យុវតី​ខ្មែរ​ ​2រូប​ ​ផលិត​អាហារ​ ​Organic​ ​ត្រៀម​ប្រកួត​ក្នុង​ទីផ្សារ​តំបន់​

ដោយសារតែ​ការអប់រំ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ ​មនុស្ស​ស្រី​ចាប់ផ្តើម​មាន​សមត្ថភាព​ ​និង​គំនិត​ច្នៃប្រឌិត​កាន់តែ​ខ្លាំង​ ​ទាំង​ក្នុង​ការងារ​ ​និង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​។​ ​ដោយ​មើលឃើញ​ពី​តម្រូវការ​ផ្នែក​ចំណីអាហារ​សម្រាប់​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ដែល​មាន​ភាព​មមាញឹក​ច្រើន​ក្នុង​ការងារ​ប្រចាំថ្ងៃ​ ​ ​យុវតី​ ​2រូប​បាន​ប្រើប្រាស់​សមត្ថភាព​លើ​ជំនាញ​ផលិត​ចំណីអាហារ​របស់​ខ្លួន​ដើម្បី​បង្កើត​ផលិតផល​ថ្មី​ដែល​ជា​ប្រភេទ​អាហារ​ធម្មជាតិ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ​ងាយស្រួល​ញ៉ាំ​ ​ចំណេញពេលវេលា​ ​និង​ថវិកា​សម្រាប់​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចម្អិន​អាហារ​ពេលព្រឹក​។​ ​

