សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​កំពុង​ផ្សព្វផ្សាយ​ពី​​ហ្គេម​ ​Momo​ ​Challenge​ ​ដែល​ណែនាំ​ឱ្យ​ក្មេង​សម្លាប់​ខ្លួន​ ​និង​អ្នក​ក្នុង​ផ្ទះ​ ​តាម​វីដេអូ​ ​​ ​

នៅ​ពេល​ថ្មី​ៗ​នេះ​ ​សារព័ត៌​មាន​ធំៗ​ទាំងអស់​លើ​ពិភពលោក​កំពុង​ចេញផ្សាយ​ព័ត៌មាន​ព្រម​ៗ​គ្នា​អំពី​បញ្ហា​ក្តៅ​មួយ​ដែល​អាណាព្យាបាល​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កំពុង​ព្រួយបារម្ភ​ ​គឺ​កម្មវិធី​ ​Momo​ ​Challenge​ ​ដែល​ជា​វីដេអូ​ណែនាំ​ឱ្យ​ក្មេង​តូច​ៗ​សម្លាប់​ខ្លួន​ ​ឬ​ណែនាំ​ឱ្យ​ពួកគេ​សម្លាប់​បងប្អូន​ ​និង​គ្រួសារ​ជាដើម​។​ ​

សារព័ត៌មានអន្តរជាតិធំៗបញ្ជាក់ថា ​វីដេអូ​របស់​ ​Momo​ ​challenge​ ​នេះ​ភាគច្រើន​ចេញពី​ក្នុង​វីដេអូ​តុ​ក្ក​តា​ល្បី​ៗ​នៅក្នុង​បណ្តាញ​សង្គម​ដូចជា​ ​Youtube​,​ ​WhatsApp ​និង​បណ្តាញ​​ផ្សេងទៀត​។​ ​វា​ចេញ​មក​នៅ​ពាក់កណ្តាល​វីដេអូ​តុក្កតា​ ​ឬ​វីដេអូ​ដែល​កុមារ​ចូលចិត្ត​ ​ហើយ​បំភ័យ​កុមារ​ឱ្យ​ចូលរួម​តាម​ការណែនាំ​បើមិនដូច្នោះទេ​ ​Momoដែល​ភាគច្រើន​ជា​រូបភាព​គួរ​ឱ្យ​ខ្លាច​នោះ​ ​នឹង​មក​សម្លាប់​ពួកគេ​នៅពេល​យប់​។​ ​ក្រោយពេល​ក្មេង​តូច​ៗ​ភ័យ​ ​និង​ជឿ​លើ​វីដេអូ​បំភ័យ​នោះ​ហើយ​ ​ពួកគេ​មាន​វីដេអូ​ណែនាំ​បន្ថែម​ឱ្យ​ក្មេង​តូច​ៗ​យក​កាំបិត​ ​ឬ​របស់​មុត​ស្រួច​មក​ចាក់​ខ្លួនឯង​ ​និង​ចាក់​សមាជិក​គ្រួសារ​ជាដើម​។​ ​

​កម្មវិធី​ប្រភេទ​នេះ​ ​កាលពី​ពេល​មុន​ៗ​ត្រូវ​បាន​គេ​ចែកចាយ​ម្តង​រួចមក​ហើយ​ ​ដែល​បាន​ធ្វើ​ឱ្យ​អាណាព្យាបាល​ព្រួយបារម្ភ​ ​តែ​កាលនោះ​បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេងគ្នា​។​ ​នៅ​ឆ្នាំនេះ​ ​Momoបាន​ចេញ​មក​ជាថ្មី​ដើម្បី​បំភ័យ​ ​និង​លុកលុយ​យក​ព័ត៌មាន​សំ​ខាន់​ៗ​ជាច្រើន​ពី​គ្រួសារ​របស់​ក្មេង​តូច​ៗ​ដែល​នៅ​ស្និទ្ធ​ជាមួយ​បណ្តាញ​សង្គម​ ​និង​ឧបករណ៍​អេឡិចត្រូនិក​។​ ​

​ថ្មី​ៗ​នេះ​សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​ ​ដូចជា​ ​The​ ​Gauardian​,​ ​CNN​,​ ​BBC​,​ ​ABC​ ​បាន​ផ្សព្វផ្សាយ​ដំ​ណាលៗ​គ្នា​អំពី​ក្តី​កង្វល់​របស់​អាណាព្យាបាល​ ​អំពី​វិធីសាស្ត្រ​ការពារ​របស់​អាណាព្យាបាល​ ​និង​ក្រុម​គ្រួសារ​ ​តែស្របពេលជាមួយគ្នានេះសារព័ត៌មានខ្លះក៏បញ្ជាក់ថានេះជាព័ត៌មានមិនច្បាស់លាស់ព្រោះគ្មានសញ្ញាណណាមួយបញ្ជាក់ថាក្មេងទទួលបាន​សារពី កម្មវិធីដែល​ណែនាំ​ក្មេង​ឱ្យធ្វើ​អត្តឃាត​ ​Momo​ ​Challenge​ ​game​ ​នេះ​ តែក៏សូមឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។​ ​

​ក្នុង​នោះ​សារព័ត៌មាន​ ​ABC​ ​បាន​ផ្សាយថានេះជាព័ត៌មានមិនច្បាស់ការ តែក៏បានធ្វើការណែនាំឱ្យ​​អាណាព្យាបាល​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមា​រតូចៗ​កុំឱ្យ​ប្រើប្រាស់​ ​ឬ​កំណត់ពេល​សម្រាប់​តាមដាន​ ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​ ​ហើយ​ឃាត់​មិន​ឱ្យ​កូន​តូច​ៗ​មើល​វីដេអូ​តែម្នាក់ឯង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។​ ​

​ចំពោះ​ ​CNN​ ​វិញ​ ​ក៏បាន​ដកស្រង់​ការណែនាំ​របស់​ទីភ្នាក់ងារ​សន្តិសុខ​អន​ឡាញ​​ ​ដែល​បាន​ណែនាំ​អាណាព្យាបាល​ឱ្យ​ស្គាល់​ ​និង​ធ្វើ​កំណត់ចំណាំ​ឱ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​ជា​ ​Momo​ ​Challenge​ ​ដែល​បាន​បំភ័យ​សិស្សសាលា​ ​និង​អាណាព្យាបាល​រាប់​រយ​នាក់​ឱ្យ​ប្រុងប្រយ័ត្ន​ ​ហើយ​ ​Report​ ​និង​ ​Block​ ​គណនី​ទាំងឡាយ​ណា​ដែល​បាន​បង្ហាញ​ពី​វីដេអូ​ ​Momo​ ​Challenge​ ​ដល់​ក្មេង​ៗ​ ​ដើម្បី​ចូលរួម​ទប់ស្កាត់​។​ ​

​ចំណែក​ឯ​ ​BBC​ ​និង​សារព័ត៌​មាន​ធំៗ​មួយចំនួន​ទៀតបានបញ្ជាក់ថានេះជាព័ត៌មានមិនពិតតែ​ក៏បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​ត្រូវ​បង្រៀន​កុមា​រតូចៗ​ឱ្យ​យល់​ច្បាស់​ពី​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​លើ​បណ្តាញ​អន​ឡាញ​ ​ដើម្បី​ការពារ​ខ្លួន​ពី​គ្រប់​សកម្មភាព​មិនល្អ​ទាំងអស់​របស់​ក្រុម​ ​Hacker​ ​ក្រៅពី​ ​Momo​ ​Challenge​ ​ផង​ដែរ​៕​ ​


Advertisement