ពិភពលោក​កំពុង​ជួប​បញ្ហា​ ដោយសារតែ​ការ​រាលដាល​នៃ​សភាវ​ឯកា​

សភាវ​ឯកា​ និង​ជំងឺ​ធុញថប់​អារម្មណ៍​ (Depression​) ជា​បញ្ហា​ប្រឈម​មួយ​ដែល​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ចាប់អារម្មណ៍​ និង​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំឱ្យ​វា​ក្លាយជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​ធនធានមនុស្ស​ និង​សង្គម​ទាំងមូល​។ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ជាពិសេស​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ដែល​មានការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ និង​កម្រិត​នៃ​ការរស់នៅ​របស់​ប្រជាជន​ល្អ​ ដូចជា​ប្រទេស​ជប៉ុន​ជាដើម​ មាន​ករណី​សម្លាប់​ខ្លួន​កើតឡើង​ជាច្រើន​ករណី​បើ​ទោះបីជា​មាន​សកម្មភាព​កាន់តែ​ខ្លាំង​លើ​ការទប់ស្កាត់​បញ្ហា​អវិជ្ជមាន​ទាំងនេះ​ក៏ដោយ​។

យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​និយាយ​ពី​ហានិភ័យ​ពិភពលោក​សម្រាប់​ឆ្នាំ​ 2019​ (The​ Global​ Risks​ Report​ 2019​) បានឱ្យ​ដឹង​ថា​ នៅ​សហរដ្ឋអាមេរិក​ ចំនួន​ប្រជាជន​ដែល​គ្មាន​មិត្តភក្តិ​ជិតស្និទ្ធ​បាន​កើនឡើង​ 3ដង​ នៅចន្លោះ​ឆ្នាំ1985​ និង​ឆ្នាំ2004​។ ចំនួន​នេះ​ជា​តួលេខ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ខណៈ​ពេល​ដែល​ប្រជាជន​នៃ​ប្រទេស​នេះ​ភាគច្រើន​ជា​មនុស្ស​ដែល​រវល់​ខ្លាំង​ជាមួយ​ការងារ​មាន​ប្រាក់ចំណូល​ខ្ពស់​ តែ​មិន​មាន​ភាព​កក់ក្តៅ​ក្នុង​ការរស់នៅ​ និង​សុភមង្គល​ក្នុង​ជីវិត​។

លើស​ពីនេះ​ទៅទៀត​ របាយការណ៍​ដដែល​បាន​បង្ហាញថា​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ឯណោះ​វិញ​មាន​ប្រជាជន​ 50​% ដែល​រស់នៅ​តែម្នាក់ឯង​ ហើយ​ទីក្រុង​ Stockholm​ មាន​ប្រជាជន​ 60​% ដែល​រស់នៅ​ក្នុង​សភាព​ឯកា​។

យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​នៃ​ចក្រភព​អង់គ្លេស​ បាន​បញ្ជាក់​ថា​ ពាក់កណ្តាល​នៃ​ប្រជាជន​ដែល​មាន​អាយុ​ក្រោម​ 75ឆ្នាំ​កំពុង​រស់នៅ​ដោយ​ឯកោ​។ ក្នុង​នោះ​គេ​រក​ឃើញ​ ថា​មាន​មនុស្ស​ខ្លះ​មិនបាន​និយាយ​ជាមួយ​មិត្តភក្តិ​ ឬសាច់ញាតិ​អស់​រយៈពេល​ជាច្រើន​ខែ​ ដោយសារតែ​ផល​ប៉ះពាល់​នៃ​ភាព​ឯកា​នេះ​។ វា​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​មានចំណេះ​ដឹង​ច្រើន​ រួម​ទាំង​លក្ខខណ្ឌ​នៃ​ការរស់នៅ​ល្អ​ប្រសើរ​ តែ​បែរជា​ខ្វះ​ភាព​កក់ក្តៅ​ទៅវិញ​។

តាម​ការ​បង្ហាញ​របស់​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ ដោយសារតែ​ភាព​ធុញថប់​ (Toxic​) នៃ​ភាព​ឯកា​មនុស្សម្នាក់​អាច​ជក់បារី​ដល់ទៅ​ 15ដើម​ក្នុង​ 1ថ្ងៃ​។ ដោយសារតែ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ភាព​ឯកា​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​ពិភពលោក​បែបនេះ​ ទើប​អ្នក​ចិត្តសាស្ត្រ​នៃ​ស្ថាប័ន​ Social​ Pscychiatry​ and​ Pschychiatric​ Epidemiology​ បាន​ស្រាវជ្រាវ​ និង​បែងចែក​ភាព​ឯកា​ជា​ 4ប្រភេទ​សំ​ខាន់​ៗ និង​ព្យាយាម​ស្វែងយល់​ពី​ពួកគេ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​រីក​រាលដាល​ភាព​ឯកា​កុំឱ្យ​កើតមាន​ច្រើន​បន្ត​ទៀត​។

ប្រភេទ​នៃ​ភាព​ឯកា​ទី1​ គឺ​ Emotional​ Loneliness​ មនុស្ស​ប្រភេទ​នេះ​មាន​មិត្តភក្តិ​ច្រើនតែ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ស្និទ្ធស្នាល​ជាមួយគ្នា​នោះ​ទេ​ ហើយ​តែងតែ​អន់ចិត្ត​នៅពេល​ដែល​មិនសូវ​ទទួល​បានការ​អើពើ​។ ប្រភេទ​ទី2​ គឺ​ Social​ Loneliness​ មនុស្ស​ប្រភេទ​នេះ​អាច​មាន​មិត្ត​ជិតស្និទ្ធ​ 1 ឬ2នាក់​ តែ​គេ​នៅតែ​មាន​អារម្មណ៍​ថា​ មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​រីករាយ​។ ប្រភេ​ទី3​ គឺ​ Social​ and​ Emotional​ Loneliness​ មនុស្ស​ប្រភេទ​នេះ​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​គិតថា​ ខ្លួន​មិន​មាន​ទំនាក់ទំនង​គ្រប់គ្រាន់​ ហើយ​គ្មាន​អ្នកណា​ម្នាក់​យកចិត្ត​ទុកដាក់​ពី​ខ្លួន​។ ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត​ គឺ​ប្រភេទ​ទី4​ LowLoneliness​ ដំណាក់កាល​នេះ​ គឺ​មនុស្ស​មាន​អារម្មណ៍​ថា​ រូបគេ​គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​រឿង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ តែ​ពួកគេ​នៅតែ​មាន​អារម្មណ៍​ថា​ឯកា​។

អ្នកជំនាញ​បញ្ជាក់​ថា​ ការបង្កើត​ទំនាក់ទំនង​ដែល​មានគុណ​ភាពល្អ​ នឹង​ប្រសើរ​ជាង​ការ​មាន​ទំនាក់ទំនង​ដែល​ច្រើនតែ​បរិមាណ​ តែ​ធ្វើ​ឱ្យ​យើង​នៅតែ​រក​មនុស្ស​ពឹង​មិនបាន​។ ហើយ​សភាវ​អារម្មណ៍​ឯកា​នេះ​ភាគច្រើន​កើត​នៅ​លើ​នារី​ច្រើនជាង​បុរស​៕

Advertisement