តើ​យុវជន​យល់​យ៉ាងណា​អំពី​ទិវា​អំណាន​ជាតិ​នៅ​ឆ្នាំ2019នេះ​?

ទិវា​អំណាន​ ជា​ទិវា​ដ៏​មាន​សារៈសំខាន់​សម្រាប់​សង្គម​កម្ពុជា​ ព្រោះ​បច្ចុប្បន្ន​កំពុង​ត្រូវការ​ធនធានមនុស្ស​លើ​គ្រប់​ផ្នែក​ទាំងអស់​។ ហេតុនេះ​ការ​បំផុស​ឱ្យ​ប្រជាជន​ចាប់ផ្តើម​អាន​ គឺជា​យន្តការ​ដ៏​សំខាន់​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​យកចិត្ត​ទុកដាក់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

នៅ​ថ្ងៃទី18​ ខែមីនា​ ឆ្នាំ2019​ ខាងមុខនេះ​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​អំណាន​ធំ​ប្រចាំឆ្នាំ​ ស្រប​ទៅតាម​អនុក្រឹត្យ​បង្កើត​ទិវា​អំណាន​ជាតិ​ឆ្នាំ2015​ ដែល​កំណត់​យក​ថ្ងៃទី18​ ​ខែមីនា​ រៀងរាល់​ឆ្នាំ​ជា​ទិវា​អំណាន​ ដែល​ថ្ងៃនេះ​គឺ​ត្រូវ​ចំ​នឹង​ថ្ងៃកំណើត​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ​ ជួន​ ណាត​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ស្ថាបនិក​ដ៏​សំខាន់​លើ​វិស័យ​អក្សរសាស្ត្រ​ជាតិ​។

ស្ថាបនិក​ My​ BOOKSHOPCambodia​ ​លោក​ ប៊ួយ​ សុធន​ យល់ឃើញ​ថា​ ទិវា​អំណាន​ជាតិ​ គឺជា​ព្រឹត្តិ​ការណ៍​ជា​វិជ្ជមាន​មួយ​ដែល​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ចូលចិត្ត​អាន​។ ដើម្បី​លើកស្ទួយ​ការ​អាន​ នៅ​កម្ពុជា​យើង​ត្រូវការ​ធាតុផ្សំ​ជាច្រើន​ ក្នុង​នោះ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ គឺជា​យន្តការ​មួយ​សំខាន់​ក្នុងចំណោម​កត្តា​គន្លឹះ​សម្រាប់​អភិវឌ្ឍ​ការ​អាន​នៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ​ថ្វី​ដ្បិតតែ​ចំនួន​នាក់​អាន​នៅ​កម្ពុជា​នៅ​មានកម្រិត​ក៏​ពិតមែន​ តែ​ចំនួន​អ្នកចាប់​អារម្មណ៍​ពី​ការ​អាន​មានការ​កើនឡើង​ ហេតុនេះ​ទិវា​អំណាន​ជាតិ​ឆ្នាំនេះ​អាច​នឹង​មាន​កំណើន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ​មុន​ៗ តែ​ទន្ទឹម​នឹង​នេះ​ក៏​សូម​ឱ្យ​មានការ​រៀបចំ​ និង​ច្នៃប្រឌិត​ឱ្យ​បាន​កាន់តែ​ទាក់ទាញ​ឡើង​ បើ​ទោះបីជា​មាន​មនុស្ស​ចូលរួម​ច្រើន​ហើយក៏​ដោយ​។

លោក​ ប៊ួយ​ សុធន​ បាន​និយាយ​ថា​៖ “ការចែក​សៀវភៅ​ និង​សកម្មភាព​ច្នៃប្រឌិត​នៅក្នុង​ព្រឹត្តិ​កា​រណ៍​ធំៗ​ពាក់ព័ន្ធ​នឹង​អំណាន​ គឺជា​រឿង​ល្អ​មួយ​ដែល​អាច​ទាក់ទាញ​មនុស្ស​ឱ្យ​បាន​ចូលរួម​កាន់តែ​ច្រើន​។ សកម្មភាព​បែបនេះ​ គឺជា​រឿង​វិជ្ជមាន​ ព្រោះ​ពេលខ្លះ​គោលបំណង​សំខាន់​ មិនមែន​គ្រាន់តែ​ទៅ​ចូលរួម​កម្មវិធី​នោះ​ទេ​ តែ​គាត់​អាច​ទៅ​ដើម្បី​កម្សាន្ត​ ឬចង់បាន​សៀវភៅ​ ហើយ​អ្វី​ដែល​សំខាន់​នោះ​ យ៉ាងហោចណាស់​ក៏​យើង​អាច​ទាក់ទាញ​មនុស្ស​ថ្មី​ៗដែល​មិនទាន់​ចាប់អារម្មណ៍​លើ​ការ​អាន​ឱ្យ​ចូល​ទៅ​ក្នុង​បរិស្ថាន​ល្អ​មួយ​ ​និង​កាន់តែ​យល់​ច្បាស់​ពី​ផលប្រយោជន៍​នៃ​អំណាន​ដែរ​”។