​កញ្ញា​ ​ប៉ែន​ ​បូ​នី​តា​ ​ស្ថាបនិក​នៃ​ក្រុម​ផលិត​អាហារ​ធម្មជាតិ​ ​(​organic​)​ ​ខ្មែរ​ស៊ី​រៀល​ ​និង​ជា​អ្នកជំនាញ​ផ្នែក​គីមី​អាហារ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​នេះ​និស្សិត​ ​និង​អ្នកធ្វើការ​ងារ​ជាច្រើន​មាន​ភាព​មមាញឹក​កាន់តែ​ច្រើន​ ​ដែល​កំពុង​មាន​បញ្ហា​រឿង​អាហារ​ ​ព្រោះ​ពួកគាត់​មាន​ពេល​ខ្លី​ ​មិន​មាន​ពេល​ដើរ​ផ្សារ​ច្រើន​ ​និង​ពិបាក​រក​ចំណីអាហារ​នៅពេល​ព្រឹក​ ​ធ្វើ​ឱ្យ​អ្នកខ្លះ​សម្រេចចិត្ត​អត់អាហារ​ពេលព្រឹក​ ​រហូត​មាន​បញ្ហា​សុខភាព​។​ ​ហេតុនេះ​ហើយ​ទើប​ក្នុងនាម​ជា​អ្នក​សិក្សា​លើ​ផ្នែក​គីមី​ចំណីអាហារ​ ​យើង​គិតថា​ ​យើង​គួរ​បង្កើត​ផលិត​-​ផល​មួយ​ដែល​អាច​ជួយ​ពួកគាត់​ ​និង​ជួយ​ផ្នែក​ផ្សេង​ៗ​ទៀត​ក្នុង​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​បន្ទាប់មក​ពួក​យើង​ក៏​បង្កើត​អាហារ​ ​organic​ ​ខ្មែរ​ស៊ី​រៀល​នេះ​ឡើង​ព្រោះ​វា​ជា​ប្រភេទ​អាហារ​ក្រៀម​ដែល​គ្មាន​ប្រើប្រាស់​ជាតិគីមី​ ​អាច​ញ៉ាំ​ជាមួយ​ទឹកដោះគោ​បាន​យ៉ាង​ងាយ​។​ ​ខ្មែរ​ស៊ី​រៀល​នេះ​ ​ជា​ប្រភេទ​អាហារ​ស៊ី​រៀល​(​Cereal​)​ខ្មែរ​ដំបូង​បំផុត​ដែល​កន្លងមក​យើង​ធ្លាប់តែ​ឃើញ​ផ្សារ​ទំនើប​ធំៗ​គេ​នាំចូល​ពី​បរទេស​ ​ហេតុនេះ​យើង​ក៏​មានគំនិត​ផ្សំ​បន្លែ​ខ្មែរយើង​ដែល​មានស្រាប់​ដូចជា​ ​ដំឡូង​ ​ពោត​ ​ត្រាវ​ ​ល្ពៅ​ ​ស្វាយ​ ​និង​សណ្តែកសៀង​ដើម្បី​បង្កើត​វា​ឡើង​។​ ​អ្នកជំនាញ​ខាង​គីមី​អាហារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​មូលហេតុ​ដែល​ជ្រើសរើស​យក​ប្រភេទ​បន្លែ​ទាំងអស់​នេះ​ ​ព្រោះ​ដោយសារតែ​ដំឡូង​ ​និង​ត្រាវ​មាន​សារធាតុ​ ​Fiber​ ​ហើយ​សណ្តែកសៀង​មាន​សារធាតុ​ប្រូ​តេ​អុីន​ ​ល្ពៅ​ ​មាន​វីតាមីនAរួម​ទាំង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​មាន​សារធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​រាងកាយ​។​ ​ប្រជាជន​ខ្មែរយើង​ភាគច្រើន​មិនសូវ​បាន​ស្វែងយល់​ពី​តុល្យភាព​ក្នុង​ការ​ទទួលទាន​អាហារ​នោះ​ទេ​ ​ហេតុនេះ​ហើយ​ទើប​យើង​ព្យាយាម​បង្កើត​អាហារ​នេះ​ឡើង​ដោយ​បញ្ចូល​សារធាតុ​ចិញ្ចឹម​សម្រាប់​ពួកគាត់​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​តុល្យភាព​ពេញ​មួយ​ព្រឹក​។​ ​ចំពោះ​វិធី​ផលិត​គឺ​យើង​ធ្វើការ​ថ្លឹង​ ​និង​សម្ងួត​ដោយ​វិធីសាស្ត្រ​ធម្មជាតិ​សុទ្ធសាធ​ ​ដោយ​យើង​វាស់​សីតុណ្ហភាព​ ​និង​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​អាហារ​ទាំងអស់​នោះ​មិន​បាត់បង់​សារធាតុ​ចិញ្ចឹម​របស់​វា​។​ ​ចំណែក​ឯ​ពេលវេលា​សម្រាប់​រក្សាទុក​ ​ប្រសិនបើ​យើង​ទុក​ឱ្យ​បាន​ត្រឹមត្រូវ​អាហារ​នេះ​អាច​រក្សាទុក​បាន​រយៈពេល​ ​3ខែ​។​ ​

​កញ្ញា​ ​ប៉ែន​ ​បូ​នី​តា​ ​បាន​និយាយ​ថា​៖​ ​“​អាហារ​ខ្មែរ​ស៊ី​រៀល​នេះ​ ​ក៏​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរយើង​ផង​ដែរ​ ​ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែល​សម្បូរទៅដោយ​ផលដំណាំ​ ​តែ​កន្លងមក​កសិករ​គាត់​មិន​អាច​រក​ទីផ្សារ​បាន​ល្អ​ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​បង្ខំចិត្ត​លក់​ចេញ​ក្នុង​តម្លៃថោក​។​ ​ម្យ៉ាងវិញទៀត​ ​យើង​ធ្វើបែប​នេះ​ក៏​ចង់​លើកស្ទួយ​ឱ្យ​មានការ​ដាំ​បន្លែ​ ​organic​ ​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ដល់​សុខភាព​របស់​ប្រជាជន​ជា​-​ច្រើន​ផ្សេងទៀត​”​។​ ​

