14​ ​កុម្ភៈ​ ​គួរ​បរិច្ចាគ​ឈាម​ជួយ​ជីវិត​មនុស្ស​ ​កុំ​បរិច្ចាគ​ខ្លួន​ដល់​មនុស្ស​មិន​ឱ្យ​តម្លៃ​លើ​ក្តី​ស្រឡាញ់

​​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ថ្វី​ដ្បិតតែ​មិនមែន​ជា​ថ្ងៃ​ប្រពៃណី​សាសនា​របស់​កម្ពុជា​ ​តែ​អត្ថន័យ​របស់​ថ្ងៃនេះ​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ​ដល់​ការរស់នៅ​ក្នុង​សង្គម​ ​ប្រសិនបើ​ប្រជាជន​យល់​ច្បាស់​ពី​តម្លៃ​អប់រំ​ ​និង​ជួយ​ជំរុញ​ឱ្យ​មាន​ក្តី​ស្រឡាញ់​កាន់តែ​ច្រើនឡើង​ក្នុង​ការរស់នៅ​។​ ​

​ជា​រៀងរាល់​ឆ្នាំ​ ​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ពិធី​ជាច្រើន​ទាំង​បែប​ខ្មែរ​ ​បែប​អ៊ិស្លាម​ ​បែប​ចិន​ ​និង​បែប​អឺរ៉ុប​។​ ​ក្នុង​នោះ​ទិវា​ ​ឬ​តម្លៃ​អប់រំ​នៃ​កម្មវិធី​នី​មួយ​ៗ​សុទ្ធតែ​អប់រំ​មនុស្ស​ឱ្យធ្វើ​ល្អ​ ​ចេះ​ចែករំលែក​ ​មានចិត្ត​ក​ត្ត​ញ្ញូ​ ​និង​ស្រឡាញ់​គ្នា​។​ ​កន្លងមក​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ពិធី​ទាំងអស់​នោះ​ភាគច្រើន​មក​ពី​ការអនុវត្ត​ខុស​ ​ដោយ​មិន​យល់​ ​ឬ​ដោយ​បំពាន​ពី​បុគ្គល​ដែល​ចង់​ឆ្លៀតឱកាស​កេង​ចំណេញ​ពី​ពិធី​ទាំងអស់​នោះ​។​ ​

​ជាក់ស្តែង​ ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​មាន​អត្ថន័យ​អប់រំ​ឱ្យ​មនុស្ស​ចេះ​គោរព​ស្រឡាញ់​គ្នា​ ​ចេះដឹង​គុណ​គ្នា​ ​មិន​ខុស​ប៉ុន្មាន​ពី​បុណ្យ​ ​និង​តម្លៃ​អប់រំ​របស់​ខ្មែរ​នោះ​ទេ​ ​តែ​យុវវ័យ​មួយចំនួន​បែរជា​ឆ្លៀតឱកាស​បង្វែរ​ទិវា​ដ៏​មាន​អត្ថន័យ​ល្អ​នេះ​ទៅជា​រឿង​ទិវា​បុណ្យ​សង្សារ​ ​ឬ​អ្នកខ្លះ​ចាត់ទុកថា​ ​ជា​ទិវា​បរិច្ចាគ​ខ្លួន​ទៅវិញ​។​ ​ការយល់​ខុសបែប​នេះ​បាន​ជះ​ផល​អវិជ្ជមាន​ ​និង​បង្កក្តី​ព្រួយបារម្ភ​ជាច្រើន​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ​ ​ជាពិសេស​អាណាព្យាបាល​ដែល​មានកូន​ស្រី​។​ ​

​ទន្ទឹម​នឹង​មាន​ក្តី​បារម្ភ​ខ្លាចក្រែង​យុវជន​ឆ្លៀតឱកាស​ប្រើប្រាស់​បាច់​ផ្កា​មួយ​បាច់​ប្តូរ​បាន​ខ្លួនប្រាណ​យុវនារី​វ័យក្មេង​នៅ​ថ្ងៃទី14កុម្ភៈ​នេះ​ ​ក្រសួង​ពាក់ព័ន្ធ​ ​និង​ក្រសួងវប្បធម៌​ក៏បាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​យុវជន​យល់​ឱ្យ​បាន​ច្បាស់​ថា​ ​ទិវា​នេះ​មិនមែន​ជា​ថ្ងៃបុណ្យ​សង្សារ​ដូចដែល​យុវវ័យ​គិត​នោះ​ទេ​ ​និង​ក៏​មិនមែន​ជា​ឱកាស​ដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិន​គប្បី​នោះ​ដែរ​ ​តែ​ជា​ថ្ងៃល្អ​សម្រាប់​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា​ ​ជាពិសេស​ជន​ដែល​កំពុង​ត្រូវការ​ជំនួយ​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ក៏​ចាប់ផ្តើម​ធ្វើសកម្មភាព​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យុវជន​ ​និង​ប្រជាជន​ខ្មែរ​ឱ្យ​កាត់បន្ថយ​សកម្មភាព​អវិជ្ជមាន​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ ​ប្រពៃណី​ជាតិ​ ​មក​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ការ​ជួយ​ជីវិត​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​មន្ទីរពេទ្យ​វិញ​ប្រសើរ​ជាង​។​ ​

​ការ​ឱ្យ​តម្លៃ​លើ​ក្តី​ស្រឡាញ់​ពិតប្រាកដ​ ​គឺ​ការ​ផ្តល់​ក្តី​ស្រឡាញ់​ដោយ​មិន​ចង់បាន​ផល​តបស្នង​ ​ឬ​មានគំនិត​អាត្មានិយម​ដែល​បង្កប់​ដោយ​ភាព​បោកប្រាស់​នោះ​ឡើយ​ ​ហេតុនេះ​ការ​ផ្តល់​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ ​ជា​ការ​ផ្តល់​ក្តី​ស្រឡាញ់​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​ ​និង​ប្រសើរ​ជាង​ការ​បរិច្ចាគ​ខ្លួនប្រាណ​ដែល​នឹង​ទទួល​បាន​មកវិញ​នូវ​វិបត្តិ​៕​ ​


Advertisement