លោក​ សុធន​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​ជាផ្នែក​យ៉ាង​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​អ្នកនិពន្ធ​ផង​ដែរ​ ព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​តាំង​បង្ហាញ​សៀវភៅ​ល្អ​ៗ និង​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ផង​ដែរ​សម្រាប់​ឱ្យ​ប្រជាជន​បាន​ស្គាល់​ស្នាដៃ​របស់​អ្នកនិពន្ធ​ថ្មី​។

សហ​ស្ថាបនិក​បណ្ណាគារ​មួយ​រូប​ លោក​ ហម​ សុខ​នី​ បាន​បង្ហាញ​ការយល់ឃើញ​ថា​ លោក​គាំទ្រ​ឱ្យ​មានការ​ប្រារព្ធ​ទិវា​អំណាន​នេះ​ ហើយ​វា​ក៏​ជា​ព្រឹត្តិ​ការណ៍​នៃ​ការ​ចងចាំ​មួយ​ដែល​បាន​ដាស់​ស្មារតី​ប្រជាជន​ថា​ ប្រទេស​កម្ពុជា​យើង​មាន​ទិវា​ដ៏​ពិសេស​មួយ​ជា​រៀងរាល់​ឆ្នាំ​ គឺ​ទិវា​អំណាន​ជាតិ​។ ទិវា​នេះ​ក៏​ជា​ឱកាស​មួយ​ល្អ​ផង​ដែរ​សម្រាប់​អាណាព្យាបាល​ដែល​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ពូកែ​ និង​មានទម្លាប់​ល្អ​នៅ​ថ្ងៃ​អនាគត​ ព្រោះ​គាត់​អាច​នាំ​កូន​ឱ្យ​ឃើញ​ពី​ពិភព​ដ៏​ធំ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ស្រឡាញ់​ការអប់រំ​។ ការ​នាំ​កូន​តូច​ៗទៅកាន់​ទិវា​អំណាន​ ជា​ការអប់រំ​ដោយ​ផ្ទាល់​ដើម្បី​ឱ្យ​ក្មេង​រីករាយ​ជាមួយនឹង​ការ​អាន​ ហើយ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​ជំនាន់​ថ្មី​កាន់តែ​ច្រើន​ចូលចិត្ត​អាន​ និង​ក្លាយជា​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ ទាំង​ផ្នែក​រឹង​ និង​ទន់​។

លោក​ ហម​ សុខ​នី​ និយាយ​ថា​៖ “នៅពេល​ក្មេង​តូច​ៗចូលចិត្ត​អាន​នោះ​ ពួកគេ​នឹងអាច​ទទួល​បាន​ចំណេះដឹង​ពី​ផ្នត់គំនិត​អប់រំ​ជាច្រើន​ដែល​បង្កប់​នៅក្នុង​ស្នាដៃ​និពន្ធ​ទាំង​ប្រលោមលោក​ សៀវភៅ​កុមារ​ សៀវភៅ​អប់រំ​ ឬសៀវភៅ​ស្តី​ពី​ជំនាញ​ក៏ដោយ​”។

កញ្ញា​ ប៉ា​ សុ​ខេង​ ជា​អ្នក​ស្រឡាញ់​ការ​អាន​មួយ​រូប​បាន​លើកឡើង​ថា​ ការរៀបចំ​ទិវា​អំណាន​ជាតិ​លើក​ទី4​ នេះ​នឹង​មាន​ភាព​ផុសផុល​ និង​ប្រសិទ្ធភាព​ជាង​មុន​ ព្រោះ​មួយរយៈពេល​ចុងក្រោយ​នេះ​មានការ​ពេញនិយម​ការ​អាន​សៀវភៅ​ច្រើន​ដែល​យើង​ទាំងអស់គ្នា​សុទ្ធតែ​បាន​មើលឃើញ​ថា​ កម្ម​វិ​ធី​ធំៗ​នានា​មាន​កំណើន​ល្អ​។ ចំណុច​ដែល​នាំ​ឱ្យ​មាន​កំណើន​អ្នកចូលរួម​នេះ​ព្រោះ​មាន​សារព័ត៌មាន​ចុះ​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​ ហើយ​សម្រាប់​ឆ្នាំនេះ​ក៏​មាន​សារាចរណែនាំ​ពី​រាជរដ្ឋាភិបាល​ឱ្យ​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ឡើង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ដល់​យុវជន​លើ​អំណាន​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ផង​ដែរ​។ ក្នុង​សារាចរ​ក៏បាន​កំណត់​ពី​ផែនការ​សកម្មភាព​មួយចំនួន​ដែល​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ មាន​ដូចជា​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ រួម​ទាំង​ក្រសួងព័ត៌មាន​គួរ​ធ្វើ​ដើម្បី​ជំរុញ​វិស័យ​អំណាន​៕

Advertisement