​កញ្ញា​ ​បូ​នី​តា​ ​បាន​បន្ថែម​ទៀត​ថា​ ​ផលិតផល​ខ្មែរ​ស៊ី​រៀល​នេះ​ ​ថ្វី​ដ្បិតតែ​វា​ត្រូវ​បាន​វេច​ខ្ចប់​ដាក់​ក្នុង​កញ្ចប់​ ​និង​កំប៉ុង​ក៏​ពិតមែន​ ​តែ​វា​មិនមែន​ជា​ប្រភេទ​អាហារ​ ​Fast​ ​Food​ ​ដូចជា​មី​ ​ឬ​អាហារ​ដែល​មាន​សារធាតុ​ខ្លាញ់​ច្រើន​ផ្សេង​ៗ​ទៀត​នោះ​ទេ​ ​តែ​វា​ជា​ប្រភេទ​បន្លែ​ផ្លែឈើ​ខ្មែរយើង​សុទ្ធសាធ​ ​ដែល​យើង​សម្ងួត​ដោយ​គ្មាន​សារធាតុគីមី​ ​ហើយ​សុវត្ថិភាព​ទៀតផង​។​ ​ចំពោះ​ការ​ជ្រើសរើស​បន្លែ​ ​និង​ផ្លែឈើ​សម្រាប់​ជា​គ្រឿងផ្សំ​វិញ​ក៏​យើង​មានការ​ប្រយ័ត្ន​ដែរ​ ​ព្រោះ​ជា​ធម្មតា​គ្រឿងផ្សំ​ខ្លះ​ដាំ​នៅក្នុង​ដី​ហេតុនេះ​ប្រសិនបើ​យើង​មិនបាន​ពិនិត្យ​ឱ្យ​ស្រួល​ទេ​នឹង​មាន​បញ្ហា​ច្រើន​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទាន​។​ ​ដើម្បី​ធានា​ពី​ភាព​ស្អាត​ ​យើង​បាន​សហការ​ជាមួយ​ ​Khmer​ ​Organic​ ​ដែល​ជា​អ្នកផ្គត់ផ្គង់​បន្លែ​ ​organic​ ​ដែល​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ​ត្រឹមត្រូវ​។​ ​

​សហ​ស្ថាបនិក​មួយ​រូប​ទៀត​ ​កញ្ញា​ ​ម៉ៅ​ ​សុជាតា​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​គីមី​ចំណីអាហារ​ដូចគ្នា​ដែ​រនេាះ​ ​បាន​លើកឡើង​ថា​ ​អាហារ​ប្រភេទ​ខ្មែរ​ស៊ី​រៀល​នេះ​ ​ជា​អាហារ​ដែល​ផ្សំ​ឡើង​ដោយ​យើង​បាន​ធ្វើការ​សាកល្បង​ ​និង​ស្ទង់មតិ​ច្បាស់លាស់​ពី​មនុស្សជា​ច្រើន​ប្រភេទ​ក្នុង​ប្រទេស​។​លក្ខណៈ​ពិសេស​របស់​អាហារ​នេះ​ ​ក្រៅពី​ការ​មិន​ប្រើប្រាស់​សារធាតុគីមី​ដើម្បី​រក្សាទុក​ ​និង​ជា​បន្លែ​ធម្មជាតិ​ហើយ​នោះ​ ​វា​ក៏​ជា​ផលិតផល​ខ្មែរ​ដែល​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ខ្មែរយើង​ ​និង​មាន​រសជាតិ​បែប​ខ្មែរយើង​ទៀតផង​។​ ​សម្រាប់​ ​1កញ្ចប់​ ​យើង​គ្រោង​លក់​ចេញ​ក្នុង​តម្លៃ​ត្រឹមតែ​ ​2,000រៀល​ ​ទៅ​ ​2,500​ ​រៀល​ប៉ុណ្ណោះ​ ​ហើយ​ចំពោះ​ប្រភេទ​កំប៉ុង​វិញ​យើង​គ្រោង​លក់​ចេញ​ត្រឹមតែ​តម្លៃ​ ​2,500រៀល​ ​ទៅ​ ​3,000រៀល​ ​ដែល​តម្លៃ​នេះ​ធូរ​ថ្លៃជាង​អាហារ​ស៊ី​រៀល​បរទេស​ ​30​%​។​ ​

