មិនមែន​មានតែ​មី​ល្ពៅ​ទេ​ ​នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល​និស្សិត​ខ្មែរ​ធ្វើ​បាន​ ​ហើយ​ជាប់​ពាន​រង្វាន់​ល្បី​ៗ​ទៀតផង

​នវានុវត្តន៍​ ​ជា​ចំណុច​សំខាន់​ដែល​សង្គម​កម្ពុជា​ ​និង​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ​ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​កូនខ្មែរ​ជាច្រើន​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​បានសម្រេច​បាន​ស្នាដៃ​ជាច្រើន​ដែល​សុទ្ធតែ​មានប្រយោជន៍​ដល់​សង្គម​ ​ដោយ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​សុវត្ថិភាព​ ​បរិស្ថាន​ ​និង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​។​

​មិនមែន​មានតែ​មី​ល្ពៅ​មួយ​មុខ​នោះ​ទេ​ដែល​កូនខ្មែរ​បង្កើត​បាន​ ​តែ​ប្រសិនបើ​យើង​មើល​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្តិច​ ​យើង​នឹង​ឃើញថា​ ​កូនខ្មែរ​ជាច្រើន​ក្រុម​បាន​បង្កើត​ស្នា​ដៃ​ល្អ​ៗ​ ​និង​ទទួល​បាន​ពានរង្វាន់​សំ​ខាន់​ៗ​ថែមទៀត​ផង​។​ ​
​គម្រោង​មួយចំនួន​ដែល​កូនខ្មែរ​អាច​ធ្វើ​បាន​ដែរ​នោះ​មាន​ដូចជា​ ​អាហារ​ធម្មជាតិ​ ​(​organic​)​ ​ខ្មែរ​ស៊ី​រៀល​ ​ដែល​ផលិត​ដោយក្រុម​អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ដែល​ទទួល​បាន​ពានរង្វាន់​ ​Techno​ ​Innovation​ ​Challenge​ ​ឆ្នាំ2019​។​ ​ប្រភេទ​អាហារ​នេះ​ផលិត​ឡើង​ដើម្បី​ជួយ​ប្រជាជន​ខ្មែរយើង​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​រឿង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​អាហារ​ពេលព្រឹក​បរិភោគ​ ​ព្រោះ​វា​ជា​ប្រភេទ​អាហារ​ដែល​ត្រូវ​បាន​សម្ងួត​ឡើង​ពី​បន្លែ​ ​និង​ផ្លែឈើ​ធម្មជាតិ​ ​និង​ថែមទាំង​អាច​រក្សាទុក​បាន​យូរ​ដោយ​មិន​បាត់បង់​សារធាតុ​ចិញ្ចឹម​ទៀតផង​។​ ​
​អាហារ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​ប្រជាជន​ឱ្យ​ដាំ​បន្លែ​ ​Organic​ ​និង​កាត់បន្ថយ​ជាតិគីមី​ក្នុង​អាហារ​ ​ហើយ​ថែមទាំង​ជួយ​ពួកគាត់​ក្នុង​ការគ្រប់គ្រង​ផលិតផល​កុំឱ្យ​ខ្ជះខ្ជាយ​ ​និង​សល់ចោល​ក្នុង​ទីផ្សារ​។​ ​

​គម្រោង​សំខាន់​មួយទៀត​គឺ​ ​ផលិតផល​បបរ​«​កូន​ឆ្លាត​»​ ​ដែល​ផលិតផល​របស់​ក្រុម​និស្សិត​ខាង​ចំណីអាហារ​ដូចគ្នា​ ​និង​ឈ្នះ​ក្នុង​កម្មវិធី​ ​Techno​ ​Innovation​ ​Challenge​ ​រួម​ទាំង​កម្មវិធី​ ​Business​ ​Plan​ ​for​ ​better​ ​world​ ​young​ ​social​ ​entrepreneur​ ​របស់​មូលនិធិ​អន្តរជាតិ​សិង្ហបុរី​ទៀតផង​។​ ​ផលិតផល​នេះ​ផលិត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាណាព្យាបាល​ក្នុង​ការ​ធ្វើ​អាហារ​សម្រាប់​កុមា​រតូចៗ​ដែល​មានតម្លៃ​ថ្លៃ​ ​ហើយ​ទិញ​តែ​ផលិតផល​ពី​បរទេស​។​ ​

ផលិតផល​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ ​និង​សាកល្បង​ភ្លក្ស​ឱ្យ​ត្រូវ​នឹង​រសជាតិ​ដែល​កុមារ​កម្ពុជា​ចូលចិត្ត​ ​ហើយ​មាន​តុល្យភាព​ល្អ​ផ្នែក​សារធាតុ​ចិញ្ចឹម​ដើម្បី​ការ​រីក​ធំធាត់​របស់​កុមារ​កម្ពុជា​។​ ​ផលិតផល​ដ៏​សំខាន់​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត​ ​តែ​គុណភាព​ល្អ​មិនចាញ់​អាហារ​បរទេស​ឡើយ​។​ ​ម្យ៉ាងវិញទៀត​វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​ដល់​កសិករ​ម្ចាស់​ចម្ការ​ចេក​ ​ដែល​មាន​ទីផ្សារ​មិន​ទៀងទាត់​ ​ឱ្យ​មាន​ទីផ្សារ​ល្អ​ឡើងវិញ​ទៀតផង​។​ ​

​ក្រៅពី​នេះ​នៅ​មាន​យុវជន​ខ្មែរ​ជា​និស្សិត​ ​ដែល​ផលិត​បាន​គម្រោង​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ក្នុង​សាកល​វិទ្យាល័យ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​ផលិតផលកម្ម​វិធី​កុំព្យូទ័រ​ស្គាល់ចិត្ត​មនុស្ស​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​កង្ហារ​ឆ្លាតវៃ​អាច​ឱ្យ​ជន​ពិការ​ភ្នែក​ប្រើ​បាន​ ​ហើយ​សន្សំសំចៃ​អគ្គិសនី​ ​Robot​ ​ជួយ​ជន​ពិការ​ ​បរិស្ថាន​ ​និង​ផលិតផល​ជាច្រើន​ផ្សេងទៀត​លើ​គ្រប់​វិស័យ​ដោយរួមទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​៕​ ​

Advertisement