ចង់ឱ្យ​មាឃបូជា​ល្បីល្បាញ​ដូច​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​លុះត្រាតែ​យើង​មាន​រូបភាព​ជា​អត្តសញ្ញាណ​ច្បាស់លាស់​

February 18, 2019​ ម៉ោង 11:21 am

បុណ្យមាឃបូជា​ជាពិធី​បុណ្យ​ប្រកបដោយ​អត្ថន័យ​សំខាន់​ក្នុង​ប្រទេស​ទាំងអស់​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ ​ព្រោះ​បុណ្យ​នេះ​បាន​បង្ហាញ​ពីអ​ត្ថ​ន័យ​ ​និង​ការអប់រំ​យ៉ាង​ជ្រាលជ្រៅ​ដល់​មនុស្ស​គ្រប់​ៗ​រូប​ ​ដែល​នឹង​នាំ​ឱ្យ​មានការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​ ​និង​មាន​សន្តិភាព​ក្នុង​ជីវិត​។​ ​

​នៅ​កម្ពុជា​ពិធីបុណ្យ​មាឃបូជា​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី15​ ​កើត​ ​ខែមាឃ​ ​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​ជា​បុណ្យជាតិ​មួយទៀត​របស់​ប្រទេស​ផង​ដែរ​ ​តែ​ចរន្ត​នៃ​ការយល់​ដឹង​ ​និង​គាំទ្រ​ហាក់​មានតែ​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ ​និង​មនុស្សចាស់​តែប៉ុណ្ណោះ​។​ ​សម្រាប់​យុវវ័យ​ ​គឺ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​ផ្នែក​ៗ​ ​មានន័យថា​ ​យុវជន​ដែល​នៅ​ស្និទ្ធ​ជាមួយនឹង​ការអប់រំ​ ​វប្បធម៌​ ​ឬសាស​នា​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ ​តែ​សម្រាប់​យុវជន​ជាទូទៅ​មួយចំនួន​ធំ​ ​មាន​អ្នកខ្លះ​មិនដែល​ទាំង​ចាំ​ថា​ ​ថ្ងៃណា​ជា​ថ្ងៃបុណ្យ​មាឃបូជា​ផង​។​ ​


​បង្ហាញ​ពី​ដំណោះស្រាយ​ ​និង​ការយល់ឃើញ​ជុំវិញ​ថ្ងៃបុណ្យ​មាឃបូជា​នេះ​ ​ឯកឧត្តម​ ​ប៉ែន​ ​វិបុល​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងធម្មការ​ ​និងសាសនា​ ​បាន​លើកឡើង​ថា​ ​ប្រជាជន​ខ្មែរ​ជា​ពុទ្ធបរិស័ទ​ ​តាម​សាកល​វិទ្យាល័យ​ ​ក្រុមហ៊ុន​នានា​ ​និង​មនុស្ស​ទូទៅ​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ថ្ងៃទី19​ ​កុម្ភៈ​ ​ខាងមុខនេះ​ជា​ថ្ងៃ​មាឃបូជា​។​ ​បញ្ហា​ដែល​មិនសូវ​មាន​អ្នកដឹង​ ​និង​ស្គាល់​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​នេះ​ ​ដោយសារតែ​យើង​គ្មាន​រូបភាព​បង្ហាញ​ច្បាស់លាស់​។​ ​ជាក់ស្តែង​ប្រសិនបើ​យើង​គិត​ពី​បុណ្យណូអែល​ ​មិន​ចាំបាច់​ផ្សព្វផ្សាយ​ទេ​ ​ក៏​គេ​ដឹង​ថា​បុណ្យណូអែល​ ​គឺ​គេ​ច្រើន​ធ្វើ​នៅ​ថ្ងៃទី25​ ​ខែធ្នូ​ដែរ​ ​ព្រោះ​គេ​មានការ​ជូន​កាដូ​ ​ឬ​រូបភាព​មួយចំនួន​ផ្សេងទៀត​ ​ឯ​បុណ្យចូលឆ្នាំ​ចិន​ ​គេ​ដឹង​ថា​មានការ​ជូន​អាំង​ប៉ាវ​ ​ជាដើម​។​ ​សម្រាប់​ថ្ងៃ14​ ​កុម្ភៈ​ ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​មិនទាន់​ដល់​ថ្ងៃ​ផង​ ​គេ​ដឹង​បាត់​ទៅ​ហើយ​ ​តាមរយៈ​រូបភាព​នៃ​ការ​លក់​ផ្កា​នៅ​ម្តុំ​វិមានឯករាជ្យ​ជាដើម​ ​ចុះ​មាឃបូជា​វិញ​ ​តើ​យើង​ត្រូវ​មាន​អ្វី​បង្ហាញ​ទៅ​?​។​

​ឯកឧត្តម​ ​ប៉ែន​ ​វិបុល​ ​បាន​និយាយ​ថា​៖​ ​«​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ​គួរ​ធ្វើ​រូបសញ្ញា​មួយ​ផ្ទាំង​ ​ឬ​ធ្វើអ្វី​ដើម្បី​បង្ហាញ​ជា​រូបភាព​មាឃបូជា​ ​ឱ្យ​មើលទៅ​ដឹង​ថា​ជា​ថ្ងៃ​មាឃបូជា​ ​ដោយ​មិនបាច់​ផ្សព្វផ្សាយ​ច្រើន​ក៏​ដឹង​តែម្តង​ ​ហើយ​បន្ថែម​ការចែក​រំលែក​តាមរយៈ​ ​Message​ ​ឬ​ ​facebook​ ​ជាដើម​»​។​ ​
​ឯកឧត្តម​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រសិនបើ​មាន​ក្រុមហ៊ុន​ឯកជន​ ​ឬ​ស្ថាប័ន​ណា​ចង់​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​ ​ឬ​អប់រំ​អំពី​ថ្ងៃ​មាឃបូជា​ ​សូម​ដាក់ពាក្យ​មក​ក្រសួងធម្មការ​ ​នោះ​ខាង​ក្រសួង​នឹង​ជួយ​សម្រួល​គ្រប់​លទ្ធភាព​ ​ដើម្បី​ជំរុញ​ឱ្យ​ការងារ​នេះ​កាន់តែ​ប្រសើរ​ឡើង​៕​ ​