ខ្លាច​យុវជន​យល់​ច្រឡំ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​ ​ក្រសួង​អប់រំ​ចេញ​សេចក្តី​ណែនាំ​ទប់ស្កាត់​បញ្ហា​

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​រាល់​ថ្ងៃទី14កុម្ភៈ បាន​ក្លាយជា​ថ្ងៃ​ភ័យ​ផង​អរ​ផង​ចំពោះ​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស ជាពិសេស​គ្រួសារ​ដែលមានកូនស្រី ព្រោះ​មាន​បញ្ហា​ជាច្រើន​កើតឡើង​ចំពោះ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដែល​កើតចេញពី​ការយល់​ខុសថា​វា​ជា​ទិវា​បុណ្យ​សង្សារ ឬ​ជា​ពេលវេលា​ក្នុងការ​ប្រគល់​ខ្លួនប្រាណឱ្យសង្សារ​ជាដើម។

ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ចំពោះ​យុវវ័យ ក្រសួងអប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2019 នេះ​បានចេញ​សេចក្តីណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន។ នៅក្នុង​សេចក្តីណែនាំ​នោះបាន​បញ្ជាក់ថា​ក្រសួង​អប់រំ សង្កេតឃើញថា​ជា​រៀងរាល់ឆ្នាំនៅ​ថ្ងៃទី14 ខែកុម្ភៈ ដែលជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ជា​ថ្ងៃមួយ​ដែលសិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា ថ្ងៃនេះ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជាថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍។ ទិវា​នេះ​ពុំមែន​ជា​បុណ្យប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិវា​នៃ​ក្តី​ស្រឡាញ់​កាន់តែ​មាន​ឥទ្ធិពល​ធំឡើងៗ ធ្វើឱ្យ​យុវវ័យ​ភ្លើតភ្លើនភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង។

ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថានសាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសាធារណៈ និង​ឯកជន​ដូចជា ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាម​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ​កុំ​ឱ្យមាន​ការយល់​ខុសពី​អត្ថន័យ​នៃ​ក្តី​ស្រឡាញ់។ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ។ ត្រូវ​ជំរុញ​ដំណើរ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “មិត្ត​អប់រំ​មិត្ត” និង​ត្រូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ​ណែនាំ​កែលម្អ​សិស្សានុសិស្ស​បាន​ទាន់ពេលវេលា៕

Advertisement