លោក​ ប៉ិច​ ប៉ូ​ឡែន​៖ ចង់​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ខ្លាំងក្លា​ លុះត្រា​ប្រជាជន​មាន​ចរិតល្អ​ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​

អត្តចរិត​ និង​ការ​គិតជា​ឫសគល់​សំខាន់​នៃ​សកម្មភាព​ និង​លទ្ធផល​របស់​មនុស្ស​ម្នា​ក់ៗ​ដែល​ជា​កោសិកា​របស់​សង្គម​។ ប្រសិនបើ​មនុស្ស​ម្នា​ក់ៗ​មាន​អត្តចរិត​ល្អ​ ជា​មនុស្ស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ មាន​ភាព​ហ្មត់ចត់​ ស្មោះត្រង់​ និង​ប្រសិទ្ធភាព​ នោះ​សង្គម​នឹង​ទទួល​បានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ តែ​ប្រសិនបើ​ប្រជាជន​មិន​គោរព​ពេលវេលា​ មិន​ចេះ​ធ្វើការ​ជា​ក្រុម​ ឬនិយាយ​ដោយ​ខ្លី​ថា​ អត្តចរិត​មិនទាន់​ល្អ​ នោះ​ការ​អភិវឌ្ឍ​ទៅ​រក​គោលដៅ​សំខាន់​ណាមួយ​ក៏​មានការ​លំបាកទៅ​តាម​នោះ​ដែរ​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ វិស័យ​ធនធានមនុស្ស​ គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​ ព្រោះ​នៅពេល​ដែល​ប្រជាជន​មានកម្រិត​នៃ​ការយល់​ដឹង​ល្អ​ មាន​ផលិតភាព​ការងារ​ខ្ពស់​ នៅពេល​នោះ​យើង​អាច​មាន​ភាពជា​ម្ចាស់ការ​ និង​មានឱកាស​ទាញ​យក​ការងារ​សំ​ខាន់​ៗបាន​ជាច្រើន​ទៀត​។ ក្រោយពេល​យើង​ទាញ​បាន​ឱកាស​ការងារ​ និង​ឱកាស​អាជីវកម្ម​របស់​យើង​ ធ្វើ​ឱ្យ​ចំណូល​របស់​យើង​ម្នា​ក់ៗ​កើនឡើង​ ដែល​រុញច្រាន​ GDP​ ឱ្យ​កើនឡើង​ពី​ជាង1,000ដុល្លារ​ក្នុង​ 1ឆ្នាំ​ ទៅ​ជាង3,000ដុល្លារ​ និង​កើនឡើង​ខ្ពស់​ជាង​នេះ​ជាដើម​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “បច្ចុប្បន្ន​នេះ​យើង​ឃើញថា​ មាន​បងប្អូន​យើង​ខ្លះទៅ​បរទេស​ដើម្បី​ទិញទំនិញ​មក​លក់​បន្ត​ ហើយ​នៅ​ថ្ងៃ​អនាគត​ការ​រីកចម្រើន​កាន់តែ​ខ្លាំង​ ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ទំនិញ​ខ្លះ​យើង​លែង​នាំចូល​មក​បាន​ទៀត​ គឺ​គេ​យក​មក​លក់​ដល់ទី​ផ្សារ​របស់​យើង​ផ្ទាល់​តែម្តង​ ហេតុនេះ​យើង​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ និង​បង្កើន​ភាព​ម្ចាស់ការ​លើ​ទីផ្សារ​របស់​យើង​”។

អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ដើម្បី​ទទួល​បាន​ភាពជា​ម្ចាស់ការ​នេះ​ លុះត្រាតែ​យើង​ម្នា​ក់ៗ​មាន​អត្តចរិត​ និង​ផ្នត់គំនិត​ល្អជា​មុន​សិន​។ មូលហេតុ​សំខាន់​ដែល​យើង​គួរ​រៀបចំ​អត្តចរិត​ និង​បន្ត​បណ្តុះ​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​មាន​អត្តចរិត​ និង​ផ្នត់គំនិត​ល្អ​នោះ​ ព្រោះ​វា​ជាផ្នែក​សំខាន់​មួយ​ដែល​ភាគី​សំ​ខាន់​ៗទាំងអស់​បាន​លើកឡើង​។ យើង​អាច​មើលឃើញ​បាន​តាមរយៈ​របាយការណ៍​របស់​ធនាគារពិភពលោក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​របាយការណ៍​ក្នុង​ប្រទេស​យើង​ យើង​ឃើញថា​ ភាព​រួមគ្នា​មួយ​ដែល​ជា​កត្តា​ប្រឈម​សម្រាប់​ប្រជាជន​កម្ពុជា​ គឺ​នៅ​ខ្វះ​ភាពជា​អ្នកដឹកនាំ​ ការ​ធ្វើការងារ​ជា​ក្រុម​ ការ​ទំនាក់ទំនង​ និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​។ ចំណុច​ទាំងអស់​នេះ​បើ​ស្ដាប់​មួយភ្លែត​គឺ​ មិនសូវ​អាក្រក់​ស្តាប់​ពេក​ទេ​ តែបើ​យើង​យក​មក​ពិចារណា​តែ​បន្តិច​យើង​នឹង​ដឹង​ថា​ គេ​ចង់ថា​ឱ្យ​យើង​នៅ​មិនទាន់​មាន​ចរិតល្អ​នៅឡើយ​ហ្នឹងឯង​។ ហេតុនេះ​យើង​ត្រូវតែ​ធ្វើការ​ផ្លាស់​ប្តូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ កុំឱ្យ​គេ​បន្ត​វាយតម្លៃ​មិនល្អ​មក​លើ​យើង​តទៅទៀត​។

លោក​ ប៉ូ​ឡែន​ បាន​លើកឡើង​ផង​ដែរ​ថា​ មូលហេតុ​នេះ​ហើយ​ទើប​យើង​នាំចូល​កម្មវិធី​ទម្លាប់​ទាំង7​ ដ៏​មានប្រសិទ្ធភាព​ (7 habits​ for​ highly​ effective​ people​) និង​កម្មវិធី​ Leader​ in​ me​ មក​កម្ពុជា​ដើម្បី​ព្យាយាម​ផ្លាស់​ប្តូរ​គ្រប់​លទ្ធភាព​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​លុបបំបាត់​ទម្លាប់​អវិជ្ជ​មាន​ចាស់​ៗចោល​ ហើយ​បង្កើត​ទម្លាប់​ថ្មី​ដើម្បី​លើក​តម្លៃ​របស់​យើង​ឡើងវិញ​។ កន្លងមក​បញ្ហា​ដែល​យើង​គ្រប់គ្នា​សុទ្ធតែ​បានដឹង​គឺ​ ប្រជាជន​យើង​ខ្លះ​មិនទាន់​មានទម្លាប់​នៃ​ការទទួលខុសត្រូវ​ល្អ​ និយាយ​មិន​ច្បាស់លាស់​ គ្មាន​ផែនការ​ក្នុង​ការ​ធ្វើការ​ ព្រោះ​មាន​អ្នកខ្លះ​ដល់ពេល​ចូល​ធ្វើការ​ហើយ​ទើប​រកនឹក​ថា​ ថ្ងៃនេះ​ត្រូវ​ធ្វើអ្វី​ ហើ​យស​ម្បី​តែ​ផែនការ​ជីវិត​ក៏​គ្មាន​ដែរ​ដែល​ធ្វើ​ឱ្យ​ពួកគេ​លំបាក​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​។ ដោយសារតែ​មូលហេតុ​នេះ​ហើយ​ទើប​យុវជន​យើង​មួយចំនួន​មានតែ​បំណង​ តែ​ប៉ង​អ្វី​បរាជ័យ​នោះ​ និង​មិន​ចេះ​បែងចែក​ចំណុច​អាទិភាព​សម្រាប់​ការងារ​ គ្រួសារ​ និង​ការរស់នៅ​ជាដើម​។ លើស​ពីនេះ​ទៅទៀត​មាន​មនុស្ស​ខ្លះ​ឆ្នើម​តែ​បុគ្គល​ តែ​មិន​ចេះ​ធ្វើការងារ​ជា​ក្រុម​ ដាក់​ចូល​ក្រុម​ណា​ ឈ្លោះ​គ្នា​ក្រុម​នោះ​ ជាដើម​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “បញ្ហា​ប្រឈម​មួយផ្សេងទៀត​ដែល​ជា​ចំណុច​អវិជ្ជមាន​ គឺ​ប្រជាជន​យើង​ខ្លះ​ទទួល​ផ្នត់គំនិត​ចង់​ចាញ់​ចង់​ឈ្នះ​តាំងពី​តូច​មិន​ចេះ​ស្តាប់​គ្នា​ ហេតុនេះ​ហើយ​ទើប​ធំឡើង​ពេលធ្វើការ​ងារ​ចង់​មានបាន​តែឯង​ បំបាក់​គ្នា​យក​តែ​ឈ្នះ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​យើង​មិន​អាច​រីកចម្រើន​ជាមួយគ្នា​បាន​។ ដោយ​មើលឃើញ​ពីក​ត្តា​ទាំងនេះ​ហើយ​ ទើប​សាលា​យើង​មិន​បង្រៀន​ឱ្យ​មាន​លេខ1​ លេខ2​ នោះ​ទេ​ គឺ​យើង​ចង់​បណ្តុះ​គំនិត​ពួកគេ​ឱ្យ​ខំប្រឹង​តែ​មិនមែន​ចង់​ចាញ់​ចង់​ឈ្នះ​នោះ​ទេ​”។

