ចាប់ផ្តើមខែថ្មី!! ឈប់ទូលបញ្ហា និងកំហុស ហើយ​យកវាជាឈ្នាន់ដើម្បីបន្តដំណើរទៅមុខទៀត

ថ្ងៃណា​ក៏​ជា​ថ្ងៃ​ចាប់ផ្តើម​ដ៏​ល្អ​ដែរ​ ​ឱ្យ​តែ​យើង​តាំងចិត្ត​អភិវឌ្ឍ​ខ្លួនឯង​ ​តែ​កន្លងមក​មនុស្ស​តែងតែ​យល់​ខុស​ថា​ ​ទាល់តែ​ថ្ងៃ​ដើមខែ​ ​ថ្ងៃសីល​ ​ថ្ងៃ​ដើមឆ្នាំ​ ​ឬ​ថ្ងៃល្អ​ណាមួយ​ ​ទើប​ជា​ពេលវេលា​ដែល​អាច​ធ្វើការ​ចាប់ផ្តើម​សកម្មភាព​វិជ្ជមាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​នៅ​ថ្ងៃនេះ​ ​ជា​ថ្ងៃ​ដើមខែ​ថ្មី​នៃ​ឆ្នាំ2019​ ​ដែល​វា​ក៏អាច​ជា​ឱកាសល្អ​ក្នុង​ការ​ចាប់ផ្តើម​ត្រិះរិះ​ពិចារណា​ដើម្បី​តាំងចិត្ត​អភិវឌ្ឍ​ការ​គិត​របស់​ខ្លួន​ឆ្ពោះទៅ​រក​សេចក្តី​សុខ​ ​និង​សុភមង្គល​ក្នុង​ការរស់នៅ​។​

​លោក​ ​Christopher​ ​Lee​ ​ស្ថាបនិក​អង្គការ​ ​HEDC​ ​អន្តរជាតិ​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ក្នុង​ជីវិត​ ​យើង​គួរ​ចេះ​ពិចារណា​ពី​កំហុស​នៅក្នុង​ការរស់នៅ​។​ ​លោក​ថា​ ​របស់របរ​ទាំងឡាយ​អាច​ល្អ​ទៅ​បាន​ ​លុះត្រាតែ​ឆ្លងកាត់​ការ​កែសម្រួល​ជាច្រើន​ដង​ពី​កំហុស​ផ្សេង​ៗ​គ្នា​ ​រហូត​អាច​ប្រែក្លាយ​ពី​វត្ថុ​ធម្មតា​មួយ​ឱ្យទៅ​ជា​វត្ថុ​ដ៏​ល្អ​ប្រណីត​បាន​។​ ​ហេតុនេះ​ប្រសិនបើ​គិត​ត្រឡប់មកវិញ​ ​យើង​ឃើញថា​ ​គ្មាន​អ្នកណា​ម្នាក់​គេច​ពី​កំហុស​បាន​នោះ​ទេ​ ​ហើយ​កំហុស​ក៏​មិន​អាក្រក់​ដែរ​ ​តែ​អ្វី​ដែល​អាក្រក់​ ​គឺ​យើង​មិន​ចេះកែ​ប្រែ​កំហុស​នោះ​ឱ្យ​ក្លាយជា​រឿង​ល្អ​ក្នុង​ជីវិត​បាន​។​

​លោក​ ​Christopher​ ​Lee​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​នៅពេល​មនុស្សយើង​ជួប​កំហុស​ ​គឺ​ប្រៀប​បាន​នឹង​យើង​ជាន់​ដុំ​ថ្ម​មួយដុំ​ហើយ​ធ្វើ​ឱ្យ​យើង​ដួល​ធ្លាក់ទៅក្នុង​ទឹក​។​ ​ប្រសិនបើ​យើង​មិនព្រម​ងើប​ ​ហើយ​បែរជា​យក​ដុំ​ថ្ម​នោះ​មក​ទូល​ ​វា​នឹង​ក្លាយជា​បន្ទុក​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​បាត់បង់​សេចក្តី​សុខ​ ​តែ​ប្រសិនបើ​យើង​ដាក់​ថ្ម​នោះ​ចុះ​ ​ហើយ​ជាន់​ដើម្បី​ឈានទៅមុខ​ទៀត​ ​នោះ​ជីវិត​យើង​នឹង​ល្អ​ប្រសើរ​ជាង​មុន​»​។​

​ការ​កែប្រែ​កំហុស​ ​ឬ​បញ្ហា​ក្នុង​ជីវិត​ជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​អនុវត្ត​ ​ព្រោះ​ប្រសិនបើ​យើង​អង្គុយតែ​សោក​ស្តាយ​ ​ឬ​ស្ពាយ​អតីតកាល​អវិជ្ជមាន​ ​នោះ​ជីវិត​របស់​យើង​នឹង​មិន​មាន​កម្លាំង​ ​ឬ​ថាមពល​ខ្លាំង​សម្រាប់​បន្តដំណើរ​លឿន​នោះ​ទេ​។​ ​វិធី​ឆ្លាតវៃ​បំផុត​ ​គឺ​ប្រើប្រាស់​កំហុស​ជា​បទ​ពិសោធ​ ​ហើយ​បន្ត​ធ្វើអ្វី​ដែល​ថ្មី​ ​ដើម្បី​ជា​ប្រយោជន៍​ ​បើ​ទោះបីជា​យើង​អាច​នឹង​ប្រឈម​ជាមួយនឹង​កំហុស​ថ្មី​ក៏ដោយ​ ​ព្រោះ​អ្នក​ដែល​គ្មាន​កំហុស​ ​ប្រាកដជា​គ្មាន​សមិទ្ធផល​អ្វី​ទាំងអស់​៕​

Advertisement