ​បាន​ជះឥទ្ធិពល និង​ក្តីកង្វល់​ជាច្រើន​ដល់​អាណាព្យាបាល​ដែល​តាម​ការស្ទង់មតិ​ពី​ស្ថាប័ន​អប់រំធំៗមួយចំនួន​បាន​រកឃើញថា ពួកគេ​មាន​ក្តីកង្វល់​ច្រើន​ពី​ទំនាក់ទំនង​របស់ក្មេងៗជាមួយ​មនុស្ស​ដទៃ។ ក្មេងៗចាប់ផ្តើម​គេចចេញ​ពី​ការលេង​កីឡា និង​ការទំនាក់ទំនង ដោយ​ក្នុងនោះ​រួមទាំង​ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ​ផងដែរ។

ដោយ​មើលឃើញ​ពី​បញ្ហា​បែបនេះ អ្នកជំនាញ​អប់រំ​បាន​ណែនាំ​ថា អាណាព្យាបាល​គួរ​បង្រៀនកូនតូចៗឱ្យចេះ​រស់នៅ​ជាមួយ​ធម្មជាតិពិត។ ការបង្រៀន​កូន​ឱ្យ​ចេះដាំ​ដើមឈើ ថែទាំ​ដំណាំ និង​រីករាយ​ជាមួយ​ធម្មជាតិ​អាចធ្វើឱ្យ​ពួកគេ​បាន​ស្គាល់​ពិភពលោក​ពិតប្រាកដ​ដ៏​រីករាយមិនមែន​គ្រាន់តែ​ស្រមៃ​ឃើញ​ក្នុង​អេក្រង់​នោះទេ។ ម្យ៉ាងវិញទៀត សកម្មភាព​ដ៏​រស់​រវើក​របស់​ពួកគេ​អាចធ្វើឱ្យ​មានគំនិត​ច្នៃប្រឌិត​កាន់តែច្រើនឡើងៗ ព្រោះ​ពួកគេ​បានប្រើប្រាស់​ជីវិត​របស់គេ​ដើម្បី​ដកឃ្លា​ពី​ភាព​មមាញឹក​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គមឬ​ល្បែង​អន​ឡាញ ហើយ​មក​មើ​លពី​បញ្ហា​ជាក់ស្តែង​នៃ​ការរស់នៅ​របស់​មនុស្ស និង​តម្រូវការ​របស់​មនុស្ស​ពិតប្រាកដ។

ក្រៅពីនេះ​ធម្មជាតិ​ក៏​បង្រៀន​មេរៀន​ជាច្រើន​ដល់​កុមារ​ដូចជា​ការចេះ​រង់ចាំ ចេះ​សង្កេត យកចិត្តទុកដាក់ និង​ថែទាំ​របស់តូចៗឱ្យ​ក្លាយជា​ធាតុសំខាន់ៗនៃ​ជីវិត។ រុក្ខជាតិ​ស្រស់ស្អាត​មួយ​ដើម​មិនអាច​ដុះ​បាន​ក្នុង​រយៈពេល​តែ 1ថ្ងៃ ឬ2ថ្ងៃ​នោះទេ ហេតុនេះ​ការបង្រៀន​កុមារ​ឱ្យ​ចេះ​រង់ចាំ និង​លើកទឹកចិត្ត​ឱ្យគេ​ចេះ​ថែរក្សា​របស់​ទាំងអស់នេះ ជា​ផ្នត់គំនិត​យ៉ាងសំខាន់​ក្នុងការ​បង្រៀន​ចិត្តសាស្ត្រ​កុមារ​ឱ្យ​ក្លាយជា​មនុស្ស​ចាស់ទុំ និង​ស្គា​ល់ពី​ជីវិត​ពិតប្រាកដ។

នៅពេល​កុមារ​ស្រឡាញ់​ធម្មជាតិ ហើយ​ចង់​រស់នៅក្នុង​ជីវិត​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ ពួកគេ​នឹង​ចេះ​ប្រើប្រាស់​ជីវិត​ឱ្យ​កាន់តែ​មានន័យ ចេញ​ឆ្ងាយ​ពី​មេរោគ​សង្គម​នានា ចេះ​ចែករំលែក​ក្តី​ស្រឡាញ់​បានល្អ​ជាមួយ​ជីវិតតូចៗ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញខ្លួន ដែល​កត្តា​នេះ​ជំរុញ​ឱ្យគេ​អាច​ក្លាយជា​ធនធានមនុស្ស​ដែល​សង្គម​ត្រូវការ​នាពេល​អនាគត ព្រោះ​ពួកគេ​អាចធ្វើ​ការងារ​ជាច្រើន​សម្រាប់​អភិវឌ្ឍ​មនុស្ស​ដែល​ម៉ាស៊ីន​មិនអាច​ធ្វើបាន៕

Advertisement