ពាក់ព័ន្ធ​នឹង​អ្នកធ្វើការ​ងារ​វិញ​ លោក​ ប៉ិច​ ប៉ូ​ឡែ​នបាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​យើង​មានទម្លាប់​មិនសូវ​ល្អ​ និង​ស្ថានភាព​អសកម្ម​ទាំងនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពេលខ្លះ​ទាំង​បុគ្គលិក​រដ្ឋ​ និង​ឯកជន​ នៅ​មាន​បញ្ហា​ប្រសិទ្ធភាព​ការងារ​ ព្រោះ​ធ្វើការ​ច្រើនតែ​ម៉ោង​ តែ​លទ្ធផល​ទទួល​បាន​នៅ​ទាប​នៅឡើយ​ ដែល​ជា​ចំណុច​លំបាក​ក្នុង​ការជំរុញ​ឱ្យ​មានការ​កើន​ប្រាក់ចំណូល​ ដែល​ឈាន​ទៅដល់​ស្ថានភាព​លំបាក​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​។ ហេតុនេះ​ដល់ពេលហើយ​ ដែល​យើង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ និង​បណ្តុះ​ទម្លាប់​ល្អ​ឡើងវិញ​ឱ្យ​បាន​ទូទាំង​ប្រទេស​ ដោយ​សហការ​គ្រប់​លទ្ធភាព​ ដើម្បី​សម្រួល​ដល់​គ្រឹះស្ថាន​អប់រំ​ និង​ស្ថាប័ន​នានា​ទទួល​បាន​កម្ម​វិ​ធី​ល្អ​ៗជាច្រើន​សម្រាប់​ជា​ប្រយោជន៍​សម្រាប់​បុគ្គលិក​ផង​ សម្រាប់​ស្ថាប័ន​ផង​ និង​សម្រាប់​សង្គម​ផង​ ព្រោះ​ក្រោយពេល​បុគ្គលិក​មានទម្លាប់​ល្អ​ គាត់​នឹង​មាន​ភាព​ទទួលខុសត្រូវ​ច្រើនជាង​មុន​ ការងារ​ល្អ​ជាង​មុន​ ការ​ចំណាយ​របស់​ស្ថាប័ន​លើ​ភាព​ខ្ជះខ្ជាយ​ក៏​តិច​ជាង​មុន​ដែរ​ ដែល​ធ្វើ​ឱ្យ​យើង​ម្នា​ក់ៗ​អាច​ពង្រីក​ខ្លួន​ និង​ចូលរួម​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​៕

Advertisement