សង្គ្រាម​ពាណិជ្ជកម្ម​ ការប្រកួត​ប្រជែង​ និង​បដិវត្តន៍​ឧស្សាហកម្ម​ ជា​កត្តា​ប្រឈម​របស់​កម្ពុជា​

មួយរយៈពេល​ចុងក្រោយ​នេះ​ ទាំង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធនធានមនុស្ស​ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​កម្ពុជា​នៅ​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សំ​ខាន់​ៗទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​លើកឡើង​ថា​ កត្តា​ប្រឈម​ខាងក្រៅ​របស់​កម្ពុជា​មាន​ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​ ការប្រកួត​ប្រជែង​កាន់តែ​តឹងតែង​ និង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​ទោះជាយ៉ាងណា​ក្តី​ ក៏​កម្ពុជា​នៅ​អាច​មានលទ្ធភាព​ប្រកួតប្រជែង​តាមរយៈ​ការ​ដាក់ចេញ​នូវ​កម្មវិធី​នានា​ រួម​ទាំង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅលើ​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ដែល​មាន​សក្តា​នុ​ពល​ជាច្រើន​ក្នុង​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ និង​វិស័យ​ផ្សេងទៀត​ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ​ ដូចជា​អេឡិចត្រូនិក​ ការកែច្នៃ​ម្ហូបអាហារ​ សំណង់​ និង​អចលនទ្រព្យ​ កសិ​ឧស្សាហកម្ម​ និង​ទេសចរណ៍​ជាដើម​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ដោយ​ផ្អែកលើ​កត្តា​តម្រូវការ​ឧស្សាហកម្ម​ និង​តម្រូវការ​តាម​វិស័យ​ គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​។

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​កម្ពុជា​ ថ្មី​ៗនេះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ក៏បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ 87លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ដែល​មានឈ្មោះ​ថា​ ជំនាញ​ដើម្បី​ប្រកួតប្រជែង​ (S4C​) ដែល​មាន​រយៈពេល​ 5ឆ្នាំ​ ដែល​នឹង​អនុម័ត​នៅ​ខែមិថុនា​ និង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នា​ខែតុលា​ ឆ្នាំ2019​ រហូតដល់​ឆ្នាំ2023​។

ក្រៅពី​គម្រោង​ដ៏​សំខាន់​នេះ​ ADB​ ក៏​កំពុង​សិក្សា​បន្ថែម​នូវ​ផែនការ​សកម្មភាព​ចំនួន​ 5ឆ្នាំ​របស់​ខ្លួន​ដើម្បី​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​ ដូចជា​បន្ត​ពង្រឹង​វិស័យ​បណ្តុះបណ្តាល​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ប្រាក់ឈ្នួល​អប្បបរមា​ សុវត្ថិភាព​ និង​សុខភាព​ការងារ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ទេ​សន្ត​ប្រវេសន៍​ការងារ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ និង​ការ​ធ្វើ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវា​សាធារណៈ​ និង​ស្វែងរក​មូលនិធិ​ជួយ​ធានា​ដល់​និរន្តរភាព​ និង​ឯករាជ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ជាដើម​៕

Advertisement