​កញ្ញា​ ​ម៉ៅ​ ​សុជាតា​ ​បាន​និយាយ​ថា​៖​ ​“​ទន្ទឹម​នឹង​មានគុណ​សម្បត្តិ​ច្រើន​ ​យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​លើ​ការ​គាំទ្រ​ពីសំណាក់​ប្រជាជន​ខ្មែរ​។​ ​កន្លងមក​ប្រជាជន​ខ្មែរយើង​មួយចំនួន​ហាក់​មិនទាន់​បើក​ចិត្តទូលាយ​ ​ឬ​ទុកចិត្ត​លើ​ផលិតផល​ខ្មែរ​នៅឡើយ​ទេ​ ​ហេតុនេះ​ខ្ញុំ​ស្នើសុំ​ឱ្យ​ពួកគាត់​ចាប់ផ្តើម​បង្វែរ​គំនិត​មក​គិតថា​ ​បច្ចុប្បន្ន​នេះ​អ្នកជំនាញ​ខ្មែរ​មួយចំនួន​ក៏អាច​បង្កើត​ផលិតផល​មិនចាញ់​បរទេស​ដែរ​ ​ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​ផលិតផល​នោះ​មានការ​ទទួលស្គាល់​ពី​ក្រសួង​ជំនាញ​ ​និង​ស្ថាប័ន​វាយតម្លៃ​ត្រឹមត្រូវ​ ​គាត់​អាច​គាំទ្រ​បាន​ ​ចៀសវាង​គាំទ្រ​ផលិតផល​ដែល​គ្មាន​ការ​ទទួលស្គាល់​ ​ហើយ​វាយតម្លៃ​ថា​ ​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​បញ្ហា​”​។​ ​

​កញ្ញា​ ​សុជាតា​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​យើង​ក៏​នៅ​មាន​បញ្ហា​ខ្លះ​ៗ​ផង​ដែរ​ជុំវិញ​ការ​វេច​ខ្ចប់​ ​ព្រោះ​ពួក​យើង​ជា​អ្នកជំនាញ​ចំណីអាហារ​ ​មិនទាន់​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការបង្កើត​ការរចនា​សម្បក​ខាងក្រៅ​ឱ្យ​មើលទៅ​មានការ​ទាក់ទាញ​ខ្លាំង​នៅឡើយ​ ​តែ​យើង​នឹង​ព្យាយាម​អភិវឌ្ឍ​បន្ថែម​ដើម្បី​ប្រកួតប្រជែង​ទាំង​ក្នុង​ទីផ្សារ​ជាតិ​ ​និង​ជាគោល​ដៅ​ចង់​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​ ​ដើម្បី​ឱ្យ​ផលិតផល​កសិកម្ម​ខ្មែរ​កាន់តែ​មាន​សក្តា​នុ​ពល​។​ ​យើង​សង្ឃឹមថា​ ​គម្រោង​ផលិត​ផលិតផល​អាហារ​ដែល​ជា​ស្នាដៃ​ខ្មែរ​នេះ​ ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​ក៏​ពួក​យើង​មាន​ភាព​រីករាយ​ផង​ដែរ​ដែល​ផលិតផល​របស់​យើង​បាន​ទទួល​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ការប្រកួត​កម្មវិធី​ ​Techno​ ​Innovation​ ​នៃ​វិទ្យាស្ថាន​បច្ចេក​-​វិទ្យា​កម្ពុជា​ ​(​សាលា​តិ​ចណូ​)​ ​ដែល​នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕​ ​

Advertisement